អង្គការ Human Rights Watch និយាយនៅក្នុងរបាយការណ៍ថ្មីមួយថា រដ្ឋាភិបាលនៅក្នុងទ្វីបអាស៊ីសង្កត់សង្កិនជាងមុនកាលពីឆ្នាំទៅ ដោយសារតែពួកប្រទេសលោកខាងលិចអនុគ្រោះដល់ក្រុមសម្ព័ន្ធមិត្តដែលអាចជួយទប់ទល់នឹងការលេចឡើងនៃប្រទេសចិននិងវិធានការដ៏គឃ្លើនរបស់ប្រទេសនេះដើម្បីបំបិទមាត់ក្រុមអ្នករិះគន់ខ្លួននៅក្រៅប្រទេស។
នៅក្នុងរបាយការណ៍ពិភពលោកឆ្នាំ ២០២៤ របស់ខ្លួនត្រូវបានផ្សព្វផ្សាយកាលពីព្រឹកថ្ងៃព្រហស្បតិ៍ នៅបូរី New York ក្រុមការពារសិទ្ធិមនុស្សនេះ រៀបរាប់ស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសជាង ១០០ នៅទូទាំងពិភពលោក កាលពីឆ្នាំទៅ រួមមានប្រទេសជាច្រើននៅអាស៊ីផងដែរ។
អ្នកស្រី Elaine Pearson នាយិកាផ្នែកអាស៊ីនៃអង្គការនេះបាននិយាយប្រាប់វីអូអេថា៖ «នៅឆ្នាំ ២០២៣ យើងឃើញមានការចុះថយឆ្ពោះទៅកាន់ការកាន់អំណាចផ្តាច់ការនៅទូទាំងអាស៊ី»។
អ្នកស្រីបានបន្ថែមថា៖«ការសង្កត់សង្កិនបានកើនឡើងច្រើនចាប់តាំងពីប្រទេសអាហ្វហ្គានីស្ថានទៅដល់ប្រទេសវៀតណាម។ រដ្ឋាភិបាលគ្រប់គ្រងប្រទេសដែលមានដូចជានៅប្រទេសថៃ ឬប្រទេសកម្ពុជាបានចាត់ចែងការបោះឆ្នោតកាលពីឆ្នាំ២០២៣។ តែពួកគេបានរកល្បិចកលសម្រាប់ធ្វើឱ្យមានលទ្ធផលដែលពួកគេចង់បានដោយធ្វើឱ្យគណបក្សប្រឆាំងឬពួកបេក្ខជនជំទាស់គ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដោយរំលាយគណបក្សប្រឆាំង។ ក្រៅពីនេះរដ្ឋាភិបាលទាំងនេះមិនបានផ្តល់សារៈសំខាន់ដល់ស្ថាប័នដែលពិនិត្យមើលការរំលោភអំណាចទេ។ ក្រុមអ្នកការពារសិទ្ធិមនុស្សបានរងការវាយប្រហារនៅក្នុងប្រទេសជាច្រើន។ ពួកគេត្រូវបានបំបិទមាត់មិនឱ្យនិយាយស្តី បញ្ចេញមតិ ត្រូវយាយី ត្រូវចាប់ខ្លួនហើយក្នុងករណីខ្លះត្រូវបានគំរាមកំហែងឬត្រូវសម្លាប់ថែមទៀតផង»។
អង្គការ Human Rights Watch បានស្តីបន្ទោសខ្លះលើបណ្តាប្រទេសប្រជាធិបតេយ្យសេរី និយមក្នុងលោកខាងលិចនិងអាស៊ី។ អង្គការនេះនិយាយថា ប្រទេសទាំងនេះកាន់តែច្រើនបានទាញយកផលប្រយោជន៍រយៈពេលខ្លីខាងពាណិជ្ជកម្មនិងខាងសន្តិសុខដាក់នៅមុខទំនាក់ទំនងរយៈពេលយូរផ្អែកលើសិទ្ធិមនុស្ស ក្នុងនាមការប្រកួតប្រជែងជាមួយប្រទេសចិននិងកំណើនឥទ្ធិពលរបស់ប្រទេសនេះនៅទូទាំងតំបន់។
អ្នកស្រី Pearson និយាយថា៖ «យើងឃើញថារដ្ឋាភិបាលខ្លះបង្ហាញថា ខ្លួនជាទីផ្សារសេដ្ឋកិច្ចដែលកំពុងងើបឡើង ប៉ុន្តែពួកគេក៏ទទួលស្គាល់ដែរថាមានហានិភ័យកើតចេញពីសេដ្ឋកិច្ចដែលមានទំនាក់ទំនងជិតស្និទ្ធហួសហេតុជាមួយចិន»។
អ្នកស្រីបន្តថា៖ «ដូច្នេះយើងឃើញថារដ្ឋាភិបាលជាច្រើនកំពុងងាកទៅរកឥណ្ឌា វៀតណាមនិងតំបន់អាស៊ីអាគ្នេយ៍ ហើយព្យាយាមពង្រឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់ពួកគេ។ ពួកគេមិនបានបង្ហាញជំហរការពារសិទ្ធិមនុស្សនៅតំបន់ទាំងនេះ ឱ្យដូចជំហររបស់ពួកគេនៅកន្លែងផ្សេងទេ»។
អ្នកស្រី Pearson បានលើកឡើងអំពីការទទួលស្វាគមន៍ដោយ «កម្រាលព្រំពណ៌ក្រ ហម» សម្រាប់នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi និងប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr. នៅឯសេតវិមានកាលពីឆ្នាំមុន ដោយ«មិនបានលើកឡើងទាល់តែសោះពីក្ដីបារម្ភអំពីបញ្ហាសិទ្ធិមនុស្សធ្ងន់ធ្ងរនៅក្នុងប្រទេសទាំងពីរនេះ»។
អ្នកស្រីក៏បានកត់សម្គាល់អំពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ទៅកាន់ប្រទេសវៀតណាមកាលពីខែកញ្ញាឆ្នាំមុន ដែលអ្នកស្រីចាត់ទុកប្រទេសនេះថាជារដ្ឋមានបក្សតែមួយនិងមានការគាបសង្កត់ ប៉ុន្តែសហរដ្ឋអាមេរិកនិងវៀតណាមបានតម្លើងកម្រិតទំនាក់ទំនងរបស់ពួកគេទៅដល់«ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»។
អ្នកស្រីបន្តថាប្រទេសអូស្ត្រាលី ជប៉ុន កូរ៉េខាងត្បូងនិងសហភាពអឺរ៉ុបក៏កំពុងអនុវត្ត «គោលនយោបាយពាណិជ្ជកម្ម»ដូចគ្នាដែរ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សនេះនិយាយថា ក្រៅពីមិនអើពើចំពោះការរំលោភសិទ្ធិមនុស្សកាលពីអតីតកាលនិងពេលបច្ចុប្បន្ននេះ គោលនយោបាយពាណិជ្ជកម្មបែបនេះបានជំរុញទឹកចិត្តឱ្យរដ្ឋាភិបាលដែលមានលក្ខណៈគាបសង្កត់បន្តរំលោភបំពានសិទ្ធិមនុស្ស ថែមទាំងប្រព្រឹត្តទង្វើទាំងនោះកាន់តែខ្លាំងជាងមុន។
អង្គការឃ្លាំមើលសិទ្ធិមនុស្សបន្តថាគោលនយោបាយនេះថែមទាំងបានផ្ដោតលើការវាយប្រហារអ្នករិះគន់នៅក្រៅប្រទេសផងដែរ។
ប្រទេសចិនបានរងការចោទប្រកាន់ថាបានធ្វើទុក្ខបុកម្នេញលើក្រុមប្រឆាំងនៅក្រៅប្រទេសអស់មួយរយៈពេលមកហើយ។ កាលពីឆ្នាំទៅ ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបានចោទប្រកាន់មន្ត្រីប៉ូលិសចិន ៤០នាក់ ថាបានធ្វើទុក្ខបុកម្នេញលើអ្នកប្រឆាំងចិនដែលរស់នៅសហរដ្ឋអាមេរិក។
ចិនក៏បានបញ្ចុះបញ្ចូលឱ្យប្រទេសឡាវដែលនៅជិតខាងខ្លួនឱ្យបញ្ជូនមេធាវីសិទ្ធិមនុស្សទៅកាន់ប្រទេសចិនវិញកាលពីឆ្នាំ ២០២៣។ ចិនក៏បានចេញដីកាចាប់ខ្លួនសកម្មជន ៨នាក់ និងអតីតអ្នកច្បាប់ដែលបានរត់គេចចេញពីការបង្ក្រាបរបស់រដ្ឋាភិបាលក្រុងប៉េកាំងទៅលើចលនាថ្មីគាំទ្រលទ្ធិប្រជាធិបតេយ្យនៅក្រុងហុងកុង។
អ្វីដែលកាន់តែគួរឲ្យភ្ញាក់ផ្អើលទៀតនោះគឺការវាយប្រហាររបស់ឥណ្ឌាលើអ្នកប្រឆាំងនៅក្រៅប្រទេសកាលពីឆ្នាំមុន។
កាលពីខែកញ្ញា លោក Justine Trudeau នាយករដ្ឋមន្ត្រីប្រទេសកាណាដាបានចោទប្រកាន់ភ្នាក់ងាររដ្ឋាភិបាលឥណ្ឌាថាទំនងជាមានជាប់ទាក់ទិនដោយផ្នែកលើការធ្វើឃាតមេដឹកនាំផ្ដាច់ខ្លួចក្រុមសាសនា Sikh ដែលជាពលរដ្ឋកាណាដាកាលពី ៣ខែ មុននៅក្នុងទឹកដីកាណាដា។
អ្នកស្រី Pearson ថ្លែងបន្តថា៖ «ឥណ្ឌាមានប្រវត្តិជាយូរមកហើយដែលកងកម្លាំងសន្តិសុខរបស់ប្រទេសនេះជាប់ពាក់ព័ន្ធនឹងការសម្លាប់មនុស្សក្រៅច្បាប់នៅក្នុងប្រទេស និងមាននិទណ្ឌភាពចំពោះការសម្លាប់ទាំងនោះ។ ប៉ុន្តែនៅពេលរឿងបែបនេះកើតឡើងនៅលើទឹកដីកាណាដា ហើយរដ្ឋាភិបាលកាណាដាចោទប្រកាន់ថាអ្នកដែលសម្លាប់មេដឹកនាំសាសនា Sikh ពិតជាមានទំនាក់ទំនងជាមួយរដ្ឋាភិបាលឥណ្ឌានោះ វាបង្ហាញឱ្យឃើញពីការកើនឡើងនៃការសម្លាប់មនុស្សក្រៅច្បាប់»។
ឥណ្ឌាបានច្រានចោលការអះអាងនេះ ដោយចាត់ទុកថាជាការអះអាងគ្មានហេតុផល ប៉ុន្តែករណីនេះបានបង្ហាញការពិតខ្លះ ដោយហេតុថាកាលពីខែវិច្ឆិកាឆ្នាំមុន អាជ្ញាធរសហរដ្ឋអាមេរិកបានចោទប្រកាន់បុរសម្នាក់ពាក់ព័ន្ធនឹងផែនការបរាជ័យមួយ ជាមួយមន្ត្រីរដ្ឋាភិបាលឥណ្ឌាក្នុងការធ្វើឃាតសកម្មជន Sikh ម្នាក់ទៀតនៅសហរដ្ឋអាមេរិក។
បន្ថែមលើស្ថានការណ៍នៅប្រទេសអាហ្វហ្គានីស្ថាន ចិននិងឥណ្ឌា អង្គការឃ្លាំមើលសិទ្ធិមនុស្សនេះនិយាយថា ស្ថានភាពសិទ្ធិមនុស្សក៏កំពុងដាំក្បាលចុះនៅក្នុងប្រទេសមីយ៉ាន់ម៉ាកាលពីឆ្នាំមុនដែលពួកយោធាបានឆក់យកអំណាចកាលពីឆ្នាំ ២០២១ ហើយបានប្រយុទ្ធជាមួយក្រុមតស៊ូប្រដាប់អាវុធដែលមិនចុះញ៉ម។
អង្គការសហប្រជាជាតិនិយាយថា ជនស៊ីវិលរាប់ពាន់នាក់ត្រូវបានសម្លាប់ហើយមនុស្សជាង ២លាននាក់ ត្រូវបានបង្ខំឱ្យចាកចេញពីផ្ទះសម្បែងចាប់តាំងពីរដ្ឋប្រហារបានកើតឡើង។ កាលពីខែកញ្ញា ក្រុមអ្នកស៊ើបអង្កេតអង្គការសហប្រជាជាតិបានចោទប្រកាន់របបយោធាមីយ៉ាន់ម៉ាថាបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមនិងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ហើយបច្ចុប្បន្ននេះ ឧក្រិដ្ឋកម្មទាំងពីរប្រភេទនេះកំពុងកើនឡើង។
លោក Phil Robertson នាយករងប្រចាំតំបន់អាស៊ីនៃអង្គការសិទ្ធិមនុស្ស Human Rights Watch បានថ្លែងប្រាប់វីអូអេថា៖ «ស្ថានភាពនៅប្រទេសមីយ៉ាន់ម៉ាកំពុងវិវត្តកាន់តែអាក្រក់ទៅៗ។ វាច្បាស់ណាស់ថាមានការប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនិង ឧក្រិដ្ឋកម្មសង្គ្រាមធ្វើឡើងដោយរបបយោធាមីយ៉ាន់ម៉ា។ ពួកគេបានប្រើប្រាស់កងកម្លាំងទ័ពអាកាសដើម្បីទម្លាក់គ្រាប់បែកលើជនស៊ីវិល ហើយទង្វើបែបនេះកើនឡើងកាន់តែខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ»។
លោក Robertson ក៏បានលើកឡើងពីស្ថានភាពនៅប្រទេសកូរ៉េខាងជើងជាទីកន្លែងដែលលោកនិយាយថា របបដឹកនាំប្រទេសនេះកំពុងប្រើប្រាស់ការរឹតត្បិតដោយយកជំងឺកូវីដ១៩ ជាហេតុផលដើម្បីដកអំណាចពីសហគមន៍មូលដ្ឋាននានាដែលចាប់ផ្ដើមវិធានការមួយចំនួនដើម្បីគេចពីការគ្រប់គ្រងទាំងស្រុងរបស់រដ្ឋ ដូចជាការទិញទំនិញនៅតាមទីផ្សារឯកជនមុនការរាតត្បាតជំងឺសាកលកើតឡើង។
នៅប្រទេសបង់ក្លាដែស រដ្ឋាភិបាលបានចាប់ខ្លួនក្រុមអ្នកគាំទ្រគណបក្សប្រឆាំងរាប់ពាន់នាក់នៅក្នុងអំពើហិង្សាជាច្រើនខែ មុនការបោះឆ្នោតជាតិ កាលពីថ្ងៃទី ៧ ខែមករា កន្លងទៅ ដោយគណបក្សសម្ព័ន្ធភាព Awami ដែលជាគណបក្សគ្រប់គ្រងអំណាចបានឈ្នះសម្រាប់អាណត្តិទី៤បន្តទៀត។
សម្រាប់ប្រទេសមីយ៉ាន់ម៉ា ជាពិសេសនៅភាគខាងកើត អង្គការឃ្លាំមើលសិទ្ធិមនុស្សនេះនិយាយថា ស្ថានការណ៍នៅទីនោះមានសភាពអាក្រក់យ៉ាងខ្លាំងនៅជំរំជនភៀសខ្លួនដែលជនរ៉ូហ៊ីងយ៉ាមីយ៉ាន់ម៉ាប្រមាណ ១លាននាក់ កំពុងរស់នៅ ស្របពេលដែលអំពើហិង្សាដោយក្រុមជនពាលកំពុងកើនឡើងនិងមានការកាត់បន្ថយរបបអាហារដែលតិចតួចស្រាប់សម្រាប់ជនភៀសខ្លួន។ នៅក្នុងប្រទេសមីយ៉ាន់ម៉ាខ្លួនឯង របបយោធាត្រូវបានគេរាយការណ៍ថាបានបិទមិនឱ្យមានលំហូរជំនួយចូលទៅកាន់សហគមន៍រ៉ូហ៊ីងយ៉ានៅរដ្ឋ Rakhine ដែលត្រូវបានបំផ្លិចបំផ្លាញដោយព្យុះសង្ឃរា កាលពីឆ្នាំ ២០២៣។
លោក Robertson ថ្លែងថា៖ «ស្ថានភាពសម្រាប់ជនរ៉ូហ៊ីងយ៉ាបានឈានដល់កម្រិតមួយអាក្រក់ទាំងនៅក្នុងរដ្ឋ Rakhine ក៏ដូចជានៅក្នុងជំរំនានា»។
ទោះបីអង្គការឃ្លាំមើលសិទ្ធិមនុស្សបានពិនិត្យមើលយ៉ាងយកចិត្តទុកដាក់ទៅលើស្ថានការណ៍សិទ្ធិមនុស្សនៅតំបន់អាស៊ីក៏ដោយ ក៏អង្គការនេះរកមិនឃើញមានសញ្ញាបង្ហាញពីភាពប្រសើរឡើងសម្រាប់ក្រុមមនុស្សស្រលាញ់ភេទដូចគ្នានៅតំបន់នេះទេ ដែលពួកគេភាគច្រើនគឺជាក្រុមភាគតិច។ តុលាការកំពូលប្រទេសណេប៉ាល់បានទទួលស្គាល់អាពាហ៍ពិពាហ៍របស់មនុស្សស្រលាញ់ភេទដូចគ្នាជាលើកទីមួយ ខណៈដែលប្រទេសជប៉ុនបានអនុម័តច្បាប់កាពារក្រុមមនុស្សស្រឡាញ់ភេទដូចគ្នាពី «ការរើសអើងដោយអយុត្តិធម៌»។ ចំណែកនៅប្រទេសថៃ ច្បាប់ស្ដីពីភាពស្មើរគ្នាសម្រាប់អាពាហ៍ពិពាហ៍បានរីកចម្រើនទៅមុខឆ្ពោះទៅកាន់ការអនុម័តច្បាប់នេះផងដែរ។
អ្នកស្រី Pearson ក៏បានសង្កត់ពីការដោះលែងអ្នកការពារសិទ្ធិមនុស្សមួយចំនួននៅប្រទេសហ្វីលីពីន រួមមានទាំងអតីតសមាជិកព្រឹទ្ធសភាហ្វីលីពីននិងជាសកម្មជនគឺអ្នកស្រី Leila de Lima បន្ទាប់ពីអ្នកស្រីត្រូវបានចាប់ឃុំខ្លួនអស់រយៈពេល ៦ឆ្នាំ ពីបទគ្រឿងញៀនដែល«ក្លែងក្លាយ»។
អ្នកស្រីថ្លែងថា៖« ការណ៍នេះបង្ហាញថា នៅទីណាដែលមានសម្ពាធជាបន្តបន្ទាប់ពីសហគមន៍អន្តរជាតិលើករណីជាក់លាក់ណាមួយ វាអាចឈានដល់លទ្ធផលវិជ្ជមាន។ ពេលខ្លះ វាមើលទៅហាក់ដូចជាពិបាក ប៉ុន្តែ ខ្ញុំគិតថា អ្វីដែលយើងបានរៀនសូត្រគឺថា យើងត្រូវតែបន្តដាក់សម្ពាធនិងធានាថាសម្ពាធទាំងនោះកើតចេញពីប្រទេសប្រជាធិបតេយ្យនៅក្នុងតំបន់ក៏ដូចជាពីរដ្ឋាភិបាលនានានៅក្រៅតំបន់ដែរ»៕
ប្រែសម្រួលដោយលោក នៀម ឆេង
វេទិកាបញ្ចេញមតិ