ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានកូរ៉េខាងត្បូងបានរាយការណ៍ថា ជំនួបរវាងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និងមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ទំនងជានឹងធ្វើឡើងនៅក្នុងប្រទេសសិង្ហបុរី នៅខែក្រោយនេះ។
សារព័ត៌មាន Chosun Ilbo និងទីភ្នាក់ងារព័ត៌មាន Yonhap បានស្រង់សំដីប្រភពព័ត៌មានដែលសុំមិនបញ្ចេញឈ្មោះមួយចំនួនដែលថា សហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងជើងបានឯកភាពគ្នាថា ការប្រជុំរវាងមេដឹកនាំទាំងពីរនៃប្រទេសទាំងពីរនឹងធ្វើឡើងនៅក្នុងប្រទេសសិង្ហបុរីនៅក្នុងសប្ដាហ៍ទី ៣ នៃខែមិថុនាខាងមុខនេះ។ ការកំណត់កាលបរិច្ឆេទនៃជំនួបនេះគឺធ្វើឡើងដើម្បីកុំឲ្យជាន់ពេលជាមួយនឹងកិច្ចប្រជុំ G-7 ដែលនឹងធ្វើឡើងនៅក្នុងប្រទេសកាណាដាពីថ្ងៃទី ៨ ដល់ថ្ងៃទី ៩ ខែមិថុនា ដែលនៅក្នុងកិច្ចប្រជុំនោះ លោក Trump ក៏នឹងចូលរួមផងដែរ។
លោក Trump បានប្រាប់អ្នកសារព័ត៌មាននានាកាលពីថ្ងៃសុក្រសប្ដាហ៍មុនថា ភាគីទាំងពីរ «ឥឡូវនេះបានកំណត់កាលបរិច្ឆេទ និងទីកន្លែងប្រជុំ» រួចហើយ។
មុនពេលលោក Trump ជួបជាមួយនឹងលោក Kim Jong Un រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនសង្ឃឹមថា កូរ៉េខាងជើងនឹងដោះលែងពលរដ្ឋអាមេរិកាំងដើមកំណើតកូរ៉េ ៣ នាក់ ដែលរងការចោទប្រកាន់ថាបានធ្វើសកម្មភាពប្រឆាំងនឹងរដ្ឋអំណាចកូរ៉េខាងជើង។
លោកTrumpធ្លាប់បានព្រលយពាក្យថា ការដោះលែងពលរដ្ឋអាមេរិកាំងទាំង ៣ នាក់ ដែលមានលោក Kim Dong Chul លោកKim Hak SongនិងលោកTony Kimគឺទំនងជានឹងកើតឡើងក្នុងពេលឆាប់ៗខាងមុខនេះ។
ស្របពេលនេះដែរ សេតវិមានបានប្រកាសអំពីជំនួបដាច់ដោយឡែកមួយរវាងលោក Trump និងប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae In នៅសេតវិមាននៅថ្ងៃទី ២២ ខែឧសភាខាងមុខនេះ ដើម្បី «បន្តការសម្របសម្រួលឲ្យបានហ្មត់ចត់របស់ពួកគេលើដំណើរវិវឌ្ឍទៅមុខទាក់ទិននឹងឧបទ្វីបកូរ៉េ»៕