ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ទាំង​ពីរ​កំពុង​ចោទ​គ្នា​ទៅវិញ​ទៅមក បន្ទាប់​ពី​មាន​អ្នក​​បញ្ចេញ​ព័ត៌មាន​សម្ងាត់​ទី២ ដែល​ចោទ​ថា​លោក​ត្រាំ​មាន​កំហុស


លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ ស្តាប់​សំណួរ​របស់​អ្នក​សារព័ត៌មាន នៅ​ពេល​លោក​ថ្លែង​នៅ​ក្នុង​ពិធី​ចុះ​ហត្ថលេខា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​នឹង​ជប៉ុន នៅ​សេតវិមាន កាលពី​ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩។
លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ ស្តាប់​សំណួរ​របស់​អ្នក​សារព័ត៌មាន នៅ​ពេល​លោក​ថ្លែង​នៅ​ក្នុង​ពិធី​ចុះ​ហត្ថលេខា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​នឹង​ជប៉ុន នៅ​សេតវិមាន កាលពី​ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩។

គណបក្ស​ធំ​ទាំង​ពីរ​កំពុង​ចោទ​គ្នា​ទៅវិញ​ទៅមក បន្ទាប់​ពី​មាន​សេចក្តី​រាយការណ៍​ថា មាន​អ្នក​​បញ្ចេញ​ព័ត៌មាន​សម្ងាត់​ទី២ ​បាន​ចោទ​ថា​លោក​ប្រធានាធិបតី​អាមេរិក Trump បាន​ប្រព្រឹត្ត​អំពើខុស​ឆ្គង​ ក្នុង​ការ​កិ​ច្ចការ​របស់​លោក​ ពាក់ព័ន្ធ​ជាមួយ​ប្រទេស​អ៊ុយក្រែន។

ការ​ទាស់​ទែង​សម្តី​គ្នា​កំពុង​កើន​ឡើង​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ខណៈ​ដែល​សភា​តំណាង​រាស្ត្រ បន្ត​ការ​ស៊ើប​អង្កេតរក​ភស្តុតាង​ដើម្បី​ចោទ​ប្រកាន់​លោក​ប្រធានាធិបតី​សរអា Donald Trump ។ ​អ្នកបញ្ចេញ​ព័ត៌មាន​សម្ងាត់ទី​២ ក្នុង​សហគមន៍​ស៊ើប​ការ​សម្ងាត់ បាន​ចោទ​ថា​លោក​ Trump បាន​ប្រព្រឹត្ត​អំពើខុស​ឆ្គង​ ក្នុង​ការ​កិ​ច្ចការ​របស់​លោក​ ពាក់ព័ន្ធ​ជាមួយ​ប្រទេស​អ៊ុយក្រែន នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​មេ​ធាវី​ម្នាក់ ដែល​ការពារ​ក្តី​មន្ត្រី​ស៊ើប​ការ​សម្ងាត់​២​នាក់ ដែល​មិន​ចេញ​មុខ​នោះ។ គណបក្ស​នយោបាយ​ទាំង​ពីរ កំពុង​តែចោទ​ប្រកាន់​គ្នាទៅ​វិញ​ទៅ​មកអំពី​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ។

លោក​ Trump ​ថ្លែង​ថា លោក​មាន​ការ​ព្រួយ​បារម្ភ​អំពី​អំពើ​ពុករលួយ នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន ដែល​អាច​ទាក់​ទង​នឹង​បេក្ខជន​នាំ​មុខ​គេ​ខាង​គណបក្ស​ប្រជាធិបតេយ្យ សម្រាប់​ឆ្នាំ​២០២០ គឺលោក Joe Biden។ កូន​របស់​លោក គឺ​លោក Hunter Biden ជាប់​ទាក់​ទង​ខាង​ជំនួញ​ក្នុងក្រុម​ហ៊ុន​មួយ ដែល​បាន​ស្ថិត​នៅក្រោម​ការ​ស៊ើប​អង្កេត ក្នុង​ប្រទេស​អ៊ុយក្រែន។

លោក​ Trump ​បាន​ស្នើ​ឲ្យ​លោក​ប្រធានាធិបតី​នៃ​ប្រទេស​អ៊ុយក្រែន​ ពិនិត្យ​មើលរឿង​នេះ នៅ​ក្នុង​ការ​សន្ទនា​តាម​ទូរស័ព្ទមួយ ដែល​ក្រុម​អ្នក​រិះគន់​និយាយ​ថា ធ្វើឡើង​ដើម្បីជីក​រឿង​អាស្រូវ ទាក់​ទង​ជាមួយគូ​ប្រជែង​របស់​លោក ជា​ថ្នូរ​នឹង​ជំនួយ​របស់​សរអា ជិត​៤​រយ​លាន​ដុល្លារ។

មន្ត្រី​ក្នុង​សហគមន៍​ស៊ើប​ការ​សម្ងាត់​ម្នាក់​បាន​ដាក់​ពាក្យ​បណ្តឹង ហើយ​ឥឡូវ​នេះ​ឮ​ថា​មាន​ម្នាក់​ទៀត បាន​ដាក់​ពាក្យ​បណ្តឹងជាមួយ​លោក​អគ្គអធិការកិច្ច Michael Atkinson។ បេក្ខជនប្រធានាធិបតី​នៃ​គណបក្ស​ប្រជាធិបតេយ្យ​ លោក Joe Biden ថ្លែង​ថា៖

«Trump ជា​ប្រធានាធិបតី​ពុក​រលួយ​ជាង​គេ ​ដែល​យើង​មាន​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​សម័យ​ទំនើប។ លោក​គឺ​ជា​អត្តន័យ​នៃ​អំពើ​ពុករលួយ»។

លោក Trump ហៅ​ការ​ស៊ើប​អង្កេត​លោក​ថា​ជា​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ ដោយ​ក្រុម​មេដឹកនាំខាងគណបក្ស​ប្រជាធិបតេយ្យ ក្នុង​សភា ដែល​មាន​រួម​ទាំង​លោក Adam Schiff ប្រធាន​គណកម្មាធិការ​ទទួល​បន្ទុក​កិច្ចការ​ស៊ើប​ការ​សម្ងាត់​។ លោក​បាន​ថ្លែង​ថា៖

«នេះ​ជា​ឧក្រិដ្ឋកម្មលួច​បន្លំ​មួយ ប្រឆាំង​លើ​ពល​រដ្ឋ​អាមេរិកាំង ប៉ុន្តែ​យើង​នឹង​សហការ​ជាមួយ​ លោក Schiff ដែល​ក្រឡេច​ក្រឡុច និង​ជាមួយ ប្រធាន​សភា Nancy Pelosi និង​ពួកគាត់​ទាំង​អស់‍»។

លោក Trump ថ្លែង​ថា​លោកទៅ​វិញ​ទេ​ដែលជា​អ្នក​ដែល​បង្ហាញ​ឲ្យឃើញ​នូវ​ការ​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង។

«ខ្ញុំ​មិន​ខ្វល់ខ្វាយ​អំពីយុទ្ធនាការ​របស់​ Biden ទេ ប៉ុន្តែ​ខ្ញុំ​ខ្វល់ខ្វាយ​អំពី​អំពើ​ពុករលួយ»។

គណបក្ស​ប្រជាធិបតេយ្យ និយាយ​ថា​លោក​ប្រធានាធិបតី ក្បត់​ពាក្យ​សម្បថចូល​កាន់​តំណែង​របស់​លោក។ អ្នក​តំណាងរាស្ត្រ​នៃ​គណបក្ស​ប្រជាធិបតេយ្យ Hakeem Jeffries ថ្លែង​ថា៖

«រដ្ឋបាល​បាន​ផ្អិប​ជំនួយ​យោធា​ចំនួន​៣៩១​លាន​ដុល្លារ សម្រាប់​ប្រទេស​អ៊ុយក្រែន​ដែលងាយ​រង​គ្រោះ ដោយគ្មាន​សំអាង​ហេតុ​ផល។ ហើយ​បន្ទាប់​មក​លោក​ប្រធានាធិបតី​បាន​គាប​សង្កត់​មេ​ដឹកនាំ​បរទេស​ម្នាក់ ឲ្យ​ជ្រៀត​ជ្រែក​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ឆ្នាំ​២០២០ ហើយដៅ​ទៅ​លើ​ពលរដ្ឋអាមេរិកាំង​ម្នាក់ ដើម្បី​ផល​ចំណេញ​នយោបាយ។ នេះ​ជា​ការ​រំលោភ​អំណាច​យ៉ាង​ច្បាស់​លាស់‍»។

សមាជិក​ព្រឹទ្ធសភា Mitt Romney នៃ​រដ្ឋ​ Utah ហៅ​រឿង​រ៉ាវ​ដែល​កំពុង​កើត​ឡើង​ថា​ជារឿង​គួរ​ឲ្យ​បារម្ភ។ លោក​ជា​អ្នក​រិះ​គន់​លោក Trump ម្នាក់​ដែល​កម្រ​មាន ក្នុង​គណបក្ស​សាធារណរដ្ឋ។ តំណាងរាស្ត្រ​ម្នាក់​ទៀត​នៃ​គណបក្ស​សាធារណរដ្ឋ គឺ​លោក Jim Jordan ថ្លែង​ថា លោក​ Trump គ្រាន់​តែ​បំពេញ​ការងារ​របស់​លោក​តែ​ប៉ុណ្ណោះ។

«បើ​សិនជា​យើងចង់​ចំណាយ​ប្រាក់ពន្ធដារ​ដែល​យើង​ដក​ហូត​ពីពល​រដ្ឋ​អាមេរិកាំង​ដែល​ខំ​រក​លុយ ដើម្បី​យក​ទៅ​ជួយ​ពល​រដ្ឋ​អ៊ុយក្រែន ដើម្បី​ឲ្យ​ពួក​គេ​យក​ទៅ​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​រុស្ស៊ី ក្នុង​គោល​បំណង​ជួយ​ឲ្យ​ពួកគេ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​រក​មាគា​ដែល​ពួកគេ​ត្រូវការ ដើម្បី​ឲ្យ​មាន​ប្រព័ន្ធ​ការពារដែល​ពួក​គេ​ត្រូវការ​នោះ ខ្ញុំ​គិត​ថា​លោក Trump ជឿ​ថា​យើង​គួរ​តែ​បញ្ជាក់​ថា គ្មាន​អំពើ​ពុករលួយ​នៅ​ទី​នោះ‍»។

លោក​រដ្ឋ​មន្ត្រី​ការ​បរទេស Mike Pompeo ត្រូវ​បាន​អូសទាញ​ចូល​ក្នុង​រឿង​ចម្រូង​ចម្រាស​នេះ បន្ទាប់​ពី​លោក​បាន​ថ្លែង​ថា លោក​បានចូល​រួមក្នុង​ការ​សន្ទនា​តាម​ទូរ​ស័ព្ទ​របស់​លោក Trump ជាមួយ​ប្រធានាធិបតី​អ៊ុយក្រែន ។‍ ហើយ​សារ​របស់​អ្នក​ការទូត​សរអា​មួយ​ចំនួន បាន​បង្ហាញឲ្យ​ឃើញ​ថាពួកគេ​បាន​ពាក់​ព័ន្ធនៅ​ក្រោយ​ឆាក៕

ប្រែ​សម្រួល​ដោយ ប៉ូច រាសី

XS
SM
MD
LG