ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានចោទប្រកាន់ប្រធានរដ្ឋសភាអ្នកស្រី Nancy Pelosi ថាមានកំហុសពាក់ព័ន្ធនឹង «ឧក្រិដ្ឋកម្មធ្ងន់ធ្ងរ និងបទល្មើសមជ្ឈិម និងទោសក្បត់ជាតិ» ស្របពេលដែលសមាជិកនៃរដ្ឋសភាដែលដឹកនាំដោយគណបក្សប្រជាធិបតេយ្យជំរុញទៅមុខនូវការស៊ើបអង្កេតដើម្បីចោទប្រកាន់ទម្លាក់លោក Trump ពីតំណែង។
កម្រិតនៃទោសដែលលោក Trump លើកឡើងនៅក្នុងសារតាម Twitter នៅយប់ថ្ងៃអាទិត្យម្សិលមិញ គឺដូចទៅនឹងកម្រិតនៃទោសដែលរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិកចាត់ទុកថាជាកម្រិតមួយដែលអាចដកប្រធានាធិបតីពីតំណែងបាន។
ការស៊ើបអង្កេតដើម្បីចោទប្រកាន់ទម្លាក់លោក Trump ពីតំណែងកំពុងដំណើរការនៅក្នុងសប្ដាហ៍នេះនៅក្នុងគណៈកម្មាធិការរដ្ឋសភាមួយចំនួនដូចជាគណៈកម្មាធិការស៊ើបការណ៍សម្ងាត់ គណៈកម្មាធិការកិច្ចការបរទេស និងគណៈកម្មាធិការត្រួតពិនិត្យកិច្ចការរដ្ឋាភិបាល។
គណៈកម្មាធិការទាំងនេះគ្រោងនឹងបើកសវនាការស្ដាប់សក្ខីកម្មរបស់បុគ្គលសំខាន់ៗមួយចំនួន។ នៅថ្ងៃអង្គារស្អែក គណៈកម្មាធិការទាំងនេះគ្រោងនឹងស្ដាប់សក្ខីកម្មរបស់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំសហភាពអឺរ៉ុបលោក Gordon Sondland។ នៅថ្ងៃសុក្រ គណៈកម្មាធិការទាំងនេះគ្រោងនឹងស្ដាប់សក្ខីកម្មរបស់អ្នកស្រី Marie Yovanovitch ដែលត្រូវបានកោះហៅមកវិញនៅពេលអ្នកស្រីធ្វើជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសអ៊ុយក្រែន។
គណៈកម្មាធិការទាំងនេះក៏កំពុងរង់ចាំការឆ្លើយតបពីក្រសួងការបរទេស ពីសេតវិមាន និងពីលោក Rudy Giuliani ដែលជាមេធាវីផ្ទាល់ខ្លួនរបស់លោក Trump ពាក់ព័ន្ធនឹងដីកាកោះហៅសុំបង្ហាញឯកសារ។
ការស៊ើបអង្កេតដើម្បីចោទប្រកាន់ទម្លាក់លោក Trump ពីតំណែងនេះ កើតឡើងបន្ទាប់ពីមានអ្នកលួចបញ្ចេញព័ត៌មានសម្ងាត់ម្នាក់ចោទប្រកាន់លោក Trump ថាបានប្រើ «អំណាចរបស់ការិយាល័យលោកដើម្បីស្នើឲ្យបរទេសជ្រៀតជ្រែកនៅក្នុងការបោះឆ្នោត [ប្រធានាធិបតីសហរដ្ឋអាមេរិក] ឆ្នាំ ២០២០ ខាងមុខ» និងបានចោទប្រកាន់ថា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក Bill Barr និងលោកមេធាវី Giuliani ក៏ទំនងជាពាក់ព័ន្ធនៅក្នុងរឿងនេះដែរ៕