វិធានការរបស់ក្រសួងព័ត៌មាននៅប្រទេសកម្ពុជានាពេលថ្មីៗនេះ ដែលបានសម្រេចមិនផ្តល់ភាពស្របច្បាប់ដល់ដំណើរការអង្គភាពផ្សព្វផ្សាយព័ត៌មានអនឡាញចំនួន៣ បានរងការរិះគន់ ពីសំណាក់អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (Reporters Without Borders) ហៅកាត់ថា RSF ដែលបានចាត់ទុកការសម្រេចរបស់ក្រសួងនោះ ថាជាការរំលោភបំពាននិងគំរាមលើសេរីភាពផ្សព្វផ្សាយព័ត៌មាន។
អង្គភាពសារព័ត៌មានទាំង៣ដែលត្រូវបានក្រសួងព័ត៌មានសម្រេចមិនបន្តអាជ្ញាបណ្ណអាជីវកម្មនោះ រួមមានអង្គភាពសារព័ត៌មាន Bayongtimes (www.bayongtimes.com) អង្គភាពសារព័តមានកម្ពុជាថ្ងៃនេះ (www.cambodiatoday.news) និងអង្គភាពសារព័ត៌មាន KCTV។ នេះ បើតាមលិខិតរបស់រដ្ឋលេខាធិការក្រសួងព័ត៌មាន លោក សុខ ប្រសិទ្ធ។
បើតាមលិខិតរបស់លោក សុខ ប្រសិទ្ធ ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ អង្គភាពព័ត៌មានខាងលើ ត្រូវបានក្រសួងចោទថា «បានធ្វើការផ្សព្វផ្សាយព័ត៌មានដែលបំពានលើក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន និងកិច្ចសន្យាអាជីវកម្មដែលសាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន»។
នៅក្នុងថ្លែងការណ៍របស់អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន ចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ នេះ អង្គភាពព័ត៌មានទាំង៣នោះ មិនទទួលបានសេចក្តីដាស់តឿនជាមុន និងគ្មានលទ្ធភាពតវ៉ា។
សេចក្តីថ្លែងការណ៍ បានស្រង់សម្តីរបស់លោក Daniel Bastard នាយកអង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (RSF) ទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិកតាមអត្ថន័យដើមថា៖ «ការសម្រេចដកហូតអាជ្ញាបណ្ណរបស់ Bayongtimes សារព័ត៌មានកម្ពុជាថ្ងៃនេះ និងសារព័ត៌មាន KCTV គឺជាការរំលោភសេរីភាពចេញផ្សាយព័ត៌មាន ហើយមិនអាចទទួលយកបានទេ និងមិនដូចអ្វីដែលបានលើកតម្កើង នៅក្នុងមាត្រា៤១ នៃរដ្ឋធម្មនុញ្ញប្រទេសកម្ពុជាទេ»។
លោកបន្ថែមថា៖ «នេះ គឺជាការគំរាមកំហែងយ៉ាងគឃ្លើន ហើយយើងអំពាវនាវដល់រដ្ឋាភិបាលឱ្យស្តារឡើងវិញជាបន្ទាន់នូវអាជ្ញាបណ្ណចេញផ្សាយព័ត៌មានជូនអង្គភាពសារព័ត៌មានទាំងបីនោះ។ សេរីភាពសារព័ត៌មាន មិនត្រូវរងគ្រោះដោយសារសកម្មភាពរបស់មន្ត្រីពុករលួយមួយចំនួននោះទេ»។
ចាងហ្វាងគេហទំព័រកម្ពុជាថ្ងៃនេះ លោក ទូច យុទ្ធា ប្រាប់វីអូអេនៅថ្ងៃអង្គារថា ការសម្រេចរបស់មន្ត្រីជាន់ខ្ពស់នៅក្រសួងព័ត៌មានមួយរូបដែលបានចេញលិខិតមិនបន្តអាជ្ញាបណ្ណឱ្យអង្គភាពព័ត៌មានរបស់លោកនោះ មិនតំណាងឱ្យការសម្រេចចិត្តរបស់ក្រសួងទាំងមូលទេ។
បើតាមលោក ទូច យុទ្ធា ដែលជាអតីតអ្នកយកព័ត៌មានរបស់វិទ្យុអាស៊ីសេរី លិខិតរបស់លោក សុខ ប្រសិទ្ធ កើតមានឡើង ក្រោយពេលអង្គភាពព័ត៌មានរបស់លោកចេញផ្សាយព័ត៌មានមួយ កាលពីដើមខែកុម្ភៈ ឆ្នាំ២០២២ ពាក់ព័ន្ធនឹងភាពមិនប្រក្រតីនៃការដេញថ្លៃផ្គត់ផ្គង់សម្ភារៈការិយាល័យនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមន្ត្រីរាជការក្រសួងនេះ ត្រូវសង្ស័យថា បានធ្វើឱ្យខាតបង់ថវិកាជាតិរាប់លានដុល្លារក្នុងមួយឆ្នាំៗ។
លោកបន្ថែមថា មានមន្ត្រីក្រសួងព័ត៌មានមួយរូបទៀត បានស្នើសុំលោកជាច្រើនលើក ច្រើនសាឱ្យទម្លាក់រឿងនោះចេញ។ ប៉ុន្តែ លោកមិនយល់ព្រមឡើយ។
យ៉ាងណាក៏ដោយ ក្រោយមក ដោយមិនចង់មានបញ្ហាវែងឆ្ងាយលោក យុទ្ធា ក៏សម្រេចទម្លាក់រឿងដែលផ្សាយជាវីដេអូនោះចេញពីគេហទំព័រសារព័ត៌មានរបស់លោក។
លោកនិយាយថា៖ «ខ្ញុំដើម្បីកុំឱ្យវែងឆ្ងាយ ក៏ជាមនោសញ្ចេតនាមួយផង ខ្ញុំក៏សុខចិត្តទម្លាក់ចោលទៅតាមការសំណូមពររបស់គាត់ទៅ។ ប៉ុន្តែខ្ញុំឆ្ងល់ថា ឱ្យខ្ញុំសម្របសម្រួលបញ្ចប់រឿងហ្នឹង ហេតុអីក៏ថ្ងៃ… រហូតមកដល់ថ្ងៃទី១៥ មីនា លោក សុខ ប្រសិទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មានហ្នឹង គាត់ចេញលិខិតមួយបញ្ចប់អាជ្ញាបណ្ណខ្ញុំ?»
ចាងហ្វាងគេហទំព័រកម្ពុជាថ្ងៃនេះ លោក ទូច យុទ្ធា បង្ហាញការសោកស្តាយចំពោះការសម្រេចរបស់ក្រសួងព័ត៌មានដែលលោកចាត់ទុកថា ជាការសម្រេចរបស់បុគ្គលមួយចំនួនដែលបានប្រើប្រាស់តួនាទីមិនត្រឹមត្រូវ មករាំងខ្ទប់ដំណើរការអង្គភាពព័ត៌មានរបស់លោក។
លោកបន្ថែមថា៖ «ខ្ញុំចង់ដើរតួនាទីជាអ្នកផ្សព្វផ្សាយព័ត៌មានដែលពិត។ បើអ៊ីចឹង បើសិនជាមានរាល់ការដាក់ចេញផ្សាយទៅព័ត៌មានដែលផលប៉ះពាល់ ឧទាហរណ៍ថា ធ្វើឱ្យបាត់បង់ប្រាក់ចំណូលជាតិ។ អ៊ីចឹងគួរតែពិនិត្យពិចារណាឡើងវិញ ព្រោះខ្ញុំការពារលុយជាតិតើ! ...ប៉ុន្តែកន្លងមកតែងតែចុះផ្សាយរឿងពាក់ព័ន្ធរឿងក្តៅៗ។ អ៊ីចឹង ប៉ះពាល់ដល់មន្ត្រី អភិបាលខេត្ត ប្រធានមន្ទីរពាក់ព័ន្ធផ្សេងៗ តែងតែមានគេទូរសព្ទទៅសុំទម្លាក់ចោល អ៊ីចឹង… មន្ត្រីមួយចំនួននៅក្រសួងព័ត៌មានហ្នឹង។ អ៊ីចឹង គឺចង់មិនចង់ គឺប៉ះពាល់ដល់សេរីភាពក្នុងការបញ្ចេញមតិ និងផ្សព្វផ្សាយព័ត៌មានពិត»។
យ៉ាងណាក្តី លោកនៅសង្ឃឹមថា រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ នឹងពិចារណាផ្លាស់ប្តូរសេចក្តីសម្រេចរបស់ក្រសួង ដើម្បីអនុញ្ញាតឱ្យគេហទំព័រព័ត៌មានរបស់លោក បានដំណើរការចេញផ្សាយព័ត៌មានដូចដើមវិញ។
វីអូអេព្យាយាមសុំការអត្ថាធិប្បាយពីចាងហ្វាងគេហទំព័រ Bayongtimes និងសារព័ត៌មាន KCTV ប៉ុន្តែ មិនទាន់ទាក់ទងបាននៅឡើយនៅថ្ងៃអង្គារនេះ។ វីអូអេ ក៏មិនទាន់អាចទាក់ទងសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងព័ត៌មាន គឺលោក មាស សុភ័ណ្ឌ បានដែរនៅថ្ងៃអង្គារដដែលនេះ។
នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJa) លោក ណុប វី និយាយថា អង្គភាពព័ត៌មានដែលមាននិន្នាការមិនគាំទ្ររដ្ឋាភិបាល ជារឿយៗ រងការបាត់បង់អាជ្ញាបណ្ណផ្សព្វផ្សាយព័ត៌មានរបស់ខ្លួន ដែលអាចធ្វើឱ្យប៉ះពាល់ដល់ភាពចម្រុះនៃវិស័យសារព័ត៌មាននៅកម្ពុជា។
«ជារួមយើងក៏បានមើលឃើញអំពីភាពផុយស្រួយនៃការដកអាជ្ញាបណ្ណពីសំណាក់ក្រសួងព័ត៌មានដែរ ដែលយើងពិនិត្យឃើញថា វាធ្វើឱ្យមានហានិភ័យ ហើយវាកាន់តែគ្រោះថ្នាក់សម្រាប់អ្នកសារព័ត៌មានដែលគាត់បម្រើការងារនៅក្នុងស្ថាប័នដែលមិនរណបទៅនឹងក្រសួង ឬមួយក៏រដ្ឋាភិបាល»។
បើតាមលោក ណុប វី នៅឆ្នាំ២០២១ មានអង្គភាពសារព័ត៌មានចំនួន៧ ត្រូវបានក្រសួងព័ត៌មានដកហូតអាជ្ញាបណ្ណ ហើយនៅក្នុង២០២២នេះ មានអង្គភាពសារព័ត៌មាន៣ បន្ថែមទៀត ដែលត្រូវក្រសួងសម្រេចលុបចោលអាជ្ញាបណ្ណ។
កាលពីខែតុលា ឆ្នាំ២០២១ អង្គការអ្នកកាសែតគ្មានព្រំដែន បានចោទប្រកាន់រដ្ឋមន្ត្រីក្រសួងការពារជាតិលោក ទៀ បាញ់ ថា បានរំលោភសិទ្ធិអំណាចរបស់លោកដោយការបញ្ជាឱ្យដាក់ទោស ប្រតិបត្តិករគេហទំព័រសារព័ត៌មានម្នាក់ គឺលោក យួន ឈីវ ចំពោះការផ្សាយរបាយការណ៍អង្កេតមួយ អំពីការដណ្តើមដីកាន់កាប់ខុសច្បាប់។ លោក ឈីវ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលមួយឆ្នាំ តែពីរថ្ងៃប៉ុណ្ណោះ ក្រោយពីការចាប់ខ្លួនគាត់។ នេះ បើតាមសេចក្តីថ្លែងការណ៍របស់អង្គការអ្នកកាសែតគ្មានព្រំដែន។
អង្គការការពារសិទ្ធិសេរីភាពសារព័ត៌មានដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស ប្រទេសបារំាង បានលើកឡើងទៀតថា រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ក្រាបដោយមិនបន្ធូរដៃលើអង្គភាពសារព័ត៌មានឯករាជ្យក្នុងឆ្នាំ២០១៧ ដើម្បីបានក្រាញអំណាច។ អង្គការដដែលបានឱ្យដឹងទៀតថា កម្ពុជាស្ថិតនៅក្នុងចំណាត់ថា្នក់ទី១៤៤ ក្នុងចំណោម១៨០ប្រទេសនៃសន្ទស្សន៍សេរីភាពសារព័ត៌មានសាកលឆ្នាំ២០២១៕