ប្រធានអង្គការសុខភាពពិភពលោកលោក Tedros Adhanom Ghebreyesus បាននិយាយថា ស្ថានការណ៍អាក្រក់បំផុតនៃវិបត្តិជំងឺកូវីដ ១៩ មិនទាន់កើតឡើងនៅឡើយទេ ទោះបីជាប្រទេសមួយចំនួនចាត់វិធានការដំបូងៗនៅក្នុងការបើកប្រទេសបណ្ដើរៗក៏ដោយ។
លោក Tedros បាននិយាយកាលពីថ្ងៃចន្ទម្សិលមិញថា៖ «សូមជឿពួកយើងចុះ ស្ថានការណ៍អាក្រក់បំផុត [នៃវិបត្តិជំងឺកូវីដ ១៩] មិនទាន់កើតឡើងនៅឡើយទេ។ ចូរការពារកុំឲ្យសោកនាដកម្មនេះកើតឡើង។ វាជាមេរោគដែលមនុស្សជាច្រើននៅមិនទាន់យល់ពីវានៅឡើយ»។
លោកបានប្រៀបធៀបការឆ្លងរាតត្បាតនៃជំងឺកូវីដ ១៩ ដែលបានឆ្លងដល់មនុស្សជិត ២ លាន ៥ សែននាក់ និងសម្លាប់មនុស្សជាង ១ សែន ៧ ម៉ឺននាក់នៅលើពិភពលោកនេះ ទៅនឹងជំងឺគ្រុនផ្ដាសាយធំឆ្នាំ ១៩១៨ ដែលមានឈ្មោះថា Spanish flu ដែលបានសម្លាប់មនុស្សរហូតដល់ប្រហែល ១០០ លាននាក់នៅទូទាំងពិភពលោក។ ប៉ុន្តែ លោកបានបញ្ជាក់ថា ស្ថានការណ៍ធ្ងន់ធ្ងរដូចនេះគឺអាចទប់ទល់បាន។
លោក Tedros ថ្លែងដូច្នេះថា៖ «ឥឡូវនេះ យើងមានបច្ចេកវិទ្យា។ យើងអាចរារាំងមិនឲ្យស្ថានការណ៍ឬក៏វិបត្តិនេះកើតឡើងបាន»។
លោកថែមទាំងបានការពារអង្គការសុខភាពពិភពលោកប្រឆាំងនឹងការចោទប្រកាន់របស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ដែលថា អង្គការនេះបរាជ័យនៅក្នុងការចែកចាយព័ត៌មានឲ្យបានគ្រប់គ្រាន់ និងមានតម្លាភាពអំពីជំងឺកូវីដ ១៩ នៅពេលដំបូងៗនៃការផ្ទុះឡើងនូវជំងឺនេះនៅក្នុងប្រទេសចិនកាលពីខែធ្នូឆ្នាំមុន៕