នៅក្នុងប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសកូរ៉េខាងជើង គេមិនបានឃើញមេដឹកនាំ Kim Jong Un បង្ហាញខ្លួនដូចសព្វដង នៅក្នុងព្រឹត្តិការណ៍នយោបាយដ៏សំខាន់បំផុតមួយកាលពីថ្ងៃពុធ ទី៨ ខែមេសា ឡើយ ដែលនេះគឺជាការមិនបង្ហាញខ្លួនដ៏ចម្លែកមួយនៅក្នុងព្រឹត្តិការណ៍ផ្លូវការរបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាង។
បើយោងតាមការផ្សព្វផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un មិនបានបង្ហាញខ្លួននៅក្នុងពិធីបុណ្យព្រះអាទិត្យ ឬ Day of the Sun ដែលជាទិវាគម្រប់ខួបជីតារបស់លោក ដែលជាមេដឹកនាំស្ថាបនិករបស់ប្រទេសកូរ៉េខាងជើង គឺលោក Kim Il Sung ទេ។
ជាធម្មតា សារព័ត៌មានផ្លូវការ Rodong Sinmum រាយការណ៍មួយថ្ងៃបន្ទាប់ពីពិធីបុណ្យនេះ អំពីមេដឹកនំាកូរ៉េខាងជើងបច្ចុប្បន្នទៅទស្សនាកន្លែងតម្កល់សពជីតារបស់ខ្លួន ដែលត្រូវបានគេរក្សាទុកនៅក្នុងវិមានព្រះអាទិត្យ Kumsusan ក្នុងរដ្ឋធានីព្យុងយ៉ាង។
យ៉ាងណាក៏ដោយ នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែមេសា សារព័ត៌មានបានចុះផ្សាយថា មានតែមន្ត្រីជាន់ខ្ពស់ផ្សេងៗទៀតប៉ុណ្ណោះ ដែលបានចូលរួមគោរពវិញ្ញាណក្ខន្ធនៅឯទីបញ្ចុះសព ដែលទីនោះក៏ជាទីបញ្ចុះសពរបស់លោក Kim Jong Il ដែលត្រូវជាឪពុករបស់ Kim Jong Un។
ព័ត៌មានចុងក្រោយបំផុតនៅក្នុងប្រទេសកូរ៉េខាងជើង ដែលជាប្រទេសមួយដែលរក្សាការសម្ងាត់ខ្ពស់បំផុត បានឲ្យដឹងថា គ្មានការបញ្ជាក់មូលហេតុពីអវត្តមានរបស់លោក Kim Jong Un ឡើយ។ អ្នកសង្កេតការណ៍មួយចំនួនបានភ្ជាប់អវត្តមានរបស់មេដឹកនាំរូបនេះទៅនឹងវីរុសកូរ៉ូណាប្រភេទថ្មី ដែលរដ្ឋាភិបាលក្រុងព្យុងយ៉ាងអះអាងថា ប្រទេសខ្លួនគ្មានការឆ្លងជំងឺនេះទេ។ អ្នកសង្កេតការណ៍ផ្សេងទៀត លើកឡើងថា លោក Kim Jong Un ប្រហែលជាចង់ឃ្លាតនៅឲ្យឆ្ងាយពីអ្នកកាន់តំណែងមុនៗ។
សាស្ត្រាចារ្យ Ramon Pacheco Pardo អ្នកជំនាញខាងឧបទ្វីបកូរ៉េ ដែលបង្រៀននៅសាកលវិទ្យាល័យ King's College London បានលើកឡើងថា៖ «អាចនិយាយបានថា អវត្តមានរបស់លោក [Kim Jung Un] កាលពីថ្ងៃមុនគឺជារឿងចម្លែក។ ការណ៍នេះវាផ្ទុយពីអ្វីដែលកូរ៉េខាងជើងតែងតែអនុវត្តកន្លងមក»។
ដូចគ្នាទៅនឹងប្រទេសនានាផ្សេងទៀតដែរ ប្រទេសកូរ៉េខាងជើងបានចាត់វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូរ៉ូណាប្រភេទថ្មី ដែលរួមមានការបិទព្រំដែន និងការដាក់មនុស្សរាប់ពាន់នាក់ឲ្យនៅដាច់ដោយឡែកបណ្ដោះអាសន្ន។ កូរ៉េខាងជើងបានអះអាងថា ប្រទេសខ្លួនគ្មានវីរុសកូរ៉ូណាទេ ប៉ុន្តែការអះអាងនេះត្រូវបានច្រានចោលយ៉ាងទូលំទូលាយ។
លោក Kim Jong Un វ័យ៣៦ឆ្នាំ បានបង្ហាញមុខជាសាធារណៈកាលពីថ្ងៃទី ១១ ខែមេសានៅក្នុងកិច្ចប្រជុំគណបក្សពលករកូរ៉េ ដែលពេលនោះមេដឹកនាំរូបនេះបានបញ្ជាឲ្យចាត់វិធានការតឹងរ៉ឹងដើម្បីទប់ទល់នឹងវីរុសកូរ៉ូណាប្រភេទថ្មី។ កាលពីថ្ងៃអាទិត្យ ទី១២ មេសា លោក Kim Jong Un បានអវត្តមានក្នុងសម័យប្រជុំដ៏សំខាន់មួយ នៅឯមហាសន្និបាតប្រជាជនជាន់ខ្ពស់។
គេនៅមិនច្បាស់ទេថាតើ លោក Kim Jong Un បានបង្ហាញវត្តមាន នៅពេលដែលប្រទេសកូរ៉េខាងត្បូង បានប្រកាសថា រដ្ឋាភិបាលក្រុងព្យុងយ៉ាងបានបាញ់កាំជ្រួចរយៈចម្ងាយខ្លីលើកចុងក្រោយរបស់ខ្លួន។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសកូរ៉េខាងជើងមិនបានរាយការណ៍អំពីការបាញ់ទាំងនោះ ដូចដែលពួកគេតែងតែរាយការណ៍កន្លងមក នៅថ្ងៃបន្ទាប់នោះទេ។
អ្នកស្រី Rachel Minyoung Lee អ្នកវិភាគកិច្ចការកូរ៉េខាងជើង ដែលរស់នៅក្នុងប្រទេសកូរ៉េខាងត្បូងបាននិយាយថា៖ លោក [Kim Jong Un] មានភាពសកម្មច្រើនកាលពីប៉ុន្មានសប្ដាហ៍មុន ហើយមានមន្ត្រីជាន់ខ្ពស់ជាច្រើនរូបដែលមិនពាក់ម៉ាស់នៅហែរហមជុំវិញលោក។ គេពិបាកនឹងជឿណាស់ថា លោកស្រាប់តែយកចិត្តទុកដាក់ភ្លាមៗយ៉ាងខ្លាំងចំពោះវីរុសកូរ៉ូណាប្រភេទថ្មីនេះ។
ការផ្លាស់ប្ដូរឥរិយាបថ
កាលពីអតីតកាលប្រទេសកូរ៉េខាងជើងបានធ្វើការដង្ហែក្បួនយោធា ឬធ្វើរឿងបង្កហេតុផ្សេងៗ ក្នុងអំឡុងពិធីបុណ្យព្រះអាទិត្យ ឬ Day of the Sun នេះ។ ប៉ុន្តែឆ្នាំនេះការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋអំពីពិធីបុណ្យនេះ ដូចជាស្ងប់ស្ងាត់។ មិនត្រឹមតែមេដឹកនាំ Kim Jong Un មិនបានទៅសម្តែងការគោរពនៅទីបញ្ចុះសពនោះទេ ថែមទាំងមិនមានការចេញផ្សាយបទវិចារណកថាពិសេស ឬសេចក្ដីរាយការណ៍អំពីកិច្ចប្រជុំថ្នាក់ជាតិ ដូចពេលកន្លងទៅទាល់តែសោះ។
អ្នកស្រី Lee អតីតអ្នកវិភាគកិច្ចការសម្ងាត់លើប្រភពបើកចំហរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកអំពីប្រទេសកូរ៉េខាងជើងបាននិយាយថា៖ «ការផ្លាស់ប្ដូរឥរិយាបថបែបនេះ អាចជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរួមគ្នារបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាង ដើម្បីពង្រឹងការដឹកនាំប្រទេសរបស់លោក Kim Jong Un និងដើម្បីឲ្យលោកជៀសឆ្ងាយពីគន្លងដឹកនាំចាស់របស់ឪពុក និងជីតារបស់លោក»។
អ្នកស្រីបន្ថែមថា៖ «ចាប់ពីឆ្នាំមុនមក ប្រទេសកូរ៉េខាងជើង បានប្រឹងប្រែងបញ្ចៀស លោក Kim Jong Un ពីគន្លងនៃអ្នកកាន់តំណែងមុនៗ ដើម្បីរំលេចគុណសម្បត្តិផ្ទាល់ខ្លួនរបស់មេដឹកនាំរូបនេះ...ដូច្នេះអ្វីដែលយើងកំពុងតែឃើញពេលនេះគឺដាននៃនិន្នាការនេះឯង»។
អ្នកស្រី Lee ក៏បាននិយាយថា ឆ្នាំនេះគឺជាខួបទី១០ នៃការកាន់តំណែងជាសាធារណៈរបស់លោក Kim Jong Un បន្ទាប់ពីការស្លាប់របស់ឪពុករបស់លោក។ អ្នកស្រីបន្ថែមថា៖ «ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ គួរតែជួយត្រួសត្រាយផ្លូវបន្ថែមទៀត ដើម្បីពង្រឹងការដឹកនាំរបស់លោក Kim Jong Un នៅក្នុងខួបទី ១០ នៃការកាន់តំណែងនេះ ក៏ដូចជាសម្រាប់ខួបទី៧៥ឆ្នាំនៃការបង្កើតគណបក្សនៅក្នុងខែតុលាខាងមុខនេះ»។
លោក Andray Abrahamian ដែលផ្តោតលើប្រទេសកូរ៉េខាងជើងក្នុងនាមជាសមាជិកជាន់ខ្ពស់ម្នាក់នៅក្នុងវេទិកាប៉ាស៊ីហ្វិកដែលមានមូលដ្ឋាននៅកោះហាវ៉ៃបានយល់ស្របថា លោក Kim Jong Un ពិតជាបានព្យាយាមបង្ហាញដល់សហគមន៍អន្តរជាតិ ថាលោកមិនមែនគ្រាន់តែអ្នកទទួលតំណែងបន្តពីពូជពង្សវង្សត្រកូលរបស់លោកនោះទេ។
លោក Abrahamian បាននិយាយថា៖ «ការបង្ហាញតែទស្សនិកជនក្នុងស្រុកគឺជារឿងមួយខុសទាំងស្រុង»។
ប្រទេសកូរ៉េខាងជើងបានព្យាយាមអស់ជាច្រើនទសវត្សរ៍ ដើម្បីបង្កើតទេវកថា និងវប្បធម៌បែបបុគ្គល ជុំវិញការដឹកនាំរបស់គ្រួសារត្រកូល Kim។ យ៉ាងណាក៏ដោយពេលខ្លះមេដឹកនាំវ័យក្មេងបំផុត លោក Kim Jong Un បានធ្វើតាមការសម្រេចចិត្តផ្ទាល់ខ្លួនដើម្បីចាត់ចែងការងារ តួយ៉ាងដូចជាការបញ្ជាឲ្យអាជ្ញាធរនានាឃ្លាតឆ្ងាយពី «ភាពមិនពិត» ឬ «ការបង្កើតរឿងរ៉ាវផ្ដេសផ្ដាស» អំពីមេដឹកនាំរបស់ខ្លួន។
ចាប់តាំងពីឆ្នាំ ២០១៨ មក លោក Kim Jong Un ក៏បានចូលរួមក្នុងការប្រជុំការទូតដែលទំនងជាមិនអាចកើតឡើង រួមមានការជួបជាមួយលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ជាដើម។ ក្នុងអំឡុងពេលនៃការបង្ហាញខ្លួនជាសាធារណៈទាំងនោះ លោក Kim Jong Un ម្ដងម្កាលបានបង្ហាញអាការៈពិបាកដកដង្ហើម ដែលបង្កឲ្យមានការសង្ស័យអំពីស្ថានភាពសុខភាពរបស់លោក ប៉ុន្តែមិនមានភស្តុតាងណាមួយបញ្ជាក់ថាលោកមានជំងឺឡើយ។
លោក Abrahamian បាននិយាយថា៖ «ការទស្សន៍ទាយរបស់ខ្ញុំគឺថា លោក [Kim Jong Un] នឹងបង្ហាញខ្លួនក្នុងពេលឆាប់ៗនេះ ហើយប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងនឹងមិននិយាយអ្វីពីរឿងនេះទេ ចំណែកព័ត៌មានគ្មានប្រភពច្បាស់លាស់ដែលបញ្ចេញដោយប្រទេសកូរ៉េខាងត្បូងថា លោក Kim Jong Un ផ្ដាសាយ ឬវះកាត់ផ្លែសាច់ចោលនោះនឹងត្រូវបានគេបំភ្លេចចោលក្នុងពេលពីរបីខែខាងមុខ»៕
ប្រែសម្រួលដោយ សឿន វឌ្ឍនា