ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍៖ ការដក​សហរដ្ឋ​អាមេរិក​ចេញ​ពី​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​គឺ​ជា «ការ​បំផ្លាញ​បែប​ការទូត» ប្រឆាំង​នឹង​លោក Obama


រូបភាពឯកសារ៖ ឯកអគ្គរដ្ឋទូត​ចក្រភពអង់គ្លេស Kim Darroch បង្កើត​កម្មវិធីក្លិបសេដ្ឋវិទូនៅ​ស្ថានទូត​អង់គ្លេស​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពីថ្ងៃទី​២០ ខែតុលា ឆ្នាំ២០១៧។
រូបភាពឯកសារ៖ ឯកអគ្គរដ្ឋទូត​ចក្រភពអង់គ្លេស Kim Darroch បង្កើត​កម្មវិធីក្លិបសេដ្ឋវិទូនៅ​ស្ថានទូត​អង់គ្លេស​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពីថ្ងៃទី​២០ ខែតុលា ឆ្នាំ២០១៧។

លោក Kim Darroch អតីត​ឯក​អគ្គរដ្ឋទូត​ចក្រភព​អង់គ្លេស​ប្រចាំ​សហរដ្ឋ​អាមេរិក​ជឿ​ថា ការណ៍​ដែល​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ដក​សហរដ្ឋ​អាមេរិក​ចេញ​ពី​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​គឺ​ជា​ទង្វើ​នៃ «ការ​បំផ្លិច​បំផ្លាញ​ផ្នែក​ការទូត» ប្រឆាំង​នឹង​លោក​អតីត​ប្រធានាធិបតី Barack Obama។ នេះ​បើ​យោង​តាម​កំណត់​ហេតុ​លេខ​ធ្លាយ​ថ្មីៗ​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​កាសែត​The Mail របស់​អង់គ្លេស​នៅ​ថ្ងៃ​អាទិត្យ​នេះ។

កាល​ពី​សប្ដាហ៍​មុន កាសែត​នេះ​បាន​ផ្សព្វផ្សាយ​កំណត់​ហេតុ​លេច​ធ្លាយ​ផ្សេង​ទៀត​របស់​លោក Darroch អំពី​លោក Trump។ នៅ​ក្នុង​កំណត់​ហេតុ​ទាំង​នោះ លោក Darroch បាន​ហៅ​លោក Trump ថា​ជា​មនុស្ស «គ្មាន​ជំនាញ» «មិន​ច្បាស់​ការណ៍» និង «អ​សមត្ថភាព» និង​បាន​ហៅ​រដ្ឋបាល​របស់​លោក Trump ថា​ជា​រដ្ឋបាល «មិន​ដំណើរការ​ត្រឹមត្រូវ​ជាក់​ច្បាស់»។

លោក Darroch បាន​លាលែង​ពី​តំណែង​ជា​ឯក​អគ្គរដ្ឋទូត​នេះ​កាល​ពី​ថ្ងៃ​ពុធ បន្ទាប់ពី​មាន​ការ​ផ្សព្វផ្សាយ​នូវ​កំណត់​ហេតុ​ការទូត​លេច​ធ្លាយ​នេះ​ជា​សាធារណៈ ហើយ​លោក Trump បាន​វាយ​ប្រហារ​ដោយ​ពាក្យ​សម្ដី​តាម Twitter លើ​កំណត់​ហេតុ​នេះ។

លោក Trump បាន​សរសេរ​នៅ​លើ Twitter ថា លោក Darroch គឺ​ជា «មនុស្ស​ឆ្កួត​លីលា» និង​ជា «មនុស្ស​ភ្លីភ្លើ​ក្រអឺតក្រទម»។ លោក Trump បាន​និយាយ​ថា លោក​នឹង​ឈប់​ទាក់ទង​ឆ្លើយឆ្លង​ជាមួយ​នឹង​លោក Darroch។

កំណត់​ហេតុ​លេច​ធ្លាយ​ទាំង​នេះ គឺ​ជា​កំណត់​ហេតុ​ដែល​លោក Darroch សរសេរ​ទុក​សម្រាប់​តែ​រដ្ឋមន្ត្រី និង​មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់​របស់​ចក្រភព​អង់គ្លេស​តែ​ប៉ុណ្ណោះ៕

XS
SM
MD
LG