រដ្ឋមន្ត្រីក្រសួងការងាររបស់សហរដ្ឋអាមេរិកលោក Alexander Acosta លាលែងពីតំណែងជាគណៈរដ្ឋមន្ត្រីរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ខណៈមានការពិនិត្យពិច័យទៅលើកិច្ចព្រមព្រៀងសម្ងាត់មួយជាមួយនឹងអ្នកជំនួញនៅ Wall Street លោក Jeffrey Epstein ដែលត្រូវបានចោទប្រកាន់ពីបទបំពានផ្លូវភេទលើអនិតិជនជាច្រើននាក់។
លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសពីព័ត៌មាននេះនៅថ្ងៃសុក្រនេះ ពេលដែលលោក Acosta នៅក្បែរលោកក្នុងសេតវិមាន មុនពេលដែលលោក ត្រាំ ចាកចេញទៅកាន់តំបន់កណ្តាលភាគខាងលិចក្នុងសហរដ្ឋអាមេរិក។
លោក Acosta ថ្លែងថា ការលាលែងនេះគឺជាការសម្រេចចិត្តដែលត្រឹមត្រូវ។
លោកធ្លាប់ជាមេធាវីក្នុងទីក្រុង Miami ពេលដែលលោកមើលការណ៍ខុសត្រូវទៅលើកិច្ចព្រមព្រៀងមិនកាត់ទោសលោក Epstein។ លោក Epstein បានរួចផុតពីបទចោទប្រកាន់នានារបស់សហព័ន្ធ ហើយជាប់ពន្ធនាគារ១៣ខែ៕