យុវជនស្លៀកឯកសណ្ឋានជាយោធាប្រមូលផ្តុំគ្នានៅជិតព្រំដែនរវាងប្រទេសអេរីទ្រា និងប្រទេសអេត្យូពី។ ជារៀងរាល់ឆ្នាំសិស្សសាលាថ្នាក់ទី១២ ជាង១ម៉ឺននាក់បានធ្វើដំណើរមកជំរំការពារ Sawa ស្ថិតនៅភាគខាងលិចប្រទេសអេរីទ្រា ដើម្បីចូលរួមវគ្គហ្វឹកហ្វឺនយោធាដែលតម្រូវដោយច្បាប់ប្រទេស។
ឆ្នាំចុងក្រោយនៃថ្នាក់វិទ្យាល័យគឺជា ពេលដែលសិស្សសាលាភាគច្រើនរីករាយជាមួយនឹងការសិក្សា លេងកីឡា និងការរាំកំសាន្ត។ ប៉ុន្តែសម្រាប់សិស្សសាលានៅប្រទេសអេរីទ្រាវិញគឺជា ឆ្នាំដែលត្រូវទៅចូលរួមវគ្គបណ្តុះបណ្តាលនៅឯជំរំយោធា ដែលត្រូវបានកំណត់ថាជាកាតព្វកិច្ច និងត្រូវចូលបម្រើជាតិ ដែលនៅទីនោះពួកគេប្រឈមនឹងការបំពានទាំងរាងកាយនិងផ្លូវចិត្ត។
របាយការណ៍ថ្មីមួយដែលចេញផ្សាយដោយអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានណែនាំឲ្យពិនិត្យមើលល្អិតល្អន់លើប្រព័ន្ធចូលបម្រើយោធារបស់ប្រទេសអេរីទ្រារហូតមកដល់ពេលបច្ចុប្បន្ន ដែលបានបង្ខំឲ្យយុវជនត្រូវបញ្ចប់ ការសិក្សាថ្នាក់វិទ្យាល័យនៅឆ្នាំចុងក្រោយរបស់ពួកគេ នៅឯមជ្ឈមណ្ឌលហ្វឹកហ្វឺន Sawa ក្នុងទីក្រុងវាលខ្សាច់ដែលជាផ្នែកមួយនៃកម្មវិធីសិក្សារបស់ពួកគេ។
របាយការណ៍នោះមានចំណងជើងថា «គេយកពួកយើងទៅធ្វើជាទាសករ មិនមែនយកពួកយើងទៅរៀនទេ» បានសម្ភាសន៍អតីតសិស្សសាលាថ្នាក់អនុវិទ្យាល័យ និងគ្រូបង្រៀនសេវាជាតិ ៧៣នាក់ដើម្បីទទួលបានព័ត៌មានលម្អិតអំពីអ្វីដែលកើតឡើងនៅក្នុងជំរំនោះ។
អង្គការសិទ្ធិមនុស្ស Human Rights Watch បានរកឃើញថា ក្រុមអាជ្ញាធរនៅឯជំរំ Sawa បានដាក់សិស្សសាលានៅក្រោមបទបញ្ជាយោធាពេញមួយឆ្នាំ វាយធ្វើបាបពួកគេដោយសាររឿងតិចតួច និងបង្ខំពួកគេឲ្យធ្វើការ។ ពួកគ្រូបង្រៀននៅជំរំនេះមានអាយុមិនច្រើនជាងសិស្សសាលាទាំងនេះប៉ុន្មានទេ។ ចាប់តាំងពីពេលដែលពួកគេចូលបម្រើការងារនៅក្នុងជំរំនេះមក ពួកគេមានអត្តចរិតព្រងើយកន្តើយ ហើយជារឿយៗអវត្តមាននៅសាលា។
នៅក្នុងបទសម្ភាសន៍ជាមួយ VOA អ្នកស្រី Laetitia Bader អ្នកស្រាវជ្រាវនៅឯអង្គការសិទ្ធិមនុស្ស Human Rights Watch បាននិយាយថា ប្រព័ន្ធចូលបម្រើជាតិនេះបានធ្វើឲ្យយុវជនក្មេងៗមានអារម្មណ៍អស់សង្ឃឹម។
អ្នកស្រី Bader បាននិយាយថា «មិនមែនមានតែយុវជនក្មេងៗទាំងនេះទេដែលគ្មានឱកាសគ្រប់គ្រងលើវាសនារបស់ពួកគេ ក៏ប៉ុន្តែវាក៏ជាសញ្ញាបង្ហាញថា ឆ្នាំចូលបម្រើការជាយោធានៅជំរំ Sawa ធ្វើឲ្យសិស្សសាលាគិតថា នៅក្នុងបរិស្ថានយោធាដូចនេះ ពួកគេមិនមែនជាសិស្សពិតប្រាកដទេ»។
ចាប់តាំងពីឆ្នាំ២០០៣មក ក្រុមមន្រ្តីបានតម្រូវឲ្យយុវជនក្មេងៗបញ្ចប់ថ្នាក់ទី១២ នៅក្នុងជំរំ Sawa។ ជារៀងរាល់ឆ្នាំ សិស្សចន្លោះពី១ម៉ឺន១ពាន់នាក់ ទៅ១ម៉ឺន៥ពាន់នាក់បានមកដល់ជំរំនេះ។ យោងតាមអង្គការសិទ្ធិមនុស្ស Human Rights Watch ជំរំនេះគឺប្រៀបដូចជាគុកដ៏ធំមួយ ដែលហុំព័ទ្ធដោយលួសបន្លានិងឆ្មាំប្រដាប់ដោយអាវុធ។
អង្គការសិទ្ធិមនុស្ស Human Rights Watch ក៏បានរកឃើញដែរថា យុវជនក្មេងៗកំពុងបោះបង់ចោលការសិក្សានៅត្រឹមថ្នាក់ទី១១ ដើម្បីគេចចេញពីការបញ្ជូនទៅជំរំនេះ។ សិស្សសាលានិងគ្រូបង្រៀនជាច្រើនកំពុងប្រឈមនឹងគ្រោះថ្នាក់ដល់ជីវិតដើម្បីភៀសខ្លួនចេញពីប្រទេស។ នេះបើយោងតាមក្រុមតស៊ូមតិនេះ។
របាយការណ៍បានបង្ហាញថា អតីតសិស្សសាលានៅជំរំ Sawa បានពណ៌នាអំពីការបណ្តុះបណ្តាលនោះថា ត្រូវចេញទៅហាត់នៅមុនថ្ងៃរះ ធ្វើសមយុទ្ធដ៏គ្រោះថ្នាក់ រៀនពីរបៀបរស់នៅពីស្ថានភាពលំបាកៗ ដែលតម្រូវឲ្យពួកគេដេកនៅទីវាលដែលមានអាកាសធាតុក្តៅខ្លាំង គ្មានអាហារ និងទឹកគ្រប់គ្រាន់។
សិស្សសាលាអាយុ ១៩ឆ្នាំម្នាក់បានប្រាប់អង្គការសិទ្ធិមនុស្ស Human Rights Watch ថា «ជំរំ Sawa គឺជា ឋាននរក។ ពួកគេធ្វើអ្វីៗគ្រប់យ៉ាងដើម្បីឲ្យអ្នកចង់ចាកចេញពីជំរំ។ ចាប់តាំងពីខែទីមួយ នាឡិការោទិ៍នៅម៉ោង៥ព្រឹក។ ពួកគេឲ្យយើងរត់ទៅបន្ទប់ទឹក។ អ្នកមានពេលតែ៥នាទីប៉ុណ្ណោះ ដើម្បីលាងសម្អាតខ្លួន នេះប្រសិនបើយើងមានទឹក ប៉ុន្តែជាធម្មតាគ្មានទឹកប្រើគ្រប់គ្រាន់ទេ។ ហើយ ៥នាទីទៀតសម្រាប់ប្តូរឯកសណ្ឋាន។ អ្នកនឹងទទួលរងទារុណកម្មប្រសិនបើអ្នកមិនអាចរៀបចំខ្លួនទាន់ពេល»។
រដ្ឋមន្រ្តីក្រសួងព័ត៌មានលោក Yemane Gebremeskel បានការពារយុទ្ធសាស្រ្តរបស់រដ្ឋាភិបាលលោក ដោយលោកបានបង្ហោះសារនៅលើ Twitter ថា យុទ្ធសាស្រ្តការពារប្រទេសជាតិនេះគឺជា ការចូលរួមចំណែកនៅក្នុងការរក្សាស្ថេរភាពនៅក្នុងប្រទេស និងសន្តិភាពនៅទូទាំងតំបន់។
នៅដើមខែនេះ រដ្ឋាភិបាលបានប្រារព្ធពិធីគោរពដល់ការចូលបម្រើជាតិរយៈពេលបីថ្ងៃនៅជំរំ Sawa ដោយមានក្បួនដង្ហែរ ច្រៀងចម្រៀងនិងការថ្លែងសុន្ទរកថា។ នៅក្នុងបទសម្ភាសន៍មួយជាមួយអ្នកសារព័ត៌មានរបស់រដ្ឋដែលស្ថិតក្នុងឯកសណ្ឋានយោធានៅឯពិធីនេះ ប្រធានាធិបតីលោក Isaias Afwerki បានបញ្ជាក់ថា ការចូលបម្រើជាតិគឺជាសេវាដែលបន្តពីការតស៊ូរយៈពេល៣០ឆ្នាំរបស់ប្រទេសអេរីទ្រាដើម្បីទទួលបានឯករាជ្យ។
លោក Afwerki បានថ្លែងថា «នៅពេលអ្នកធ្វើការប្រៀបធៀបវាជាមួយនឹងការតស៊ូដើម្បីឯករាជ្យ ការលះបង់ប្រហែលជាមានលក្ខណៈផ្សេងគ្នា ប៉ុន្តែការអភិវឌ្ឍប្រទេសមានការលំបាកជាង»។
អង្គការសិទ្ធិមនុស្សHuman Rights Watch បានរកឃើញថា ពួកគ្រូបង្រៀនមានអារម្មណ៍ថា ជាប់អន្ទាក់ដូចពួកសិស្សសាលាដែរ និងសុខចិត្តប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជីវិតដើម្បីរត់ភៀសខ្លួន។
គ្រូបង្រៀនម្នាក់ដែលត្រូវបានសម្ភាសន៍នៅក្នុងរបាយការណ៍នេះបានរាយការណ៍ថា «ប្រសិនបើអ្នកត្រូវគេបញ្ជូនទៅជំរំហ្វឹកហ្វឺនដើម្បីទៅបង្រៀនរូបវិទ្យា អ្នកនឹងធ្វើជាគ្រូបង្រៀនរូបវិទ្យាមួយជីវិតនៅទីនោះ»។
អ្នកស្រី Bader បានថ្លែងថា អ្នកដែលត្រូវបានសម្ភាសន៍នៅក្នុងរបាយការណ៍នេះមានអារម្មណ៍អស់សង្ឃឹម។ អ្នកស្រីនិយាយបន្តក្នុងសម្តីដើមថា «យើងក៏បាននិយាយជាមួយនឹងគ្រូបង្រៀនដែលធ្លាប់បង្រៀននៅជំរំនោះអស់រាប់ទសវត្សរ៍ និងបានព្យាយាមឈប់ធ្វើការនៅក្នុងជំរំនោះ។ ប៉ុន្តែការសា្រវជ្រាវបានរកឃើញយ៉ាងច្បាស់ថា ការសុំលាឈប់ពីជំរំគឺជា ការរំលោភបំពាន»។
អង្គការ Human Rights Watch បានឲ្យដឹងថាកិច្ចព្រមព្រៀងសន្តិភាពមួយជាមួយប្រទេសអេត្យូពីនាពេលថ្មីៗនេះលុបចោលការអះអាងអំពីប្រព័ន្ធចូលបម្រើជាតិនាពេលបច្ចុប្បន្ន។ អង្គការសិទ្ធិមនុស្សនេះបានជំរុញដល់រដ្ឋាភិបាលប្រទេសអេរីទ្រាឲ្យកំណត់ពេលវេលាដើម្បីរំលាយប្រព័ន្ធចូលបម្រើប្រទេសជាតិនេះ និងអនុញ្ញាតឲ្យសិស្សសាលាបញ្ចប់ការសិក្សារបស់គេនៅក្នុងថ្នាក់រៀនដែលមិនមែនជាស្ថាប័នយោធា៕
ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា