សង្កាត់ត្រើយកោះ ខេត្តកំពត — ការធ្វើស្រែដាំស្រូវគឺអាស្រ័យលើទឹកភ្លៀង តែការធ្វើស្រែអំបិលទឹកភ្លៀងជាបញ្ហាប្រឈមសម្រាប់ប្រជាពលរដ្ឋ។ នៅក្នុងសង្កាត់ត្រើយកោះ ខេត្តកំពត សកម្មភាពរៀបចំដី បូមទឹកសមុទ្រដាក់ស្រែ កាយអំបិលប្រមូលផល កំពុងកើតឡើងក្នុងអំឡុងពេលរដូវប្រាំង។ អ្នកភូមិស៊ីឈ្នួលធ្វើស្រែអំបិលកំពុងតែបំពេញការងាររបស់ពួកគេនៅក្នុងវាលស្រែអំបិលទាំងកណ្តាលថ្ងៃត្រង់។
អ្នកស្រីសុខ ហួរ ថៅកែស្រែអំបិលដែលមានដីស្រែរាប់រយហិកតា បានថ្លែងប្រាប់ VOA ថា ឆ្នាំមុន លោកស្រីមិនបានធ្វើស្រែអំបិលនោះទេ ដោយទុកដីចោល ដោយសារបញ្ហាអាកាសធាតុគឺទឹកភ្លៀងនៅរដូវប្រាំង។ ប៉ុន្តែលោកស្រីមានប្រសាសន៍ថា ឆ្នាំនេះការធ្វើស្រែអំបិលអាចទទួលបានទិន្នផលមួយចំនួន តែគេរង់ចាំមើលទឹកភ្លៀងពីមួយថ្ងៃទៅមួយថ្ងៃ។
នៅផ្ទះកន្លែងជ្រកថ្ងៃមួយក្បែរស្រែអំបិល អ្នកស្រីបានថ្លែងប្រាប់ VOA ថា៖
«បើមេឃអំណោយផល យើងធ្វើដល់ខែ៦ទៅ។ យើងអត់ខ្វះទេ ទីផ្សារ។ ហើយបើចេះតែភ្លៀង អាហ្នឹងយើងខ្វះទៀតហើយ អាហ្នឹង។ យើងអត់សន្និដ្ឋាន អត់បានទេស៊ីសងលើមេឃ។ វាពិបាកអ៊ីចឹង ធ្វើអាហ្នឹង»។
អ្នកស្រីបន្ថែមថា ប្រសិនបើមិនមានអំបិលគ្រប់គ្រាន់នៅលើទីផ្សារ សហគមន៍អំបិលនឹងនាំចូលអំបិលពីប្រទេសផ្សេង រួមមានថៃ វៀតណាម និងចិនផងដែរ។
កាលពីឆ្នាំមុន ដោយសារធ្វើស្រែអំបិលមិនបានផល កម្ពុជាបាននាំចូលអំបិលរាប់ពាន់តោនពីប្រទេសចិន។ ក្នុងមួយឆ្នាំៗ កម្ពុជាត្រូវការអំបិលប្រមាណពី៩ទៅ១០ម៉ឺនតោនសម្រាប់តម្រូវការក្នុងស្រុក។
បើតាមអ្នកស្រីសុខ ហួរ បញ្ហាប្រឈមនាពេលបច្ចុប្បន្ននេះគឺកង្វះកម្លាំងពលកម្មសម្រាប់ការងារធ្វើស្រែអំបិលនេះ។ អ្នកស្រីបានថ្លែងដូច្នេះថា៖
«បច្ចុប្បន្នប្រឈមនឹងអត់កម្មករធ្វើ ហ្មងអូន។ អត់កម្មករ ហើយមេឃមិនសូវល្អអំណោយផលឲ្យយើង។ ព្យុះនៅស្រុកគេក៏មកប៉ះពាល់នៅស្រុកយើងដែរ។ ពីរហ្នឹងវាពិបាកជាងគេ។ ពិបាកជាងគេគឺខ្វះកម្មករតែម្តង ព្រោះអត់មានកម្មករធ្វើទាល់តែសោះ។ កម្មករយើងត្រូវប្រើច្រើន ត្រូវប្រើរាប់រយ។ ឥឡូវនៅសល់តែម្ភៃសាមសិបនាក់ហ្នឹង មិនចង់បានផង»។
អ្នកស្រី សុខ ហួរ បានរកស៊ីធ្វើស្រែអំបិលនេះតាំងពីឆ្នាំ២.០០០ ហើយលោកស្រីចាត់ទុកមុខរបរនេះសំខាន់ក្នុងការរកចំណូល។ អ្នកស្រីបានបញ្ជាក់ថា៖
«មុខរបរធ្វើអំបិលហ្នឹង វាស្រួលដែរ។ ស្រួលត្រង់ថា យើងអត់ចាំបាច់ដើររកស៊ីផ្លូវឆ្ងាយ។ យើងរកស៊ីក្នុងស្រុកយើង។ ដល់រដូវធ្វើ យើងធ្វើតែម្តង។ អត់មានដល់រដូវ យើងអត់ធ្វើ។ យើងអាចធ្វើអីក៏បាន ធ្វើចម្ការ ធ្វើអីក៏បាន។ បើយើងរកស៊ីផ្លូវឆ្ងាយ យើងខ្លាចដែរ ទៅផ្លូវឆ្ងាយ។ រកស៊ីអំបិលនេះវាល្មមដែរ អាចថា គ្រួសារយើងធូរធារតិចទៅ ធ្វើបានទៅ។ ឆ្នាំណាធ្វើមិនបាន យើងខាតតិចតួចអ៊ីចឹងទៅណា៎។ ដូចឆ្នាំទៅ ខាតទាំងស្រុង តែធ្វើម៉េច បើមេឃ វាអត់អំណោយផលឲ្យយើងផង»។
លោក ពៅ សុន ចៅសង្កាត់ត្រើយកោះ មានប្រសាសន៍ថា កង្វះពលកម្មជាបញ្ហានាពេលនេះ ដោយសារពលរដ្ឋពេញកម្លាំងបានទៅធ្វើការរោងចក្រ នៅក្នុងខេត្តមួយនេះ។
ចៅសង្កាត់ ពៅ សុន បានថ្លែងប្រាប់ VOA នៅផ្ទះរបស់លោកថា៖
«ប៉ុន្តែបច្ចុប្បន្នយើងមានបញ្ហាប្រឈមខ្លះ ដោយសារអំបិលឆ្នាំមុននោះធ្វើអត់បាន ដោយសារធម្មជាតិ គ្រោះធម្មជាតិផង ហើយឆ្នាំនេះប្រហែលជាបានផលលើសឆ្នាំមុន តែមិនបានច្រើនលើសលប់ពេកទេ ដោយសារការផលិតនេះ វាជួបបញ្ហាប្រឈមរឿងកម្មករ។ យើងឃើញថា សព្វថ្ងៃ គេចូលរោងចក្រសហគ្រាសអស់ហើយ។ គេធ្វើការក្នុងម្លប់! អ៊ីចឹងអ្នកដែលពេញកម្លាំង ពីដើមធ្លាប់រែកអំបិល ឥឡូវចូលរោងចក្រអស់ច្រើន ហើយនៅសល់តែកម្មករចាស់ៗមួយចំនួនដែលគាត់នៅហ្នឹង»។
លោកចៅសង្កាត់បានបញ្ជាក់បន្ថែមថា៖
«ខ្ញុំគិតថា មានការព្រួយបារម្ភខ្លាច។ ដល់ពេលមេឃរាំងខ្លាំងបានអំបិលច្រើនហើយអត់អ្នកប្រមូលផលតែម្តង ខ្ញុំបារម្ភអ៊ីចឹង»។
បើយោងតាមលោកចៅសង្កាត់រូបនេះ ប្រជាពលរដ្ឋមួយចំនួននៅសង្កាត់ត្រើយកោះក៏បានលក់ដីស្រែអំបិលចោល ដោយសារពួកគេជួបការលំបាកក្នុងមុខរបរមួយនេះ។ លោកបញ្ជាក់ថា ឥឡូវនេះមានប្រជាពលរដ្ឋតែ១០ទៅ១៥គ្រួសារប៉ុណ្ណោះដែលនៅបន្តធ្វើស្រែអំបិលនេះជាលក្ខណៈគ្រួសារ ហើយចំនួននេះបានធ្លាក់ចុះពី៧០គ្រួសារ កាលពីពេលមុន។
លោក ពៅ សុន មានប្រសាសន៍ថា៖
«សង្កាត់ខ្ញុំហ្នឹង ឃើញមានបងប្អូនយើងមួយចំនួន ក្រុមផលិតហ្នឹង ដោយសារអំបិលហ្នឹង គាត់ធ្វើអត់បានផង ហើយម្យ៉ាងរកកម្មករធ្វើអត់បានផង ក៏បានផ្ទេរដីមួយចំនួនទៅឲ្យក្រុមផលិតធំៗ។ បានន័យថា ក្រុមធំៗ គេមានលទ្ធភាពធ្វើ។ គេសល់ទុនច្រើន។ គេអត់ក្ស័យធន។ គេក៏បានទិញពីក្រុមតូចៗហ្នឹង អស់មួយចំនួនដែរហើយ។ ប៉ុន្តែដីនៅដដែលអត់បាត់បង់ទេ ដីស្រែអំបិលហ្នឹង»។
ទោះជាយ៉ាងណា លោកក៏បានបង្ហាញក្តីបារម្ភអំពីអនាគតនៃការធ្វើស្រែអំបិលនៅប្រទេសកម្ពុជាផងដែរ។
លោកមានប្រសាសន៍ថា៖
«ខ្ញុំមានគំនិតថា នៅសង្កាត់ខ្ញុំនេះក៏ដូចជានៅខេត្តកំពតដែរ នៅទូទាំងប្រទេសគឺថា មានតែខេត្តកំពតមួយទេដែលមានអំបិល ធ្វើអំបិលបាន ហើយអំបិលនេះគឺជាអំបិលធម្មជាតិសុទ្ធៗ មិនមែនជាអំបិលកែច្នៃជាតិគីមីអីទេ។ តាមខ្ញុំ ខ្ញុំគិតថា មិនចង់ឲ្យស្រែអំបិលបាត់បង់ដែរ ដោយសារដីស្រែអំបិលនេះវាមិនចេះតែធ្វើបានគ្រប់ខេត្តទេ មានតែខេត្តកំពត។ អ៊ីចឹងយើងគួរតែថែរក្សាដីស្រែអំបិលហ្នឹង ឲ្យបានគង់វង្ស»។
អ្នកស្រី សុខ ពិន អាយុ៤០ឆ្នាំ ជាអ្នកភូមិម្នាក់ ដែលនៅបន្តធ្វើស្រែអំបិល មានប្រសាសន៍ថា អ្នកស្រីនៅបន្តធ្វើស្រែអំបិលលើដី៦ហិកតានៅឆ្នាំនេះ។ អ្នកស្រីបន្តថា ឆ្នាំនេះអ្នកស្រីអាចធ្វើស្រែអំបិលបាន បើប្រៀបធៀបនឹងឆ្នាំមុន ដោយសារមិនទាន់មានភ្លៀង។ អ្នកស្រីបញ្ជាក់ថា បើអាកាសធាតុក្តៅ មិនភ្លៀង នោះអាចប្រមូលអំបិលបានពី៤០០ទៅ៥០០តោនសម្រាប់រដូវកាលមួយនេះ។
ស្ត្រីរូបនេះបានថ្លែងបន្តថា អំបិលមានទីផ្សារ តែតម្លៃអាស្រ័យលើគុណភាពអំបិល។
អ្នកស្រីបានថ្លែងប្រាប់ VOA ថា៖
«ទីផ្សារវាចុះតិចៗដែរ ចេះតែភ័យដែរ ដូចថា មួយខែចុះមួយខែ មួយអាទិត្យចុះមួយអាទិត្យអ៊ីចឹងទៅ។ មកម្តង ចុះបន្តិចៗ។ យើងអត់ឃើញមកម្តងឲ្យឡើងថ្លៃ។ ដូចថា ពីមុន២ម៉ឺន[រៀល] ឥឡូវ១៨.០០០[រៀល] ឥឡូវ១២.០០០[រៀល]។ វាចុះអ៊ីចឹង! ទីផ្សារវាអត់មានឃើញឡើង វាចេះតែចុះ»។
ទោះជាយ៉ាងណា អ្នកស្រីមានប្រសាសន៍ថា អ្នកស្រីមានបំណងលក់ស្រែអំបិលនេះ ប្រសិនបើត្រូវថ្លៃនៅពេលខាងមុខ។
អ្នកស្រីបានបញ្ជាក់ថា៖
«ចង់អីតើ! តែវាអត់មានគេមកទិញ! បើមានត្រូវតម្លៃបោះបង់ចោល! ហត់ណាស់! ចាស់ហើយ ទៅមិនរួច។ យើងកាន់តែចាស់ធ្វើការកាន់តែធ្ងន់ រែកពន់អ៊ីចឹង។ យូរៗទៅ ដូចថា វាឆ្អែត វាឆ្អន់»។
អ្នកស្រី ពិន ដែលមានកូន២នាក់កំពុងសិក្សា មានប្រសាសន៍ថា អ្នកស្រីមិនចង់បន្សល់ដីទុកឲ្យកូន រួចបន្តមុខរបរធ្វើស្រែអំបិលនេះនោះទេ៖
«មានអីចែកកូន ចែកអី មានតែដីប៉ុណ្ណឹង។ ហើយដល់យើងទុកទៅមិនចង់ឲ្យកូនកាន់កាប់ខាងហ្នឹង ព្រោះអីវាហត់។ អាណិតកូន! ចង់ឲ្យកូនរៀន! ចង់ឲ្យទៅធ្វើការធ្វើអី។ ព្រលឹមឡើងគេទាញម៉ូតូ យើងទាញបង្គាដងរែក ហត់ណាស់!»
លោក ឆោម ចន្ធី ជាអ្នកស៊ីឈ្នួលគេទទួលខុសត្រូវស្រែអំបិល មានប្រសាសន៍ថា លោកបានធ្វើការងារនេះជិត២០ឆ្នាំមកហើយ។ លោកបានទទួលកម្រៃ៩០ម៉ឺនរៀលក្នុងមួយខែសម្រាប់ការងារមួយនេះ។ លោកបញ្ជាក់ថា ការងារមួយនេះអាចឲ្យលោកអាចរកចំណូលមួយចំនួនចិញ្ចឹមគ្រួសារដែលមានកូន៥នាក់។ តែលោកថា បច្ចុប្បន្ននេះ លោកមិនទាន់មានដីជាកម្មសិទ្ធិខ្លួនឯងសម្រាប់រស់នៅទេ។
បុរសវ័យ៥០ឆ្នាំរូបនេះបានមានប្រសាសន៍ថា៖
«ដូចថា ឃើញមុខរបរប៉ុណ្ណឹងអាចចិញ្ចឹមគ្រួសារបាន ប៉ុន្តែនៅតែទាស់ដូចខ្ញុំថាអត់មានដីម្តុំនៅតែប៉ុណ្ណឹង។ នៅយូរៗដីគេ យើងអត់មានដីណា យើងនៅលើដីគេ»។
ចំណែកលោក សូត្រ ពៅ អាយុ៤៨ឆ្នាំ ជាកម្មករធ្វើស្រែអំបិលដែលអាចរកចំណូលបានចន្លោះពី៥ម៉ឺនទៅ៦ម៉ឺនរៀលក្នុងមួយថ្ងៃ។ លោកមានប្រសាសន៍ថា លោកមកស៊ីឈ្នួលគេជារៀលរាល់ឆ្នាំ នៅពេលរដូវកាលធ្វើស្រែអំបិលមកដល់។ ការងារមួយនេះ លោកគ្រាន់បានចំណូលខ្លះយកផ្គត់ផ្គង់គ្រួសារ និងបង់ថ្លៃជំពាក់ធនាគារ។
លោក ពៅ ដែលមានកូនពីរនាក់ មានប្រសាសន៍ថា៖
«ដូចថា មករកអំបិល រកអីចឹងទៅ! យើងស៊ីឈ្នួលធ្វើស្រែឲ្យគេអ៊ីចឹងទៅ។ ចប់ពីស្រែអំបិល យើងទៅដកស្ទូងដើរស៊ីឈ្នួលគេទៀតទេ។ ចប់ស្រែអំបិល យើងដើរធ្វើសំណង់នាយអាយអ៊ីចឹងទៅ! ការងារចេះតែដើររកតេះតោះៗអ៊ីចឹងទៅ»។
ទោះជាយ៉ាងណា លោកក៏បង្ហាញក្តីបារម្ភទៅថ្ងៃខាងមុខ ប្រសិនបើលែងមានស្រែអំបិលធ្វើនៅពេលអនាគត។ លោកបានថ្លែងថា៖
«បារម្ភដែរហ្នឹង! យើងអត់ការងារធ្វើ។ យើងអត់ការងារធ្វើ យើងមានតែធ្វើការងារសំណង់ ធ្វើអីចឹងទៅ។ អ្នកក្រវេទនាណាស់ គេឲ្យធ្វើអី ចេះតែធ្វើទៅ! បើយើងអត់រក យើងអត់អង្ករឲ្យកូនហូប។ អត់លុយឲ្យកូនចាយ»។
ទោះជាយ៉ាងណា លោកស្រី សុខ ហួរ ជាម្ចាស់ដីស្រែអំបិល ដែលលោក សូត្រ ពៅ កំពុងធ្វើការស៊ីឈ្នួល មានប្រសាសន៍ថា លោកស្រីនៅតែមានបំណងធ្វើស្រែអំបិលនេះរហូត បើទោះជាមានបញ្ហាប្រឈមដោយសារអាកាសធាតុ និងកម្លាំងពលកម្មក៏ដោយ៕