រាជរដ្ឋាភិបាលកម្ពុជាត្រៀមនឹងទទួលយកជនភៀសខ្លួនកម្ពុជាចំនួន៣៦នាក់បន្ថែមទៀតពីសហរដ្ឋអាមេរិក ក្រោមគោលការណ៍ស្ម័គ្រចិត្ត ក្រោយពីមន្ត្រីកម្ពុជាបានជួបសម្ភាសប្រជាពលរដ្ឋខ្មែរចំនួន៤៦នាក់ដែលកំពុងរស់នៅសហរដ្ឋអាមេរិក។ នេះបើយោងតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់នៅក្រសួងមហាផ្ទៃ។
ប្រជាពលរដ្ឋខ្មែរចំនួន៣៦នាក់នេះគឺជាចំនួនចុងក្រោយនៃប្រជាពលរដ្ឋខ្មែរ ដែលនឹងត្រូវបញ្ជូនពីសហរដ្ឋអាមេរិកមកកម្ពុជាវិញ។
បើគិតចាប់តាំងពីឆ្នាំ ២០០២ មក មានប្រជាពលរដ្ឋកម្ពុជាជាង៦០០នាក់ដែលត្រូវបានបញ្ជូនពីសហរដ្ឋអាមេរិកមកកាន់កម្ពុជា។
លោកនាយឧត្តមសេនីយ៍ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ មានប្រសាសន៍ប្រាប់ VOA កាលពីថ្ងៃសុក្រថា ក្រោយបទសម្ភាសន៍ ដែលត្រូវបានធ្វើឡើងប្រមាណជា៣ខែមុននៅសហរដ្ឋអាមេរិក រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចយកប្រជាពលរដ្ឋខ្មែរចំនួន៣៦នាក់នេះមកកាន់មាតុប្រទេសវិញ ក្រោមគោលការណ៍ស្ម័គ្រចិត្ត មិនបង្ខិតបង្ខំ។
«បាទចុងក្រោយនេះ គឺយើងទៅសម្ភាសចុងក្រោយនេះ មានប្រមាណជាជាង៤០នាក់...៤៦នាក់បាទ។ ប៉ុន្តែពេលយើងជួបសម្ភាសទៅនេះ គឺមាន៣៤នាក់ទេ ដែលអាច យើងអាចទទួលមកបាន នៅក្នុង១៦នាក់ទៀតគឺយើងអត់ទទួលទេ។ យើងទទួលបន្ថែមចុងក្រោយបំផុតនេះគឺចំនួន៣៦នាក់បាទ»។
លោកនាយឧត្តមសេនីយ៍ខៀវ សុភ័គបញ្ជាក់បន្តទៀតថា រាជរដ្ឋាភិបាលមានក្តីបារម្ភចំពោះការរ៉ាប់រងការវិលត្រឡប់របស់ប្រជាពលរដ្ឋខ្មែរទាំងនេះ។
លោកបន្តថា ប្រសិនបើរដ្ឋាភិបាលសហរដ្ឋអាមេរិកផ្តល់ក្តីអនុគ្រោះឲ្យពួកគេបានរស់នៅទីនោះ នោះជារឿងប្រសើរមួយសម្រាប់ពលរដ្ឋដែលបានភៀសខ្លួនពីប្រទេសកម្ពុជា ដោយហេតុប្រទេសនេះធ្លាក់ក្នុងសង្គ្រាម។
«ចំពោះការថា ពិបាក ឬមិនពិបាក ក៏យើងចេះតែ ឧទាហរណ៍ថា បញ្ជូនមក ធ្វើម៉េចបើជាប្រជាពលរដ្ឋហើយ យើងចេះតែទ្រាំពិបាកទៅ ចោលគ្នាទៅណា? ឧទាហរណ៍ ដូចគាត់ថា ឪពុកម្តាយក្រទៅ មានកូនវាច្រើនទៅ។ វា ពិបាកគឺពិបាកហើយ តែកូនចៅយើង ប្រជាពលរដ្ឋយើង យើងចោលគ្នាទៅណាអាហ្នឹង! ប៉ុន្តែបើថា គាត់មិនបានមកទេ ធ្វើគោលការណ៍ស្ម័គ្រចិត្តទៅ អាហ្នឹងយើងក៏បានពលរដ្ឋរបស់យើងមានសញ្ជាតិមានអីនៅហ្នឹង ឬកែខ្លួន កែអីទៅ ក៏បានល្អប្រសើរដែរ។ គ្រាន់តែថា ជាគោលការណ៍ គឺដូចបានជម្រាបជូនអីចឹងគឺឈរលើគោលការណ៍ស្ម័គ្រចិត្តរបស់ពលរដ្ឋនីមួយៗ។ បើគាត់ចង់មក បានទទួល។ បើគាត់មិនចង់មកទេ គឺគាត់នៅហ្នុង»។
ទោះបីជាយ៉ាងណាក៏ដោយ លោកខៀវ សុភ័គ មិនបានបញ្ជាក់ពីមូលហេតុដែលនាំឲ្យប្រជាពលរដ្ឋកម្ពុជាទាំង៣៦នាក់នោះត្រូវវិលត្រឡប់មកប្រទេសកម្ពុជាវិញនោះទេ។ ហើយលោកក៏មិនបានបញ្ជាក់ថាតើប្រជាពលរដ្ឋទាំង៣៦នាក់នោះកំពុងរស់នៅក្នុងសហរដ្ឋអាមេរិកដោយខុសច្បាប់ ឬយ៉ាងណានោះដែរ។
ការវិលត្រឡប់របស់ប្រជាពលរដ្ឋខ្មែរទាំង៣៦នាក់មកកម្ពុជាវិញនេះនឹងត្រូវធ្វើឡើងនៅចំពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិកថ្មី គឺលោក Donald Trump (ដូណាល់ ត្រាំ) បន្តរឹតបន្តឹងការចេញចូលនៃប្រជាពលរដ្ឋរបស់ប្រទេសមួយចំនួន ជាពិសេសប្រទេសដែលមានប្រជាពលរដ្ឋភាគច្រើនជាអ្នកកាន់សាសនាឥស្លាម។ លោកដូណាល់ត្រាំបានលើកឡើងថា ការព្រួយបារម្ភពីបញ្ហាសនិ្តសុខក្នុងទឹកដីសហរដ្ឋអាមេរិកគឺជាមូលហេតុនៃគោលនយោបាយនេះ។
បន្ទាប់ពីបានចូលកាន់មុខតំណែងជាប្រធានាធិបតីទី៤៥របស់ស.រ.អា.កាលពីថ្ងៃទី២០ខែមករា លោកដូណាល់ ត្រាំបានធ្វើឲ្យពលរដ្ឋអាមេរិកាំងនិងពិភពលោកទាំងមូលភ្ញាក់ផ្អើលនឹងចំណាត់ការរបស់លោកជាច្រើនដែលក្នុងនោះរួមមានបញ្ហាជនអន្តោប្រវេសន៍ផងដែរ។ លោកបានចេញបទបញ្ជារយៈពេល៩០ថ្ងៃកាលពីថ្ងៃទី២៧ខែមករាឆ្នាំ២០១៧ ដែលហាមឃាត់ជនភៀសខ្លួននិងជនអន្តោប្រវេសន៍មកពីប្រទេសចំនួន៧មិនឲ្យចូលក្នុងទឹកដីអាមេរិក។ ប្រទេសទាំងនោះមានប្រជាជនភាគច្រើនជាអ្នកកាន់សាសនា ឥស្លាម។
លោកដូណាល់ ត្រាំបានសំអាងថា បទបញ្ជាបណ្តោះអាសន្ននេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងទប់ស្កាត់អំពើភេរវកម្ម។ វិធានការនេះបានធ្វើឲ្យមានការព្រួយបារម្ភ និងការជជែកដេញដោលគ្នាផ្នែកច្បាប់យ៉ាងច្រើនថាវាផ្ទុយពីច្បាប់ទម្លាប់អាមេរិកាំងដែលជាប្រទេសកើតចេញពីជនអន្តោប្រវេសន៍ និងជនភៀសខ្លួន។
យ៉ាងណាក៏ដោយ បទបញ្ជានេះត្រូវបានច្រានចោលដោយតុលាការឧទ្ធរណ៍សហព័ន្ធមួយដែលមានមូលដ្ឋាននៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ រដ្ឋកាលីហ្វ័រញ៉ា និងចៅក្រមនៅរដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ ប្រជាពលរដ្ឋខ្មែរដែលរស់នៅសហរដ្ឋអាមេរិកក៏បានបង្ហាញការមិនពេញចិត្តចំពោះបទបញ្ជានេះដែរ។
លោកអំ សំអាត ប្រធានការិយាល័យបច្ចេកទេសស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ បានប្រាប់ VOA នៅថ្ងៃច័ន្ទនេះថា ប្រជាពលរដ្ឋខ្មែរ ដែលនឹងវិលត្រឡប់ពីសហរដ្ឋអាមេរិកមកកម្ពុជាវិញ នឹងប្រឈមបញ្ហានៃការសម្របខ្លួន ជាមួយបរិយាកាសសង្គម សេដ្ឋកិច្ច និងនយោបាយនៅកម្ពុជា។
លោកមានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជាអាចផ្តើមការពិភាក្សាជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិកចំពោះល័ក្ខខ័ណ្ឌនៃការបញ្ជូនពលរដ្ឋខ្មែរមកវិញ ក៏ដូចជាការកំណត់ចំនួនពលរដ្ឋដែលនឹងត្រូវបានគេបញ្ជូនមកកម្ពុជាវិញ។
«បាទ! អានេះវាជាការចំាបាច់ណាស់ ព្រោះជាការងាររបស់រដ្ឋាភិបាល ដែលត្រូវតែមានកិច្ចពិភាក្សាគ្នា ពីព្រោះជួនកាលវាអាចនឹងប៉ះពាល់ទៅដល់សិទ្ធិសេរីភាពរបស់ពួកគាត់។ អាហ្នឹងដែលរដ្ឋាភិបាលត្រូវជជែកគ្នា ហើយសហរដ្ឋអាមេរិកគឺជាប្រទេសដែលកាន់លទ្ធិប្រជាធិបតេយ្យ អីចឹងគាត់ក៏ត្រូវតែយល់ដឹង និងយល់អំពីសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋផងដែរបាទ»។
លោកមាស នី អ្នកសិក្សាស្រាវជ្រាវអំពីការអភិវឌ្ឍសង្គម បានប្រាប់ VOA ថា ការបញ្ជូនពលរដ្ឋខ្មែរពីសហរដ្ឋអាមេរិកមកកម្ពុជានេះ នឹងមិនជាប់ពាក់ព័ន្ធនឹងបញ្ហាសិទិ្ធមនុស្សទេ ក្នុងកាលៈទេសៈដែលអ្នកដែលត្រូវបានបញ្ជូនមកនេះបានប្រព្រឹត្តទោសកំហុសធ្ងន់ធ្ងរនៅសហរដ្ឋអាមេរិក។
ក៏ប៉ុន្តែលោកមានប្រសាសន៍ថា ពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិកត្រូវចូលរួមឃ្លាំមើលសកម្មភាពនៃការបញ្ជូននេះ នៅខណៈដែលលោកដូណាល់ ត្រាំ ព្យាយាមអនុវត្តគោលនយោបាយទប់ស្កាត់លំហូរជនអន្តោប្រវេសន៍។
«អាចមានស្ថានភាពបីដែលយើងមើលទៅ ទីមួយ គឺពាក់ព័ន្ធទៅនឹង ថាតើពលរដ្ឋខ្មែរនៅអាមេរិកនោះអាចធ្វើអីបានខ្លះដើម្បីជួយគិតគូ ឬក៏ការពារក្នុងការចាប់បញ្ជូនមក ហើយទីពីរអាស្រ័យទៅលើគោលនយោបាយរបស់ដូណាល់ ត្រាំ ហើយទីបីទៀតគឺវាអាច ជួនកាល អាចមានល័ក្ខខ័ណ្ឌខ្លះ ដែលត្រូវជជែកគ្នា អាចមានល័ក្ខខ័ណ្ឌពីខ្មែរ ឬអាចមានល័ក្ខខ័ណ្ឌពីអាមេរិកមក ដែលយើងមិនទាន់ដឹងនៅក្នុងស្ថានភាពបែបហ្នឹង»។
លោកនាយឧត្តមសេនីយ៍ខៀវ សុភ័គបានបញ្ជាក់បន្ថែមថា លោកមានការបារម្ភអំពីការរំលោភសិទ្ធិមនុស្ស ប្រសិនបើរដ្ឋាភិបាលសហរដ្ឋអាមេរិកចាប់បញ្ជូនពលរដ្ឋខ្មែរដោយបង្ខំ។ លោកមានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជា កំពុងពិនិត្យឡើងវិញលើខ្លឹមសារសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នា រវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិក ស្តីពីអំពីការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋកម្ពុជា។
រដ្ឋបាលលោកប្រធានាធិបតីដូណាល់ត្រាំ ក្រោយពេលចេញបទបញ្ជារឿងហាមឃាត់ពលរដ្ឋធ្វើដំណើរតាមយន្តហោះមកពីប្រទេសចំនួន៧មិនឲ្យចូលទឹកដីស.រ.អា.នោះ បានប្រឈមនឹងបាតុកម្មរបស់ពលរដ្ឋអាមេរិកាំងមួយចំនួន ជាពិសេសនៅមុខសេតវិមាននិងព្រលានយន្តហោះពាសពេញប្រទេស ប៉ុន្មានថ្ងៃចុងក្រោយនេះ។ ពលរដ្ឋមកពីប្រទេសទាំង៧ត្រូវហាមឃាត់មិនឲ្យចូលមកស.រ.អា.បណ្តោះអាសន្ន។ ប្រទេសទាំងនោះមានដូចជាប្រទេសសូម៉ាលី (Somalia) អ៊ីរ៉ាក់ (Iraq) អ៊ីរ៉ង់ (Iran) ស៊ីរី (Syria) យ៉េម៉ែន (Yemen) លីប៊ី (Libya) និងស៊ូដង់ (Sudan)។
ជាការប្រឆាំងនឹងបទបញ្ជានេះ ក្រុមហ៊ុនចំនួន៩៧ រាប់ចាប់តាំងពីក្រុមហ៊ុន Apple បានរួមគ្នាដាក់ពាក្យប្តឹងជំទាស់បទបញ្ជាដែលក្រុមហ៊ុនទាំងនោះយល់ថា នឹងធ្វើឲ្យសហរដ្ឋអាមេរិកបាត់បង់នូវគំនិតច្នៃប្រឌិត និងការរកឃើញបច្ចេកវិទ្យាថ្មីៗ ដែលបានមកពីជនអន្តោប្រវេសន៍៕