ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការបើក​កំពង់ផែ Hodeidah ឡើង​វិញ ជា​ដំណឹង​ល្អ​សម្រាប់​ពលរដ្ឋ​យេម៉ែន​ដែល​មាន​ភាពអត់ឃ្លាន


រូបឯកសារ៖ បុរសម្នាក់ទទួលស្បៀងអាហារនៅក្រុង Hodeidah កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៨។ 
រូបឯកសារ៖ បុរសម្នាក់ទទួលស្បៀងអាហារនៅក្រុង Hodeidah កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៨។ 

លោក Herve Verhooselថា លំហូរ​ដោយ​សេរី​នៃ​ពាណិជ្ជកម្ម​ផ្គត់ផ្គង់​ម្ហូបអាហារ​ចូល​ក្នុង​ប្រទេស​យេមែន នឹង​អាច​ជួយ​ទប់ស្កាត់​មិន​ឲ្យ​តម្លៃ​ម្ហូប​អាហារ​ឡើងថ្លៃ ដែល​ក្នុងពេល​កន្លង​មក​នេះ តម្លៃ​ម្ហូប​អាហារ បាន​ឡើង​ថ្លៃ​ខ្ពស់​កប់​ពពក ធ្វើ​ឲ្យ​មនុស្ស​រាប់​លាន​នាក់​នៅក្នុង​ប្រទេស​យេមែន មិនមាន​លទ្ធភាព​ទិញ​បាន។

កម្មវិធី​ស្បៀង​អាហារ​ពិភពលោក​នៃ​អង្គការ​សហ​ប្រជាជាតិ បាន​ឲ្យ​ដឹង​ថា ការបើក​កំពង់ផែ Hodeidah ឡើង​វិញ មាន​សារៈសំខាន់​ណាស់ នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​លុបបំបាត់​ភាពអត់ឃ្លាន​នៅក្នុង​ប្រទេស​យេមែន ដែល​កំពុង​មាន​សង្គ្រាម​អស់រយៈ​ពេល​ជាង​បី​ឆ្នាំ​មក​ហើយ។ អង្គការ​សហ​ប្រជាជាតិ​បាន​ព្រមាន​ថា មនុស្ស​ប្រហែល​១៤ លាន​នាក់ ក្នុង​ប្រទេស​យេម៉ែន ស្ថិត​នៅ​ក្នុង​ស្ថានភាព​ហៀប​នឹងធ្លាក់ចូល​ក្នុង​ភាពអត់ឃ្លាន។

ប្រទេស​យេម៉ែន នាំចូល​ម្ហូបអាហារ ៩០ភាគរយ នៃ​ម្ហូប​អាហារ​ទាំងអស់​របស់​ខ្លួន ដោយ ៧០ ភាគរយ​នៃ​ម្ហូបអាហារ​ទាំងនេះ មក​តាម​កំពង់ផែ Hodeidah។ នៅក្នុង​កិច្ចចរចា ​ដែល​បាន​ធ្វើឡើង​នៅ​ប្រទេស​ស៊ុយអែដ ដោយ​មាន​អង្គការ​សហ​ប្រជាជាតិ​ជា​អ្នកសម្របសម្រួល ភាគី​ដែល​ប្រយុទ្ធ​គ្នា​នៅក្នុង​សង្គ្រាម​នៅ​ប្រទេស​យេម៉ែន បាន​ព្រមព្រៀង​គ្នា​ថា នឹង​ឈប់​វាយ​ប្រយុទ្ធ​គ្នា​នៅ​ទូទាំង​ខេត្ត​ Hodeidah។ ជាអកុសល ការវាយ​ប្រយុទ្ធ​គ្នា​មួយ​បាន​កើតឡើង នៅ​ថ្ងៃសុក្រទី ១៤ ខែធ្នូ​កន្លង​ទៅ​នេះ នៅ​ក្បែរ​កំពង់ផែ Hodeidah គឺ​នៅ​មួយ​ថ្ងៃ​បន្ទាប់ពី​បទឈប់បាញ់​ត្រូវ​បាន​អនុម័ត ដែល​ធ្វើ​ឲ្យ​ការបើក​កំពង់ផែ​ឡើង​វិញ មិន​មាន​ភាពច្បាស់លាស់។

កម្មវិធី​ស្បៀង​អាហារ​ពិភពលោក រាយការណ៍​ថា កិច្ចព្រមព្រៀង​ឈប់​វាយ​ប្រយុទ្ធ​គ្នា​នេះ មាន​សារៈសំខាន់​ទាំង​សម្រាប់​ប្រតិបត្តិការ​មនុស្សធម៌ និង​ទាំង​សម្រាប់​វិស័យ​ពាណិជ្ជកម្ម ដែល​កិច្ចព្រមព្រៀង​នេះ ត្រូវតែ​បាន​សង្គ្រោះ។ កម្មវិធី​ស្បៀង​អាហារ​ពិភពលោក ក៏​បាន​ឲ្យ​ដឹង​ផងដែរ​ថា កំពង់ផែ Hodeidah គឺជា​កំពង់ផែ​ដ៏​សំខាន់​មួយ​ដែល​ទ្រទ្រង់​ការនាំ​ចូល​ម្ហូប​អាហារ​ដល់​ទៅ​២ភាគ៣នៃ​ការនាំចូល​ម្ហូបអាហារ​ទាំងអស់​ចូល​ក្នុង​ប្រទេស​នេះ។

អ្នកនាំពាក្យ​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក លោក Herve Verhoosel បាន​និយាយ​ថា លំហូរ​ដោយ​សេរី​នៃ​ពាណិជ្ជកម្ម​ផ្គត់ផ្គង់​ម្ហូបអាហារ​ចូល​ក្នុង​ប្រទេស​យេមែន នឹង​អាច​ជួយ​ទប់ស្កាត់​មិន​ឲ្យ​តម្លៃ​ម្ហូប​អាហារ​ឡើងថ្លៃ ដែល​ក្នុងពេល​កន្លង​មក​នេះ តម្លៃ​ម្ហូប​អាហារ បាន​ឡើង​ថ្លៃ​ខ្ពស់​កប់​ពពក ធ្វើ​ឲ្យ​មនុស្ស​រាប់​លាន​នាក់​នៅក្នុង​ប្រទេស​យេមែន មិនមាន​លទ្ធភាព​ទិញ​បាន។

លោក Herve Verhoosel បាន​ថ្លែង​ថា៖

«នៅក្នុង​ប្រទេស​យេមែន​សព្វថ្ងៃ​នេះ មនុស្ស​២០លាន​នាក់ ពឹងផ្អែក​ទៅ​លើ​ផ្សារ​ឯកជន។ ពួកគេ​ទិញ​ម្ហូបអាហារ​នៅ​តាម​ផ្លូវ នៅ​តាម​ផ្សារ។ ហើយ​យើង​សង្ឃឹម​ថា នៅ​ពេល​ដែល​កំពង់ផែ ត្រូវ​បាន​បើក​ដំណើការ​បាន​ជា​ធម្មតា​ឡើង​វិញ​នោះ នឹង​មាន​ម្ហូប​អាហារ​បន្ថែម​ទៀត​នៅ​តាម​ទីផ្សារ​ឯកជន ហើយ​តម្លៃ​ម្ហូបអាហារ​សម្រាប់​មនុស្ស​រាប់​លាន​នោះ ក៏​នឹង​មិន​ឡើង​ថ្លៃ​ទៀត​ដែរ»។

កាលពី​ឆ្នាំ​មុន កម្មវិធី​ស្បៀង​អាហារ​ពិភពលោក បាន​ផ្តល់​ស្បៀងអាហារ​ដល់​ប្រជា​ពលរដ្ឋ​យេមែន ៣លាន ៥សែននាក់ ជារៀងរាល់​ខែ។ ចំនួន​មនុស្ស មក​ទទួល​ស្បៀង​អាហារ​បាន​កើនឡើង​ជាង​ទ្វេ​ដង នៅក្នុង​រយៈពេល​ពីរ​ឆ្នាំ​កន្លង​មក​នេះ។ ចាប់តាំង​ពី​ខែសីហា​កន្លង​ទៅ​នេះ កម្មវិធី​ស្បៀង​អាហារ​ពិភពលោក បាន​ជួយ​ដល់​ពលរដ្ឋ​នៅក្នុង​ប្រទេស​យេម៉ែន ពី ៧ ទៅ​៨លាននាក់ ក្នុង​មួយ​ខែ។

លោក Verhoosel និយាយ​ថា កម្មវិធី​ស្បៀង​អាហារ​ពិភពលោក នឹង​បង្កើន​ជំនួយ​ ដើម្បី​ជួយ​មនុស្ស​ដែល​ងាយ​រងគ្រោះ​នៅ​ប្រទេស​យេម៉ែន​ឲ្យ​បាន ១០លាន​នាក់ នៅ​ខែ​នេះ ដោយ​មាន​ផែនការ​ជួយ​មនុស្ស​ឲ្យ​បាន​១២លាន​នាក់ នៅ​ឆ្នាំ​ថ្មី។

លោក Verhoosel បាន​ថ្លែង​ទៀត​ថា នឹង​មាន​ការផ្តោត​ការយកចិត្ត​ទុកដាក់​ជាពិសេស ទៅ​លើ​ការផ្តល់​អាហារ​មាន​ជីវជាតិ​ចំពោះ​កុមារ​ដែល​មាន​ជំងឺ​ខ្វះ​អាហារ​រូបត្ថម្ភ ស្រ្តី​មាន​ផ្ទៃពោះ និងស្រ្តី​ដែល​បំបៅដោះ​កូន។ លោក​ថ្លែង​ថា ពួកគេ​ទាំង​នោះ​ប្រឈម​នឹង​ភាពអត់ឃ្លាន និង​ការស្លាប់៕

ប្រែសម្រួលដោយ លី ម៉ូរីវ៉ាន់

XS
SM
MD
LG