ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សវនាការ​លើ​សំណុំ​រឿង​រ៉ូហ៊ីងយ៉ា ត្រូវ​បាន​កំណត់​ធ្វើ​ឡើង​ក្នុង​ខែ​កុម្ភៈ​ នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ


រូបឯកសារ៖ បុគ្គលិក​ពេទ្យ ជួយ​ក្មេងស្រី​ជនជាតិ​រ៉ូហ៊ីងយ៉ា​ម្នាក់​ពេល​មក​ដល់​កំពង់ផែ Krueng Geukueh ក្នុង​តំបន់ North Aceh ប្រទេស​ឥណ្ឌូនេស៊ី កាលពី​ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២១។
រូបឯកសារ៖ បុគ្គលិក​ពេទ្យ ជួយ​ក្មេងស្រី​ជនជាតិ​រ៉ូហ៊ីងយ៉ា​ម្នាក់​ពេល​មក​ដល់​កំពង់ផែ Krueng Geukueh ក្នុង​តំបន់ North Aceh ប្រទេស​ឥណ្ឌូនេស៊ី កាលពី​ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២១។

អគ្គរដ្ឋអាជ្ញា​នៃ​ប្រទេស​ហ្គំប៊ី​ដែល​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​អន្តរជាតិ​ បាន​ប្រាប់​សារព័ត៌មាន Reuters កាលពី​ថ្ងៃ​ទី​១៤ ខែ​មករា​ថា គេ​រំពឹង​ថា អ្នក​តំណាង​នៃ​របប​យោធា​មីយ៉ាន់ម៉ា​ នឹង​តវ៉ា​លើ​យុត្តាធិការ​របស់​តុលាការ​អន្តរជាតិ​ក្នុង​ការ​កាត់​ក្តី​លើ​បទ​ចោទ​ដែល​ថា ប្រទេស​នេះ ​ប្រព្រឹត្ត​អំពើ​ប្រល័យ​ពូជសាសន៍​លើ​ជនជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា​ នៅ​ក្នុង​ជុំ​ដំបូង​នៃ​សវនាការ​ ចាប់​ពី​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ​ខាង​មុខ​តទៅ។​

លោក​អគ្គរដ្ឋអាជ្ញា Dawda Jallow បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖ «សវនាការ​កូន​កាត់​មួយ​ នឹង​ត្រូវ​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ​ ឆ្នាំ​២០២២»។

លោក Jallow បាន​បន្ថែម​ថា អ្នក​ស្រី Aung San Suu Kyi ​ជា​អ្នក​ដឹកនាំ​ការ​ការពារ​រឿង​ក្តី​សម្រាប់​ប្រទេស​មីយ៉ាន់ម៉ា​នេះ​ នៅ​ក្នុង​សវនាការ​សាធារណៈ​ជុំ​ទី១​នៅ​ក្នុង​ឆ្នាំ​២០១៩ ប៉ុន្តែ​បន្ទាប់​ពី​រដ្ឋប្រហារ​ដណ្តើម​អំណាច​ដោយ​យោធា​មក តួនាទី​ជា​អ្នក​តំណាង​ជាន់​ខ្ពស់​អ្នក​ស្រី​ក្នុង​រឿង​ក្តី​នេះ​ ត្រូវ​បាន​ជំនួស​ជា​ផ្លូវ​ការ។

សវនាការ​កូន​កាត់​ គឺ​ជា​នីតិវិធី​មួយ​ដែល​អ្នក​ចូលរួម​មួយ​ចំនួន​មាន​វត្តមាន​ដោយ​ផ្ទាល់ និង​អ្នក​ផ្សេង​ចូលរួម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ដោយសារ​វិធានការ​បង្ការ​ជំងឺ​កូវីដ១៩។

ជនជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា​ជាង ៧៣០.០០០ នាក់ ​បាន​រត់​ភៀស​ខ្លួន​ បន្ទាប់​ពី​មាន​ការ​បង្ក្រាប​ដែល​ដឹកនាំ​ដោយ​យោធា​នៅ​ក្នុង​ឆ្នាំ​២០១៧ និង​ត្រូវ​បាន​បង្ខំ​ឱ្យ​រស់នៅ​ក្នុង​ជំរំ​ស្មោកគ្រោក​នៅ​តាម​ព្រំដែន​ក្នុង​ប្រទេស​បង់ក្លាដែស។ អ្នក​អង្កេត​ការណ៍​អង្គការ​សហប្រជាជាតិ​សន្និដ្ឋាន​ថា យុទ្ធនាការ​យោធា​ ត្រូវ​បាន​អនុវត្ត​ដោយ​មាន «ចេតនា​ប្រល័យ​ពូជសាសន៍»។

អ្នក​នាំ​ពាក្យ​ម្នាក់​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិបដិសេធ​មិន​បញ្ជាក់​ថា ​តើ​កាល​បរិច្ឆេទ​សម្រាប់​សវនការ​ថ្មី ​ត្រូវ​បាន​ផ្លាស់​ប្តូរ​ ឬ​យ៉ាង​ណា​ទេ។​

នៅ​ក្នុង​ខែ​ធ្នូ ឆ្នាំ​២០១៩ ម្ចាស់​ពានរង្វាន់​ណូបែល​សន្តិភាព​អ្នក​ស្រី Suu Kyi ដែល​នៅ​ពេល​នោះ​ជា​មេដឹកនាំ​ស៊ីវិល​របស់​មីយ៉ាន់ម៉ា​ បាន​ចូលរួម​ក្នុង​សវនាការ​ដោយ​ផ្ទាល់​នៅ​ទីក្រុង​ឡាអេ​ដើម្បី​ស្នើ​សុំ​ឱ្យ​ចៅក្រម​ទម្លាក់​ចោល​បទ​ចោទ។

អ្នក​ស្រី​ត្រូវ​បាន​យោធា​ទម្លាក់​ពី​តំណែង​នៅ​ក្នុង​រដ្ឋប្រហារ​ឆ្នាំ​២០២១ ហើយ​ចាប់​ពី​ពេល​នោះ​មក ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ ៦​ឆ្នាំ និង​ប្រឈម​មុខ​នឹង​បទ​ចោទ​ជាច្រើន​ផ្សេង​ទៀត។

​ការ​ណ៍​ដែល​កងទ័ព​ដណ្តើម​ការ​កាន់កាប់​រដ្ឋាភិបាល​ជាប់​ឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​ នាំ​ឱ្យ​មាន​ការ​តវ៉ា​យ៉ាង​ច្រើន។

រដ្ឋាភិបាល​យោធា​ បាន​ព្យាយាម​ប្រយុទ្ធ​ដើម្បី​ឱ្យ​មាន​ការ​ទទួល​ស្គាល់​ជា​អន្តរជាតិ និង​អន្ទះសារ​ចង់​បាន​ឱកាស​ដើម្បី​បង្ហាញ​ថា ពួកគេ​ជា​អ្នក​តំណាង​ស្រប​ច្បាប់​របស់​មីយ៉ាន់ម៉ា​នៅ​តុលាការ​ជាន់​ខ្ពស់​របស់​អង្គការ​សហប្រជាជាតិ​នេះ។

ប្រភព​នានា​ដែល​ដឹង​សំណុំ​រឿង​នេះ​និយាយ​ថា រដ្ឋាភិបាល​យោធា​ បាន​ចូលរួម​ជាមួយ​តុលាការ​ដើម្បី​ដាក់​របាយការណ៍​ដែល​តុលាការ​បង្គាប់​បញ្ជា​ឱ្យ​ដាក់​ជារៀងរាល់​ខែ​ស្តីពី​ស្ថានភាព​ជនជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា។ របាយការណ៍​នេះ​ មិន​ត្រូវ​បាន​ធ្វើ​ឡើង​ជា​សាធារណៈ​នោះ​ទេ។

ជំហាន​បន្ទាប់​នៅ​ក្នុង​នីតិវិធី​តុលាការ​យុត្តិធម៌​អន្តរជាតិ​ គឺ​ជា​ការ​តវ៉ារបស់​មីយ៉ាន់ម៉ា​ប្រឆាំង​យុត្តាធិការ​របស់​តុលាការ។ សំណួរ​ពាក់ព័ន្ធ​ថា ​តើ​អំពើ​ប្រល័យ​ពូជសាសន៍ ​កើត​មាន​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ ឬ​អត់​ នឹង​ត្រូវ​លើក​ឡើង​នៅ​ក្នុង​សវនាការ​លើក​ក្រោយ​ទៀត៕

សេចក្តី​រាយការណ៍​បន្ថែម​ដោយ លោក ម៉ែន គឹមសេង

XS
SM
MD
LG