ការឡោមព័ទ្ធសាលារៀនមួយនៅក្នុងប្រទេសប៉ាគីស្ថាន (Pakistan) ដោយពួកជនសកម្មប្រយុទ្ធតាលីបាន(Talliban) បានបញ្ចប់ដោយសន្សល់ទុកមនុស្សស្លាប់យ៉ាងហោចណាស់១៤១នាក់ ដែលភាគច្រើនជាសិស្សសាលា។
ពួកជនសកម្មប្រយុទ្ធអ៊ីស្លាមដែលស្លៀកសម្លៀកបំពាក់ឯកសណ្ឋានយោធាហើយបានបំពាក់ទៅដោយគ្រឿងផ្ទុះបានវាយប្រហារទីកន្លែងរបស់ពួកយោធាមួយកាលពីថ្ងៃអង្គារនៅក្នុងទីក្រុង Peshawar ភាគពាយ័ព្យ។
មន្រ្តីយោធា បានប្រាប់ពួកអ្នកយកព័ត៌មានថា ចំនួនមនុស្សស្លាប់មាន ១៣២នាក់ ជាសិស្សដែលមានអាយុប្រហែលពី១២ឆ្នាំទៅ១៦ឆ្នាំ។ គេជឿថា បុគ្គលិកសាលារៀន៩នាក់ ក៏ត្រូវបានសម្លាប់ផងដែរ។
លោកឧត្តមសេនីយ៍ត្រី Asim Saleem Bajwa ជាអ្នកនាំពាក្យយោធាប៉ាគីស្ថានបានប្រាប់សន្និសីទសារព័ត៌មាននៅក្នុងទីក្រុង Peshawar ថា កងកម្លាំងសន្តិសុខបានសម្លាប់ពួកអ្នកវាយប្រហារ៧នាក់ហើយបានបោសសម្អាតគ្រឿងផ្ទុះចេញពីសាលារៀននោះហើយ។
លោក Hameedullah Khan អ្នកយកព័ត៌មាន បានប្រាប់ VOA ថា ឪពុកម្តាយសិស្សបានមកមន្ទីរពេទ្យទាំងយំសោក ដែលនៅទីនោះសាកសពរបស់កូនក្មេងជាច្រើន បានត្រូវយកចេញ។ មនុស្សមួយចំនួនបានបង្ហាញខ្លួនដើម្បីបរិច្ចាគឈាមសម្រាប់អ្នករងរបួសជាង១០០នាក់ផ្សេងទៀត។
លោកប្រធានាធិបតី Mamnoon Hussain និងនាយករដ្ឋមន្រ្តី Nawaz Sharif នៃប្រទេសប៉ាគីស្ថានបានថ្កោលទោសការវាយប្រហារនេះ។
ទន្ទឹមនឹងនេះ លោករដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក John Kerry ក៏បានថ្លែងពីទីក្រុងឡុងដ៍នៃប្រទេសអង់គ្លេស ដោយបានហៅការសម្លាប់នេះថាជាសកម្មភាពភេរវកម្មដែលបានដាស់តឿនមនសិការមនុស្សទាំងអស់៕