ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជន​ភៀស​ខ្លួន​នៅ​ក្នុង​ប្រទេស​អ៊ូហ្គាន់ដា​នឹង​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ


រូប​ឯកសារ៖ គ្រួសារ​កុងហ្គោ​អង្គុយ​នៅ​ជំរំ​ជន​ភៀស​ខ្លួន Kyangwali នៅ​ក្នុង​ប្រទេស​អ៊ូហ្គាន់ដា កាលពី​ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨។
រូប​ឯកសារ៖ គ្រួសារ​កុងហ្គោ​អង្គុយ​នៅ​ជំរំ​ជន​ភៀស​ខ្លួន Kyangwali នៅ​ក្នុង​ប្រទេស​អ៊ូហ្គាន់ដា កាលពី​ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨។

ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​ ឬ​ UNHCR និង​ទីភ្នាក់ងារ​ស៊ុយអែត​សម្រាប់​ការ​អភិវឌ្ឍ​បាន​ប្រកាស​បង្កើត​កម្មវិធី​រយៈពេល​៤ឆ្នាំ ដើម្បី​លើក​កម្ពស់​ការ​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ និង​មិន​មែន​ហិរញ្ញវត្ថុ ឱ្យ​ដល់​ជន​ភៀស​ខ្លួន​ចំនួន​មួយសែននាក់​នៅ​ក្នុង​ប្រទេស​អ៊ូហ្គាន់ដា។

ទឹក​ប្រាក់​៥លាន​ដុល្លារ​គឺ​ជា​ទឹកប្រាក់​ដែល​ត្រូវ​ផ្តល់​ឱ្យ​ជនភៀសខ្លួន​ចំនួន​មួយសែននាក់​នៅ​ក្នុង​ប្រទេស​អ៊ូហ្គាន់ដា​សម្រាប់​រយៈពេល​៤ឆ្នាំ។

ជាមួយ​នឹង​គម្រោង​សាកល្បង​ដែល​ត្រូវ​ប្រតិបត្តិ​នៅ​ក្នុង​ជំរំ​ជនភៀសខ្លួន​នៅ​ក្នុង​ភាគ​ខាង​ជើង​នៃ​ប្រទេស​អ៊ូហ្គាន់ដា សេវា​ហិរញ្ញវត្ថុ​ត្រូវ​បាន​គេ​ផ្តល់​ឱ្យ​ជន​ភៀស​ខ្លួន ដើម្បី​ពួកគេ​អាច​ចាប់​ផ្តើមបង្កើត និង​ពង្រីក​សហគ្រាស​នានា ដើម្បី​បំពេញ​តម្រូវការ​ប្រចាំ​ថ្ងៃ​របស់​ពួកគេ និង​អាច​ពឹងផ្អែក​លើ​ខ្លួន​ឯង​កាន់​តែ​ខ្លាំង។ ​

លោក Ola Hallgreen ប្រធាន​ផ្នែក​កិច្ចសហការ​សម្រាប់​ការ​អភិវឌ្ឍ​នៃ​ស្ថានទូត​ស៊ុយអែត​ប្រចាំ​ប្រទេស​អ៊ូហ្គាន់ដា​ បាន​កត់សម្គាល់​ថា កម្មវិធី​នេះ​ផ្តល់​ការ​លើក​ទឹក​ចិត្ត​ដល់​ស្ថាប័ន​ហិរញ្ញវត្ថុ​ឯកជន​ឱ្យ​វិនិយោគ​ទៅ​កាន់​ក្រុម​គោលដៅ​ដែល​ពួកគេ​មាន​ការ​ស្ទាក់ស្ទើរ​ក្នុង​ការ​វិនិយោគ​កាលពី​ពេល​មុន។

លោក Ola Hallgreen បាន​និយាយ​ថា៖ «ធនធាន​ធ្វើ​ជំនួញ​ជាច្រើន​ដែល​មិន​ត្រូវ​បាន​ប្រើប្រាស់​នឹង​លេច​ឡើង​តាមរយៈ​កម្មវិធី ដោយ​ជួយ​ជន​ភៀស​ខ្លួន​អាច​ទទួល​បាន​ឥណទាន​សម្រាប់​ការ​ធ្វើ​អាជីវកម្ម គាំទ្រ​ដល់​ការ​បង្កើត​ក្រុមហ៊ុន​ថ្មី start-up និង​ជួយ​សម្រួល​ឱ្យ​មាន​ការងារ​កាន់​តែច្រើន។ និយាយ​ឱ្យ​ខ្លី វា​នឹង​ជួយ​វិនិយោគ​លើ​អនាគត​របស់​ពួកគេ​ផ្ទាល់​តែ​ម្តង»។​

ប្រទេស​អ៊ូហ្គាន់ដា​មាន​ជន​ភៀស​ខ្លួន​ចំនួន​១លាន​៣សែន​នាក់ ដែល​ពួកគេ​ភាគច្រើន​មក​ពី​ប្រទេស​ស៊ូដង់​ខាង​ត្បូង​ និង​ប្រទេស​ជិត​ខាង​ផ្សេង​ទៀត ដូចជា​សូម៉ាលី ប៊ូរុនឌី សាធារណរដ្ឋ​ប្រជាមានិត​កុងហ្គោ កេនយ៉ា និង​រវ៉ាន់ដា។

អ្នកស្រី Mahoua Parums អ្នក​តំណាង​រង​នៃ​ទីភ្នាក់ងារ​ UNHCR បាន​អះអាង​ពី​ការ​
ប្តេជ្ញាចិត្ត​របស់​ទីភ្នាក់ងារ​នេះ​ក្នុង​ការ​បន្ត​តស៊ូមតិ​ជាមួយ​នឹង​ម្ចាស់​ជំនួយ និង​ដៃគូ​នានា​ក្នុង​ការ​គាំទ្រ​ដល់​ជន​ភៀស​ខ្លួន។

ទោះ​ជា​យ៉ាង​នេះ​ក្តី​ អ្នកស្រី​បាន​កត់សម្កាល់​ថា ស្ថាប័ន​ហិរញ្ញវត្ថុ​ជាច្រើន​នៅ​តែ​ស្ទាក់ស្ទើរ​មិន​ចង់​ផ្តល់​ប្រាក់​កម្ចី​ដល់​ជន​ភៀស​ខ្លួន ដោយសារ​តែ​ពួកគេ​យល់ថា វា​មិន​មាន​ស្ថេរភាព។

អ្នកស្រី Mahoua Parums បាន​និយាយ​ថា៖ «យើង​បង្កើត​កម្មវិធី​នេះ​ ដើម្បី​ឱ្យ​ស្ថាប័ន​ទាំង​នោះ​ជឿជាក់​ដល់​ជន​ភៀស​ខ្លួន និង​ជឿជាក់​ថា ជន​ភៀស​ខ្លួន​ជា​អ្នក​រងគ្រោះ។ ជាមួយ​នឹង​ប្រាក់​កម្ចី ពួកគេ​នឹង​អាច​មាន​ជីវិត​ថ្លៃថ្នូរ ដោយសារ​តែ​ពួកគេ​អាច​បង្កើត​អាជីវកម្ម​តូចៗ​ខ្លួន​ឯង ហើយ​ពួកគេ​នឹង​មិន​ចាំបាច់​សុំ​ស្បៀង​អាហារ​ពី​ម្ចាស់​ជំនួយ​ទៀត​ទេ»។

គម្រោង​នេះ​នឹង​ត្រូវ​អនុវត្ត​ដោយ​ស្ថាប័ន​ហិរញ្ញវត្ថុ រួម​ទាំង​ទីភ្នាក់ងារ​អ៊ូហ្គាន់ដា​សម្រាប់​មីក្រូហិរញ្ញវត្ថុ​សម្រាប់​ការ​អភិវឌ្ឍ។

លោក Hannington Thenge ប្រធាន​អភិវឌ្ឍន៍ និង​កំណើន​អាជីវកម្ម​របស់​ទីភ្នាក់ងារ​អ៊ូហ្គាន់ដា​សម្រាប់​មីក្រូហិរញ្ញវត្ថុ​សម្រាប់​ការ​អភិវឌ្ឍ​និយាយ​ថា ជន​ភៀស​ខ្លួន​មិន​គួរ​យល់​ច្រឡំ​អំពី​គម្រោង​នេះ​ ដោយ​យល់​ថា ពួកគេ​នឹង​ទទួល​បាន​ប្រាក់​ដោយ​ឥត​គិត​ថ្លៃ​នោះ​ទេ។

លោក Hannington Thenge និយាយ​ថា៖ «យើង​រំពឹង​ថា ពួកគេ​នឹង​យល់ថា វា​ជា​អាជីវកម្ម​មួយ​ប្រភេទ ដូច្នេះ​ពួកគេ​ត្រូវ​ឆ្លង​កាត់​លក្ខខណ្ឌ​ឥណទាន​ធម្មតា។ យើង​នឹង​ជួយ​ឱ្យ​ពួកគេ​អាច​សិក្សា​រៀនសូត្រ តាមរយៈ​ជំនាញ​អាជីវកម្ម។ អ្នក​ដែល​មាន​តម្លៃ​ផ្នែក​អាជីវកម្ម​នឹង​ទទួល​បាន​ការ​គាំទ្រ។ យើង​រំពឹង​ឱ្យ​ពួកគេ​សង​ប្រាក់​នេះ​មក​វិញ ដើម្បី​ឱ្យ​វា​មាន​ចិរភាព»។

ជន​ភៀស​ខ្លួន​៨០%​នៅ​ក្នុង​ប្រទេស​អ៊ូហ្គាន់ដា​ជា​ស្ត្រី ហើយ​នៅ​ក្នុង​ការ​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​នេះ គេ​រំពឹង​ថា ផលប្រយោជន៍​៧០%​នៃ​កម្មវិធី​នេះ​នឹង​ទៅ​ដល់​ស្ត្រីៗ​ក្នុង​វិស័យ​កសិកម្ម សិប្បកម្ម សេវា​ផ្គត់ផ្គង់​ម្ហូប​អាហារ និង​ពាណិជ្ជកម្ម៕

XS
SM
MD
LG