រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ ត្រាំ កំពុងពិចារណាកាត់បន្ថយកម្មវិធីជនភៀសខ្លួនយ៉ាងខ្លាំង ដោយមានមន្រ្តីម្នាក់បានស្នើសេតវិមានមិនអនុញ្ញាតឲ្យមានជនភៀសខ្លួននៅក្នុងសហរដ្ឋអាមេរិកនៅឆ្នាំសារពើពន្ធខាងមុខនេះ។
ក្នុងសេចក្តីរាយការណ៍របស់កាសែត Politico ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ប្រាប់ឲ្យដឹងថា ក្រុមមន្រ្តីរដ្ឋាភិបាលមកពីទីភ្នាក់ងារសហព័ន្ធជាច្រើន បានចូលរួមក្នុងកិច្ចប្រជុំកាលពីសប្តាហ៍មុន ហើយបានពិភាក្សាពីជម្រើសជាច្រើនដែលរួមមានការកម្រិតជនភៀសខ្លួនត្រឹម៣ម៉ឺននាក់ ដែលជាចំនួនអតិបរមាដែលជាចំនួនទាបបំផុតសម្រាប់កម្មវិធីជនភៀសខ្លួននេះ។
សហរដ្ឋអាមេរិកបានជួយតាំងទីលំនៅជនភៀសខ្លួនចំនួន២ម៉ឺន ៣ពាន់ ១រយ ៩០នាក់ ចាប់តាំងពីការចាប់ផ្តើមឆ្នាំសារពើពន្ធ២០១៩នេះមក។ ដោយនៅសល់រយៈពេល២ខែកន្លះទៀតរហូតដល់ការកំណត់យកចំនួនថ្មី សហរដ្ឋអាមេរិក ទទួលយកចំនួនជនភៀសខ្លួនតិចបំផុតនៅឆ្នាំនេះ។ នេះតាមទិន្នន័យរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក។
លោក Scott Arbeiter ប្រធានអង្គការ World Relief ដែលជាអង្គការក្រៅរដ្ឋាភិបាលមួយដើម្បីជួយការតាំងទីលំនៅជនភៀសខ្លួននៅក្នុងសហរដ្ឋអាមេរិក និយាយថា លោកបានឮតួលេខជាច្រើនដែលបានស្នើនៅឆ្នាំសារពើពន្ធខាងមុខ ដែលមានចំនួនទាបបំផុតដែលមានប្រហែលពី ៦ម៉ឺនទៅ៧ម៉ឺននាក់ ដែលជាចំនួនប្រចាំឆ្នាំទាបបំផុតនៅក្នុងប្រវត្តិសាស្រ្ត។
ការកាន់ដំណែង២ឆ្នាំចុងក្រោយរបស់ប្រធានាធិបតី បារ៉ាក់ អូបាម៉ា រដ្ឋបាលរបស់លោកបានខិតខំបង្កើនការអនុញ្ញាតឲ្យជនភៀសខ្លួនចូលក្នុងសហរដ្ឋអាមេរិក ជាពិសេសផ្តោតលើជនជាតិស៊ីរីដែលរត់គេចចេញពីសង្គ្រាម និងការធ្វើទុកបុកម្នេញ៕