ក្នុងរយៈពេល៣ថ្ងៃបន្ទាប់ទៀតនេះ ប្រតិភូ៤ពាន់នាក់ដែលចូលរួមក្នុងសន្និសីទអន្តរជាតិដ៏ធំបង្អស់មួយរបស់ពិភពលោកស្តីពីបញ្ហាជនភៀសខ្លួននឹងស្វះស្វែងរកដំណោះស្រាយសុក្រឹត្យនិងពិតប្រាកដដើម្បីបន្ធូរបន្ថយស្ថានភាពដ៏អាក្រក់នៃមនុស្ស១១៤លាននាក់ដែលគ្មានទីកន្លែងរស់នៅ ដោយពួកគេត្រូវបង្ខំឱ្យចាកចេញពីផ្ទះសម្បែងដោយការធ្វើទុក្ខបុកម្នេញ ការរំលោភសិទ្ធិមនុស្ស អំពើហិង្សានិងជម្លោះប្រដាប់អាវុធ។
នៅក្នុងការបើកវេទិកាជនភៀសខ្លួនសាកលលោកកាលពីថ្ងៃពុធ ស្នងការជាន់ខ្ពស់ទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិលោក Filippo Grandi បានហៅសន្និសីទនេះថាជា«ឱកាសមួយសម្រាប់យើងទាំងអស់គ្នាដើម្បីតាំងចិត្តឡើងវិញដល់ចំណាត់ការសំខាន់ៗខ្លះដែលត្រូវចាំបាច់ ដើម្បីឆ្លើយតបដល់មនុស្សដែលគ្មានទីកន្លែងរស់នៅដោយការបង្ខំ ការពារមនុស្សដែលត្រូវគេបង្ខំឱ្យរត់គេចខ្លួនហើយនឹងចែករំលែកការទទួលខុសត្រូវរបស់ប្រទេសទាំងនោះដែលទទួលពួកគេ។
ប៉ុន្តែផ្ទុយទៅវិញ បញ្ហាដែលលេចចេញកាន់តែច្បាស់ខ្លាំងបំផុតជាស្រមោលពីក្រោយវេទិកានោះគឺបញ្ហាជនភៀសខ្លួនប៉ាឡេស្ទីន បែរជាមិនស្ថិតនៅក្នុងសមត្ថកិច្ចរបស់ការិយាល័យឧត្តមស្នងការជាន់ខ្ពស់ទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិឬ UNHCR ទៅវិញ។ ពួកគេស្ថិតនៅក្រោមការថែទាំនិងការពាររបស់ទីភ្នាក់ងារជំនួយសង្គ្រោះនិងការងារសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិឬ UNRWA។
ទោះជាយ៉ាងណាក៏ដោយ លោក Grandi ដែលជាអគ្គស្នងការរបស់ UNRWA ពីឆ្នាំ ២០១០ដល់ឆ្នាំ២០១៤ មិនអាចព្រងើយកន្តើយអំពីអ្វីដែលលោកហៅថា«មហន្តរាយដ៏ធំមួយដែលកំពុងលេចឡើងនៅក្នុងតំបន់ Gaza»ដែលបណ្តាលមកពីការឈ្លានពានដ៏ឃោរឃៅលើអ៊ីស្រាអែលដោយពួកសកម្មប្រយុទ្ធហាម៉ាស់នៅថ្ងៃទី៧ តុលា។
លោកបាននិយាយថា៖ «យើងឃើញមុនពីការស្លាប់និងការឈឺចាប់របស់ជនស៊ីវិលហើយនឹងមនុស្សបន្តគ្មានទីកន្លែងរស់នៅដែលគំរាមកំហែងដល់តំបន់នោះ។ លោកបានបន្ទរតាមការអំពាវនាវរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ«ឱ្យមានការឈប់បាញ់គ្នាជាបន្ទាន់និងបទឈប់បាញ់ខាងមនុស្សធម៌ដែលស្ថិតស្ថេរ ដោះលែងចំណាប់ខ្មាំង»និងបន្តការសន្ទនាដែល«ធ្វើឱ្យមានសន្តិភាពនិងសន្តិសុខពិតប្រាកដដល់ប្រជាពលរដ្ឋអ៊ីស្រាអែលនិងប៉ាឡេស្ទីន»។
ខណៈដែលនៅមានការផ្តោតទុកដាក់យ៉ាងខ្លាំងលើតំបន់ហ្កាហ្សា ឧត្តមស្នងការជនភៀសខ្លួនអង្គការសហប្រជាជាតិលោក Grandi បានជំរុញឱរដ្ឋាភិបាលផ្សេងៗទៀតកុំបំភ្លេចវិបត្តិមនុស្សនិងជនភៀសខ្លួនសំខាន់ៗផ្សេងទៀតនៅជុំវិញពិភពលោក។
លោកបាននិយាយបន្តទៀតថា៖ «ស្ថានភាពរបស់ជនស៊ីវិលនៅក្នុងប្រទេសស៊ូដង់និងនៅក្នុងអ៊ុយក្រែន រួមមានមនុស្សរាប់លាននាក់ដែលជាជនភៀសខ្លួននិងជាមនុស្សគ្មានទីកន្លែងរស់នៅទាមទារឱ្យមានការយកចិត្តទុកដាក់និងការគាំទ្ររបស់យើង គឺដូចនឹងវិបត្តិអូសបន្លាយនានាដូចជាស្ថានភាពដ៏អាក្រក់របស់ជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ស្ថានភាពប្រទេសស៊ីរី និងអាហ្វហ្កានីស្ថាន»។
ស្ថិតិរបស់ UNHCR បានបញ្ជាក់ថា បណ្តាប្រទេសដែលមានប្រាក់ចំណូលទាបនិងមធ្យមធ្វើជាម្ចាស់ផ្ទះទទួលជនភៀសខ្លួននិងជនផ្សេងទៀតដែលត្រូវការការពារពីអន្តរជាតិ ចំនួន៧៥ភាគរយរបស់ពិភពលោក៕
ប្រែសម្រួលដោយលោក ជឹង ប៉ូជីន
វេទិកាជនភៀសខ្លួនស្វែងរកដំណោះស្រាយសម្រាប់ជនដែលគ្មានទីកន្លែងរស់នៅដោយការបង្ខំចំនួន១១៤លាននាក់
- Lisa Schlein
ទីក្រុងហ្សឺណែវប្រទេសស្វីស —