កងទ័ពជើងទឹកប្រទេសស្រីលង្កា បានជួយសង្គ្រោះទូកមួយគ្រឿងដែលមានជនមូស្លីមរ៉ូហ៊ីងយ៉ាចំនួន ១០៤ នាក់ជិះលើនោះ កំពុងអណ្តែតរសាត់តាមទឹក នៅក្បែរឆ្នេរនៃកោះក្នុងមហាសមុទ្រឥណ្ឌា ខណៈដែលក្រុមជនជាតិភាគតិចមូស្លីមទាំងនេះ បន្តរត់គេចពីអំពើហិង្សានៅក្នុងប្រទេសមីយ៉ាន់ម៉ា និងជីវិតដ៏លំបាកនៅក្នុងជំរំជនភៀសខ្លួនក្នុងប្រទេសបង់ក្លាដែស។ នេះបើតាមមន្ត្រីស្រីលង្កាម្នាក់ ដែលបាននិយាយកាលពីថ្ងៃចន្ទកន្លងទៅ ហើយត្រូវបានស្រង់ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ជនជាតិរ៉ូហ៊ីងយ៉ាជាច្រើននាក់ បានប្រថុយប្រថានជីវិតជារៀងរាល់ឆ្នាំ ដោយព្យាយាមឆ្លងទៅកាន់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដូចជាប្រទេសម៉ាឡេស៊ី និងឥណ្ឌូណេស៊ីជាដើម តាមទូកចាស់ៗ ហើយចំនួនជនជាតិរ៉ូហ៊ីងយ៉ាដែលព្យាយាមរត់គេចខ្លួនទាំងនោះកើនឡើងកាន់តែខ្ពស់ បន្ទាប់ពីស្ថានភាពរស់នៅក្នុងជំរំជនភៀសខ្លួន មានភាពកាន់តែយ៉ាប់យ៉ឺនខ្លាំង ក៏ដូចជាបន្ទាប់ពីការធ្វើរដ្ឋប្រហារយោធាក្នុងប្រទេសមីយ៉ាន់ម៉ា កាលពីឆ្នាំ ២០២១ ផងដែរ។
ទូករបស់ក្រុមអ្នករត់គេចខ្លួនជនជាតិរ៉ូហ៊ីងយ៉ាទាំងនេះ ត្រូវបានចាប់សញ្ញាដោយកងនាវាជើងទឹករបស់ប្រទេសស្រីលង្កា ក្នុងចម្ងាយប្រមាណជាង ៦ គីឡូម៉ែត្រពីឆ្នេរសមុទ្រស្រីលង្កា ហើយប្រតិបត្តិការរុករកនិងជួយសង្រ្គោះក៏ត្រូវបានធ្វើឡើងភ្លាមៗ ដើម្បីអូសសណ្តោងទូកដឹកជនភៀសខ្លួននោះ ចូលមកកំពង់ផែភាគខាងជើងរបស់ស្រីលង្កា កាលពីយប់ថ្ងៃអាទិត្យ។ នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យនៃកងនាវាជើងទឹកស្រីលង្កា លោកអនុសេនីយ៍ឯក Gayan Wickramasuriya។
លោក Wickramasuriya បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា៖ «ជនភៀសខ្លួនទាំងនោះត្រូវបានប្រគល់ទៅឱ្យប៉ូលិស ហើយប៉ូលិសនឹងបញ្ជូនពួកគេទៅឱ្យចៅក្រមតុលាការ ដើម្បីសម្រេចបន្តទៀត»។
សេចក្តីថ្លែងការណ៍របស់កងនាវាជើងទឹកស្រីលង្កាបាននិយាយថា ជនជាតិរ៉ូហ៊ីងយ៉ាទាំង ១០៤ នាក់នោះត្រូវបានរកឃើញនៅលើទូកសណ្តោងតូចមួយ ដែលសង្ស័យថាបានចាកចេញមកពីប្រទេសមីយ៉ាន់ម៉ា និងកំពុងធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសឥណ្ឌូណេស៊ី ហើយម៉ាស៊ីនទូកនោះមានបញ្ហាលើផ្ទៃសមុទ្រដែលកំពុងមានអាកាសធាតុមិនល្អ។
លោក Wickramasuriya និយាយថា មានស្ត្រីចំនួន ៣៩ នាក់ និងក្មេងប្រមាណ ២៣ នាក់ ស្ថិតនៅក្នុងចំណោមអ្នកត្រូវជួយសង្គ្រោះទាំងនោះ។ បុរសចំណាស់អាយុ ៨០ ម្នាក់ ស្រ្តីជាម្តាយម្នាក់និងកូនរបស់គាត់ ២ នាក់ ត្រូវបានបញ្ជូនទៅព្យាបាល ដោយមានអាការៈជំងឺបន្តិចបន្តួច។
ក្នុងឆ្នាំ ២០១៨ ជនជាតិមូស្លីមរ៉ូហ៊ីងយ៉ាជាង ៧ សែន ៣ ម៉ឺននាក់ បានរត់គេចខ្លួនទៅកាន់ប្រទេសជិតខាងបង់ក្លាដែស បន្ទាប់ពីមានការបង្ក្រាបដោយយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលក្រុមសាក្សីនិយាយថា មានការកាប់សម្លាប់ដ៏រង្គាលនិងការចាប់រំលោភផ្លូវភេទផងដែរ៕