ក្រសួងការងារកម្ពុជាបានបញ្ជាឱ្យក្រុមហ៊ុនជ្រើសរើសពលករចំនួនពីរសងប្រាក់ទៅឱ្យពលករវិញបន្ទាប់ពីក្រុមហ៊ុននោះខកខានមិនបាននាំពួកគេទៅធ្វើការនៅប្រទេសជប៉ុនតាមការសន្យា។
ក្រុមហ៊ុនដែលមានឈ្មោះថា Rice Natural Co. Ltd និងក្រុមហ៊ុន Century (Cambodia) Manpower Co. Ltd ទទួលរងការចោទប្រកាន់ថាបានទទួលប្រាក់ចំនួន៤០០ដុល្លារពីពលករម្នាក់ៗសម្រាប់តម្លៃចុះឈ្មោះរបស់ពលករចំនួន២០១នាក់ កាលពីខែមិថុនា ឆ្នាំ២០១៤ ដើម្បីបានទៅធ្វើការផ្នែកកសិកម្ម ឧស្សាហកម្ម និងសំណង់ក្នុងប្រទេសជប៉ុន ក៏ប៉ុន្តែមិនបានធ្វើតាមសន្យា ហើយក៏ប្តូរទីតាំងការិយាល័យក្រោយពីបានទទួលប្រាក់អស់ហើយ។ នេះបើតាមការបញ្ជាក់របស់អង្គការសិទ្ធិមនុស្សអាដហុកកាលពីសប្តាហ៍មុន។
ក្រសួងការងារបានទុកពេលមួយខែឱ្យក្រុមហ៊ុនទាំងពីរសងប្រាក់ឱ្យបានគ្រប់ចំនួនជូនពលករដែលមានសក្ខីបត្រត្រឹមត្រូវវិញដោយចាប់ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី២០ខែមិថុនា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ ដែលបានចេញផ្សាយក្រោយពីមានជំនួបរវាងដើមបណ្តឹងជាពលករ និងតំណាងក្រុមហ៊ុនទាំងពីរ។
អង្គការសិទ្ធិមនុស្សអាដហុកក៏បានអំពាវនាវឱ្យចាប់ជន ដែលទទួលខុសត្រូវយកមកដាក់ទោសដោយសារតែជនរងគ្រោះទាំងនោះបានជំពាក់បំណុលគេ ដោយខ្ចីក្នុងកម្រិតការប្រាក់ខ្ពស់ដើម្បីយកមកបង់ឱ្យក្រុមហ៊ុននោះ។ ប៉ុន្តែសេចក្តីជូនដំណឹងនៅថ្ងៃនេះមិនបានបញ្ជាក់ថា នឹងមានវិធានការយ៉ាងណាទៀតទេ បើសិនជាក្រុមហ៊ុនទាំងនោះមិនគោរពតាមបញ្ជារបស់ក្រសួង៕