ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចំនួន​ករណី​ស្លាប់ និង​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ កើន​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅ​អូស្ត្រាលី​


រូបឯកសារ៖ បុគ្គលិកសុខាភិបាលម្នាក់ចូលក្នុងមន្ទីរព្យាបាលមួយនៅក្រុង Melbourne ប្រទេសអូស្រ្តាលី កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០។
រូបឯកសារ៖ បុគ្គលិកសុខាភិបាលម្នាក់ចូលក្នុងមន្ទីរព្យាបាលមួយនៅក្រុង Melbourne ប្រទេសអូស្រ្តាលី កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០។

វិបត្តិ​ជំងឺ​កូវីដ​១៩ នៅ​ក្នុង​ប្រទេស​អូស្ត្រាលី កំពុង​តែ​ធ្ងន់ធ្ងរ ដោយសារ​ការ​កើន​ឡើង​នៃ​ការ​ឆ្លង​ថ្មី​ចំនួន ៧២៣​ ករណី ដែល​ត្រូវ​បាន​គេ​រាយការណ៍​នៅ​ក្នុង​រដ្ឋ Victoria កាល​ពី​ថ្ងៃ​ទី២៩ ខែ​កក្កដា​កន្លង​ទៅ។ មនុស្ស ១៣ នាក់​បាន​ស្លាប់​ដោយ​សារ​ជំងឺ​នេះ។ ព្រំដែន​ឆ្លង​រដ្ឋមួយ​ចំនួន​នៅ​ភាគ​ខាង​កើត​ប្រទេស​អូស្ត្រាលី​ត្រូវ​បិទ​ម្ដង​ទៀត ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​វីរុស​នេះ។

ប្រទេស​អូស្ត្រាលី​មាន​ការ​ឆ្លង​វីរុស​កូរ៉ូណា​ប្រមាណ​ជិត ២ ម៉ឺន​ករណី និង​មនុស្ស​សរុប​ចំនួន ២៤៧ នាក់​បាន​ស្លាប់​គិត​ត្រឹម​ថ្ងៃ​ទី ៥ ខែសីហា ឆ្នាំ​២០២០។ នេះ​បើ​យោង​តាម​ស្ថិតិ​របស់​សាកលវិទ្យាល័យ Johns Hopkins នៅ​ក្នុង​សហរដ្ឋអាមេរិក។ ​

ថ្ងៃព្រហស្បតិ៍​ ទី​៣០ ខែកក្កដា ជា​ថ្ងៃ​ដែល​មាន​មនុស្ស​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ​១៩ ច្រើន​បំផុតនៅ​ប្រទេស​អូស្ត្រាលី​។ រដ្ឋ​ Victoria ដែល​ជា​រដ្ឋ​ដែល​មាន​ប្រជាជន​ច្រើន​បំផុត​ទី​២ នៅ​ក្នុង​ប្រទេស មាន​ការ​កើន​ឡើង​ចំនួន​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​ចំនួន ៧២០ ករណី និង​អ្នក​ស្លាប់​ចំនួន ១៣នាក់ គិត​ត្រឹម​រយៈពេល ២៤ ម៉ោង​មុន។ ទាំង​នេះ​គឺ​ជា​កំណត់ត្រា​ប្រចាំ​ថ្ងៃ​ថ្មី។

​អភិបាល​រដ្ឋ Victoria លោក Daniel Andrews បាន​និយាយ​ថា៖ «ខ្ញុំ​មាន​ការ​សោក​ស្ដាយ​ណាស់​ក្នុង​ការ​រាយការណ៍​អំពី​ចំនួន​ជនរងគ្រោះ​សរុប​ ដែល​បាន​ស្លាប់ដោយ​សារ​រោគ​រាតត្បាត​ជា​សាកល​នៅ​ក្នុង​រដ្ឋ Victoria ដែល​ឥឡូវ​នេះ​មាន​ចំនួន​រហូត​ដល់ ១០៥ នាក់។ ​ហើយ​ អ្នក​ស្លាប់ ១៣ នាក់​ថ្មី​នេះ​បុរស​បី​នាក់ និង​ស្ត្រី​បី​នាក់​ក្នុង​វ័យ​ ៧០​ឆ្នាំ​ប្លាយ បុរស​បី​នាក់​ និង​ស្ត្រី​ពីរ​នាក់​នៅក្នុង​វ័យ ៨០​ឆ្នាំ​បា្លយ ហើយ​បុរស​ពីរ​នាក់នៅ​ក្នុង​វ័យ​ ៩០ឆ្នាំ​ប្លាយ។ យើង​សូម​ចូល​រួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀម​ក្រំ ដល់​គ្រួសារ​ជន​រង​គ្រោះ​ទាំង​អស់។ នេះ​គឺ​ជា​បញ្ហា​ប្រឈម​ដ៏​លំបាក​មួយ»។

ក្រុម​អ្នកជំនាញដែល​តែង​តែ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​តំបន់​រង​គ្រោះ​ខ្លាំង​នៅ​ឯបរទេស ​ឥឡូវ​នេះ​កំពុង​ចាប់​ផ្ដើម​ធ្វើ​ការ​នៅ​មជ្ឈមណ្ឌល​ចាស់​ជរា​នៅក្នុង​រដ្ឋ Victoria កន្លែង​ដែល​មាន​ការផ្ទុះ​ឡើង​ខ្លាំង​នៃ​ការ​ឆ្លង​រាល​ដាល​នៃ​វីរុស​នេះ។ លោក Greg Hunt រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​សហព័ន្ធ​ប្រទេស​អូស្រ្តាលី បាន​ពណ៌នា​អំពី​ក្រុម​ជួយ​សង្គ្រោះ​ថា​ ជា​កង​កម្លាំង​ពិសេស​ក្នុង​វិស័យ​សុខាភិបាល។ ​យោធា​ក៏​បាន​ចូល​រួម​ចំណែក​ក្នុង​កិច្ច​ប្រឹង​ប្រែង​តាម​ដាន​ការ​ទំនាក់​ទំនង​គ្នា​ [របស់​ប្រជាជន] ក្នុង​គោល​បំណង​ធានា​ឲ្យ​បាន​ថា ​អ្នក​ជំងឺ​កូវីដ១៩ ​នៅ​ដាច់​ដោយ​ឡែក​ពី​គេ​ឯង។

រដ្ឋធានី​ Melbourne នៃ​រដ្ឋ Victoria ត្រូវ​បាន​អាជ្ញាធរ​ចេញ​បញ្ជា​ឲ្យបិទ​ចំនួន​ ៦​សប្ដាហ៍​ជា​លើក​ទី​២ នៅ​ក្នុង​ខែ​កក្កដា។ ប្រជាជន​ប្រមាណ​ ៥​លាន​នាក់ស្ថិត​នៅ​ក្រោម​បទ​បញ្ជាឲ្យ​នៅ​តែ​ក្នុង​ផ្ទះ។ ពួក​គេ​អាច​ចេញពី​ផ្ទះ​បាន​ក្រោម​មូល​ហេតុ​ចាំបាច់​ប៉ុណ្ណោះ ហើយ​ចាំបាច់​ត្រូវ​តែ​ពាក់​ម៉ាស់​ជា​ដាច់​ខាត។​

ពលរដ្ឋនៅ​ទីក្រុង​ Sydney ដែល​មានករណី​ជំងឺកូវីដ​១៩ ដោយ​អន្លើ ក្នុង​ពេល​ឆាប់ៗ​នេះ នឹង​ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​ដំណើរ​ទៅ​កាន់​រដ្ឋ​ Queensland ឡើយ។​

អភិបាលរដ្ឋ Queensland អ្នកស្រី Annastacia Palaszczuk បាន​និយាយ​ថា៖ «យើង​បាន​ប្រកាសថា​ទីក្រុង Sydney គឺ​ជា​តំបន់​ក្ដៅ​គគុក​បំផុត ដែល​ [ការ​ហាម​ឃាត់] នឹង​ចូល​ជា​ធរមានចាប់​ពី​ថ្ងៃ​សៅរ៍ [ទី២៩ ខែកក្កដា] ត​ទៅ។ នេះ​គឺ​ជា​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ​បំផុត ដែលយើង​ត្រូវ​ធ្វើ​ដើម្បី​ការពារ​រដ្ឋ Queensland និង​សុខភាព​របស់​ប្រជាជន​ក្នុង​រដ្ឋ​ Queensland»។​

ព្រំដែន​អន្តរជាតិ​របស់​អូស្ត្រាលី​ត្រូវ​បាន​បិទ​មិន​ឲ្យ​អ្នក​ដំណើរ​បរទេស​ចូលចាប់​តាំង​ពី​ខែ​មីនា ហើយ​ទំនង​ជា​បន្ត​បិទ​រហូត​ដល់​ឆ្នាំ​ក្រោយ។ ពលរដ្ឋ​អូស្ត្រាលី ដែល​ត្រឡប់​មក​ស្រុក​កំណើត​វិញ ត្រូវ​ប្រឈម​មុខ​នឹង​ការ​ធ្វើ​ចត្តាឡីស័ក្តិ​នៅ​ក្នុង​សណ្ឋាគារ​ចំនួន ១៤​ ថ្ងៃ​ជា​ដាច់​ខាត៕​

ប្រែសម្រួល​ដោយ សឿន វឌ្ឍនា

XS
SM
MD
LG