ភ្លើងឆេះព្រៃដែលបានឆក់យកជីវិតមនុស្សក្នុងរដ្ឋ California សហរដ្ឋអាមេរិក បានបំផ្លាញព្រៃឈើក្នុងរដ្ឋនេះអស់ជាង ១,៦ លានហិកតានៅក្នុងឆ្នាំនេះ។ នេះគឺជាចំនួនដ៏ច្រើនបំផុតមិនធ្លាប់មានពីមុនមក ដែលព្រៃឈើរងការបំផ្លាញដោយការឆេះព្រៃក្នុងរយៈពេលតែមួយឆ្នាំនោះ។
កំណត់ត្រាលើកមុនគឺកាលពីរយៈពេល២ឆ្នាំកន្លងទៅ ដែលភ្លើងឆេះព្រៃបានបំផ្លាញព្រៃឈើអស់ប្រមាណតែ ៦៤៨.០០០ ហិកតាតែប៉ុណ្ណោះ។
មន្រ្តីពន្លត់អគ្គីភ័យក្នុងរដ្ឋCalifornia បានលើកឡើងថា រដ្ឋនេះកំពុងស្ថិតក្នុងចំណុចមួយដ៏គួរបារម្ភកាលថ្ងៃអាទិត្យ ដោយសារតែនៅសល់ពីរខែទៀតឯណោះ ទើបចប់រដូវកាលភ្លើងព្រៃនេះ។
ភ្លើងឆេះព្រៃភាគច្រើនបានកើតមានឡើងចាប់ពីពាក់កណ្តាលខែសីហាមក នៅពេលមានរន្ទះបាញ់ទៅលើដើមឈើ ដែលបណ្តាលឲ្យកើតមានជាអណ្តាតភ្លើងឆេះខ្លាំងឡើង។
ភ្លើងឆេះព្រៃក្នុងរដ្ឋ California នេះ បានបំផ្លាញផ្ទះសម្បែងអស់រាប់រយខ្នង និងបានឆក់យកជីវិតមនុស្សអស់ចំនួន ៣១ នាក់មកហើយ៕