មនុស្សជាង ៣ លាននាក់ ដែលបានគេចចេញពីផ្ទះសម្បែងដោយសារតែការវាយប្រយុទ្ធគ្នារបស់ក្រុមជ្រុលនិយមរដ្ឋឥស្លាម និងសង្គ្រាមផ្សេងទៀត កំពុងរស់នៅតាមជំរំនានានៅទូទាំងប្រទេសអ៊ីរ៉ាក់។ ជីវិតរស់នៅក្នុងតំបន់នោះ គឺរស់មួយថ្ងៃដើម្បីតែមួយថ្ងៃប៉ុណ្ណោះ។
ការបោះឆ្នោតនៅក្នុងប្រទេសអ៊ីរ៉ាក់បានប្រព្រឹត្តិទៅកាលពីថ្ងៃសៅរ៍កន្លងទៅនេះ ប៉ុន្តែនៅមុនការបោះឆ្នោតចូលមកដល់ ទោះបីជារដ្ឋាភិបាលអ៊ីរ៉ាក់ទទួលបានជ័យជម្នះលើក្រុមជ្រុលនិយមរដ្ឋឥស្លាមក៏ដោយ ក៏អ្នកមានសិទ្ធិបោះឆ្នោតជាច្រើនមានការខកចិត្ត ដោយសារតែពួកគេមិនច្បាស់ថាក្រុមណាមួយអាចការពារពួកគេបាន ឬក៏ជួយពួកគេឲ្យវិលមករកសភាពដើមវិញនោះទេ។
អ្នកស្រី Umm Aysha ដែលជាអ្នកមានសិទ្ធិបោះឆ្នោតម្នាក់ បាននិយាយថា៖ «យើងអស់សង្ឃឹមហើយ។ តើយើងគួរបោះឆ្នោតឲ្យនរណា?សាកសពរបស់ក្រុមគ្រួសាររបស់យើងនៅតែស្ថិតនៅក្រោមកម្ទេចថ្មបាក់បែកដដែល ឬក៏យើងមិនដឹងថាពួកគេនៅទីណានោះទេ។ ពួកយើងបានបែកបាក់គ្នាអស់ហើយ»។
នៅក្នុងរដ្ឋធានីបាកដាដ អ្នកមានសិទ្ធិបោះឆ្នោតខ្លះមានទស្សនៈវិជ្ជមានជាងនេះ ដោយពួកគេបាននិយាយថា សម្ព័ន្ធភាពឆ្លងនិកាយដែលមានការកើនឡើងប្រហែលជាអាចជួយសមាជិករដ្ឋសភាថ្មី ដែលជ្រើសរើសចេញពីបេក្ខជនចំនួន ៧ ពាន់នាក់ ឲ្យជួយរៀបចំអនាគតប្រទេសជាតិបាន។
អ្នកស្រី Vox Pop ដែលជាសកម្មជននយោបាយមួយរូបនៅក្នុងទីក្រុងបាកដាដ បាននិយាយថា៖ «ស្ថានការណ៍នយោបាយគឺគ្មានស្ថិរភាពទេ។ យើងចង់ដោះស្រាយបញ្ហានានាក្នុងចំណោមក្រុមបែកបាក់ និងចម្រុះផ្សេងៗគ្នាជាច្រើននៅក្នុងប្រទេសអ៊ីរ៉ាក់នេះ»។
ចំណែកឯនៅតំបន់ Kurdistan នៃប្រទេសអ៊ីរ៉ាក់វិញ អ្នកមានសិទ្ធិបោះឆ្នោតបានបញ្ជាក់ថា ការបោះឆ្នោតលើកនេះគឺមានសារៈសំខាន់ណាស់សម្រាប់អនាគតរបស់ពួកគេ។
កាលពីឆ្នាំមុន តំបន់ Kurdistan នេះ បានបាត់បង់ដែនដីយ៉ាងច្រើន និងឯករាជ្យភាពរបស់ខ្លួន នៅក្នុងភាពចលាចលនយោបាយដ៏ធំមួយ ដែលអ្នកមានសិទ្ធិបោះឆ្នោតនៅក្នុងតំបន់នេះបាននិយាយថា បញ្ហានេះអាចដោះស្រាយបានតែនៅក្នុងរដ្ឋសភានៅរដ្ឋធានីបាកដាដតែប៉ុណ្ណោះ។
រដ្ឋាភិបាលអ៊ីរ៉ាក់បង្កើតឡើងផ្អែកលើប្រព័ន្ធកូតាមួយ ដែលមានការជ្រើសរើសតំណែងដឹកនាំនានាទៅតាមផ្នែកផ្សេងៗនៃប្រជាពលរដ្ឋអ៊ីរ៉ាក់ ដែលក្នុងនោះមានដូចជាអ្នកកាន់សាសនាឥស្លាមនិកាយ Shia អ្នកកាន់សាសនាឥស្លាមនិកាយ Sunni ពួក Kurd ស្ត្រី និងក្រុមជនជាតិភាគតិចដទៃទៀតជាដើម។
រដ្ឋសភាថ្មីដែលមានអាសនៈចំនួន ៣២៩ របស់ប្រទេសអ៊ីរ៉ាក់ នឹងមានកាតព្វកិច្ចដោះស្រាយដំណើរការដ៏ស្មុគស្មាញនៃការចរចាបង្កើតរដ្ឋាភិបាលថ្មីមួយ ដែលក្នុងនោះមានទាំងការជ្រើសរើសនាយករដ្ឋមន្ត្រី និងប្រធានាធិបតីផងដែរ។
ប៉ុន្តែ អ្នកវិភាគនានាបានបញ្ជាក់ថា វាអាចត្រូវការពេលជាច្រើនខែមុនពេលដែលតំណែងកំពូលៗនៅក្នុងប្រទេសអ៊ីរ៉ាក់ត្រូវបានជ្រើសរើស ក្រោយការប្រកាសលទ្ធផលបោះឆ្នោត៕
ប្រែសម្រួលដោយ ភី សុភាដា