អ្នកគាំទ្ររាប់រយនាក់របស់បព្វជិតឥស្លាមនិកាយស៊ីអ៊ីតលោក Muqtada Al-Sadr បានចេញតាមដងផ្លូវនានានៅក្នុងទីក្រុងបាដាដ ប្រទេសអ៊ីរ៉ាក់កាលពីយប់ថ្ងៃអាទិត្យម្សិលមិញ ដើម្បីអបអរសាទរចំពោះលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតរដ្ឋសភាថ្មីនៅក្នុងប្រទេសនេះ។
គណៈកម្មការរៀបចំការបោះឆ្នោតរបស់ប្រទេសអ៊ីរ៉ាក់បានប្រកាសថា លោក Al-Sadr គឺជាអ្នកនាំមុខនៅក្នុងការបោះឆ្នោតថ្នាក់ជាតិនេះ ក្រោយពីរាប់សន្លឹកឆ្នោតផ្លូវការបានជាងពាក់កណ្ដាលនៃខេត្តទាំងអស់នៅក្នុងប្រទេសរួចមក។
លោក Al-Sadr មិនបានឈរឈ្មោះជាបេក្ខជននៅក្នុងការបោះឆ្នោតនេះទេ ប៉ុន្តែលោកមានឥទ្ធិពលលើបេក្ខជននៃសម្ព័ន្ធគណបក្សមួយដែលបានឈ្នះសំឡេងឆ្នោតយ៉ាងច្រើននៅក្នុងរដ្ឋធានីបាកដាដ។
ចំណែកឯសម្ព័ន្ធភាពនៃបេក្ខជនទាំងឡាយណាដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងក្រុមយោធាប៉ារ៉ាឥស្លាមនិកាយស៊ីអ៊ីត ទទួលបានសំឡេងឆ្នោតយ៉ាងប្រកៀកប្រកិតក្នុងលំដាប់ទីពីរ។
ប្រសិនបើលោក Al-Sadr ទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតនេះ នោះវានឹងធ្វើឲ្យយុទ្ធនាការបោះឆ្នោតរបស់លោកនាយករដ្ឋមន្ត្រី Haider al-Abadi មានការភ្ញាក់ផ្អើលជាក់ជាមិនខាន។
ប្រសិនបើលទ្ធផលបោះឆ្នោតពិតជាដូច្នេះមែន នោះលោក Al-Sadr ដែលជាអ្នករិះគន់ខ្លាំងក្លាប្រឆាំងនឹងសហរដ្ឋអាមេរិក អាចមានឥទ្ធិពលក្នុងការកំណត់ថាប្រទេសណានឹងក្លាយជាមេដឹកនាំបន្ទាប់របស់ប្រទេសអ៊ីរ៉ាក់។
គណៈកម្មការរៀបចំការបោះឆ្នោតបានបញ្ជាក់ថា លទ្ធផលនៃការបោះឆ្នោតរដ្ឋសភាដែលមានអាសនៈ ៣២៩ នេះ គ្រោងនឹងប្រកាសនៅក្នុងអំឡុងពេលពីរថ្ងៃ បន្ទាប់ពីការបោះឆ្នោតបានបញ្ចប់ទៅកាលពីថ្ងៃសៅរ៍កន្លងទៅនេះ៕