លោក Haider al-Abadi នាយករដ្ឋមន្រ្តីនៃប្រទេសអ៊ីរ៉ាក់បានប្រកាសកាលពីថ្ងៃសុក្រថា សង្គ្រាមរយៈពេល៣ឆ្នាំដែលមានគោលបំណងបណ្តេញក្រុមរដ្ឋឥស្លាមចេញពីប្រទេសអ៊ីរ៉ាក់បានទទួលជោគជ័យហើយបានដល់ទីបញ្ចប់។
លោក Abadi បាននិយាយនៅឯសន្និសីទកាសែតក្នុងទីក្រុងបាដាកដែលរៀបចំឡើងសម្រាប់សហជីពអ្នកកាសែតអ៊ីរ៉ាក់ថា៖ «កងទ័ពរបស់យើងបានត្រួតត្រាទាំងស្រុងព្រំដែនអ៊ីរ៉ាក់ជាមួយប្រទេសស៊ីរី ហើយខ្ញុំសូមប្រកាសពីការបញ្ចប់សង្គ្រាមប្រឆាំងនឹងក្រុមរដ្ឋឥស្លាម»។
ពួកអ្នកប្រយុទ្ធក្រុមរដ្ឋឥស្លាមបានត្រួតត្រាទឹកដីអ៊ីរ៉ាក់១ភាគ៣នៅរដូវក្តៅឆ្នាំ២០១៤ ដោយបានគំរាមកំហែងដល់រដ្ឋអ៊ីរ៉ាក់។ ទោះជាយ៉ាងណាក៏ដោយ ក្នុងរយៈពេល៣ឆ្នាំកន្លះកន្លងមកនេះ កងទ័ពអ៊ីរ៉ាក់ដែលគាំទ្រដោយក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក បានដណ្តើមយកទឹកដីនោះមកវិញ។
ក្រុមជនសកម្មប្រយុទ្ធ នៅមានសមត្ថភាពធ្វើការវាយប្រហារបះបោរក្នុងប្រទេសអ៊ីរ៉ាក់នៅឡើយ ដូចដែលពួកគេបានធ្វើនៅក្នុងខែវិច្ឆិកានៅពេលដែលក្រុមនោះ បានត្រួតត្រាទីក្រុង Rawah ឡើងវិញ ដែលជាទីក្រុងចុងក្រោយដែលក្រុមនោះបានកាន់កាប់នៅជិតព្រំដែនជាមួយប្រទេសស៊ីរី មុនបោះបង់ចោលម្តងទៀតប៉ុន្មានសប្តាហ៍ក្រោយមក។
អ៊ីរ៉ាក់ឥឡូវនេះបានបង្វែការយកចិត្តទុកដាក់របស់ខ្លួនដើម្បីស្ថាបនាតំបន់ជាច្រើនឡើងវិញរបស់ប្រទេសនោះដែលត្រូវបានបំផ្លាញដោយការប្រយុទ្ធគ្នាហើយនិងជួយជនជាតិអ៊ីរ៉ាក់៣លាននាក់ដែលគ្មានទីកន្លែងរស់នៅ៕