វ៉ាស៊ីនតោន — បទចម្រៀងរ៉ុកដ៏កន្ត្រាក់អារម្មណ៍និងពេញនិយមក្នុងអំឡុងទសវត្សរ៍ ១៩៦០នៅកម្ពុជា ត្រូវបានយកមកសម្តែងនៅក្នុងល្ខោននិយាយជាភាសាអង់គ្លេសមួយនៅសហរដ្ឋអាមេរិក ដែលបានឈ្នះពានរង្វាន់ជាច្រើន។
ល្ខោន 'Cambodian Rock Band' ឬ «ក្រុមភ្លេងសម័យខ្មែរ» ដែលមានរយៈពេល ២ម៉ោង ២៥នាទី ត្រូវបាននិពន្ធឡើងដោយអ្នកស្រី Lauren Yee ដែលជាអ្នកនិពន្ធសាច់រឿងល្ខោនអាស៊ីអាមេរិកាំងដ៏វ័យក្មេងមួយរូប។ «ក្រុមភ្លេងសម័យខ្មែរ» គឺជាល្ខោននិយាយទី៩របស់អ្នកស្រី Lauren Yee ដែលបានធ្វើឲ្យអ្នកស្រីឈ្នះពានរង្វាន់ជាច្រើន បន្ទាប់ពីអ្នកស្រីបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតខាងផ្នែកនិពន្ធរឿងល្ខោនពីសាកលវិទ្យាល័យ California នៅទីក្រុង San Deigo នៅឆ្នាំ២០១២ និងការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកល្ខោននៅសាកលវិទ្យាល័យ Yale ដ៏ល្បីល្បាញរបស់អាមេរិក នៅឆ្នាំ២០០៧។
សម្តែងដោយក្រុមអ្នកសម្តែងជនជាតិអាមេរិកាំងចំនួនប្រាំមួយនាក់ និងអមដោយការប្រគុំតន្ត្រីរ៉ុកកម្ពុជា ដូចជាបទ «ឆ្នាំអូន ១៦» និង «ស៊ីក្លូ» ល្ខោននេះរៀបរាប់អំពីរឿងរ៉ាវដ៏ស្មុគស្មាញរវាងកូនស្រីនិងឪពុក ដែលបានរួចរស់រានមានជីវិតពីការសម្លាប់រង្គាលរបស់ពួកខ្មែរក្រហម ដោយបង្ហាញឲ្យទស្សនិកជនបានដឹងពីជីវិតរបស់ប្រជាពលរដ្ឋខ្មែរមុនរបបខ្មែរក្រហម អំពើព្រៃផ្សៃរបស់ខ្មែរក្រហម និងភាពជម្នះឧបសគ្គរបស់ពលរដ្ឋខ្មែរដែលបានរួចផុតពីអំពើប្រល័យពូជសាសន៍ខ្មែរក្រហម។
នេះគឺជាលើកដំបូងហើយដែលនៅសហរដ្ឋអាមេរិក មានអ្នកនិពន្ធបរទេសបាននាំយកប្រវត្តិសាស្ត្រកម្ពុជា និងរឿងរ៉ាវរបស់ប្រជាពលរដ្ឋខ្មែរ មកធ្វើជាសាច់រឿងល្ខោននិយាយដែលកំពុងទាក់ទាញចំណាប់អារម្មណ៍របស់ទស្សនិកជននៅតាមបណ្តារដ្ឋនានានៅសហរដ្ឋអាមេរិក។ តាំងពីសាច់រឿងល្ខោននេះ ត្រូវបានយកទៅសម្តែងជាលើកដំបូងនៅឆ្នាំ២០១៨មក ទស្សនិកជនជាច្រើននាក់បានប្រតិកម្មលើការសម្តែងល្ខោននេះដោយការពេញចិត្តខ្លាំង។
អ្នកទស្សនាម្នាក់នៅរោងល្ខោន South Coast Repertory នៅទីក្រុង Costa Mesa រដ្ឋកាលីហ្វ័រញ៉ា បានបញ្ចេញការពេញចិត្តរបស់ខ្លួន បន្ទាប់ពីបានទស្សនាល្ខោននេះថា៖
«ខ្ញុំពិតជាចូលចិត្តការសម្តែងល្ខោននេះខ្លាំងណាស់! វាពិតជាអស្ចារ្យមែនទែន ហើយខ្ញុំមិនដឹងថាត្រូវពិពណ៌នាពីការពេញចិត្តរបស់ខ្ញុំលើការសម្តែងនេះដោយរបៀបណាទេ»។
អ្នកទស្សនាម្នាក់ទៀតដែលបានទស្សនាល្ខោន «ក្រុមភ្លេងសម័យខ្មែរ» នៅរោងល្ខោន Victory Gardens Theatre នៅទីក្រុង Chicago រដ្ឋអ៊ីលីណយ បានបង្ហាញអារម្មណ៍របស់លោកលើល្ខោននេះ ថា៖
«មួយផ្នែកទៅ ល្ខោននេះប្រៀបដូចការប្រគុំតន្ត្រីរ៉ុក មួយផ្នែកទៀត វាជាការបង្រៀនពីប្រវត្តិសាស្ត្រ ហើយក៏មានសាច់រឿងអាថ៌កំបាំងនានា ដែលទាក់ទាញអារម្មណ៍ខ្ញុំឲ្យតាមដានសាច់រឿងរហូត ហើយបានបង្រៀនខ្ញុំពីរឿងរ៉ាវជាច្រើនដែលខ្ញុំមិនបានដឹងពីមុន»។
រីឯអ្នកទស្សនាម្នាក់ទៀតនៅរោងល្ខោនដដែលនៅទីក្រុង Chicago ក៏បានលើកឡើងថា៖
«ខ្ញុំតែងតែស្ងើចសរសើរសាច់រឿងណាដែលអាចបង្កើតអារម្មណ៍សើចសប្បាយ ទោះបីជាសាច់រឿងនោះនិយាយពីផ្នែកមួយដ៏ខ្មៅងងឹតនៃប្រវត្តិមនុស្សជាតិក៏ដោយ»។
នាពេលបច្ចុប្បន្ននេះ ល្ខោន «ក្រុមភ្លេងសម័យខ្មែរ» កំពុងតែសម្តែងនៅមហោស្រព Oregon Shakespeare Festival ដែលជាមហោស្រពសម្តែងល្ខោនដ៏ធំជាងគេបង្អស់នៅសហរដ្ឋអាមេរិក។ ល្ខោននេះត្រូវបានសម្តែងជូនទស្សនិកជនអាមេរិកតាំងពីដើមខែមីនា រហូតដល់ចុងខែតុលាឆ្នាំនេះ។
លោក CJ Martinez អ្នកគ្រប់គ្រងផ្នែកទំនាក់ទំនងសាធារណៈប្រចាំមហោស្រព Oregon Shakespeare Festival បានប្រាប់ VOA ថា ល្ខោន «ក្រុមភ្លេងសម័យខ្មែរ» ទទួលប្រជាប្រិយភាពខ្លាំងជាងគេបង្អស់នៅក្នុងមហោស្រពនេះ។
«ល្ខោន «ក្រុមភ្លេងសម័យខ្មែរ» ត្រូវបានសម្តែងនៅពេលដែលយើងសម្ពោធរដូវកាលនៃរោងល្ខោនរបស់យើង ជាមួយនឹងល្ខោនបីផ្សេងទៀត ហើយល្ខោននេះនឹងត្រូវសម្តែងរហូតដល់យើងបិទរដូវកាលរោងល្ខោនយើង។ ហើយមកដល់ពេលនេះ ទស្សនិកជនមានប្រតិកម្មយ៉ាងស្ញើបស្ញែងលើល្ខោននេះ»។
លោក Martinez បានបន្ថែមទៀតថា៖ «អ្នកដឹងទេ អ្នកសម្តែងល្ខោននេះ ដែលទាំងចេះសម្តែងនិងប្រគុំតន្ត្រី នៅតែបន្តរកវិធីផ្សេងៗដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់អ្នកទស្សនា និងធ្វើឲ្យអ្នកទស្សនារំភើបរីករាយ។ ហើយខ្ញុំក៏អាចនិយាយដោយក្តីមុតមាំថា ល្ខោននេះគឺជាល្ខោនមួយដែលទាក់ទាញអារម្មណ៍ទស្សនិកជនរបស់យើងច្រើនជាងគេបង្អស់»។
តាំងពីឆ្នាំ២០១៨មក ល្ខោន «ក្រុមភ្លេងសម័យខ្មែរ» បានឈ្នះពានរង្វាន់ធំៗសម្រាប់សិល្បៈល្ខោននៅសហរដ្ឋអាមេរិក ដូចជាពានរង្វាន់ Steinber-ATCA ដែលជាពានរង្វាន់ដ៏ធំបំផុតក្នុងសហរដ្ឋអាមេរិកសម្រាប់ការនិពន្ធសាច់រឿងល្ខោនថ្មី និងពានរង្វាន់ LA Drama Critics Circle Ted Schmitt Award ដែលជាពានរង្វាន់សម្រាប់ល្ខោនដែលទទួលបានការគាំទ្រល្អបំផុតក្នុងវិស័យល្ខោន។
ការធ្វើឲ្យតន្ត្រីខ្មែរក្នុងទសវត្សរ៍៦០ រស់ឡើងវិញ
សាច់រឿងល្ខោន «ក្រុមភ្លេងសម័យខ្មែរ» បានលេចចេញជារូបរាងឡើង ដោយសារក្តីស្រឡាញ់របស់អ្នកនិពន្ធល្ខោន Lauren Yee លើតន្ត្រីកម្ពុជា ក្នុងអំឡុងទសវត្សរ៍ ៦០ និងទសវត្សរ៍ ៧០។
អ្នកស្រី Lauren Yee បានប្រាប់ VOA ថា ថ្ងៃមួយ កាលពីឆ្នាំ២០១១ មិត្តភក្តិរបស់អ្នកស្រីម្នាក់បានបបួលអ្នកស្រីទៅទស្សនាការប្រគុំតន្ត្រីរបស់ក្រុមភ្លេងខ្មែរអាមេរិកាំង មួយឈ្មោះ Dengue Fever ដែលអ្នកចម្រៀងស្រីគឺអ្នកស្រី ឆោម និមល ដែលជាសិល្បៈការិនីខ្មែរដ៏ល្បីឈ្មោះមួយរូប នៅទីក្រុង San Diego រដ្ឋកាលីហ្វ័រញ៉ា។ អ្នកស្រី Lauren Yee បានរៀបរាប់អារម្មណ៍របស់អ្នកស្រី ក្រោយពីបានឮតន្ត្រីរ៉ុកកម្ពុជាដែលប្រគុំដោយក្រុមភ្លេង Dengue Fever ថា៖
«ភ្លាមៗពេលខ្ញុំបានឮតន្ត្រីរបស់ក្រុមភ្លេងនោះ ខ្ញុំភ្ញាក់ផ្អើលមែនទែន។ ខ្ញុំគិតក្នុងចិត្តថា ខ្ញុំពិតជាស្រឡាញ់តន្ត្រីនេះណាស់! ស្តាប់ទៅ ខ្ញុំដូចធ្លាប់ឮតន្ត្រីបែបនេះពីមុន តែវាមានលក្ខណៈប្លែក»។
បន្ទាប់ពីបានឮតន្ត្រីរ៉ុកនៅដើមទសវត្សរ៍ ៦០ របស់កម្ពុជា ដូចជាបទចម្រៀងរបស់អ្នកស្រី រស់ សេរីសុធា មក អ្នកនិពន្ធសាច់រឿងល្ខោនអាមេរិកាំងវ័យក្មេងរូបនេះ បានចាប់ផ្តើមសិក្សាស្រាវជ្រាវអំពីតន្ត្រីកម្ពុជា និងប្រវត្តិសាស្ត្រកម្ពុជាក្នុងអំឡុងរបបខ្មែរក្រហម។
អ្នកស្រី Lauren Yee ដែលជាពលរដ្ឋអាមេរិកដើមកំណើតចិន បានប្រាប់ VOA ថា អ្នកស្រីធ្លាប់បានធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសកម្ពុជាកាលពីឆ្នាំ២០១១ ហើយបានស្វែងយល់ដឹងខ្លះៗអំពីប្រវត្តិសាស្ត្រជូរចត់របស់ប្រទេសដ៏តូចមួយនេះ។ ទោះបីជាចាប់អារម្មណ៍ខ្លាំងលើតន្ត្រីកម្ពុជា និងប្រវត្តិសាស្ត្រកម្ពុជាក្តី ក៏នាពេលនោះអ្នកនិពន្ធរូបនេះ មិនទាន់ដឹងថាត្រូវសរសេរសាច់រឿងល្ខោន «ក្រុមភ្លេងសម័យខ្មែរ» ដោយរបៀបណាដែរ។
«ខ្ញុំមានអារម្មណ៍ជ្រើបជ្រួលនៅពេលដែលបានដឹងពីប្រវត្តិសាស្ត្រខ្មែរក្រហម។ ហើយខ្ញុំមានអារម្មណ៍ច្របូកច្របល់នៅពេលដែលខ្ញុំបានដឹងថាមានរឿងអ្វីបានកើតឡើងលើសិល្បៈករទាំងនោះនៅក្នុងរបបនោះ។ ខ្ញុំសោកស្តាយមែនទែន។ ហើយខ្ញុំគិតនៅពេលនោះ គឺឆ្នាំ ២០១១ ថា នេះគឺជារឿងរ៉ាវដ៏គួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់ ប៉ុន្តែខ្ញុំមិនដឹងថា ត្រូវរៀបរាប់រឿងហ្នឹងដោយរបៀបណា។
រហូតដល់ឆ្នាំ២០១៥ នៅពេលដែលអ្នកស្រី Lauren Yee បានចុះកម្មសិក្សាស្រាវជ្រាវមួយសម្រាប់អ្នកនិពន្ធសាច់រឿងល្ខោនដែលមានឈ្មោះថា Crossroad Initiative របស់ក្រុមហ៊ុនសិល្បៈល្ខោន South Coast Repertory នៅរដ្ឋកាលីហ្វ័រញ៉ា ទើបសាច់រឿង «ក្រុមភ្លេងសម័យខ្មែរ» បានលេចចេញជារូបរាងឡើង។
ការសិក្សាស្រាវជ្រាវពីតន្ត្រីកម្ពុជាក្នុងអំឡុងទសវត្សរ៍៦០ និង៧០ និងប្រវត្តិសាស្ត្រកម្ពុជាដោយអ្នកស្រី Lauren Yee រួមជាមួយនឹងការប្រឹក្សាយោបល់ជាមួយសហគមន៍ខ្មែរអាមេរិកាំងនៅសង្កាត់ Orange County និងជាពិសេសការចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួននៃឪពុកម្តាយរបស់អ្នកសម្តែងមួយរូប គឺលោក Joe Ngo ដែលមានឪពុកម្តាយជាពលរដ្ឋខ្មែរដែលបានភៀសខ្លួនពីរបបខ្មែរក្រហមមកសហរដ្ឋអាមេរិក បានជួយឲ្យអ្នកនិពន្ធល្ខោនវ័យក្មេងរូបនេះ សរសេរជាសាច់រឿងល្ខោន «ក្រុមភ្លេងសម័យខ្មែរ» ដោយផ្តោតលើតន្ត្រីកម្ពុជាដែលបានបាត់បង់ទៅនៅក្រោមរបបប្រល័យពូជសាសន៍ខ្មែរក្រហម។
អ្នកស្រី Lauren បានបញ្ជាក់ប្រាប់ VOA អំពីសារសំខាន់នៃការផ្តោតលើតន្ត្រីកម្ពុជាថា៖ «ខ្លឹមសារនៃល្ខោននេះគឺផ្តោតសំខាន់លើភាពជម្នះនឹងរបបខ្មែរក្រហមដែលបានព្យាយាមលុបបំបាត់តន្ត្រី និងសិល្បៈករខ្មែរដ៏មានទេពកោសល្យទាំងនោះ។ ហើយរឿងដែលត្រឹមត្រូវបំផុតដើម្បីអបអរសាទរភាពជម្នះនេះ គឺយើងប្រគុំតន្ត្រីខ្មែរកាលពីជំនាន់នោះដោយផ្ទាល់នៅក្នុងការសម្តែងល្ខោនរបស់យើង ដើម្បីធ្វើឲ្យតន្ត្រីទាំងនោះរស់ឡើងវិញ»។
អត្ថន័យចម្រុះនៃល្ខោន«ក្រុមភ្លេងសម័យខ្មែរ»
ល្ខោនមុនៗរបស់អ្នកស្រី Lauren Yee ភាគច្រើនផ្តោតលើសាច់រឿងគ្រួសារ។ ហើយសម្រាប់ល្ខោននិយាយ «ក្រុមភ្លេងសម័យខ្មែរ» អ្នកស្រីបានសម្រេចសរសេរសាច់រឿងល្ខោននេះ ដោយបង្កើតជាតួអង្គឪពុកនិងកូនស្រី ដែលទំនាក់ទំនងរវាងអ្នកទាំងពីរមិនសូវល្អជាមួយគ្នាទេ ដោយសារតែអតីតកាលដ៏ឈឺចាប់របស់ឪពុក។
«ជុំ» ដែលជាតួអង្គឪពុក គឺជាជនរងគ្រោះនៃរបបខ្មែរក្រហម។ មុនរបបខ្មែរក្រហម «ជុំ» ជាយុវជនម្នាក់ដែលលេងតន្ត្រីនៅក្នុងក្រុមភ្លេងមួយ។ «ជុំ» បានរួចរស់មានជីវិត ហើយបានរត់ភៀសខ្លួនមករស់នៅសហរដ្ឋអាមេរិក។ រីឯ «នារី» ដែលជាតួអង្គកូនស្រី បានកើតនៅសហរដ្ឋអាមេរិក ហើយពេលធំដឹងក្តី នាងបានក្លាយជាមេធាវី ហើយធ្វើដំណើរទៅកម្ពុជា ដើម្បីកាន់សំណុំរឿងក្តីនៅតុលាការខ្មែរក្រហម។
តាំងពីភៀសខ្លួនមករស់នៅសហរដ្ឋអាមេរិក «ជុំ» មិនដែលបានចែករំលែកបទពិសោធន៍ជីវិតរបស់ខ្លួននៅប្រទេសកម្ពុជាដល់កូនស្រីទេ ហើយ «ជុំ» ក៏មិនដែលបានវិលត្រឡប់ទៅកម្ពុជាវិញដែរ។ នៅពេលដែលកូនស្រីរបស់ «ជុំ» បានទៅធ្វើការនៅកម្ពុជា «ជុំ» ក៏សម្រេចចិត្តទៅប្រទេសកំណើតរបស់ខ្លួន ដើម្បីបញ្ចុះបញ្ចូលកូនស្រីរបស់ខ្លួនឲ្យវិលមកសហរដ្ឋអាមេរិកវិញ។
នៅកម្ពុជា «ជុំ» និង «នារី» ក៏មានឱកាសដ៏កម្រមួយ ដើម្បីនិយាយទល់មុខគ្នាពីអតីតកាលដ៏ជូរចត់របស់ «ជុំ» ជាឪពុក និងការស្វែងរកការពិតរបស់ «នារី» អំពីរបបខ្មែរក្រហម។ ហើយការទម្លាយការលាក់ទុកនៃអតីតកាលដ៏ជូរចត់របស់ «ជុំ» បានជួយឲ្យឪពុកនិងកូនស្រី ស្វែងយល់ពីគ្នាទៅវិញទៅមក ហើយទំនាក់ទំនងរបស់អ្នកទាំងពីរក៏ចាប់ផ្តើមមានភាពប្រសើរឡើង។
ក្រៅពីផ្នែកនៃសាច់រឿងដែលផ្តោតលើទំនាក់ទំនងឪពុកនិងកូនស្រី ល្ខោន «ក្រុមភ្លេងសម័យខ្មែរ» នេះ ក៏បង្ហាញពីជីវិតនិងក្តីស្រមៃរបស់ពលរដ្ឋខ្មែរមុនរបបខ្មែរក្រហម និងអំពើព្រៃផ្សៃរបស់ខ្មែរក្រហម ដូចជាការធ្វើទារុណកម្ម និងការបង្ខំធ្វើការទាំងយប់ទាំងថ្ងៃជាដើម។ ដោយសារតែភាពចម្រុះនៃឈុតសម្តែងដែលពោរពេញទៅដោយទុក្ខសោកអមជាមួយនឹងភាពសប្បាយរីករាយ អត្ថន័យនៃល្ខោន «ក្រុមភ្លេងសម័យខ្មែរ» ក៏មានលក្ខណៈចម្រុះទៅតាមបទពិសោធន៍ផ្ទាល់ខ្លួនរបស់ទស្សនិកជនដែលបានទស្សនាល្ខោននេះដែរ។
ប៉ុន្តែ សម្រាប់អ្នកនិពន្ធ Lauren Yee វិញ អ្នកស្រីបានប្រាប់ VOA ថា៖
«ខ្ញុំគិតថា ល្ខោននេះផ្តោតលើក្រុមគ្រួសារមួយស្វែងយល់ពីគ្នាទៅវិញទៅមក។ វាផ្តោតលើមនុស្សមួយជំនាន់ដែលបានឆ្លងកាត់រឿងរ៉ាវតក់ស្លុតជាច្រើនក្នុងជីវិត ហើយមិនដឹងថាត្រូវប្រាប់ក្មេងជំនាន់ក្រោយថាតើរឿងរ៉ាវទាំងអស់នោះបានកើតឡើងយ៉ាងដូចម្តេច ហើយវាក៏ផ្តោតលើក្មេងជំនាន់ក្រោយដែលព្យាយាមជំរុញឲ្យឪពុកម្តាយរបស់ពួកគេ ប្រាប់ពួកគេពីរឿងរ៉ាវដែលបានកើតឡើង»។
រីឯលោក Chay Yew ដែលជាអ្នកដឹកនាំការសម្តែងល្ខោន «ក្រុមភ្លេងសម័យខ្មែរ» សម្រាប់ការសម្តែងនៅរោងល្ខោន Victory Gardens Theatre នៅទីក្រុង Chicago រដ្ឋ Illinois និងនៅរោងល្ខោន Thomas Theatre ប្រចាំ Oregon Shakespeare Festival នៅរដ្ឋ Portland បានឲ្យដឹងថា ល្ខោន «ក្រុមភ្លេងសម័យខ្មែរ» ក៏មានខ្លឹមសារអប់រំពីប្រវត្តិសាស្ត្រដ៏ជូរចត់របស់កម្ពុជា និងអំពីក្តីសង្ឃឹមថ្មីរបស់ប្រជាពលរដ្ឋដែលបានមករស់នៅសហរដ្ឋអាមេរិក។
«ល្ខោននេះក៏ផ្តោតលើព្រឹត្តិការណ៍របស់ប្រទេសមួយដែលកំពុងតែផ្លាស់ប្តូរ ភាពជម្នះនៃតន្ត្រី និងឥទ្ធិពលគ្រួសារ ហើយល្ខោននេះក៏ផ្តោតលើបញ្ហាអន្តោប្រវេសន៍ និងជនអន្តោប្រវេសន៍ដែរ»។
លោក Chay Yew បានថ្លែងដូច្នេះនៅក្នុងបទសម្ភាសន៍មួយជាមួយមហោស្រព Oregon Shakespeare Festival កាលពីខែតុលាឆ្នាំ២០១៨កន្លងទៅ។ លោក Chay Yew ក៏បានបន្ថែមទៀតថា៖
«ល្ខោននេះក៏ជាល្ខោនស្តីពីអាមេរិក ដោយសារវារៀបរាប់ពីជីវិតរបស់ពលរដ្ឋដែលបានភៀសខ្លួនមករស់នៅសហរដ្ឋអាមេរិកនេះ ដើម្បីធ្វើឲ្យជីវិតរបស់ពួកគេនិងគ្រួសារគេមានភាពប្រសើរឡើង។ ហើយខ្ញុំគិតថា ប្រទេសរបស់យើងសម្បូរទៅដោយរឿងរ៉ាវទាំងអស់នេះ ដែលធ្វើឲ្យប្រទេសយើងមានលក្ខណៈពិសេស»។
បទពិសោធន៍រួចផុតពីអំពើសោកនាដកម្ម៖ ភាពរីករាយ និងភាពឈឺចាប់
ផ្នែកដ៏សំខាន់មួយនៃល្ខោននេះ គឺភាពជម្នះនឹងអតីតកាលដ៏ឈឺចាប់របស់ពលរដ្ឋខ្មែរ ដែលរួចរស់មានជីវិតពីរបបខ្មែរក្រហម។ ជាក់ស្តែង តួអង្គ «ជុំ» ដែលជាឪពុក គឺជាមនុស្សកំប្លែង និងចូលចិត្តនិយាយលេងសើចច្រើនដើម្បីបង្កជាភាពរីករាយ បើទោះបីជាលោកបានឆ្លងកាត់បទពិសោធន៍ដ៏ឈឺចាប់ក្នុងរបបខ្មែរក្រហមក៏ដោយ។
អ្នកស្រី Lauren Yee ដែលជាអ្នកនិពន្ធ បានសង្កត់ធ្ងន់ថា អ្នកស្រីចង់ឲ្យសាច់រឿងល្ខោន «ក្រុមភ្លេងសម័យខ្មែរ» នេះបង្ហាញមនុស្សទូទាំងពិភពលោកឲ្យបានឃើញថា ភាពរីករាយ គឺជាមធ្យោបាយមួយក្នុងការទប់ទល់ ឬផ្សះផ្សារភាពឈឺចាប់ក្នុងចិត្ត។
«ខ្ញុំគិតថា អ្វីដែលមនុស្សយើងភ្លេច គឺថា ភាពរីករាយអាចជាវិធីសាស្ត្រក្នុងការជម្នះឧបសគ្គ នៅពេលដែលយើងជួបរឿងលំបាកក្នុងជីវិត។ ពេលខ្លះទៅ ការមិននិយាយស្តីអីមិនមែនជាដំណោះស្រាយទេ។ ពេលខ្លះ យើងបើកចំហរ ហើយនិយាយលេងពីរឿងដែលលំបាកនោះ ដើម្បីឲ្យធូរអារម្មណ៍ ដោយសារនេះក៏ជាវិធីសាស្ត្រមួយក្នុងការប្រឈមនឹងការលំបាក»។
អ្នកស្រី Lauren Yee បានបន្ថែមថា៖ «ដូច្នេះសម្រាប់ខ្ញុំ មូលហេតុនេះហើយដែលភាពរីករាយត្រូវបានបង្កប់នៅក្នុងសាច់រឿងល្ខោននេះ ហើយភាពរីករាយនោះគឺជាយន្តការក្នុងការពារខ្លួនរបស់តួអង្គ។ វាជាវិធីសាស្ត្រមួយក្នុងការប្រឈមនឹងការលំបាក»។
លោក Joe Ngo ដែលជាអ្នកសម្តែងតួអង្គ «ជុំ» គឺជាពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែរ។ លោក Joe បានកើតនៅសហរដ្ឋអាមេរិក នៅក្នុងក្រុមគ្រួសារមួយដែលមានឪពុកម្តាយជាជនភៀសខ្លួនខ្មែរ ដែលរួចរស់រានពីរបបខ្មែរក្រហម។
នៅក្នុងបទសម្ភាសន៍ជាមួយ VOA លោកបានលើកឡើងថា សាច់រឿងល្ខោន «ក្រុមភ្លេងសម័យខ្មែរ» មានន័យណាស់សម្រាប់រូបលោក និងក្រុមគ្រួសាររបស់លោក ដោយសារអ្នកនិពន្ធ Lauren Yee បានយកបទពិសោធន៍ផ្ទាល់ខ្លួនរបស់ឪពុកម្តាយលោក Joe ទៅបញ្ចូលក្នុងសាច់រឿងរបស់តួអង្គ «ជុំ»។
«អត្តចរិតជាច្រើនរបស់តួអង្គនោះ គឺដូចគ្នាមែនទែននឹងអត្តចរិតរបស់ជីវិតក្រុមគ្រួសារខ្ញុំ»។
ក្នុងនោះរួមមាន អត្តចរិតរបស់តួអង្គ «ជុំ» ដែលជាឪពុក គឺលោកជាមនុស្សចូលចិត្តនិយាយលេងសើច និងកំប្លែងច្រើន បទពិសោធន៍របស់លោកក្នុងធ្វើការងារទាំងបង្ខំនៅខេត្តបាត់ដំបង ការរត់ភៀសខ្លួនទៅព្រំដែនថៃ តែទាហានថៃមិនឲ្យរត់ឆ្លងព្រំដែន ដែលទាំងអស់នេះគឺជាអត្តសញ្ញាណ និងបទពិសោធន៍ផ្ទាល់របស់ឪពុកម្តាយលោក Joe Ngo។
«ដូច្នេះនៅពេលសម្តែង ភាគច្រើនខ្ញុំប្រើប្រាស់បទពិសោធន៍ផ្ទាល់ខ្លួនកាលពីក្មេង និងជីវិតជាក់ស្តែងរបស់ខ្ញុំ ក្នុងនាមជាកូនរបស់អ្នករួចរស់មានជីវិត។ ហើយខ្ញុំដើរតួ [ជុំ] ប្រៀបដូចជាឪពុកម្តាយខ្ញុំ ឬក៏អ៊ំខ្ញុំជាដើម»។
លោក Joe Ngo ក៏បានបញ្ជាក់បន្ថែមទៀតថា នៅពេលដែលឪពុកម្តាយរបស់លោកបានមកទស្សនាការសម្តែងល្ខោននេះ អ្នកទាំងពីរបានប្រាប់លោកថា សាច់រឿងល្ខោននេះបានរំឭកពីរឿងរ៉ាវដែលឪពុកម្តាយរបស់លោកបានឆ្លងកាត់ មុននិងក្រោយរបបខ្មែរក្រហម។ ការណ៍នេះបានជំរុញទឹកចិត្តរបស់លោក ធ្វើយ៉ាងណាឲ្យការសម្តែងរបស់លោកកាន់តែប្រសើរឡើង ដើម្បីផ្តល់កិត្តិយសដល់ក្រុមគ្រួសារលោក និងពលរដ្ឋខ្មែរ។
«ខ្ញុំបានស្វែងយល់ពីតួអង្គដែលខ្ញុំសម្តែង ក្នុងន័យដែលខ្ញុំអាចផ្តល់កិត្តិយសដល់ប្រវត្តិគ្រួសារខ្ញុំ ដល់ឪពុកខ្ញុំ និងឪពុកម្តាយខ្ញុំ។ ហើយមិនត្រឹមតែឪពុកម្តាយខ្ញុំទេ ខ្ញុំក៏ត្រូវតែផ្តល់កិត្តិយសដល់សាច់រឿងរបស់ពលរដ្ឋខ្មែរគ្រប់រូបផងដែរ»។
នៅខែវិច្ឆិកាខាងមុខនេះ ល្ខោន «ក្រុមភ្លេងសម័យខ្មែរ» នឹងត្រូវបានយកទៅសម្តែងនៅរោងល្ខោនដ៏ធំមួយទៀតគឺ La Jolla Playhouse ប្រចាំទីក្រុង San Diego រដ្ឋកាលីហ្វ័រញ៉ា និងនៅទីក្រុងឡូវែល រដ្ឋ Massachusetts៕