ខណៈពិភពលោកប្រឈមនឹងហានិភ័យនៃគ្រោះមហន្តរាយមនុស្សជាតិដែលបង្កឡើងដោយជំងឺរាតត្បាតកូវីដ១៩ ពលរដ្ឋក្នុងសង្គមជាតិនិងរបបនយោបាយរបស់ប្រទេសមួយចំនួន ហាក់នៅបន្តរងការគាបសង្កត់និងរឹតត្បិតសិទ្ធិសេរីភាព រីឯអាជ្ញាធិបតេយ្យរបស់បុគ្គលក្នុងតំណែងជាអ្នកដឹកនាំ ក៏កាន់តែរីកសាយភាយស្ទើរតែនៅគ្រប់ទីកន្លែងផងដែរ។
ភាពខ្មៅងងឹតក្នុងសង្គមមនុស្សជាតិទាំងអស់នេះ នាអំឡុងមានវិបត្តិជំងឺរាតត្បាត បានក្លាយជាប្រធានបទនៃខ្សែភាពយន្តថ្មីរបស់សមិទ្ធិករលំដាប់អន្តរជាតិលោក ប៉ាន់ រិទ្ធី ដែលមានចំណងជើងថា «Everything Will Be OK ឬអ្វីៗនឹងល្អឡើងវិញ»។
តាមរយៈការប្រើប្រាស់ភាពយន្តនិងរូបភាពបណ្ណសារ សិល្បៈសូនរូបពីឥដ្ឋដើម្បីបង្កើតជាតួអង្គមនុស្សនិងសត្វ ការរចនាឆាកសម្តែងដោយទេសភាព ការផលិតសូរ្យសំឡេងធម្មជាតិ និងសំឡេងពណ៌នាសាច់រឿង ខ្សែភាពយន្តនេះ បង្ហាញពិភពមនុស្សលោកស្ថិតក្រោមការក្តោបក្តាប់របស់សត្វ ដែលមានលក្ខណៈពិសេស ជំរុញឲ្យអ្នកទស្សនាស្រមៃមើលពិភពលោកដ៏ខ្មៅងងឹតមួយ ហើយចោទសួរជាសំណួរជាច្រើនអំពីគុណតម្លៃរបស់មនុស្សជាតិ និងសង្គមជាតិ បច្ចុប្បន្ន។
ហើយខ្សែភាពយន្តដ៏មានអត្ថន័យជ្រៅនិងចម្រុះមួយនេះ បានទទួលពានរង្វាន់ខ្លាឃុំប្រាក់ Silver Bear ដ៏ខ្ពង់ខ្ពស់ សម្រាប់«ការចូលរួមក្នុងវិស័យផលិតកម្មសិល្បៈដ៏ឆ្នើម» ក្នុងមហោស្រពភាពយន្តអន្តរជាតិក្រុង Berlin លើកទី ៧២ (Berlin International Film Festival) នៅទីក្រុង Berlin ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃពុធ ទី ១៦ ខែកុម្ភៈកន្លងទៅ។ នេះបើយោងតាមសេចក្តីប្រកាសមួយ។
ចំណងជើងនៃខ្សែភាពយន្ត «Everything Will Be OK» ត្រូវបានយកពីពាក្យស្លោកដែលសរសេរលើអាវយឺតរបស់ក្មេងស្រីភូមាម្នាក់ ដែលត្រូវបានអាជ្ញាធរយោធាភូមាបាញ់ស្លាប់ ក្នុងហេតុការណ៍តវ៉ាឲ្យរបបយោធាបញ្ឈប់ការក្តោបក្តាប់របស់ខ្លួនលើប្រទេសមីយ៉ាន់ម៉ា។ ការសម្រេចយកពាក្យស្លោកបែបនេះមកធ្វើជាចំណងជើង ខ្សែភាពយន្តនេះឆ្លុះបង្ហាញពីតថភាពងងឹតមួយនៃការគាបសង្កត់សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋសាមញ្ញ។
លោក ប៉ាន់ រិទ្ធី បានផលិតខ្សែភាពយន្តនេះ ក្នុងអំឡុងពេលដែលជីវិតរបស់មនុស្សស្ទើរតែគ្រប់រូបត្រូវបានបង្អាក់និងរំខានដោយការយារយីពីជំងឺរាតត្បាតកូវីដ១៩ និងគ្រាដែលប្រទេសមួយចំនួនបានប្រឈមនឹងចលាចលនយោបាយ។ នៅក្នុងបទសម្ភាន៍មួយជាមួយសារព័ត៌មាន Hollywood Reporter មុនពេលបញ្ចាំងខ្សែភាពយន្តនេះនៅក្នុងមហោស្រពភាពយន្តនៅទីក្រុង Berlin សមិទ្ធិករភាពយន្តដ៏ឆ្នើមរូបនេះ បានថ្លែងថាក្នុងសម្តីដកស្រង់ថា៖
«ពេលខ្ញុំសម្លឹងមើលស្ថានភាព[សង្គម]ជុំវិញខ្លួន ខ្ញុំឃើញភាពផុយស្រួយនៃលទ្ធិប្រជាធិបតេយ្យរបស់យើង ហើយភាពឆាប់រហ័សនៃអាជ្ញាធិបតេយ្យនិយមដែលអាចនឹងវិលមកគ្រប់គ្រង[ពិភពលោក]។ ហើយខ្សែភាពយន្តនេះ គឺជាការឆ្លើយតបមួយទៅនឹងស្ថានភាពនេះ»។
នៅក្នុងខ្សែភាពយន្តនេះ លោក ប៉ាន់ រិទ្ធី បានប្រើប្រាស់សិល្បៈសូនរូបដោយដីឥដ្ឋដែលលោកបានប្រើប្រាស់ក្នុងខ្សែភាពយន្ត “The Missing Picture” ឬ «កង្វះរូបភាព» ដែលត្រូវបានឧទ្ទេសនាមសម្រាប់ការប្រកួតពានរង្វាន់អូស្ការ Oscars របស់សហរដ្ឋអាមេរិក កាលពីឆ្នាំ ២០១៣។ រូបជាច្រើននៅក្នុងខ្សែភាពយន្ត «Everything Will Be OK» នេះ ត្រូវបានសូននិងរចនាឡើងដោយជាងចម្លាក់លោក ម៉ាង សារិត ដ៏មានទេពកោសល្យ ដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយសមិទ្ធិករភាពយន្ត ប៉ាន់ រិទ្ធី។
លោក ប៉ាន់ រិទ្ធី បានលើកឡើងថា ខ្សែភាពយន្តនេះបង្កប់នូវអត្ថន័យច្រើន។ លោកថា នៅពេលអ្នកទស្សនាមើលខ្សែភាពយន្តនេះច្រើនដង នោះពួកគេនឹងមើលឃើញខ្លឹមសារនិងអត្ថន័យកាន់តែច្រើនតាមរយៈខ្សែភាពយន្តបែបសិល្បៈរូបសូន ដែលមានរយៈពេល ១ ម៉ោង ៣៨ នាទីនេះ។
លោក ប៉ាន់ រិទ្ធី បានថ្លែងក្នុងសម្តីដកស្រង់ថា៖ «ខ្ញុំសង្ឃឹមថា អ្នក[ទស្សនា]នឹងមានពេលមើលភាពយន្តនេះឲ្យបានពីរទៅបីដង ពីព្រោះអ្នកនឹងមើលឃើញ[អត្ថន័យបង្កប់]ច្រើនទៅៗ»។
នៅពេលសួរថាតើលោកសង្ឃឹមថា អ្នកទស្សនានឹងទទួលបានអ្វីខ្លះពីការទស្សនាភាពយន្តនេះ លោកបានថ្លែងប្រាប់អ្នកសារព័ត៌មាន Hollywood Reporter ថា លោកមិនរំពឹងឲ្យអ្នកទស្សនាយល់ពីខ្សែភាពយន្តនេះទាំងស្រុងនោះទេ តែលោកលើកទឹកចិត្តឲ្យអ្នកទស្សនាបើកចិត្តឲ្យទូលាយ ទាញយកអត្ថន័យបង្កប់ណាមួយ ហើយគិតពីវា។
លោកថា ៖ «ហើយបន្តមានសង្ឃឹម និងជីវិតរស់នៅ។ ខ្ញុំសង្ឃឹមថា ភាពយន្តនេះនឹងរំឭកអ្នកថា តាមរយៈភាពច្នៃប្រតិដ្ឋរួម យើងនឹងអាចបន្តមានសេរីភាព និងប្រាស្រ័យទាក់ទងគ្នាបាន។ ហើយអ្វីៗនឹងមិនអីនោះទេ»។
ខ្សែភាពយន្ត «Everything Will Be OK» នេះ គឺជាស្នាដៃផលិតចុងក្រោយបង្អស់របស់សមិទ្ធិករលោក ប៉ាន់ រិទ្ធី ដោយសហការសរសេរសាច់រឿងជាមួយអ្នកនិពន្ធសាច់រឿងសម្រាប់ខ្សែភាពយន្តលោក Christophe Bataille និងអ្នកស្រី Agnès Sénémaud ដែលជាភរិយារបស់លោក ប៉ាន់ រិទ្ធី៕