កម្មករខ្មែរប្រមាណ ១០នាក់ដែលធ្វើការនៅក្នុងក្រុមហ៊ុនចម្ការចេកមួយកន្លែង ស្ថិតក្នុងស្រុកកូនមុំ ខេត្តរតនគិរី បានស្លាប់ ដែលមានការសង្ស័យជាបឋមថា បណ្តាលមកពីការពុលចំណីអាហារ។ ប៉ុន្តែអាជ្ញាធរកំពុងស្រាវជ្រាវបន្ត។ នេះបើតាមអភិបាលខេត្ត លោក ញ៉ែម សំអឿន។
អភិបាលខេត្តរតនគិរី លោក ញ៉ែម សំអឿន បញ្ជាក់ថា មនុស្សទាំង១០នាក់ គឺជាកម្មករនៃក្រុមហ៊ុនចម្ការចេក ថាកូអាហ្គ្រី (THACO AGRI) ដោយកម្មករមួយចំនួន ធ្វើការស៊ីឈ្នួល ដែលមិនមែនពេញសិទ្ធិនោះទេ។ លោកបន្ថែមថា មនុស្ស ៩នាក់ស្លាប់នៅថ្ងៃទី១៦ ខែមិថុនា។ ចំណែកម្នាក់ទៀតស្លាប់នៅមុនថ្ងៃទី១៦ ខែមិថុនា។
លោកប្រាប់វីអូអេថា៖ «គេរាយការណ៍មក ៦នាក់ហ្នឹង គឺក្នុងរង្វង់ប៉ុន្មានថ្ងៃ ដែលគេយកបានក្នុងរោងចក្រ។ ក៏ប៉ុន្តែយើងបានស្រាវជ្រាវរកឃើញ ១ទៀត នៅមុនហ្នឹងប៉ុន្មានថ្ងៃ... ។ អ៊ីចឹងវាឡើង ៧។ ហើយបន្ទាប់មក យើងក៏ស្រាវជ្រាវដេញនៅជុំវិញហ្នឹងទៀត ដល់ស្រាវជ្រាវទៅឃើញ ៣ទៀត។ អ៊ីចឹងវាសរុបចូល ១០នាក់»។
អភិបាលខេត្តរតនគិរីរូបនេះបញ្ជាក់ថា មន្ទីរនិងក្រសួងសុខាភិបាល បានចុះពិនិត្យកិច្ចការនេះ ដែលព័ត៌មានបឋម គឺការស្លាប់នោះបណ្តាលមកពីការពុលចំណីអាហារ ដែលមិនមែនស្លាប់ដោយសារជំងឺប្រចាំកាយឡើយ។
លោកថ្លែងថា៖ «ការស្រាវជ្រាវជាបឋមហ្នឹង គេបានរាយការណ៍មកថា វាអាចប៉ះពាល់ហ្នឹងចំណីអាហារ ក៏ប៉ុន្តែមិនមែនជាជំងឺទេ ព្រោះដោយសារថាអ្នកជំងឺនេះ អាការៈដែលចេញមក ហើយការដែលគាត់បាត់បង់ជីវិតនេះ វាលឿនពេក។ ហើយគេដាក់ក្នុងកម្រិតហានិភ័យខ្ពស់បំផុត»។
បើតាមអភិបាលខេត្តរតនគិរី រហូតមកដល់រសៀលថ្ងៃព្រហស្បតិ៍នេះ មន្ត្រីជំនាញកំពុងស្រាវជ្រាវបន្តទៀត និងកំពុងប្រមែប្រមូលទឹក ចំណីអាហារ និងអ្វីៗដែលមានការសង្ស័យផ្សេងទៀត ដើម្បីយកទៅវិភាគ ប៉ុន្តែមិនទាន់អាចកំណត់មូលហេតុច្បាស់លាស់នៅឡើយទេ។
អភិបាលខេត្តរូបនេះបញ្ជាក់ទៀតថា កន្លងទៅ អាជ្ញាធរក៏បានចុះណែនាំក្រុមហ៊ុនថាកូអាហ្គ្រីជាច្រើនដងទាក់ទងនឹងអនាម័យ និងការស្នាក់នៅរបស់កម្មករផងដែរ។ លោកក៏សំណូមពរឱ្យកម្មករមានការប្រយ័ត្នប្រយែងចំពោះចំណីអាហារ ជាពិសេសការបរិភោគស្រា ខណៈពេលនឿយហត់ខ្លាំង ក្នុងពេលអាកាសធាតុក្តៅខ្លាំង។
បើតាមអភិបាលខេត្តរតនគិរី ក្រុមហ៊ុនថាកូអាហ្រ្គីគ្រប់គ្រងដោយជនជាតិវៀតណាមដែលនាំចេញចេកទៅប្រទេសចិន និងប្រទេសផ្សេងៗទៀត។
វីអូអេមិនទាន់អាចសុំការបញ្ជាក់ពីប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី លោក អ៊ុង រតនា បាននៅឡើយទេ។
វីអូអេក៏មិនទាន់អាចសុំការអត្ថាធិប្បាយពីក្រុមហ៊ុនថាកូអាហ្រ្គីបានដែរនៅថ្ងៃព្រហស្បតិ៍នេះ។
ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន យល់ថា ក្រុមហ៊ុនត្រូវតែមានយន្តការធានាសុខុមាលភាពកម្មករ ធ្វើយ៉ាងណាឱ្យមានការថែទាំសុខភាព អនាម័យ និងផ្ដល់ការបណ្តុះបណ្តាលឱ្យបានត្រឹមត្រូវដល់កម្មករដែលធ្វើការនៅក្នុងវិស័យនេះ។
លោកថ្លែងថា៖ «ទីមួយក្រុមហ៊ុនត្រូវរៀបចំឱ្យមានការចុះបញ្ជីឱ្យបានត្រឹមត្រូវ នៅក្នុងការថែទាំសុខភាព របបបេឡាជាតិ របបសន្តិសុខសង្គម។ ទី២ត្រូវរៀបចំឱ្យមានសម្ភារៈនិងឧបករណ៍ត្រឹមត្រូវ សម្រាប់ការពារអាយុជីវិត និងអនាម័យបងប្អូនកម្មករក្នុងវិស័យចម្ការកសិឧស្សាហកម្មហ្នឹង»។
លោកបន្ដថា អាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធត្រូវមានចំណាត់ការផ្លូវច្បាប់ និងដាក់លក្ខខណ្ឌជាកំហិតដល់ក្រុមហ៊ុនឱ្យអនុវត្តតាម ដើម្បីជៀសវាងករណីស្លាប់មនុស្ស៕