ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ភូមិ​ម្នាក់​នៅ​ខេត្ត​ពោធិ៍សាត់​ស្លាប់ ​និង​២៧​នាក់​ត្រូវ​បញ្ជូន​ទៅ​ព្យាបាល ​សង្ស័យ​ថា​ ពុល​ស្រា​ស​


រូបឯកសារ៖ ស្រាសនិងស្រាថ្នាំ ដែលត្រូវបានដាក់លក់នៅតូបមួយក្នុងភូមិដំណាក់អំពិល ខេត្តពោធិ៍សាត់។ (ស៊ុន ណារិន/វីអូអេ)
រូបឯកសារ៖ ស្រាសនិងស្រាថ្នាំ ដែលត្រូវបានដាក់លក់នៅតូបមួយក្នុងភូមិដំណាក់អំពិល ខេត្តពោធិ៍សាត់។ (ស៊ុន ណារិន/វីអូអេ)

អ្នក​ភូមិម្នាក់​ស្លាប់​ និង​២៧​នាក់​ទៀត​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ កាល​ពី​សប្តាហ៍​មុន​ ដោយ​អាជ្ញាធរ​សង្ស័យពុល​ស្រា​ស ​ដែល​ពួកគេ​ពិសា​ក្នុង​ពិធី​បុណ្យ​សព​មួយ ​ក្នុង​ភូមិ​មាត់​ព្រៃ ​ឃុំ​កំពង់​ពោធិ៍ ​ស្រុក​ក្រគរ​ ខេត្ត​ពោធិ៍សាត់។ ​នេះ​បើ​តាម​មេឃុំ​កំពង់​ពោធិ៍។​

លោក ​ជី ភឿន ​មេឃុំ​កំពង់​ពោធិ៍​ ក្នុង​ស្រុក​ក្រគរ​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​ថា ​ករណី​ប្រជា​ពលរដ្ឋ​ម្នាក់​ស្លាប់​ និង​២៧​នាក់​ទៀត​ត្រូវ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ ​ដោយ​សារ​«ពុល​ស្រា​ស» ​ដោយ​លោក​យោង​តាម​ការ​ពិនិត្យ​របស់​គ្រូពេទ្យ ​បន្ទាប់​ពី​អ្នក​ជា​សះ​ស្បើយ​បាន​ចេញ​ពី​មន្ទីរ​ពេទ្យ​ត្រឡប់​មក​ផ្ទះ​វិញ។​

លោក​បន្ថែម​ថា ​នៅ​វេលា​ម៉ោង​៨​ព្រឹក ​ថ្ងៃ​ទី​២ ​ខែ​មិថុនា ​ឆ្នាំ​២០២៣ ​ជន​រង​គ្រោះ​ម្នាក់​ក្នុង​ចំណោម​អ្នក​ចូលរួម​បុណ្យ​សព ​បាន​ដេក​ស្លាប់ ​ខណៈ​២៧​នាក់​ផ្សេង​ទៀត​ធ្លាក់​ខ្លួន​ឈឺ ​រហូត​ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ។​

លោក​បញ្ជាក់​ថា៖ ​«បាទ​ ពុល​ស្រា​ស ​ជា​សះ​ស្បើយ​អស់​ហើយ​ មក​ដល់​ផ្ទះ​អស់ហើយ»។​

វីអូអេ​មិន​ពុំ​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នក​ស្រី ​ឱ វណ្ណឌីន ​អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​ និង​លោក ​ខូយ ឌី ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ពោធិ៍សាត់​បាន​នៅ​ឡើយ​ទេ។​

លោក​ មោក ភារម្យ​ អធិការ​នគរបាល​ស្រុក​ក្រគរ ​ប្រាប់​វីអូអេ​ថា​ លោក​មិន​ទាន់​អាច​បញ្ជាក់​មូល​ហេតុ​ច្បាស់​លាស់​ថា ​តើ​ករណី​នេះ​បណ្តាល​មក​ពី​ពុល​ស្រា​ ឬយ៉ាង​ណា​ទេ ដោយ​លោក​រង់ចាំ​លទ្ធផល​នៃ​ការ​ពិនិត្យ​ស្រា​ដែល​ពួកគេ​បាន​ពិសា។​

លោក​ថ្លែង​ថា៖ ​«បាទ​ ពាក់ព័ន្ធ​នឹង​ករណី​នេះ​ គឺ​យើង​អត់​ទាន់​អាច​សន្មត់​យ៉ាង​ម៉េច​ទេ​ ដោយ​សារ​ពាក់ព័ន្ធ​នឹង​ការ​ពុល​ បើ​សិន​ជា​ពុល​ គឺ​ខាង​កាំកុងត្រូល ​គាត់​យក​ស្រា​ហ្នឹង​ទៅ​ពិនិត្យ​ ហើយ​មិន​ទាន់​បាន​ចេញ​លទ្ធផល​នៅ​ឡើយ​ទេ។ ​ពាក់ព័ន្ធ​មួយ​ទៀត​ការ​ធ្វើ​កោសល្យ​វិច័យ​របស់​ពេទ្យ​ ក៏​មិន​ទាន់​បាន​ចេញ​លទ្ធផល​ថា ​បុគ្គល​នោះ​ពុល​ស្រា​ដែរ​បាទ»។​

ប្រធាន​សមាគម​គ្រូ​ពេទ្យ​គុណ​ធម៌​កម្ពុជា​ លោក​វេជ្ជ​បណ្ឌិត អ៊ូច វុទ្ធី ​ពន្យល់​ថា ​ការ​ពុល​ស្រា​ស​នៅ​តែ​កើត​ឡើង​ជា​បន្ដ​បន្ទាប់​នៅ​តាម​បណ្ដា​ខេត្ត។ ​លោកអំពាវ​នាវ​ឱ្យ​ប្រជា​ពលរដ្ឋ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់។ ​លោក​បន្ថែម​ថា​ ជន​ឆ្លៀត​ឱកាស​មួយ​ចំនួន​បាន​នាំស្រា​ក្លែងក្លាយ​ចូល​កាន់​តែ​ច្រើន ​និង​គ្មាន​ការ​ត្រួត​ពិនិត្យ​ត្រឹមត្រូវ។​

អ្នកជំនាញវេជ្ជ​សាស្រ្ត​រូប​នេះ​បន្ថែម​ទៀត​ថា ​ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​ពុល​ស្រា​ស​ឱ្យ​មាន​ប្រសិទ្ធ​ភាព ​ក្រសួង​ពាក់ព័ន្ធ​ទាំង​អស់​ត្រូវ​ចុះ​ត្រួត​ពិនិត្យ​ រឹត​បន្តឹងរាល់​ផលិត​ផល​នាំ​ចូល​ និង​ក្នុង​ស្រុក​ទាំង​អស់ ​ដើម្បី​ទប់​ស្កាត់​ការ​នាំ​ចូល​ស្រា​ក្លែង​ក្លាយ​ចូល​ក្នុង​ប្រទេស។​

លោក​បន្ដ​ថា៖ ​«ដើម្បី​ឱ្យ​មាន​ប្រសិទ្ធ​ភាព​ឡើង​វិញ​ កុំឱ្យ​មាន​ស្រា​ក្លែង​ក្លាយ​នាំ​ចូល​ដែលក្រសួង​ពាក់ព័ន្ធ​ទាំង​អស់​ហ្នឹង​ចេញ​មក​ជួយ​ដោះ​ស្រាយ​រក​វិធាន​ការ ​ដូចជា​ក្រសួង​សុខា​ភិបាល ​ក្រសួង​កសិកម្ម ​ក្រសួង​ឧស្សាហ​កម្ម​ ​និង​ក្រសួង​មហាផ្ទៃ។​ ប៉ុន្មាន​ក្រសួងហ្នឹង ​គឺ​ត្រូវ​ចុះ​ត្រួត​ពិនិត្យ​រាល់​ផលិត​ផល​ទាំង​អស់​នេះ ​ដើម្បី​កុំ​ឱ្យ​មាន​ការ​ក្លែង​ក្លាយ​អ៊ីចឹង​ទៀត។ វា​អាច​ប៉ះពាល់​ដល់​សុខភាព។​ ​ប្រជាពលរដ្ឋ​យើង​អាច​នឹង​ស្លាប់​បន្ដ​បន្ទាប់​ទៀ​ត​ បាទ»។​

គួរ​រំឭក​ថា​ កាល​ពី​ខែ​ឧសភា ​ឆ្នាំ​២០២១ ​មនុស្ស​១៣​នាក់​ក្នុង​ឃុំ​អន្សា​ចំបក់​ ស្រុក​ក្រគរ​ ខេត្ត​ពោធិ៍សាត់​បាន​ស្លាប់​ជា​បន្ត​បន្ទាប់ ​ដោយ​សារ​ពុល​ស្រា​បិត ​ឬ​ស្រា​ថ្នាំ ​ដែល​ត្រូវ​បាន​រក​ឃើញ​ថា​ មាន​សារ​ធាតុ​មេតាណុល​លើស​កំណត់។ ​ករណី​ពុល​ស្រា​ស​នេះ​ក៏​កើត​ឡើង​នៅ​តាមជន​បទ​ក្នុង​បណ្តា​ខេត្ត​មួយ​ចំនួន​ទៀត ​ដែល​ស្រា​ស​នៅ​តែ​ពេញ​និយម​សម្រាប់​ប្រជា​ពលរដ្ឋ​ក្រីក្រ៕​

XS
SM
MD
LG