ស្របពេលដែលសាសនិកឥស្លាមទូទាំងពិភពលោកបានចាប់ផ្តើមប្រារព្ធពិធីបួសសម្រាប់ខែរ៉ាម៉ាឌន ឬ Ramadan ដ៏ល្បីល្បាញនោះ ប្រជាជនខ្មែរឥស្លាមចំនួនប្រហែល៧៥០.០០០នាក់ប្រទេសកម្ពុជាក៏បានចាប់ផ្តើមពីធីបួសរបស់ខ្លួនតាមផ្ទះ និងព្រះវិហារនានាផងដែរ។ ពិធីអាហារស្រាយបួសខែរ៉ាម៉ាឌន នេះ ជាពិធីតមមិនញ៉ាំអាហាររបស់ជនជាតិឥស្លាមមុនពេលថ្ងៃរះ រហូតដល់ក្រោយថ្ងៃលិចក្នុងរយៈពេលមួយខែ។
ពិធីអាហារស្រាយបួសខែរ៉ាម៉ាឌននៃសាសនាឥស្លាមកម្ពុជា គឺជាកាតព្វកិច្ចមួយក្នុងចំណោមកាតព្វកិច្ចសំខាន់ទាំង៥របស់សាសនិកឥស្លាម ដែលតម្រូវឲ្យសាសនិកឥស្លាម តមការបរិភោគអាហារមុនពេលថ្ងៃរះរហូតដល់ថ្ងៃលិច។ ពិធីបុណ្យស្រាយបួសខែរ៉ាម៉ាឌនរយៈពេល១ខែនេះ បានចាប់ផ្តើមកាលពីថ្ងៃទី៦ ខែមិថុនា និងបញ្ចប់ទៅវិញនាដើមខែកក្កដាខាងមុខ ដែលត្រូវជាខែទី៩ នៅក្នុងប្រតិទិនសាសនាឥស្លាម។ នេះបើតាមការឲ្យដឹងរបស់សាសនិកឥស្លាមកម្ពុជា។
លោក សាឡេះ ពិនអាពូតាឡឹប វ័យ៦២ឆ្នាំ គឺជា ហាគឹម ឬ សង្គ្រាជវិហារ ប្រចាំវិហារឥស្លាមគីឡូម៉ែតលេខ៨ ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ លោកពន្យល់ប្រាប់ VOA អំពីការប្រារព្ធពិធីបុណ្យស្រាយបួសរ៉ាម៉ាឌន ថាជាពិធីតមអាហាររបស់ជនជាតិឥស្លាមដែលកំពុងប្រារព្ធឡើងក្នុងខែនេះ។
«ក្នុងមួយថ្ងៃមួយយប់គេប៉ាង៥ដង ដើម្បីហៅអ្នកនៅលើឲ្យមកថ្វាយបង្គំ។ ចឹងចំពោះស្រាយបួស ទាល់តែឮប៉ាងហ្នឹងដែរ សញ្ញាថាដល់ម៉ោងហើយ ទើបយើងស្រាយបួសបាន។ ហ្នឹងគេហៅថា ប៉ាង»។
សង្គ្រាជវិហាររូបនេះថ្លែងបន្តថា៖
«ទាក់ទងនឹងខែរ៉ាមាឌន ខែបួសនេះ សាសនិកឥស្លាមទូទាំងពិភពលោក គេប្រកាន់គោលការណ៍៥។ ទី១ គឺត្រូវជឿលើព្រះអាឡោះតែមួយគត់។ ទី២ គឺត្រូវថ្វាយបង្គុំមួយថ្ងៃមួយយប់៥ដង។ ទី៣ គឺថាផ្តល់វិភាគទាន។ ការយើងរកស៊ីមានបាន មានលុយច្រើន ជាច្បាប់របស់អាឡោះ ត្រូវតែដកមួយភាគតូចចែកឲ្យអ្នកក្រីក្រ។ ទី៤ គឺបួសខែរ៉ាម៉ាឌន ខែនេះឯង។ និងទី៥ គឺទៅធ្វើបុណ្យហាច (hajj) នៅប្រទេសអារ៉ាប់សាអូឌីតចំពោះអ្នកមានលទ្ធភាព»។
ជាទូទៅ សាសនិកឥស្លាមរៀបចំបោសសម្អាត ឬលាបថ្នាំផ្ទះថ្មីដើម្បីស្វាគមន៍ពិធីបុណ្យរ៉ាម៉ាឌននេះ។ សាសនិកឥស្លាមអាចប្រារព្ធពិធីស្រាយបួស ក្រោយពេលព្រះអាទិត្យលិចនៅក្នុងផ្ទះរបស់ពួកគេ ឬនៅតាមវិហារ ដែលនៅជិតផ្ទះជាមួយការហូបអាហារ និងការជួបជុំ។ ប្រទេសកម្ពុជាដែលជាប្រទេសកាន់ព្រះពុទ្ធសាសនា មានប្រជាពលរដ្ឋ ដែលកាន់សាសនាឥស្លាមប្រមាណ៧៥ម៉ឺននាក់ ទូទាំងប្រទេសដែលស្មើនឹង៥%នៃចំនួនប្រជាពលរដ្ឋសរុប។
ដោយឡែកនៅក្នុងវិហារឥស្លាមគីឡូម៉ែតលេខ៨នេះ ជារៀងរាល់ឆ្នាំមានសាសនិកឥស្លាមមកចូលរួមប្រាព្ធពិធីស្រាយបួសប្រមាណ២០០នាក់។
បើតាមលោក ហាគឹម ឬសង្គ្រាជវិហារ ដែលត្រូវបានជ្រើសរើសឲ្យកាន់តួនាទីនេះអស់រយៈពេលជិត២០ឆ្នាំនេះ ឲ្យដឹងថា មានមូលហេតុ២សំខាន់ដែលសាសនិកឥស្លាមត្រូវប្រកាន់ខ្ជាប់កាតព្វកិច្ចរបស់ពួកគេ។ មួយគឺជាជំនឿដែលថា ការប្រតិបត្តិនេះនឹងជួយឲ្យពួកគេបានបុណ្យ និងចៀសផុតពីគ្រោះភ័យនានា។ ទី២ គឺការបួសនេះធ្វើឡើងដើម្បីក្រើនរំឭកពីសមភាពរវាងមនុស្សក្នុងសង្គម។
លោក ហាគឹម ឬសង្គ្រាជវិហារថ្លែងថា៖
«ឲ្យបួសដោយសារមនុស្សមានការលោភលន់ រើសអើង មនុស្សកាលណាអ្នកមានអត់ចូលចិត្តមើលអ្នកក្រ ដោយសារយើងអត់មានជួបឧបសគ្គអត់ជួបការលំបាក។ ចឹងឥស្លាមត្រូវតែបួសដើម្បីឲ្យស្គាល់រសជាតិអត់ដូចគ្នា ទោះបីអ្នកណាក៏ដោយ។ ចឹងហើយជាគោលការណ៍ដែលគេចង់បុគ្គលនោះដឹងរសជាតិថាអត់ឃ្លានយ៉ាងណានោះ»។
លោក សាឡេះ ណាស៊ី ជាប្រធានអង្គការមជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា លើកឡើងថា យុវជនខ្មែរឥស្លាមនៅកម្ពុជា នៅតែបន្តប្រារព្ធពិធីបុណ្យស្រាយបួសរ៉ាម៉ាឌននេះយ៉ាងខ្ជាប់ខ្ជួន ដោយសារតែយុវជនទាំងនោះចាត់ទុកថា ការបួសនេះជាកាតព្វកិច្ច របស់សាសនិកមូស្លីម។
«ស្រាយបួសមាន័យថាជាពិធីការហូបអាហារឡើងវិញ ក្រោយពីយើងតមអាហាររយៈពេលមួយថ្ងៃ គឺយើងបានតមអាហារ មុនថ្ងៃរះរហូតដល់ថ្ងៃលិចវិញ។ យុវជននៅតែបន្តធ្វើដូចមុនចឹង យុវជនចាត់ទុកថា ការបួសនេះគឺជាកាតព្វកិច្ចមួយរបស់មូស្លីមទាំង៥»។
លោក សាឡេះ ណាស៊ី បន្តទៀតថា ប្រជាជនខ្មែរឥស្លាមដែលរស់នៅកម្ពុជា ដែលមានចំនួនសរុបប្រមាណ៧៥ម៉ឺននាក់នេះ ភាគច្រើនជាកសិករ និងអ្នកនេសាទ។ ក៏ប៉ុន្តែនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខ្មែរឥស្លាមខ្លះបានក្លាយខ្លួនជាអ្នកជំនួញខ្នាតតូច និងខ្នាតធំ។ ហើយខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម គឺជាខេត្តដែលមាន ប្រជាជនខ្មែរឥស្លាមរស់នៅច្រើនជាងគេបំផុត។
ទីស្តីការគណៈរដ្ឋមន្ត្រីនៃកម្ពុជា ឲ្យដឹងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏គ្រោងនឹងចូលរួមពិធីបុណ្យ«ពិសារអាហារស្រាយបួសខែម៉ារ៉ាឌននៃសាសនាឥស្លាមនៅកម្ពុជា»ជាលើកទី៣នាថ្ងៃអង្គារស្អែកនេះ៕