វ៉ាស៊ីនតោន៖ មេដឹកនាំគណបក្សសង្គ្រោះជាតិគឺលោកសម រង្ស៊ី ជំរះមន្ទិលសង្ស័យពាក់ព័ន្ធ នឹងកិច្ចព្រមព្រៀងបញ្ចប់វិបត្តិនយោបាយ ដោយបញ្ជាក់ថា គណបក្សលោកចូលក្នុងសភាមិនមែនដើម្បីរណបគណបក្សគ្រប់គ្រងប្រទេស តែតតាំងតាមផ្លូវច្បាប់ដើម្បីបម្រើផលប្រយោជន៍ពលរដ្ឋនិងការកែទម្រង់ប្រព័ន្ធប្រជាធិបតេយ្យ។
លោកថ្លែងយ៉ាងដូច្នេះនៅក្នុងពេលលោកអញ្ចើញចូលរួមជាវាគ្មិនក្នុងកម្មវិធីហេឡូវីអូអេកាលពីយប់ថ្ងៃព្រហស្បតិ៍។
លោកអំពាវនាវដល់ពលរដ្ឋឲ្យរង់ចាំមើលគោលជំហរ លទ្ធភាព និងលទ្ធផល ក្នុងដំណាក់កាលថ្មីនៃការប្រយុទ្ធរបស់គណបក្សលោក។
«ហើយបងប្អូនចាំមើលទៅរបៀបប្រឆាំងតាមផ្លូវច្បាប់នេះ នឹងមានប្រសិទ្ធភាព លើសអ្វីៗដែលយើងបានឃើញពីមុនពីព្រោះមិនដែលមានទេស្ថានការណ៍ បែបនេះនៅកម្ពុជា ដែលមានគណបក្សតែពីរគណបក្សធំៗតែពីរតទល់គ្នានៅក្នុងរដ្ឋសភា ហើយជាលើកទី១ហើយដែលកម្លាំងប្រជាធិបតេយ្យ កម្លាំង សេ្នហាជាតិរួបរួមគ្នាទៅជាធ្លុងតែមួយ មានគោលជំហរដូចគ្នា ប្តេជ្ញាចិត្តទាំង អស់គ្នាដើម្បីសង្គ្រោះជាតិ»។
គណបក្សជំទាស់ដែលមានអាសនៈ៥៥ក្នុងចំណោម១២៣បានសម្រេចចិត្ត បញ្ចប់ពហិការចូលប្រជុំសភាវិញដើម្បីបញ្ចប់ការជាប់គាំងនយោបាយជិត មួយឆ្នាំ ក្រោយការបោះឆ្នោតកាលពីថ្ងៃទី២៨ខែកក្កដាឆ្នាំ២០១៤។ គណបក្ស នេះបាន ព្យាយាមឲ្យមានការរៀបចំការបោះឆ្នោតឡើងវិញ កែទម្រង់គណៈ កម្មការជាតិ រៀបចំការបោះឆ្នោត ស្ថាប័នជាតិធំៗតាមបែបផែនប្រជាធិបតេយ្យ។ តែក្រុមប្រជាពលរដ្ឋមួយចំនួនបានរអ៊ូថាអ្វីដែលគណបក្សសង្គ្រោះជាតិបាន ទទួលពីកិច្ចព្រមព្រៀងកាលពីថ្ងៃអង្គារទី២២ ខែកក្កដានោះតិចជាងការរំពឹងទុក ហើយអាចនឹងទំនងជាមិនកើតមានឡើង។
តែលោក សម រង្ស៊ីបានអំពាវនាវថាការចរចាទោះជាមិនអាចសម្រេចបានដូចបំណងមែន ទាំងគណបក្សសង្គ្រោះជាតិនិងគណបក្សប្រជាជនកម្ពុជា តែ សម្រាប់លោកៗបានចាត់ទុកថាជាជោគជ័យមួយ។
«ឥឡូវយើងបានគជបថ្មី គជបត្រឹមត្រូវហើយយើងមានស្ថានីយ៍ទូរទស្សន៍មួយ ទៀត ឃើញថាគណបក្សសង្គ្រោះជាតិគឺបោះជំហានទៅមុខហើយ។អញ្ចឹង ហើយបានខ្ញុំសុំអំពាវនាវបងប្អូនដែលបានគាំទ្រគណបក្សសង្គ្រោះជាតិតាំងពី ដើម យើងត្រូវចាប់ដៃគ្នាបន្តការតស៊ូរបស់យើង។ ការតស៊ូនេះគឺក្នុងរូបភាពថ្មី ក្នុងដំណាក់កាលថ្មី តែគោលជំហរនៅតែដដែល សង្គ្រោះជាតិយើងឲ្យទាល់ តែបាន»។
លោកបានសំដែងការអរគុណនិងមិនភ្លេចដល់ក្រុមអ្នកគាំទ្រនិងពលរដ្ឋដែលលះ បង់ដើម្បីជួយដល់ការផ្លាស់ប្តូរនេះទេ។
«បើយើងមិនបានធ្វើបាតុកម្ម យើងមិនបានបង្ហាញកម្លាំងយើងមានមនុស្សរាប់លាននាក់ ដង្ហែក្បួនតាមផ្លូវថ្នល់ សម្បទានដែលគេឲ្យហ្នឹង ស្មានតែគេឲ្យ ទទេៗ។ ទាល់តែយើងតស៊ូ យើងលះបង់ យើងធ្វើពលិកម្ម គ្នាយើងស្លាប់ គ្នាយើងរបួស គ្នាយើងជាប់គុក។ ក្នុងការតស៊ូមុននឹងបានទទួលផលអ្វីមួយ ទាល់តែមានការលះបង់»។
លោកក៏បានអំពាវនាវដល់ពលរដ្ឋធ្វើការបែងចែកឲ្យដាច់រវាងការចូលក្នុងរដ្ឋាភិបាលដើម្បីទោរទន់ជាមួយគណបក្សកាន់អំណាចនិងការចូលក្នុងសភាដើម្បីប្រយុទ្ធតតាំងគ្នាតាមនីតិវិធីច្បាប់។
«តំណែងនេះគឺតំណែងប្រជារាស្ត្រឲ្យមកយើង យើងមិនទាន់ទៅយកភ្លាម តែយើងត្រូវរៀបចំស្ថានការណ៍ដើម្បីធានាថា យើងចូលទៅប្រយុទ្ធមានប្រសិទ្ធភាព បានយើងចូល។ យើងចូលឆាប់ពេកក៏អត់មានប្រយោជន៍ទេ អាចគ្រោះថ្នាក់។ ឥឡូវនេះ ស្ថានការណ៍វាទុំហើយ បន្ទាប់ពីយើងបានតស៊ូតាមរូបភាពបាតុកម្ម។ហើយឥឡូវវាត្រូវឈានដល់ដំណាក់កាលមួយទៀតមុននឹងសម្រេចចូលហ្នឹងយើងបានចុះកិច្ចព្រមព្រៀងដើម្បីធានារូបមន្តណាមួយ ហើយរូបមន្តមួយចំនួនធ្វើម៉េច ឲ្យយើងមានមធ្យោបាយប្រយុទ្ធ។ ប្រយុទ្ធឈ្នះ បានយើងចូល យើងមិនទៅប្រយុទ្ធដៃទទេទេ ហើយអ្វីដែលយើងត្រូវការគឺយើងបានហើយ។ ការធានានេះ យើងបានហើយ»។
លោកនឹងធ្វើឲ្យមានការកែទម្រង់ដល់ការបោះឆ្នោតមុនគេ ជាអទិភាពនៅពេល ចូលសភាដោយពន្យល់ពីនីតិវិធីខ្លះថា៖
«ឥឡូវនេះយើងមិនមែនត្រឹមធ្វើឲ្យគជបចែងក្នុងច្បាប់ធម្មតាទេគឺឲ្យមានការចែង ក្នុងច្បាប់កំពូល។ ច្បាប់កំពូលហ្នឹងមិនមែនកែបានតាមចិត្ត។ រដ្ឋាភិបាលដឹកនាំ ប្រទេសពីអាណត្តិមួយទៅអាណតិ្តមួយគេសម្រេចតាមមតិភាគច្រើនដាច់ខាត គឺ៥០ភាគរយបូកមួយ តែកាលណាយើងដាក់អ្វីប្រការណាមួយនៅក្នុងរដ្ឋធម្មនុញ្ញ គឺទាមទារឲ្យមានមតិភាគច្រើនយ៉ាងតិច២ភាគ៣ ហើយគណបក្សប្រជាជនកម្ពុជា អត់មានមតិ២ភាគ៣ទេ ត្រូវការគណបក្សសង្គ្រោះជាតិ។ ដូច្នេះការងារអ្វីៗទាំងអស់គឺត្រូវយកយោបល់គណបក្សសង្គ្រោះជាតិយកទៅពិចារណ។ នេះហើយដែលយើងថាយើងបានសម្រេចអ្វីដែលយើងទាមទារ»។
លោកសម រង្ស៊ីក៏បានអះអាងថា ក្រុមមេដឹកនាំកំពូលនៃគណបក្សទាំងពីរក៏បានពិភាក្សាគ្នាបន្ទាប់ពីចូលគាល់ព្រះមហាក្សត្រកាលពីថ្ងៃព្រហស្បតិ៍ថានឹងរៀប ចំមិនឲ្យមានការជាប់គាំងក្នុងរឿងជ្រើសរើសសមាភាពគជបទេ។
«យើងបានសម្រេចថា យើងជ្រើសរើសឲ្យហើយមុនដាក់ចូលសភា។ ដូច្នេះអត់ មានការជាប់គាំងទេ។ យើងដោះស្រាយតាំងពីឥឡូវថាមនុស្សនោះ អាចទុក ចិត្តបាន ឯករាជ្យ ឥតលម្អៀង ធ្វើការត្រឹមត្រូវគឺធ្វើការយោងតាមគតិយុត្តិធម៌។ បើមានសំណុំរឿងណាមួយត្រូវយកមកពិនិត្យដោះស្រាយ អត់មានបញ្ហាថាត្រូវ កាន់ជើងគណបក្សនេះឬគណបក្សនោះទេ។ អ្វីដែលសមរម្យ អ្វីដែលយុត្តិធម៌ ត្រូវតែសម្រេចតាមហ្នឹង។ អញ្ចឹងហើយយើងនឹងដឹង សខ្មៅឆាប់ៗ ខាងមុខនេះ ដឹងពីសមាភាពទាំង៩រូបនៃគជបថ្មី។ នេះហើយដែលធ្វើឲ្យខ្ញុំ និងបងប្អូនដែល តាមដានរឿងនេះជាប់លាប់មានសេចក្តីសង្ឃឹមថាការបោះឆ្នោតលើកក្រោយ មិនមែនដូចការបោះឆ្នោតមុនៗទៀតទេ»។
លោកថ្លែងថា គជបថ្មីនឹងមានអាណត្តិ មានលក្ខន្តិកៈ មានមធ្យោបាយ មាន ថវិកាស្វយ័តចែងនៅក្នុងរដ្ឋធម្មនុញ្ញ ធ្វើកិច្ចការដោយខ្លួនឯង រឿងការចុះឈ្មោះ និងដំណើរការបោះឆ្នោតផ្សេងៗដោយមិនពឹងពាក់ក្រុមប្រឹក្សាឃុំសង្កាត់ដែល៩៨ភាគរយជាសមាជិកគណបក្សប្រជាជនកម្ពុជានោះទៀតទេ។