ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកវិភាគ៖ កំណែទម្រង់​ស្ងាត់ស្ងៀម​របស់​បក្ស​កាន់អំណាច​ផ្តល់​ផល​ដល់​ពលរដ្ឋ


​​ក្រុម​យុវជនសម្ពន្ធ​សេនានាគ​ដែល​ស្មោះ​នឹង​លោក​ហ៊ុន សែន​ចូលរួម​ការ​រំឮកខួប​ទី​៣៧​ឆ្នាំ​ នៃ​ថ្ងៃ​ជ័យជំនះ​ ៧ មករា​ ឆ្នាំ​១៩៧៩​ នៅ​ឯ​ទីស្នាក់កណ្តាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ៧ មករា​ ឆ្នាំ​ ២០១៦។​ (ហ៊ុល រស្មី​/VOA​ Khmer)
​​ក្រុម​យុវជនសម្ពន្ធ​សេនានាគ​ដែល​ស្មោះ​នឹង​លោក​ហ៊ុន សែន​ចូលរួម​ការ​រំឮកខួប​ទី​៣៧​ឆ្នាំ​ នៃ​ថ្ងៃ​ជ័យជំនះ​ ៧ មករា​ ឆ្នាំ​១៩៧៩​ នៅ​ឯ​ទីស្នាក់កណ្តាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ៧ មករា​ ឆ្នាំ​ ២០១៦។​ (ហ៊ុល រស្មី​/VOA​ Khmer)

គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ធ្វើ​កិច្ចការ​មួយ​ចំនួន ​រួមមាន​ ​ការ​ពន្យា​ពេល​ការ​ផាក​ពិន័យ​លើ​ម្ចាស់​យានយន្ត​ ដែល​គ្មានប័ណ្ណ​បើក​បរ​និង​ការ​បញ្ឈប់​ការ​យក​កម្រៃ​ផ្លូវ​មួយ​ចំនួន​ក្នុង​រាជ​ធានី​ភ្នំពេញ​ ​រួម​ទាំង​ផ្លូវ​ជាតិ​លេខ​៤​ផង​ដែរ​ ​នា​ព្រឹក​ថ្ងៃ​ពុធ​នេះ។​ ​

អ្នក​តាម​ដាន​ការ​វិវឌ្ឍ​នយោបាយ​និង​អ្នក​នយោ​បាយ​កម្ពុជា​យល់​ថា​ការ​ព្យាយាម​ផ្លាស់​ប្តូរ​នាពេល​ថ្មីៗ​នេះ​របស់​គណ​បក្ស​កាន់​អំណាច​បាន​ផ្តល់​ផល​វិជ្ជមាន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ ជាពិសេស​ក្នុង​ពេល​ដែលគណបក្ស​ប្រជាជន​កម្ពុជា​ត្រៀម​ខ្លួន​ចូលរួមក្នុង​ការ​ប្រកួត​ប្រជែង​ការបោះឆ្នោត​ឃុំ-​សង្កាត់​នាឆ្នាំ​២០១៧ខាង​មុខ។

គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ធ្វើ​កិច្ចការ​មួយ​ចំនួន ​រួមមាន​ ​ការ​ពន្យា​ពេល​ការ​ផាក​ពិន័យ​លើ​ម្ចាស់​យានយន្ត​ ដែល​គ្មានប័ណ្ណ​បើក​បរ​និង​ការ​បញ្ឈប់​ការ​យក​កម្រៃ​ផ្លូវ​មួយ​ចំនួន​ក្នុង​រាជ​ធានី​ភ្នំពេញ​ ​រួម​ទាំង​ផ្លូវ​ជាតិ​លេខ​៤​ផង​ដែរ​ ​នា​ព្រឹក​ថ្ងៃ​ពុធ​នេះ។​ ​

នៅ​ក្នុង​អង្គសន្និបាត​ ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​អំណាចជាង​៣៥ឆ្នាំ​ ​ក៏​បាន​ទទួល​ស្គាល់​ថា​គណបក្ស​ខ្លួន​បាន​ធ្វើការ​តស៊ូ​ជាមួយ​នឹង​«ក្រុមប្រឆាំង​ លើ​សមរភូមិ​នយោបាយ​ សតិ​អារម្មណ៍​មាន​លក្ខណៈ​កាន់​តែ​ស្រួច​ស្រាល់​ឡើង​ ​និង​មាន​ចរិត​បដិបក្ខ​»​ ​ចាប់​តាំង​ពី​ការ​បោះ​ឆ្នាំ ២០១៣​មក​ ​ហើយ​គណៈកម្មាធិការ​កណ្តាល​ ​របស់​បក្ស​កាន់​អំណាច​ក៏​បាន​ជំរុញ​ឲ្យ​មាន​ការ​កែទម្រង់​មួយ​ចំនួន​ទាក់​ទិន​នឹង​ ​គោល​នយោ​បាយ​ដីធ្លី​ ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ ​ការ​បញ្ចូល​សមាជិក​ថ្មី​របស់​ខ្លួន​ដើម្បី​ត្រៀម​ចូល​រួម​ការបោះ​ឆ្នោត​ឃុំ-សង្កាត់​និង​សាកល​នា​ពេល​ខាង​មុខ​ផង​ដែរ។​ ​លោក​ ហ៊ុន សែន​ក៏​បាន​ព្យាយាម​ប្រើប្រាស់​បណ្តាញ​ទំនាក់​ទំនង​សង្គម​ ​Facebook​ ​និង​ជំរុញ​ឲ្យ​មន្ត្រី​របស់​ខ្លួន​គ្រប់​ជាន់​ថ្នាក់​ប្រើប្រាស់​ក្នុង​ការងារ​របស់​ខ្លួន​ផង​ដែរ។

លោក​ គង់ ភោគប្រធាន​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការ​ស្រាវជ្រាវ​ផ្នែក​យុទ្ធសាស្ត្រ​បាន​យល់​ថា​ការ​ផ្លាស់​ប្តូរ​ទាំង​នេះ​គឺ​ ជា​អ្វី​ដែលគណបក្ស​កាន់អំណាច​គួរតែ​ធ្វើ​ ​ក្នុង​ការប្តូរ​ ​យុទ្ធសាស្ត្រ​ឲ្យ​ស្រប​តាម​ការ​ចង់​បាន​របស់​ប្រជា​ពលរដ្ឋ​ ​ដែល​ចង់​បាន ​«​មន្ត្រី​មួយ​ចំនួន​ដែល​មាន​គំនិត​ថ្មី»។​ ហើយ​ការ​ផ្លាស់​ប្តូរ​នេះវា​ក៏​អាច​«ផ្តល់ផល​ប្រយោជន៍​មួយ​ចំនួន​ដល់​ប្រជាពល​រដ្ឋ​»​ ​ផង​ដែរ​។​

«រាល់​ការ​ធ្វើ​កំណែទម្រង់​ដែល​មាន​ផល​ប្រយោជន៍​ជា​វិជ្ជមាន​ដល់​ប្រជាពល​រដ្ឋ​ក៏​ជា​ផល​ប្រយោជន៍​ដល់​គណបក្ស​កាន់​អំណាច​ដូចគ្នា​ ​ហ្នឹង​គឺ​ជារឿង​មួយ​ ដែល​យើង​ទំាង​អស់គ្នា​បាន​ដឹង​រួចហើយ​។​ អញ្ចឹង​បើសិន​ជា​គោល​នយោបាយ​របស់​គាត់ ​ការផ្លាស់ប្តូរ​របស់​គាត់ វានាំ​ទៅ​ដល់​ផល​ប្រយោជន៍​របស់​គាត់​ ​ហ្នឹង​ជារឿង​មួយ​ដែល​យើង​រំពឹង​ទុក​ហើយ​ ​ថា​នឹង​មាន​ការកើន​ឡើង​នៃ​ការគាំទ្រដល់​គណបក្ស​កាន់​អំណាច។​ ​រឿង​មួយ​ចំនួន​គឺ​វា​ត្រូវការ​ពេល​ដើម្បី​ទៅ​ដោះ​ស្រាយ​ផង​ដែរ​ ឧទាហរណ៍​ពាក់ព័ន្ធ​ ជាមួយ​រឿង​លើ​ដី​សម្បទាន​យើង​ត្រូវ​ធ្វើ​ការសិក្សាឲ្យ​បាន​ជាក់​លាក់​ដែរ​ ថា​ដក​បាន​ឬ​ដក​មិន​បាន​ ពីព្រោះ​វា​អាច​ប៉ះពាល់​ទៅ​ដល់​ក្រុម​ហ៊ុន​ឯក​ជន​ដែរ។​ រដ្ឋាភិបាល​គឺ​ត្រូវ​ប្រយ័ត្ន​ប្រយែង​ទៅ​លើ​រឿង​ហ្នឹង​ដែរ»។​

លោក​ គង់ ភោគ​យល់ថា​ការកែ​ទម្រង់​យុទ្ធ​សាស្ត្រ​ថ្មី​របស់​គណបក្ស​កាន់អំណាច​ ​នេះ​គឺ​ត្រូវ​ការ​ពេល​វេលា​មួយ​ចំនួន​មុន​ពេល​ដែលគេ​អាច​ឃើញ​ពី​លទ្ធ​ផល​នោះ​ ​ហើយ​វា​ក៏​អាច​និង​ទទួល​ផល​តិចតួច​ផង​ដែរ។​

ក៏ប៉ុន្តែ​សម្រាប់​ ​លោក​ អ៊ូ វីរៈ​ នាយក​វេទិកា​អនាគត​ដែល​ជា​មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ​គោល​នយោបាយ​ក្នុង​ស្រុក​មួយ​យល់​ថា​ គោល​នយោបាយ​យុទ្ធសាស្រ្ត​របស់​គណបក្ស​កាន់​អំ​ណាច​គឺ​មិន​មាន​អ្វី​ថ្មី​ទេ​ ​ហើយ​អ្វី​ដែល​គួរឲ្យ​ចាប់​អារម្មណ៍នោះ​គឺ​គួរ​មានការ​ផ្លាស់ប្តូរ​មន្ត្រី​ដែល​អសកម្ម​នៅ​ក្នុង​គណៈ​រដ្ឋ​មន្ត្រី​និង​ការ​កែ​ប្រែ​គោល​នយោបាយ​សង្គម​មួយ​ដែល​អាច​ផ្តល់​ផល​ប្រយោជន៍​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ។​

​លោក​យល់ថា​គោល​នយោ​បាយ​ថ្មី​ ​របស់​គណ​បក្ស​កាន់​អំណាច​បានដាក់​នៅ​ក្នុង​អង្គ​ប្រជុំ​ខ្លួន​ដែល​បញ្ចប់​កាល​ពីថ្ងៃ​អាទិត្យ​នេះ​ឆ្លុះ​បញ្ចាំង​ពី​ការភ័យខ្លាច​របស់​គណបក្ស​កាន់​អំណាច។

«អត់​មាន​ន័យ​ថា​មានការ​កំណែ​ទម្រង់​នោះ​ទេ​ ​ប៉ុន្តែ​មានន័យ​ថា​គណបក្ស​ប្រជាជន​ភ័យ​ខ្លួន​ជាង​មុន​ មិន​ដូច​កាល​មុន​ជិះ​សេះ​លែង​ដៃ​ ទាំងស្រុង​ អត់ខ្វល់​ អត់អី​អញ្ចឹង​ណាស់​ តែ​គ្រាន់​តែ​ថា​ឥឡូវ​គឺ​ឲ្យ​ខ្វល់​ជាង​មុន។​ ក៏​ប៉ុន្តែ​មិនមាន​អ្វី​ដែល​ដូរ​ជា​រចនា​សម្ព័ន្ធ​ ​ឬ​ជា​ប្រព័ន្ធ​នោះ​ទេ។​ អ្វី​ដែល​យើង​ចង់​ឃើញ​ដូរ​ជាប្រព័ន្ធ​ គឺ​ត្រូវការ​ដូរ​បុគ្គល​មួយ​ចំនួន​នៅ​ក្នុង​ថ្នាក់​ដឹក​នាំ​ ជា​ពិសេស​គឺ​គណៈ​រដ្ឋមន្ត្រី​តែ​ម្តង​ ហើយ​ហ្នឹង​ ​បន្ទាប់​ពី​ហ្នឹង​ទៅ​គឺ​ត្រូវ​មាន​គោល​នយោបាយ​ឬ​គម្រោង​ច្បាស់លាស់​ដែល​ខុស​ពី​ឥឡូវ។​ ​ឥឡូវ​នេះ​យើង​មើល​ ​បរាជ័យ​នៅ​តុលាការ​យុត្តិធម៌​ បរាជ័យ​រឿង​ដីធ្លី ​រឿង​ដី​សម្បទាន​សេដ្ឋកិច្ច​ ​គ្រប់​គ្រង​មិន​បាន​ទេ​ ​បរាជ័យ​រឿង​ព្រៃ​ឈើ​ សុទ្ធតែ​ជា​រឿង​គួឲ្យ​ឈឺ​ក្បាល​បំផុត»​។ ​

យោង​តាមយោង​តាម​ឯកសារ​កម្រាស់​ ​៤៩​ទំព័រ​ ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ត្រូវ​បាន​គេ​ចែកចាយ​តាម​រយៈ​ ​សារ​អេឡិក​ត្រូនិក​ឬ​Email​ ​បាន​ឲ្យដឹង​ថា​គណបក្ស​ ប្រជាជន​កម្ពុជា​របស់​លោក​ហ៊ុន សែន​បាន​រៀបចំ​យុទ្ធសាស្ត្រ​ថា្នក់​ជាតិ​មួយ​ដើម្បី​ពង្រឹង​ការ​អនុវត្ត​របស់​មន្ត្រី​គណបក្ស​ខ្លួន​ ទប់​ទល់​នឹង​គណបក្ស​ជំទាស់​ក៏​ដូច​ជា​ត្រៀមខ្លួន​ក្នុងការ​បោះឆ្នោត​ឃុំ​-សង្កាត់​នា​ខែ​ឧសភា​ឆ្នាំ​២០១៧​ផង​ដែរ។​ ក្នុង​នោះ​ដែរ​ក៏​មាន​ ​ការបញ្ចូល​និង​បណ្តុះ​បណ្តាល​ក្រុម​យុវជន​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​សមាជិក​សរុប​របស់​ខ្លួន​កើន​ដល់​ ៥,៤ ​លាន​នាក់​ទូទាំង​ប្រទេស។​

លោក​ សុខ ឦសាន​ ​អ្នកនាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ទទួល​ស្គាល់​ថា​គណបក្ស​របស់​ខ្លួន​បាន​ត្រៀម​បញ្ចូល​សមាសភាព​យុវជន​មួយ​ចំនួន​សម្រាប់​ឈរ​ឈ្មោះ​ក្នុង​ការបោះ​ឆ្នោត​ឃុំ-សង្កាត់​នា​ពេល​ខាង​មុខ ក៏​ប៉ុន្តែ​លោក​មិនអាច​ប្រាប់​ពី​ចំនួន​ជាក់​លាក់​នោះ​ទេ។​ ​លោក​ថា​ការ​ផ្លាស់​ប្តូរ​នេះ​មិន​មាន​ន័យថា​គណបក្ស​កាន់​អំណាច​មាន​ ​«ការ​ភ័យ​ខ្លាច​នោះ​ទេ»​ក៏​ប៉ុន្តែ​ជា​ការ​ត្រៀម​បេក្ខជន​ទៅជំនួស​មន្ត្រី​របស់​ខ្លួន​ដែល​មាន​វ័យ​ចំណាស់។​

«គ្រាន់​តែ​ថាជំរុញ​ ​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​ដាក់​បេក្ខជន​ក្នុង​ ​បញ្ជីរាយ​នាម​បោះ​ឆ្នោត​ ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ឲ្យ​មាន​បញ្ចូល​យុវជន​ទៅ​តាម​សភាព​ការណ៍​ជាក់​ស្តែង ​ហើយ​មាន​សមាសភាព​នារី​ឲ្យ​បាន​ច្រើន។​ មន្ត្រី​របស់​យើង​គឺ​ចាស់ៗ​អស់​ អញ្ចឹង​ ​ហើយ​គឺ​យើង​ត្រូវ​ការ​អ្នក​បន្ត​វេន»។​

លោក ​យឹម សុវណ្ណ ​អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិដែល​មាន​សំឡេង​ភាគ​តិច​ក្នុង​រដ្ឋសភា ​បាន​សារទរ​ចំពោះ​ការផ្លាស់ប្តូរ​និង​ការត្រៀមខ្លួន​របស់​គណបក្ស​កាន់អំណាច​ដែល​ជា​ដៃគូប្រជែង​របស់​ខ្លួន​ដោយ​សារតែ​វា​នឹង​អាច​ផ្តល់​ប្រយោជន៍​ដល់​ប្រជាពល​រដ្ឋ​កម្ពុជា​ដែល​ជា​ម្ចាស់​ឆ្នោត​នោះ។​ ​ យ៉ាង​ណា​ក៏​ដោយ​លោក​ក៏បាន​បញ្ជាក់​ផង​ដែរថា​៖​

«ទេ​!យើង​ខំ​ធ្វើ​ការងារ​យើង​ គេ​ខំ​ធ្វើ​ការងារ​គេ។​ គេ​រៀបចំ​បេក្ខជន​យ៉ាង​ម៉េច​ហ្នឹង​គឺជា​សេចក្តី​សម្រេច​របស់​ គណ​បក្ស​នយោបាយ​ ប៉ុន្តែ​ចំពោះ​យើង​ យើង​ក៏​មាន​សកម្មភាព​របស់​យើង​ដែល​ធ្វើទៅ​ដើម្បី​ឈាន​ទៅ​បោះឆ្នោត​ ​ដើម្បី​ទាញ​ការ​គាំទ្រ​ពី​ប្រជា​ពលរដ្ឋ។​ ​ហើយ​ជា​ពិសេស​ទៀត​ ​ពីមួយ​ថ្ងៃ​ទៅមួយ​ថ្ងៃ​យើង​ខិតខំ​ ​ចម្រាញ់​យក​ធនធាន​មនុស្ស​ដ៏​ល្អ​ ​ដែល​មាន​ប្រជាប្រិយភាព​ ​ដែល​ប្រជាជន​គាំទ្រ ដែល​មាន​សមត្ថភាព​ អាច​នឹង​ដឹកនំា​ឃុំ-សង្កាត់​ដើម្បី​បម្រើ​ប្រជារាស្ត្រ​និង​ប្រទេស​ជាតិ»។​

ការបោះ​ឆ្នោតជាតិ​ក្នុង​ខែ​កក្កដាឆ្នាំ​២០១៣​កន្លង​ទៅ​បាន​ធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​អាសនៈ​សភា​កើនឡើង​ដល់​ទៅ​ចំនួន​ ៥៥​ ខណៈពេល ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ដែល​ជា​គណបក្ស​កាន់​អំណាច​របស់​លោក​ ហ៊ុន សែន បាន​ធ្លាក់​មកចំនួន​ ៦៨​ អាសនៈ​។​ ​អ្នក​ឃ្លាំ​មើល​ការ​បោះឆ្នោត​និង​ការវិវឌ្ឍ​នយោបាយ​កម្ពុជា​យល់ថា​ការបោះឆ្នោត​ឃុំ-សង្កាត់​នា​ខែ​ឧសភាឆ្នាំ​២០១៧​និង​ការបោះ​ឆ្នោត​សកល​ដើម្បី​ជ្រើស​រើស​តំណាង​រាស្ត្រ​នា​ឆ្នាំ​២០១៨​ខាង​មុខ ​និង​អាច​មាន​ការប្រឈមខ្លាំង​រវាង​គណ​បក្ស​ធំៗ​ទាំង​ពីរ​ដែល​មាន​ អាសនៈក្នុង​រដ្ឋសភា៕

XS
SM
MD
LG