គណបក្សប្រជាជនកម្ពុជាចាប់ផ្តើមពង្រីកឥទ្ធិពលរបស់ខ្លួននៅក្រៅប្រទេស ជាពិសេសនៅស.រ.អា. និងនៅតំបន់អឺរ៉ុប។ ការពង្រឹងនេះធ្វើឡើងតាមរយៈស្ថានទូត និងទស្សនកិច្ចរបស់កូនប្រុសលោកហ៊ុន សែន ជាពិសេសគឺលោកហ៊ុន ម៉ាណែតដែលជាកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាអ្នកដែលមតិជាច្រើនសន្និដ្ឋានថា កំពុងស្វែងរកការគាំទ្រដើម្បីបន្តតំណែងពីឪពុករបស់លោក។
នៅស.រ.អា.ការជួបជុំរបស់អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាកម្ពុជាមានទ្រង់ទ្រាយជាពិធីសំណេះសំណាលនិងជប់លៀងផ្សេងៗ ជាពិសេសខួបថ្ងៃ៧មករាដែលគណបក្សនេះអះអាងថា ជាថ្ងៃកំណើតជាទី២ និងជាជ័យជម្នះរបស់គណបក្សនេះ និងរបស់ប្រជាជនកម្ពុជាទាំងមូលលើរបបប្រល័យពូជសាសន៍ខ្មែរក្រហម។
លោកជុំ ប៊ុនរ៉ុង ឯកអគ្គរាជទូតកម្ពុជានៅស.រ.អា.ដែលធ្វើអធិបតីនៃទិវាអបអរថ្ងៃ៧មករានៅទីក្រុង Philadelphia រដ្ឋ Pennsylvania បានស្រង់សេចក្តីថ្លែងការណ៍របស់ស្ថានទូតស.រ.អា.នៅកម្ពុជា ប្រាប់អ្នកចូលរួមថា ៧មករាជាថ្ងៃជ័យជម្នះរបស់ប្រជាពលរដ្ឋកម្ពុជា។
«អ្វីដែលយើងចាប់អារម្មណ៍បំផុតនោះគឺឆ្នាំនេះរដ្ឋាភិបាលអាមេរិកាំងទទួលស្គាល់ថ្ងៃ៧មករាជាថ្ងៃជ័យជម្នះរបស់ប្រជាជននិងមនុស្សជាតិអំពីប្រល័យពូជសាសន៍។ នេះជាចំណុចសំខាន់មួយ ដែលត្រូវជម្រាបបងប្អូនឲ្យបានជ្រាប ព្រោះខ្លះអត់ដឹងទេ។ ខ្លះថា ៧មករាជាថ្ងៃរបស់គណបក្សប្រជាជនតែឯង គឺមិនមែនទេ! ថ្ងៃ៧មករាជាថ្ងៃជ័យជម្នះទាំងអស់គ្នាគឺថ្ងៃបុណ្យជាតិ។ ជយោ! ៧មករា»។
លោកឯកអគ្គរាជទូតឲ្យដឹងថា ខ្មែរក្រហមបានដាក់គុកលោកនៅខេត្តកំពង់ធំ ព្រោះលោកធ្វើជាប៉េអឹមនៅសម័យសាធារណរដ្ឋខ្មែររបស់លោកសេនាប្រមុខលន់ នល់។ លោកបានរួចជីវិតដោយសារខ្មែរក្រហមត្រូវការឲ្យលោកធ្វើជីរលេខមួយគឺជីរលាមក។
«ចេញពីគុកមក គេឲ្យធ្វើជីរលេខមួយ ប្រធានជីរលេខមួយ។ នៅស្រុងហ្នឹងខ្វះអ្នកធ្វើជីរលេខមួយ ព្រោះគេខ្ពើម។ ម៉្លោះហើយបានជាខ្ញុំ ចៃដន្យគេឲ្យរស់តែម្នាក់ឯងគត់»។
លោកស៊ុននី សៀក សែម ប្រធានសាខាគណបក្សប្រជាជនកម្ពុជារដ្ឋNew Jersey ឲ្យដឹងថា កម្មវិធីអបអរ៧មករាត្រូវធ្វើនៅថ្ងៃទី១០វិញដើម្បីឲ្យចំថ្ងៃសម្រាកពីធ្វើការដោយមានអ្នកចូលរួមជាង៣០០នាក់នៅហាង Saigon Maxim។
«ភាគច្រើនបងប្អូនយើងតែងតែយល់ថា ៧មករាជាថ្ងៃយួនចូលស្រុក មកយកស្រុកខ្មែរយើងនោះ អញ្ចឹងបានខ្ញុំទាំងអស់គ្នា បងប្អូនខ្មែរនៅស.រ.អា. តែងតែព្យាយាមរួបរួមគ្នាពន្យល់បងប្អូនឲ្យយល់ថា ៧មករាមិនមែនជាថ្ងៃអបអរយួនចូលស្រុកទេ។ ៧មករាគឺជាថ្ងៃដែលខ្មែរយើងបានរស់ជីវិតទី២វិញ»។
លោកឲ្យដឹងថា ពេលលោកហ៊ុន ម៉ាណែតមកជួបអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជានៅប្រទេសកាណាដា លោកបានអញ្ជើញលោកហ៊ុន ម៉ាណែតមកចូលរួម តែលោកជាប់រវល់មិនអាចមកបាន។
«បើគាត់បានអញ្ជើញមកវិញ ពិតជាក្រុមសាខាបក្សនិងក្រុមយុវជនពិតជាសប្បាយចិត្តណាស់ ព្រោះម្នាក់ៗទន្នឹងរង់ចាំជួបគាត់គ្រប់ៗគ្នា»។
លោកនិយាយថា លោកចង់សួរលោកហ៊ុន ម៉ាណែតថា មានច្បាប់ទប់ស្កាត់ព័ត៌មានមិនពិតនិយាយបំផ្លើសបែបអវិជ្ជមានខុសសភាពការណ៍ពិតនៅកម្ពុជា ដែលនាំឲ្យសង្គមខ្មែរនៅបរទេសច្របូកច្របល ធ្វើឲ្យអ្នកខ្លះមិនហ៊ានទៅលេងស្រុកកំណើត។
«ខ្ញុំ ចំពោះខ្លួនខ្ញុំ តែងតែចង់សួរគាត់ពីរឿងដែលកើតឡើងនៅស្រុកខ្មែរ ហើយមានព័ត៌មានក្លែងក្លាយចេញមកក្រៅប្រទេសហ្នឹងធ្វើឲ្យខ្មែរយើងចលាចល។ ចង់ដឹងថា ខ្មែរយើង តើអាចមានច្បាប់បញ្ចប់ការបំផ្លើសបញ្ចេញព័ត៌មានក្លែងក្លាយបានឬទេ?»
លោកឯកអគ្គរដ្ឋទូតបន្ថែមថា លោកបេសកកម្មរបស់លោកគឺធ្វើឲ្យរដ្ឋាភិបាលអាមេរិកដឹងពីការណ៍ពិតនៅកម្ពុជាដែលនាំទៅរកការទាក់ទាញទេសចរ វិនិយោគិន ជំនួយ និងកិច្ចសហប្រតិបត្តិការច្រើនថែមទៀត។
ការជួបជុំរបស់គណបក្សប្រជាជនកម្ពុជាច្រើនជាពិធីសំណេះសំណាលជប់លៀង។
តែការជួបជុំរបស់អ្នកប្រឆាំង ច្រើនតែជាការធ្វើបាតុកម្ម។
អ្នកប្រឆាំងថ្ងៃ៧មករានិយាយថា ថ្ងៃ៧មករាជាថ្ងៃឈ្លានពានរបស់វៀតណាមហើយថា សោកនាដ្ឋកម្មនៅប្រទេសកម្ពុជាជាឆាកល្ខោនរៀបចំដោយវៀតណាម។
ក្នុងកម្មវិធី Hello VOA នៅថ្ងៃច័ន្ទ លោកសម រង្ស៊ី បានឲ្យដឹងថា លោកមិនបារម្ភអំពីការពង្រឹងឥទ្ធិពលរបស់គណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស តាមរយៈដំណើរទស្សនកិច្ចរបស់កូនលោកហ៊ុន សែននិងឥទ្ធិពលស្ថានទូតនោះទេ។
«ខ្ញុំជឿថា ប្រជារាស្ត្រខ្មែរអស់ជំនឿលើគណបក្សប្រជាជនហើយ ទោះជាចង់និយាយអី ចង់ព្រោកប្រាជ្ញាចង់សន្យាអី គេអស់ជឿហើយ។ ដូច្នេះមិនចាំបាច់គណបក្សប្រជាជនទៅទំនាក់ទំនងបញ្ជូនអ្នកតំណាងទៅដល់ទីណាទេ»។
លោកនិយាយថា បញ្ហាពុករលួយ ការបាត់បង់ទឹកដីទៅប្រទេសជិតខាង ការ បាត់បង់ព្រៃឈើ សប្បទានគ្មានតម្លាភាព បានធ្វើឲ្យប្រជាជនកម្ពុជាបាត់បង់ជំនឿ។
លោកសោម គាឡី ស្ថាបនិក គណបក្សប្រជាជនកម្ពុជានៅទីក្រុង Philadelphia និយាយថា ពេលបង្កើតសាខាគណបក្សប្រជាជនកម្ពុជាពីដំបូង នៅទីក្រុង Philadelphia លោកប្រឈមនឹងបញ្ហានិងការចោទប្រកាន់ជាច្រើន ដូចជាថា លោកធ្វើតាមរបបកុម្មុយនិស្ត ឬ ធ្វើតាមវៀតណាម ហើយថា រដ្ឋាភិបាលឲ្យលុយលោក។ លោកនិយាយថា តាមពិតលោកមិនចំណេញថវិកាអ្វីទេ មានតែចេញលុយហោប៉ៅខ្លះផង។ លោកធ្វើដូច្នេះដោយសារលោកមានឆន្ទៈថា ៧មករាផ្តល់កំណើតទីពីរដល់លោក។
«កម្មវិធីនេះ ពេលយើងធ្វើដំបូង គណបក្សប្រឆាំងគេថា យើងហ្នឹង រណបអ្នកនេះ រណបអ្នកនោះ។ ក៏ប៉ុន្តែយើងយល់ថា យើងបង្កើតនេះព្រោះថា ប្រជាជនខ្មែររបស់យើងបានរួចជីវិតរស់ជាលើកទី២»។
លោកសោម គាឡី និយាយថា គណបក្សប្រជាជនកម្ពុជានៅស.រ.អា.មានការគាំទ្រស្ទុះឡើង ហើយកម្មវិធីសំណេះសំណាលរបស់គណបក្សនេះធ្វើឡើងដោយជោគជ័យជារៀងរាល់ឆ្នាំនៅទីក្រុង Philadelphia៕