ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មាន​សំណួរ​ចោទ​អំពី​«អ្នក​ស្ម័គ្រ​ចិត្ត​​ខាង​​កិច្ចការ​​កុងស៊ុល‍»’​របស់​ចិន


រូបឯកសារ៖ ច្រកទ្វារខាងក្រៅស្ថានទូតចិននៅទីក្រុង Helsinki ប្រទេសហ្វាំងឡង់។
រូបឯកសារ៖ ច្រកទ្វារខាងក្រៅស្ថានទូតចិននៅទីក្រុង Helsinki ប្រទេសហ្វាំងឡង់។

ការដាក់​ពង្រាយអ្វី​ដែលហៅ​ថា​«អ្នក​ស្ម័គ្រ​ចិត្តខាងកិច្ចការកុងស៊ុល»ដោយ​បេសកកម្ម​ការទូត​ចិននៅ​ប្រទេស​ក្រៅ​បាន​នាំ​ឱ្យមាន​កំណើនកង្វល់​ក្នុងចំណោម​អ្នកវិភាគនិង​អ្នក​តាមមើល​ស្ថានការណ៍​ខ្លះ​ដែលយល់​ថា ​សកម្មភាពទាំង​នេះ​ជា​ផ្នែក​មួយ​នៃ​«រចនាសម្ព័ន្ធ​ដ៏​មាន​វិសាលភាព»នៅ​ឯ​ក្រៅ​ប្រទេស​របស់​គណបក្ស​កុម្មុយនីស្ត​ចិន ហើយបារម្ភ​ថាសកម្មភាព​ទាំង​នេះអាច​ត្រូវ​ប្រើ​ដើម្បីតាម​ឃ្លាំ​មើល​ពួក​អ្នកប្រឆាំង ដែល​ជា​អ្វីរដ្ឋាភិបាល​ក្រុង​ប៉េកាំង​បានបដិសេធ។

អ្នកស្រី Chung Ching Kwong ជាសហ​អ្នកនិពន្ធ​នៃ​របាយការណ៍មួយ​កាល​ពី​ពេល​ថ្មីៗ​នេះអំពី​ពួកអ្នក​ស្ម័គ្រ​ចិត្តខាងកិច្ចការកុងស៊ុល​ចិន ​ដោយ​ក្រុម​ការពារ​សិទ្ធិមនុស្ស Safeguard Defenders មានមូលដ្ឋាននៅ​អឺរ៉ុប។ អ្នកស្រីបាន​និយាយ​ថា៖ «ពួក​គេ​មិនមែនជា​«ចារជន‍»​ទេ ពីព្រោះ​ពួកគេ​មិន​បានធ្វើ​ចារកម្ម​ដោយផ្ទាល់​ឡើយ។ តែ​ពួក​គេ​ធ្វើ​សកម្មភាព​ក្រោម​ឥទ្ធិពល​បរទេស»។

អ្នកស្រី​បាន​និយាយ​ប្រាប់​វីអូអេតាម​អ៊ីមែលថា៖ «ពួក​គេ​នៅ​តែ​អាចធ្វើ​ប្រតិបត្តិការនិង​ជួយ​អាជ្ញាធរ​យក​ក្រុម​អ្នក​ប្រឆាំង​ជា​ទីដៅ​ ដូច​ជា​ប្រមូលព័ត៌មាន​ផ្ទាល់ខ្លួន​របស់​ពួក​មនុស្ស​ដែល​ទាក់ទង​ជាមួយ​ពួកគេ​ឬ​ប្រមែលប្រមូល​មនុស្សឱ្យ​ចូលរួម​ក្នុង​បាតុកម្ម​ជា​ដើម»។

របាយការណ៍​នេះ​របស់អង្គការ Safeguard Defenders មាន​ឡើង​នៅ​ក្រោយ​មាន​បទបញ្ញត្តិ​ថ្មីៗ​អំពី​«ការ​ការពារ​និង​ជំនួយខាង​កុងស៊ុល»ពី​ក្រុមប្រឹក្សា​រដ្ឋនៃ​ប្រទេស​ចិនដែលបាន​ចូល​ជា​ធរមាន​កាលពី​ខែ​កញ្ញា។

គេហទំព័ររបស់​រដ្ឋាភិបាល​ចិន​បង្ហាញ​អំពី​បណ្តាញពួក​អ្នក​ស្ម័គ្រចិត្ត​ខាង​កិច្ចការ​កុងស៊ុលរីកចម្រើន​បែប​ណាក្នុងរយៈពេលច្រើន​ឆ្នាំ​មក​នេះ ​ជា​មួយ​កំណត់​សម្គាល់​អំពីការជ្រើសរើស ការ​ហ្វឹកហ្វឺន​ និង​ពិធីផ្តល់​រង្វាន់នៅ​ប្រទេស​ជប៉ុន ហ្វាំងឡង់ អ៊ីតាលី បារាំង អង់ហ្គោឡា ម៉ាឡេស៊ី​ សាធារណរដ្ឋ​ឆែក បុស្វាណានិង​ប្រទេសជា​ច្រើន​ទៀត។

នៅក្នុងក្រុង Johannesburg ដែល​ជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ចនៃ​ប្រទេស​អាហ្វ្រិក​ខាងត្បូង ស្ថាន​អគ្គ​កុងស៊ុលចិន​បាន​ចាត់ចែងការ​ប្រជុំ​ប្រចាំ​ឆ្នាំ​សម្រាប់​អ្នកស្ម័គ្រ​ចិត្ត​ខាង​កិច្ចការ​កុងស៊ុលជាង​២០នាក់​កាល​ពី​ខែកក្កដា។

នៅ​ក្នុង​សុន្ទរកថារបស់​លោក​ទៅកាន់​ពួក​អ្នកស្ម័គ្រ​ចិត្ត​ទាំង​នេះ លោក Tang Dongzhong (ថាង ដុងជុង) អគ្គកុងស៊ុល​ចិន​បានថ្លែង​ថា​ ​លោក​សង្ឃឹម​ថា ​ពួក​អ្នក​ស្ម័គ្រចិត្ត​ទាំងនេះ​នឹង​ជួយ​ស្ថាន​អគ្គ​កុងស៊ុល​«កសាង​«ផែនការរួមបញ្ចូលវិស័យ​ប្រាំ‍»​នៃ​ប្រព័ន្ធ​ការពាររួម​និងប្រឹងប្រែង​គ្មាន​ឈប់ឈរ​ដើម្បី​ការពារ​សុវត្ថិភាព​និង​សិទ្ធិ​និង​ផលប្រយោជន៍​ត្រឹមត្រូវ​តាមច្បាប់​នៃពលរដ្ឋ​ចិន»។

បើតាម​គេហទំព័រ​របស់​រដ្ឋាភិបាល​ចិន​ថា​ «ផែនការរួមបញ្ចូលវិស័យ​ប្រាំ‍»ដែល​ត្រូវ​បាន​ប្រកាស​កាល​ពីឆ្នាំ២០១២ មាន​ន័យ​ដើម្បីជំរុញ​«លទ្ធិសង្គមនិយមមាន​លក្ខណៈ​ចិន ​ដែល​គ្របដណ្តប់​លើវិស័យ​សេដ្ឋកិច្ច នយោបាយ វប្បធម៌ សង្គម ​និង​ការ​អភិវឌ្ឍសេដ្ឋកិច្ចដោយ​គិត​គូរអំពី​បរិស្ថាន»។

ការឆ្លើយ​តប​ដោយប្រទេស​ចិន

នៅ​ពេល​ត្រូវ​វីអូអេទាក់ទង​ ស្ថានទូតនិង​ស្ថានកុងស៊ុលចិន​នៅ​អាហ្វ្រិក​ខាងត្បូង​មិន​បាន​ឆ្លើយតបនឹង​ការ​សុំ​អត្ថាធិប្បាយជា​ច្រើន​ដង។​ ប៉ុន្តែ​កន្លង​មក រដ្ឋាភិបាលចិន​បាន​ការពារ​ខ្លួន​ឯង​ពី​ការ​រិះគន់​ចំពោះ​បណ្តាញ​អ្នកស្ម័គ្រ​ចិត្ត​ខាងកិច្ចការ​កុងស៊ុលរបស់​ខ្លួន។

នៅកាណាដា អ្នកនាំពាក្យ​ម្នាក់​នៃ​ស្ថាន​អគ្គកុងស៊ុល​ចិន​ប្រចាំ​ក្រុង Vancouver ប្រទេស​កាណាដា បាននិយាយ​កាល​ពី​ឆ្នាំ២០១៩​ថា ​ពលរដ្ឋ​ចិន​ដែល​បាន​ធ្វើដំណើរ​ទៅ​កាណាដា​បាន​ជួប​ប្រទះ​«គ្រោះថ្នាក់​ មានជំងឺ​ភ្លាមៗ មានការ​បន្លំ​ខាង​គមនាគមន៍​និងការរំលោភ​បទ​ព្រហ្មទណ្ឌ​ឯទៀត»។

អ្នក​នាំ​ពាក្យ​រូប​នេះ​បាន​បន្ថែម​ថា៖ «ជា​ការសម​ហេតុផល​ដែល​ជួល​ជនជាតិ​ចិន​នៅ​ប្រទេស​ក្រៅ​ឱ្យ​ធ្វើ​ជា​អ្នក​ស្ម័គ្រចិត្ត​ខាង​កិច្ចការ​កុងស៊ុល​ដើម្បី​ជួយស្ថាន​អគ្គកុងស៊ុល​ឱ្យ​ផ្តល់​ជំនួយ​ទាន់​ពេលវេលា និង​មាន​ប្រសិទ្ធភាពដល់​ពលរដ្ឋ​ចិន​នៅក្រៅ​ប្រទេសដែល​ត្រូវការ​ជំនួយតាមរយៈ​ច្បាប់​និង​បទបញ្ញត្តិ»។

នៅ​ក្រោយ​ការ​ចេញ​ផ្សាយរបាយការណ៍របស់​អង្គការ Safeguard Defenders អ្នក​នាំពាក្យ​ស្ថានទូត​ចិន​នៅ​ក្រុងព្រុចសែល​បាន​តបត ដោយ​និយាយថា ​គ្មានអ្វី​អាក្រក់​អំពី​ប្រព័ន្ធ​អ្នក​ស្ម័គ្រចិត្ត​ទេ។

អ្នកនាំ​ពាក្យរូប​នេះបានថ្លែង​ថា៖ «ដើម្បី​ដោះស្រាយករណី​ទាក់ទិន​នឹង​ពលរដ្ឋ​ចិន​ឱ្យ​ទាន់​ពេលវេលា​និង​មាន​ប្រសិទ្ធភាព​និង​បម្រើសាធារណជនឱ្យ​បាន​ល្អ ​អ្នក​ស្រឡាញ់ជាតិ​ចិន​ខ្លះដែល​រស់នៅ​និង​ធ្វើការនៅ​បែលហ្ស៊ិកបាន​ស្នើផ្តល់​ជំនួយចាំបាច់​ដោយស្ម័គ្រចិត្ត​ដល់​ស្ថានទូតក្នុង​ការ​ផ្តល់​កិច្ចការពារ​ខាង​កុងស៊ុល»។​

អ្នក​នាំ​ពាក្យ​នេះបាន​និយាយ​ទៀត​ថា៖ «នៅ​ពេល​ផ្តល់សេវាស្ម័គ្រចិត្ត ពួក​គេបាន​គោរពច្បាប់​និងបទបញ្ញត្តិ​ក្នុង​មូលដ្ឋាន។ សេវា​ទាំងនេះមិន​ទាក់ទិន​ជាមួយមុខ​នាទី​ស្ថានកុងស៊ុល​ទេ»។

ព័ត៌មាននិងការ​ប្រកាស​ជ្រើសរើសអ្នកស្ម័គ្រចិត្ត​មាន​ផ្សព្វផ្សាយជាសាធារណៈ​តាម​គេហទំព័ររបស់រដ្ឋាភិបាល​ចិន។

អ្នកនាំ​ពាក្យរូប​នេះនៃ​ស្ថានទូត​ចិន​ប្រចាំ​ក្រុង​ព្រុចសែលបាន​និយាយ​ថា៖ «យើងសុំដល់សារព័ត៌មាន​និង«អង្គការ​ក្រៅ​រដ្ឋាភិបាល»ពាក់ព័ន្ធ​កុំ​ឱ្យ​លម្អៀងនិង​ឱ្យ​យល់ពេញលេញ​អំពី​លក្ខណៈល្អ​នៃ​សេវា​ជំនួយ​ស្ម័គ្រចិត្ត​ខាងកុងស៊ុល និង​សុំ​ឱ្យ​ទប់​ចិត្ត​កុំ​ធ្វើ​សកម្មភាព​កុហក​និង​ផ្សាយ​ពាក្យ​ចចាមអារ៉ាមទាក់ទិន​នឹង​ប្រទេស​ចិន។ ​មាន​ការ​ធ្វើ​សកម្មភាព​ស្រដៀង​គ្នានេះ​ដែរ​នៅ​ក្នុង​ប្រទេស​ឯទៀតៗ»។​

សហរដ្ឋ​អាមេរិក​មានអ្វី​ដែល​ខ្លួន​ហៅ​ថា​«ក្រុមអ្នកស្ម័គ្រចិត្តទាក់ទង​នឹង​ពលរដ្ឋ»ដែលជួយ​ស្ថានទូត​អាមេរិក​ឱ្យ​ជួយ​ពលរដ្ឋរបស់​ពួកគេនៅ​ប្រទេស​ក្រៅ។ ការនិយាយអំពី​កម្មវិធី​បែប​នេះមាន​ផ្សព្វផ្សាយលើ​គេហទំព័រ​ស្ថានទូតអាមេរិកមួយ​ចំនួន​ មានរួម​ទាំងគេហទំព័រស្ថានទូត​អាមេរិក​នៅ​ប្រទេស​ចិន​ដែរ។

ការ​រៀបរាប់​អំពីមុខ​នាទី​នៅ​លើ​គេហទំព័រ​ស្ថានទូត​និងស្ថានកុងស៊ុល​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ប្រទេស​ចិន​ចែង​ថា​«ក្រុមអ្នកស្ម័គ្រចិត្តទាក់ទង​នឹង​ពលរដ្ឋ​ (CLVs) ​ជា​ពលរដ្ឋ​ឯកជនដែល​ជួយស្ថានទូត​ឱ្យ​ជួយពលរដ្ឋ​អាមេរិក​ដែលមាន​សេចក្តី​ត្រូវការ។ ពួកគេជួយ​ពួក​អ្នក​ធ្វើដំណើរដែល​មានការពិបាក​ធ្ងន់ធ្ងរ​ ជួយ​តាមដាន​រកពលរដ្ឋ​អាមេរិក​បាត់ខ្លួន ហើយ​នៅ​ពេល​មាន​មហន្តរាយ​ធម្មជាតិនិងគ្រា​មាន​អាសន្ន​ឯ​ទៀតៗ ពួកគេ​ជួយរក​ពលរដ្ឋ​អាមេរិកាំងឯទៀតៗ​ដើម្បី​យើង​អាច​ជួយ​យកពួកគេ​ទៅ​កាន់​កន្លែង​មាន​សុវត្ថិភាព។

ការរៀបរាប់​នេះ​ចែង​ថា៖ ​«តែ​យ៉ាងណាក៏ដោយ​ ក៏​ជាញឹកញយ​ ក្រុមអ្នកស្ម័គ្រចិត្ត​ទាក់ទង​នឹង​ពលរដ្ឋត្រូវ​បាន​អំពាវនាវ​ឱ្យ​ធ្វើ​ជា​«ភ្នែក​និង​ត្រចៀក»​របស់​យើងនៅ​ក្នុងសហគមន៍»។

សម្ពន្ធភាពរួមគ្នា

ប៉ុន្តែ អ្នក​វិភាគ​ខ្លះឃើញ​ថាមុខនាទី​របស់​ពួកអ្នក​ស្ម័គ្រចិត្ត​ចិនជា​ការ​គំរាមកំហែង។ អ្នកស្រី Niva Yau ជាអ្នកស្រាវជ្រាវនៅ Global China Hub នៃ​ក្រុមប្រឹក្សាអាត្លង់ទិក។ ​កាល​ពីពេល​ថ្មីៗនេះអ្នកស្រី​បានសរសេរថា ដោយពង្រីកសកម្មភាពខាងសន្តិសុខ​សាកល​របស់​ខ្លួន ប្រទេស​ចិន​ក៏អាច​«បង្កើនសមត្ថភាព​ខ្លួនក្នុង​ការ​បង្ក្រាបឆ្លង​កាត់​ព្រំដែន​ដែរ»។

អ្នកស្រី​បាន​ថ្លែង​ថា ​បទបញ្ញត្តិ​ថ្មីៗ​ត្រូវ​បាន​ដាក់​ឱ្យ​ប្រើ​កាល​ពីខែ​កញ្ញា​«អាចផ្តល់​ភាព​ជា​ផ្លូវការឱ្យស្ថាន​កុងស៊ុល​សាធារណរដ្ឋ​ប្រជាមានិត​ចិន PRC ធ្វើ​អន្តរាគមន៍​ក្នុង​កិច្ចការ​ឯកជន​នៅ​ក្រៅ​ប្រទេស​របស់​ពលរដ្ឋ​ចិន ទោះ​ជា​ពួកគេស្វាគមន៍ឬ​មិន​ស្វាគមន៍ការ​គាំទ្រ​របស់រដ្ឋាភិបាលក៏​ដោយ»។

ទាំង​របាយការណ៍​របស់អង្គការ Safeguard Defenders និង​ក្រុម​ប្រឹក្សា​អាត្លង់ទិក​បាន​ណែនាំ​ប្រទេសដែលមាន​ស្ថានទូត​និង​ស្ថាន​កុងស៊ុលចិន​ឱ្យ​ធ្វើ​ឱ្យ​ប្រាកដ​ប្រជា​ថា​ ចិន​មិន​ប្រើស្ថានទូត​និង​ស្ថាន​កុងស៊ុល​ខ្លួន​ដើម្បី​រំលោភលើសិទ្ធិ​ជនជាតិ​ចិននៅ​ប្រទេស​ក្រៅ​ឬដើម្បីបង្កើន​វត្តមាន​សន្តិសុខធំជាង​មុន​នៅ​ក្រៅ​ប្រទេស។

កាលពី​ពេលមុន​ អង្គការ Safeguard Defenders​ បានពណ៌នាដោយ​លម្អិត​អំពី​របៀប​ដែលប្រទេស​ចិន​មាន​«ស្ថានីយ​ប៉ូលិស»​ជាង​១០០​នៅ​ប្រទេសក្រៅដើម្បីតាម​ឃ្លាំមើល បង្ខិតបង្ខំនិងជួនកាល​បង្ខំ​បញ្ជូន​ខ្លួន​ជនជាតិ​ចិនរស់នៅ​និរទេស​ខ្លួន​នៅ​ប្រទេសក្រៅ ឱ្យ​ទៅ​ប្រទេស​ចិន​វិញ។

លោក​ Paul Nantulya​ ជាអ្នក​ស្រាវជ្រាវ​ជំនួយ​នៅ​មជ្ឈមណ្ឌល​អាហ្វ្រិក​ខាង​ការសិក្សា​យុទ្ធសាស្ត្រ ដែលជា​វិទ្យាស្ថាន​មួយ​ខាងគោលនយោបាយ​មានមូលដ្ឋាន​នៅរដ្ឋធានី​វ៉ាស៊ីនតោន។ លោកបាន​និយាយថា ​កម្មវិធី​អ្នក​ស្ម័គ្រចិត្ត​ខាង​កិច្ចការ​កុងស៊ុលជា​ផ្នែកមួយ​នៃបណ្តាញ​ឥទ្ធិពល​ដ៏​ទូលំទូលាយ​របស់​គណបក្ស​កុម្មុយនីស្តចិនដែលគេស្គាល់​ថា​ សម្ព័ន្ធភាព​រួមគ្នា​ (United Front)។​

លោក​បាននិយាយប្រាប់​វីអូអេ​ថា៖ «កម្មវិធី​អ្នកស្ម័គ្រចិត្ត​ខាង​កិច្ចការ​កុងស៊ុល​នេះ ជា​ផ្នែក​មួយនៃ​ប្រព័ន្ធ​សម្ព័ន្ធភាព​រួម​ United Front...ហើយវា​ជា​ផ្នែក​មួយ​នៃ​អ្វី​ដែល​គេ​ហៅថា​កិច្ចប្រតិបត្តិការ​ធ្វើ​ឱ្យ​មាន​ឥទ្ធិពល»។

លោក Paul Nantulya បានថ្លែង​ថា៖ «ទាំង​នេះជា​ការ​ប្រឹងប្រែងដែលមាន​ធ្វើ​ដើម្បី​ពង្រីកគោល​នយោបាយ​ចិន ប្រមែប្រមូលការ​គាំទ្រ​ដល់​គោលជំហរ​ចិន ធ្វើ​ឱ្យ​មានឥទ្ធិពល​លើគោលនយោបាយ​នៃប្រទេស​ម្ចាស់​ផ្ទះ​នានា​ដែល​មាន​ស្ថាន​បេសកកម្ម​ការទូត​ចិន​តាម​រយៈ​វិធីសាស្ត្រមិន​ផ្ទាល់ ដែល​ពិបាកណាស់​ក្នុង​ការ​សន្មត​ថា​ ជា​របៀប​របស់​នរណា​ម្នាក់​ ពីព្រោះ​ភាគច្រើន​វា​មិន​មែន​ជា​ផ្លូវការ​ ហើយ​វា​មានច្រើន​ប្រភេទ​ណាស់»។

លោក Nantulya ថា ប្រទេស​ចិនយល់​ថា​ក្រុម​អ្នកស្ម័គ្រចិត្ត​ទាំងនេះ​មាន​ប្រយោជន៍ពីព្រោះ​ពួក​អ្នកការទូត​ខ្លួន​«គ្មាន​សមត្ថភាពឃ្លាំមើល​អ្វីៗ​គ្រប់យ៉ាងដែល​កើត​មាននៅ​ក្នុង​ប្រទេសដែល​ពួក​គេ​មាន​សមត្ថកិច្ច​ទេ»។

លោក​បានថ្លែង​ថា៖ «តែក៏​មាន​ការ​ជំរុញចិត្តឯទៀតៗ​ដែរ។ កិច្ចការរបស់សម្ពន្ធភាព​រួម​នេះ​ច្បាស់លាស់​ណាស់​គឺ សម្ពន្ធភាព​នេះស្វះស្វែងធ្វើ​ឱ្យ​មាន​ចំណង​សម្ពន្ធភាព​ជាមួយប្រទេស​ចិន ដើម្បី​បង្ខូច​គូបដិបក្ខរបស់​ប្រទេសចិន៕

ប្រែសម្រួល​ដោយ​ លោក ឈឹម សុមេធ

XS
SM
MD
LG