សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ឲ្យដឹងថា ចំនួនអតិថិជនដែលទទួលបានការអនុគ្រោះកម្ចីមានទៅដល់ជាង ១៣ ម៉ឺននាក់ ដែលស្មើនឹងជាង ៩០ ភាគរយ នៃអ្នកស្នើសុំការរៀបចំកម្ចីឡើងវិញ។
បើតាមព័ត៌មានដែលបង្ហោះតាមហ្វេសប៊ុក កាលពីថ្ងៃពុធ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ឲ្យដឹងថា គិតត្រឹមថ្ងៃទី១៧ ខែឧសភា អតិថិជនប្រមាណ ១៥៦.០០០ នាក់ បានស្នើសុំការសម្រួលកម្ចី ដោយហេតុថា ពួកគេរងផលប៉ះពាល់ដោយសារជំងឺកូវីដ។ សមាគមបញ្ជាក់ថា ក្នុងនោះអតិថិជនប្រមាណ ១៣៦.០០០ នាក់ ដែលស្មើនឹងជាង ៩០ ភាគរយ ទទួលបានការអនុម័តរៀបចំកម្ចីឡើងវិញ។ ចំនួននេះស្មើប្រមាណ ៥ ភាគរយ នៃអ្នកជំពាក់បំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់នៅកម្ពុជា ដែលមានជាង ២ លាននាក់។
សមាគមបន្ថែមថា អតិថិជនជិត ២ ម៉ឺននាក់មិនបានទទួលការរៀបចំកម្ចីឡើងវិញទេ ដោយសមាគមបញ្ជាក់ថា «មិនមានលក្ខខណ្ឌគ្រប់គ្រាន់»។ បើតាមសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា កម្ចីដែលត្រូវបានសម្រួលនេះមានទំហំទឹកប្រាក់សរុបប្រមាណ ៥៨៣ លានដុល្លារអាមេរិក។
ទោះជាយ៉ាងណា សមាគមមិនបានបញ្ជាក់ទេថា តើអតិថិជនប៉ុន្មានភាគរយដែលទទួលបានការពន្យារពេលបង់ប្រាក់ទាំងស្រុង គឺមិនបង់ទាំងការប្រាក់ និងប្រាក់ដើមសម្រាប់រយៈពេល ៣ខែឬ៦ខែនោះ។
ប្រធាននាយកដ្ឋានទំនាក់ទំនង និងជាអ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោក កាំង តុងងី ថ្លែងប្រាប់ VOA នៅថ្ងៃព្រហស្បតិ៍នេះថា សមាគមមិនបានបែងចែកទិន្នន័យថា តើប៉ុន្មានភាគរយដែលទទួលបានការអនុគ្រោះការបង់ទាំងស្រុង ក្នុងរយៈពេលណាមួយនោះទេ។
ឆ្លើយតបនឹងសំណួរថា តើមូលហេតុអ្វីបានជាសមាគមមិនមានទិន្នន័យបែងចែកបែបនេះ លោក កាំង តុងងី បញ្ជាក់ថា ការបែងចែកទិន្នន័យបែបនេះ «ពិបាក និងមិនអាចធ្វើបាន»។ លោកបន្តថា ក្នុងមួយសប្តាហ៍ អតិថិជនប្រមាណ ២ម៉ឺននាក់ ត្រូវបានអនុគ្រោះសម្រាប់ការរៀបចំកម្ចីឡើងវិញ។ លោកបន្ថែមថា សមាគមក៏មិនមានទិន្នន័យបែងចែកថាតើអ្នកខ្ចីក្នុងវិស័យអ្វីខ្លះដែលទទួលបានការកែសម្រួលកម្ចីនេះ។
លោកបញ្ជាក់ថា៖ «ថ្វីដ្បិតថា យើងអត់មានទិន្នន័យលម្អិតអំពីដំណោះស្រាយនីមួយៗជូនអតិថិជន ដឹងថាគាត់ដោះចេញយ៉ាងម៉េច។ ប៉ុន្តែយើងមាន Majority (ភាគច្រើន) នៃដំណោះស្រាយដែលគាត់ដាក់ជូនអតិថិជន ដែលជាដំណោះស្រាយដែលអតិថិជនគាត់ស្នើសុំនិងទទួលយក។ ទីមួយ សុំបង់តែការ រយៈពេល ៣ទៅ៦ខែ និងទីពីរ ផ្អាកទាំងការទាំងដើមពី៣ទៅ៦ខែ។ ហ្នឹងជាដំណោះស្រាយចំនួន២ដែលអតិថិជន គាត់ពេញនិយម។ គាត់ទទួលបានច្រើនជាងគេ ហើយក៏គាត់ស្នើសុំដំណោះស្រាយហ្នឹងដែរ»។
កាលពីខែមេសា ធនាគារជាតិនៃកម្ពុជាបានស្នើឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ លើកលែងការសងបំណុល ដែលប្រជាពលរដ្ឋជំពាក់រហូតដល់ចុងឆ្នាំ ២០២០ ប្រសិនបើពួកគេពុំមានលទ្ធភាពសង។ អ្នករងគ្រោះដែលត្រូវសម្រួលការបង់ប្រាក់ រួមមានអ្នកធ្វើការក្នុងវិស័យទេសចរណ៍ សេវាកម្ម កាត់ដេរ សំណង់ និងដឹកជញ្ជូន។
នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ និងជាអ្នកវិភាគសេដ្ឋកិច្ចម្នាក់ លោក ចាន់ សុផល ថ្លែងថា វាជាការចាំបាច់ដែលត្រូវមានការយោគយល់ដល់អ្នកប៉ះពាល់ដោយសារជំងឺកូវីដ។ លោកថា ចំនួននេះនឹងបន្តកើនឡើងទៀត ដោយសាររោងចក្រដែលផ្អាកដំណើរការបន្តកើនឡើង ដែលនាំឲ្យកម្មកររោងចក្រថយចុះចំណូល ឬក៏បាត់បង់ចំណូលតែម្តង។
បើតាមលោក ចាន់ សុផល ស្ថានភាពរងផលប៉ះពាល់ពីជំងឺកូវីដនេះអាចអូសបន្លាយលើសពី ៦ខែ។
លោកថ្លែងប្រាប់ VOA ថា៖ «យ៉ាងឆាប់បំផុតស្ថានការណ៍សេដ្ឋកិច្ចឬធុរកិច្ច ដែលអាចងើបឡើង ឡើងវិញហ្នឹង យ៉ាងឆាប់បំផុតក៏រយៈពេល ៦ខែ ទៅមុខទៀតដែរ។ នេះបើតាមការវិភាគស្ថានការណ៍ទូទាំងពិភពលោក ព្រោះរឿងនេះមិនមែនតែប្រទេសយើងទេ ដែលពាក់ព័ន្ធនឹងការឆ្លងនោះគឺវាអាស្រ័យទៅលើប្រទេសខាងក្រៅ ហើយប្រទេសខាងក្រៅ ឃើញថា អត្រាឆ្លងហ្នឹង ដូចជានៅតែបន្ត»។
លោក ចាន់ សុផល បន្តថា គួរតែមានច្រកណាមួយសម្រាប់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ខ្លាំងហើយពួកគាត់មិនត្រូវបានសម្រួល ដោយគ្រឹះស្ថានហិរញ្ញវត្ថុ ក្នុងការលើកឡើងអំពីកង្វល់របស់ពួកគេទេ។ លោកថា ក្រុមប្រឹក្សាឃុំសង្កាត់អាចជាមនុស្សដែលប្រជាពលរដ្ឋអាចត្អូញត្អែរប្រាប់អំពីទុក្ខលំបាករបស់ពួកគេ។
អ្នកវិភាគសេដ្ឋកិច្ចរូបនោះក៏មើលឃើញអំពីលទ្ធភាពនៃការខ្ចីគេបន្តទៀតទៅបង់សងគ្រឹះស្ថានហិរញ្ញវត្ថុដែរ។
លោកបញ្ជាក់ថា៖ «បាទនិយាយពីលទ្ធភាពដែលគាត់អាចខ្ចីពីកន្លែងផ្សេងៗគឺអាចហើយ។ កន្លងមកក៏ខ្ញុំជឿថា វាមានកើតឡើងដែរ ហើយយើងក៏មិនដឹងដោះស្រាយយ៉ាងម៉េចដែរ។ ទាល់តែមានការផ្សព្វផ្សាយអប់រំឲ្យបានទូលំទូលាយដែរ»។
មន្រ្តីសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជាលើកឡើងថា អតិថិជនដែលតវ៉ារឿងមិនអនុគ្រោះពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាចទាក់ទងទៅសមាគមនោះ។ សមាគមនឹងសិក្សាជាក់ស្តែង ដើម្បីធ្វើអន្តរាគមន៍ ប្រសិនបើពួកគេពិតជារងផលប៉ះពាល់ពិតប្រាកដដោយសារជំងឺកូវីដនេះ។
ខណៈកម្មកររោងចក្រកាត់ដេររាប់ម៉ឺននាក់បាត់បង់ចំណូលរបស់ពួកគេ សហជីពជំរុញឲ្យមានការផ្អាកបង់ទាំងស្រុងសម្រាប់ពួកគេតែម្តង ដើម្បីកុំឲ្យពួកគេបន្តខ្ចីប្រាក់គេដែលមានការប្រាក់ខ្ពស់ទៅបង់ស្ថាប័នហិរញ្ញវត្ថុ ដែលមានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។
ប្រធានសម្ព័ន្ធសហជីពកម្ពុជាអ្នកស្រី យ៉ាង សុភ័ណ្ឌ មានប្រសាសន៍ថា គួរតែមានគោលការណ៍ជាក់លាក់ដែលសម្រួលដល់កម្មកររោងចក្រកាត់ដេរ ដោយផ្អាកការបង់ទាំងអស់ក្នុងរយៈពេល ៣ទៅ៦ខែ តែម្តង ដោយសារពួកគេប្រឈមការលំបាកដោយសារការបង់នេះ។ អ្នកស្រីបញ្ជាក់ថា កម្មករស្ទើរតែទាំងអស់ជំពាក់បំណុលគេ។
អ្នកស្រីមានប្រសាសន៍ថា៖ «អ៊ីចឹងហើយបានជាគាត់ទទូចថាស្នើសុំឲ្យផ្អាកការបង់ទាំងស្រុងមិនមែនបង់តែការប្រាក់ទេ ។ ហើយបើឃើញថា កន្លងមកហ្នឹងការជួយសម្រួលហ្នឹង មានអ្នកខ្លះក៏សម្រួលបានអ៊ីចឹងទៅ។ ប៉ុន្តែបានហ្នឹង មិនមែនបានទាំងស្រុងដូចដែលខ្ញុំបានលើកឡើងទេ... បានដើមមិនបាច់បង់ ...បង់ការប្រាក់ទៅក្រុមហ៊ុនមីក្រូហិរញ្ញវត្ថុហ្នឹងអ៊ីចឹង»។
អ្នកគ្រប់គ្រងកម្មវិធីការងារនៃអង្គការសង់ត្រាល់ (CENTRAL) លោក ឃុន ថារ៉ូ មានប្រសាសន៍ថា ការបង់ការប្រាក់នៅតែប៉ះពាល់ដល់កម្មករដដែល ដោយសារពួកគេបាត់បង់ចំណូលតែម្តងហើយអ្នកខ្លះទទួលបានប្រាក់ឧបត្ថម្ភប្រមាណ ៧០ ដុល្លារពីរដ្ឋាភិបាល ដែលប្រាក់នេះសម្រាប់ដោះស្រាយជីវភាពតែប៉ុណ្ណោះ។ លោកបន្តថា កម្មករមិនមានប្រាក់សល់ទុកសម្រាប់ដោះទ័លបង់គេនោះទេ។ លោកថា ការបាត់បង់ការងាររបស់កម្មករកាត់ដេរគួរតែជាចំណុចមួយនៃលក្ខណៈវិនិច្ឆ័យសម្រាប់ការផ្អាកបង់ទាំងស្រុងមួយរយៈតែម្តង។
លោកប្រាប់ VOA ថា៖ «ខ្ញុំគិតថា វាគួរតែមានលក្ខណៈវិនិច្ឆ័យមួយដែលងាយស្រួល ដែលមិនបង្កនូវភាពស្មុគស្មាញ។ ឧទាហរណ៍ថា កម្មករនិយោជិតគាត់ត្រូវបានព្យួរពីការងារ។ កាលណាគាត់បាត់បង់នូវប្រាក់ចំណូល ឬក៏មានការបញ្ជាក់ពីក្រុមហ៊ុន ឬក៏ការបញ្ជាក់ពីអធិការកិច្ចណាមួយ ឬក៏ការបញ្ជាក់ពីរាជរដ្ឋាភិបាលហ្នឹងនៅក្នុងសហគ្រាស គ្រឹះស្ថានមួយអ៊ីចឹង ប្រសិនបើមានការបញ្ជាក់អាហ្នឹង ហើយបើសិនជាគាត់មានកម្ចីមែន អ៊ីចឹងអាហ្នឹង វាគួរមានលក្ខណៈវិនិច្ឆ័យនៅក្នុងការសម្រួល»។
លោក ឃុន ថារ៉ូ ក៏ជំរុញឲ្យធនាគារជាតិនៃកម្ពុជា មានវិធានការបន្ថែមលើបញ្ហានេះ ទើបធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអនុវត្តតាម។
VOA មិនអាចសុំការឆ្លើយតបពីលោកស្រី ជា សិរី អគ្គនាយិកាធនាគារជាតិនៃកម្ពុជា តាមរយៈលេខទូរស័ព្ទ និងប្រព័ន្ធតេលេក្រាមដែលលោកស្រីប្រើប្រាស់បានទេ។
អ្នកនាង វ៉ាន់ អាយុ២៨ឆ្នាំ ជាកម្មការិនីម្នាក់ដែលធ្វើការនៅរោងចក្រ Bowker Garment Factory ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល មានប្រសាសន៍ថា រោងចក្រប្រកាសថានឹងផ្អាកការងាររបស់កម្មករចំនួន ២ខែ ចាប់ពីដើមខែក្រោយ។ ការណ៍នេះធ្វើឲ្យអ្នកនាងបារម្ភអំពីការបង់ប្រាក់សងគេដែលក្នុងមួយខែ អ្នកនាងត្រូវបង់ជាង ៣០០ដុល្លារ ដោយមានការជួយបង់ខ្លះពីស្វាមី។ អ្នកនាងថា ប្រាក់ខែអ្នកនាងបានមកពីការងារជាកម្មកររោងចក្រ ជាធម្មតា ត្រូវបង់សងធនាគារអេស៊ីលីដា ដែលមិនមែនជាសមាជិកនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជានោះទេ។
អ្នកនាងជំពាក់ធនាគារនេះជាង ១ម៉ឺនដុល្លារ ហើយត្រូវបង់សងក្នុងរយៈពេល ៣ទៅ៤ឆ្នាំទៀត។ អ្នកនាងមិនទាន់បានស្នើសុំធនាគារបង់តិចតួច ឬផ្អាកការបង់ទាំងស្រុងនៅឡើយទេ ប៉ុន្តែអ្នកនាងមានគម្រោងស្នើសុំ ដោយសាររងគ្រោះពីជំងឺកូវីដនេះ។
អ្នកនាងមានប្រសាសន៍ថា៖ «សុំគេទៅ បើគេព្រម ក៏ព្រម។ គេមិនព្រមចេះតែបង់ឲ្យគេទៅ។ ច្រើនណាស់! ខ្ញុំមានលទ្ធភាពឯណា? គ្រាន់តែថា តែបើគេដាក់កំណត់ឲ្យយើងត្រូវតែបង់»។
អ្នកនាងបន្តថា កាលពីខែមុន អ្នកនាងខ្វះលុយបង់ធនាគារអេស៊ីលីដាប្រហែល ១០០ដុល្លារ ហើយអ្នកនាងក៏ខ្ចីពីអ្នកដែលស្គាល់គ្នា ដោយ១០០ដុល្លារនោះ អ្នកនាងត្រូវបង់ការប្រាក់គេចំនួន ២០ដុល្លារ ក្នុងមួយខែ៕