មុនការរាតត្បាតជំងឺកូវីដ១៩ គ្រួសាររបស់លោក ហ៊ី សុខុម ប្រកបរបររកស៊ីប្រចាំថ្ងៃជាធម្មតាដូចគ្រួសារផ្សេងៗទៀតជាច្រើននៅកម្ពុជា។ រាល់ព្រឹកលោកជូនប្រពន្ធ និងកូនរបស់លោក ទៅលក់ស៊ុបគុយទាវនៅសាលារៀនមួយនៅក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល។
រួចលោកបន្តដំណើរជាមួយរ៉ឺម៉កកង់បីដែលលោកប្រើសម្រាប់ដឹកភ្ញៀវ រកប្រាក់ប្រចាំថ្ងៃជួយជីវភាពក្រុមគ្រួសារ។
ប៉ុន្តែបច្ចុប្បន្ននេះដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ រដ្ឋាភិបាលបានសម្រេចបិទសាលារដ្ឋ និងឯកជននៅទូទាំងប្រទេស កាលពីពាក់កណ្តាលខែមីនា ដែលធ្វើឲ្យប្រពន្ធនិងកូនស្រីរបស់លោកមិនអាចរកប្រាក់កម្រៃបាន។
ប្រាក់ចំណូលផ្សេងទៀតបានមកពីកូនប្រុសពីរនាក់ទៀតរបស់លោក ដែលធ្វើការនៅកាស៊ីណូក្នុងក្រុងបាវិតខេត្តស្វាយរៀង។ ប៉ុន្តែប្រាក់ចំណូលនេះក៏ត្រូវបានកាត់ផ្តាច់ផងដែរ បន្ទាប់ពីរដ្ឋាភិបាលបញ្ជាឲ្យបិទកាស៊ីណូ។
ឥឡូវបន្ទុករកប្រាក់មកផ្គត់ផ្គង់គ្រួសារដែលមានប្រាំនាក់ជាមនុស្សពេញវ័យ និងទារកម្នាក់ត្រូវធ្លាក់ទៅលើលោក សុខុម តែម្នាក់។ ប៉ុន្តែមុខរបររត់រ៉ឺម៉កកង់បីរបស់លោកក៏ជួបនឹងការលំបាកផងដែរ ដោយសារតែចំនួនអ្នកធ្វើដំណើរ និងអ្នកទេសចរមានការធ្លាក់ចុះជាកំហុក។
គ្រួសារនេះត្រូវបង់លុយធនាគារ និងមីក្រូហិរញ្ញវត្ថុដែលពួកគេខ្ចី កាលពីពេលកន្លងទៅ គិតជាទឹកប្រាក់ប្រហែល ១៨០០០ ដុល្លារដើម្បីសង់ផ្ទះ ទិញរ៉ឺម៉កកង់បីថ្មីនិងឲ្យប្រាក់ខ្លះទៅកូនប្រុសទាំងពីរ ដែលត្រូវទៅធ្វើការនៅទីក្រុងបាវិតកាលពីជាងប្រាំមួយខែមុន។
បន្ទុកបង់លុយធនាគារ ៤០០ ដុល្លារក្នុងមួយខែជាអម្រែកលើស្មារបស់លោក សុខុម។
កូនប្រុសម្នាក់របស់លោកបានចាប់ផ្តើមការងារជាសន្តិសុខកាលពីប៉ុន្មានសប្តាហ៍មុន ប៉ុន្តែការងារនេះអាចផ្តល់ចំណូលតិចតួចប៉ុណ្ណោះ។
ពីមុនលោក សុខុម ធ្លាប់រកបានប្រហែល ២០ ដុល្លារក្នុងមួយថ្ងៃ។ ឥឡូវនេះលោករកបានពី ៥ ដុល្លារទៅ ៧ ដុល្លារកន្លះក្នុងមួយថ្ងៃ។
អ្នកស្រី កើត មុំ ដែលជាប្រពន្ធរបស់លោក សុខុម ប្រាប់វីអូអេថា៖ «បាន៤ទៅ៥ម៉ឺន។ ខ្ញុំចំណាយក្នុងផ្ទះទិញម្ហូបទិញអង្ករទិញគ្រឿងគ្រៅ។ លុយ ប្តីខ្ញុំរកបានមកសន្សំទុកក្នុងហោប៉ៅទុកបង់ [ធនាគារ] អីអ៊ីចឹង»។
អ្នកស្រីបន្តថា៖ «ពិបាកអត់លុយបង់ឲ្យធនាគារ។ អត់លុយចំណាយទិញម្ហូបអាហារ។ កង់បីជួនកាលរកបានមួយម៉ឺនពីរម៉ឺនបីម៉ឺន ទិញតែម្ហូបមិនគ្រាន់ផង»។
អ្នកស្រី កើត មុំ និយាយថា កាលពីមុនក្រុមគ្រួសារអ្នកស្រីមិនដែលបង់លុយធនាគារយឺតពេលនោះទេ។
ធនាគារអេប៊ីអេ ដែលពួកគេបានទទួលប្រាក់កម្ចី នៅតែបន្តឱ្យពួកគេបង់រំលស់ប្រចាំខែ។ អ្នកស្រីដែលជាម្តាយ មានអាយុ ៤៨ ឆ្នាំរូបនេះ មានការព្រួយបារម្ភថា គ្រួសារខ្លួនមិនអាចមានលទ្ធភាពទប់ទល់នឹងការសងធនាគារនិងការចំណាយប្រចាំថ្ងៃទេ។
អ្នកស្រីមានប្រសាសន៍ថា៖ «ចង់ឲ្យគេសម្រួលពីរបីខែអ៊ីចឹងទៅ ហើយចាំគេគិតធម្មតាវិញ»។
ធនាគារអេប៊ីអេ ដែលជាធនាគារធំជាងគេមួយនៅកម្ពុជា ប្រាប់វីអូអេខ្មែរថា ធនាគារនេះមិនអាចប្រាប់វីអូអេអំពីដំណោះស្រាយជាក់លាក់នោះទេ ដោយសារដំណោះស្រាយអាស្រ័យទៅលើលក្ខខណ្ឌនៃការសងប្រាក់កម្ចីរបស់អតិថិជនម្នាក់ៗ។
ធនាគារអេប៊ីអេនេះ ប្រាប់វីអូអេតាមសារអេឡិចត្រូនិកថា មុនផ្តល់ការពន្យាររពេលក្នុងការទូទាត់ប្រាក់កម្ចីមន្ត្រីឥណទានរបស់ធនាគារនេះ ត្រូវ«ស៊ើបអង្កេតស្ថានភាពប្រាក់ចំណូលរបស់អតិថិជនខ្លួនជាមុនសិន»។
ដូចក្រុមគ្រួសាររបស់លោក សុខុម ដែរពលរដ្ឋរាប់សែនគ្រួសារទៀតដែលជំពាក់បំណុលធនាគារ ឬស្ថាប័នមីក្រូហិរញ្ញវត្ថុបានបាត់បង់ប្រាក់ចំណូលរបស់គេ។ ពួកគេអាចរកប្រាក់បានតិចតួចប៉ុណ្ណោះ ដើម្បីចិញ្ចឹមគ្រួសារ និងសងប្រាក់កម្ចីវិញ។
ការណ៍នេះបានជំរុញឱ្យអង្គការសង្គមស៊ីវិលចំនួន ១៣៥ ចេញសេចក្តីថ្លែងការណ៍ កាលពីចុងខែមេសា ជំរុញឲ្យរដ្ឋាភិបាលកម្ពុជាធានាថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទាំងអស់បញ្ឈប់រាល់ការទាមទារសងប្រាក់កម្ចី និងការប្រាក់យ៉ាងហោចណាស់ រយៈពេល៣ខែ។
សង្គមស៊ីវិលទាំងនេះនិយាយថា៖ «វិធានការទាំងនេះគឺមានភាពចាំបាច់ ដើម្បីធានាថា ប្រជាពលរដ្ឋអាចបន្តមានជីវភាពអាចរស់នៅបានក្នុងពេលមានវិបត្តិនេះ ដោយគ្មានហានិភ័យចំពោះសុខភាពឬលំនៅដ្ឋាន របស់អ្នកទាំងនោះ ហើយអាចបញ្ចៀសពីកម្ចីឥណទានមានហានិភ័យ ដែលអាចនាំឱ្យមានករណីបង្ខំឲ្យធ្វើការដោះបំណុល ការជួញដូរមនុស្ស និងការរំលោភសិទ្ធិមនុស្សដទៃទៀត។
ឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់អង្គការសង្គមស៊ីវិល សមាគមមីក្រូហិរញ្ញវត្ថុនិងសមាគមធនាគារនៅកម្ពុជា បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «ស្ថាប័នសង្គមស៊ីវិលបានចេញផ្សាយនូវរបាយការណ៍អំពីផលប៉ះពាល់ដែលបណ្តាលមកពីការ រីករាលដាលនៃវីរុសកូវីដ១៩ ដោយមិនបានឆ្លុះបញ្ចាំងអំពីស្ថានភាពជាក់ស្តែង បណ្តាលឲ្យមានផលប៉ះពាល់ដល់វិស័យធនាគារ និងហិរញ្ញវត្ថុដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិទាំងមូល»។
ប៉ុន្តែលោក Milford Bateman អ្នកពិគ្រោះយោបល់ឯករាជ្យអំពីគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងស្រុក ដែលបានសរសេរសៀវភៅជាច្រើនស្តីពីមីក្រូហិរញ្ញវត្ថុ បានបន្ទរការវាយតម្លៃរបស់អង្គការសង្គមស៊ីវិល ហើយបាននិយាយថា ការសងទាំងប្រាក់ដើម និងការប្រាក់គួរតែត្រូវបានពន្យាររពេលក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺនេះ។
លោក Milford Bateman បានសរសេរនៅក្នុងសារអេឡិចត្រូនិកមកកាន់វីអូអេថា៖ «ប្រសិនបើអ្នកផ្តល់ពេលវេលាអនុគ្រោះ ក៏ប៉ុន្តែបន្ថែមចំនួនប្រាក់មិនបានបង់រំលស់ទៅលើប្រាក់ដើមសរុប ដូចដែលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួនបាននិយាយថា ពួកគេយល់ព្រមធ្វើនោះ គឺអ្នកគ្រាន់តែអាចពន្យាររពេលនៃការឈឺចាប់រហូតដល់ការបញ្ចប់ជំងឺកូវីដ១៩ ហើយនៅពេលនោះប្រាក់កម្ចីមីក្រូហិរញ្ញវត្ថុមានចំនួនធំជាងមុន»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែមីនា បានណែនាំស្ថាប័នឥណទានឲ្យពន្យាររពេលនៃការទូទាត់ប្រាក់។ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា ខ្លួននឹងវាយតម្លៃស្ថានភាពនេះដោយផ្អែកលើភាពជាក់ស្តែងនៃករណីអតិថិជននីមួយៗ។
រដ្ឋាភិបាលក៏បានប្រកាសផងដែរថា ខ្លួននឹងជួយដល់អ្នកផ្តល់ប្រាក់កម្ចីនូវវិធានការផ្សេងៗរួមទាំងប្រាក់កម្ចីរដ្ឋរហូតដល់ ៦០០ លានដុល្លារ ដែលមានការប្រាក់ទាបសម្រាប់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដើម្បីផ្គត់ផ្គង់ឥណទានដែលមានការប្រាក់ទាប។
អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោក មាស សុខសេនសាន មានប្រសាសន៍ថា រដ្ឋាភិបាលបានលើកលែងពន្ធដល់អាជីវកម្មមួយចំនួនរួចហើយ។
លោកបានមានប្រសាសន៍ថា សហគ្រាសធុនតូច និងមធ្យមដែលចង់បន្តអាជីវកម្មរបស់ខ្លួន នោះពួកគេអាចខ្ចីប្រាក់មានអត្រាការប្រាក់សមរម្យ ដូច្នេះពួកគេអាចឆ្លងកាត់ព្យុះភ្លៀងនេះបាន។
«នៅក្នុងកិច្ចការទាំងអស់នេះ បា៎ (លោកហ៊ុន សែន) ត្រៀម ៣៥០ លានដុល្លារ សម្រាប់បម្រើកិច្ចការនេះ អ៊ីចឹងអ្នកនៅក្នុងប្រព័ន្ធក្តី អ្នកដែលនៅក្រៅប្រព័ន្ធអី សុទ្ធតែអាចទទួលបានផល ក្រោយពីផែនការនេះនឹងចេញរួចស្រេចទៅបាទ»។
ប៉ុន្តែ អង្គការសង្គមស៊ីវិលបាននិយាយថាការវាយតម្លៃករណីនីមួយក្នុងការសងប្រាក់នោះ គឺមិនអាចធ្វើលឿនគ្រប់គ្រាន់ ដើម្បីជួយដល់អ្នកខ្ចីទាំងអស់នោះទេ ព្រោះមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដល់ទៅជាង ៨០ នៅទូទាំងប្រទេស និងអ្នកខ្ចីរាប់សែន។
សមាគមធនាគារនៅកម្ពុជាមិនបានឆ្លើយតបទៅនឹងការស្នើសុំការបកស្រាយទេ។ លោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានប្រាប់វីអូអេថា សមាគមមីក្រូហិរញ្ញវត្ថុមិនអាចផ្តល់ការពន្យារពេលបង់ប្រាក់ដល់អតិថិជនទាំងអស់បានទេ ប៉ុន្តែសមាគមនេះបានសិក្សានិងបានផ្តល់ការអនុគ្រោះលើកពេលដល់អតិថិជនខ្លះ។
«ការណ៍ពិតខាង MFI គេបានធ្វើរឿងហ្នឹងតាំងពីខែបីមក តែគេមិនអាចថា មិនឲ្យបង់ក្នុងរយៈពេលប៉ុន្មាននោះទាំងអស់គ្នាទេ គឺអាស្រ័យទៅលើករណីជាក់ស្តែង។ អ៊ីចឹងករណីអតិថិជនខ្លះ គាត់មានលទ្ធភាពខ្លះដែរ អ៊ីចឹងគាត់នៅតែអាចបង់ខ្លះអ៊ីចឹងទៅ។ ករណីអតិថិជនខ្លះគាត់នៅមានលទ្ធភាពបង់ធម្មតា»។
លោកបន្ថែមថា៖ «ដោយឡែកករណីដែលមានអតិថិជនខ្លះ ដែលគាត់មានការប៉ះពាល់ធ្ងន់ធ្ងរនោះ គឺគាត់អាចស្នើសុំទៅគ្រឹះស្ថានហិរញ្ញវត្ថុហ្នឹងដោយបង្ហាញថា ផលប៉ះពាល់របស់គាត់មានកម្រិតណាអ៊ីចឹងទៅ គឺថាមានជម្រើសដែលថា គាត់អាចអត់បង់រយៈពេលបីខែឬក៏ប្រាំមួយខែទៅតាមការចរចា និងផ្តោតទៅលើលក្ខខណ្ឌជាក់ស្តែង ដែលគាត់រងផលប៉ះពាល់ប្រាកដមែន»។
ទោះបីជាយ៉ាងណាក៏ដោយ លោកមិនអាចផ្តល់តួលេខចំនួនអតិថិជនដែលសមាគមមីក្រូហិរញ្ញវត្ថុបានផ្តល់ការលើកពេលបង់ទាំងប្រាក់ដើមនិងប្រាក់ការនោះទេ។
ដោយខ្វះការណែនាំច្បាស់លាស់ពីរដ្ឋាភិបាល អ្នកភូមិនៅភូមិរបស់លោក សុខុម ងាកទៅរកហ្វេសប៊ុកដើម្បីតាមដានការប្រកាសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពីការជួយដោះស្រាយបញ្ហាប្រាក់កម្ចី។
អ្នកស្រី ប៉ាន់ សុភ័ក្ត្រ អ្នកជិតខាងរបស់លោក សុខុម បានថ្លែងថា៖ «ឲ្យតែឃើញគាត់ឡាយមកពួកខ្ញុំបើកស្តាប់ ហើយចង់ដឹងរឿងធនាគារហ្នឹង»។
អ្នកស្រី សុភ័ក្រ អាយុ ៤១ ឆ្នាំ ជាស្ត្រីមេម៉ាយដែលចិញ្ចឹមកូន ៣ នាក់ ដោយខ្លួនឯង បន្ទាប់ពីប្តីរបស់គាត់បានទទួលមរណភាពកាលពី ៦ ខែមុន បានខ្ចីប្រាក់ប្រហែល ៨០០០ ដុល្លារពីស្ថាប័នមីក្រូហិរញ្ញវត្ថុ៣ផ្សេងគ្នា ដើម្បីជួសជុលផ្ទះរបស់គាត់។
ការបង់រំលស់ប្រចាំខែរបស់អ្នកស្រី គឺប្រហែល ៤០០ ដុល្លារក្នុងមួយខែ។
ជាអ្នកលក់ផ្លែឈើ និងគ្រឿងម្ជូរ អ្នកស្រីពឹងពឹងផ្អែកលើមនុស្សអ្នកដើរផ្សារ ប៉ុន្តែដោយសារការភ័យខ្លាចការរីករាលដាលមេរោគកូរ៉ូណា អ្នកស្រីមិនមានអតិថិជនច្រើននោះទេ នាពេលថ្មីៗនេះ។
ដោយសារតែការធ្លាក់ចុះប្រាក់ចំណូល អ្នកស្រីបានស្នើសុំឲ្យធនាគារពន្យារពេលការបង់រំលស់ប្រចាំខែយ៉ាងហោចណាស់រយៈពេលត្រឹម៣ខែ។ ទោះជាយ៉ាងនេះក្តី អ្នកស្រីប្រាប់វីអូអេថា ខាងមីក្រូហិរញ្ញវត្ថុផ្តាំអ្នកស្រីថា អ្នកស្រីមិនអាចទទួលបានការពន្យារពេលទេសូម្បីតែមួយថ្ងៃ។
អ្នកស្រីនិយាយថាអ្នកស្រីចង់ «ឲ្យបានដឹងដំណឹងទៅដល់សម្តេច[ហ៊ុនសែន]ឲ្យជួយ។ និយាយរួមតាមស្តាប់អ្នកធនាគារដែលគាត់ចុះមកយក[លុយ]ហ្នឹង គាត់ក៏និយាយដែរឲ្យតែសម្តេចឆ្លើយតែមួយម៉ាត់ គេក៏ពន្យារពេលដែរ»។
ស្រដៀងគ្នានេះដែរអង្គការសង្គមស៊ីវិលបានជំរុញឱ្យធនាគារជាតិនៃកម្ពុជា ក៏ដូចជារដ្ឋាភិបាលចេញសេចក្តីណែនាំសម្រាប់វិស័យទូទាំង ដោយអនុញ្ញាតឲ្យមានការផ្អាកការបង់ទាំងប្រាក់ដើម និងប្រាក់ការរយៈពេល៣ខែ។ ធនាគារផ្សេងៗទាំងធនាគារជាតិនៃកម្ពុជា និងសមាគមធនាគារនៅកម្ពុជា មិនបានឆ្លើយតបនឹងសំណើរបស់វីអូអេសុំការអត្ថាធិប្បាយទេ។
អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក មាស សុខសេនសាន មានប្រសាសន៍ថា វិបត្តិនេះមិនកើតចំពោះតែប្រទេសកម្ពុជានោះទេ។ ប៉ុន្តែខណៈពេលដែលជំងឺរាតត្បាតជះឥទ្ធិពលដល់អ្នកខ្ចីប្រាក់នៅទូទាំងពិភពលោក អ្នកអង្កេតរឿងនេះមើលឃើញថា ប្រទេសកម្ពុជាស្ថិតក្នុងស្ថានភាពងាយរងគ្រោះបំផុត។
នៅក្នុងសេចក្តីថ្លែងការណ៍ អង្គការសង្គមស៊ីវិលបាននិយាយថា ប្រជាជនកម្ពុជាចំនួន ២,៦ លាននាក់ជំពាក់ប្រាក់ស្ថាប័នមីក្រូហិរញ្ញវត្ថុជាមធ្យមជាង ៣.៨០០ ដុល្លារ។ ពួកគេនិយាយថា៖ «នេះគឺជាចំនួនខ្ចីដ៏ច្រើនបំផុតនៅលើពិភពលោក» បើប្រៀបធៀបចំនួនខ្ចី ប្រាក់ចំណូលប្រចាំឆ្នាំជាមធ្យម។ សេចក្ដីថ្លែងការណ៍នេះបានឲ្យដឹងថា ការជំពាក់បំណុលធ្វើឱ្យជីវភាពរស់នៅ សុខភាព និងសន្តិសុខដីធ្លីរបស់ប្រជាជនកម្ពុជារាប់លាននាក់ប្រឈមនឹងហានិភ័យ។
របាយការណ៍រួមគ្នាមួយដែលចេញផ្សាយដោយអង្គការក្រៅរដ្ឋាភិបាលគឺលីកាដូ និងសមាគមធាងត្នោតបានឲ្យដឹង ថា ចំនួនប្រាក់កម្ចីនេះមានចំនួនជាង ៨ ពាន់លានដុល្លារ គិតត្រឹមខែធ្នូឆ្នាំ ២០១៨ ។ របាយការណ៍បានឲ្យដឹងថា ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់មានត្រឹមតែ ១.៣៨៤ ដុល្លារក្នុងឆ្នាំ ២០១៧។ ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋាភិបាលកម្ពុជាបានព្យាយាមម្តងហើយម្តងទៀត ដើម្បីការពារប្រជាជនពីការធ្លាក់ក្នុងបំណុល។
កាលពីឆ្នាំ ២០១៧ រដ្ឋាភិបាលបានចេញការកំណត់អត្រាការប្រាក់ ១៨ ភាគរយ នៅមុនពេលបោះឆ្នោតឃុំសង្កាត់។ យោងទៅតាមលោក Bateman ការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលមិនទទួលបានជោគជ័យទេ ពីព្រោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានបង្កើនថ្លៃសេវារបស់ពួកគេ។
ក្នុងពេលនោះដែរ រដ្ឋាភិបាលបានបើកយុទ្ធនាការតាមទូរស័ព្ទ ដោយផ្តល់ការបញ្ជាក់ម្តងហើយម្តងទៀតថាមីក្រូហិរញ្ញវត្ថុជាស្ថាប័នឯកជនមិនមែនជាស្ថាប័នរដ្ឋទេ។ ដូច្នេះរដ្ឋាភិបាលមិនអាចអត់ឱនបំណុលឲ្យពលរដ្ឋបានទេ។
វិបត្តិនេះបានប៉ះពាល់ជាខ្លាំងដល់វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
លោក វ៉ន ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធហៅកាត់ថា IDEA បានឲ្យដឹងថា វិបត្ដិនៃវីរុសកូរ៉ូណានេះ បង្កការគំរាមកំហែងជាក់ស្តែងដល់ជីវភាពរស់នៅរបស់សមាជិកសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រមាណ ១២.០០០ នាក់។ លោកបាននិយាយថា យ៉ាងហោចណាស់ ៨០ ភាគរយនៃសមាជិករបស់លោកបានខ្ចីប្រាក់ពីធនាគារ។ ទោះជាយ៉ាងណា លោកថា សមាជិករបស់សមាគម IDEA នេះតំណាងឲ្យ អ្នករត់រ៉ឺម៉កម៉ូតូ អ្នករត់ម៉ូតូឌុប អ្នករត់ឡានតាក់ស៊ី និងអ្នកលក់ ១០ ភាគរយនៃចំនួនសរុបទូទាំងប្រទេសកម្ពុជា។
លោក វ៉ន ពៅប្រាប់វីអូអេយ៉ាងដូច្នេះថា៖ «ខ្ញុំបារម្ភប្រសិនជាកូវីដ១៩នៅអូសបន្លាយទៀតគាត់អាចនឹងជួបបញ្ហាធ្ងន់ធ្ងរទាក់ទងនឹងជីវភាពប្រចាំថ្ងៃពីព្រោះឥឡូវយើងឃើញថាគាត់មានបញ្ហាជីវភាពប្រចាំថ្ងៃបណ្តើៗហើយ។ អ៊ីចឹងប្រសិនបើអូសបន្លាយតទៅទៀតវាអាចជួបនឹងការគាត់អត់អាហារទទួលទានតែម្តងដោយសារតែប្រាក់ចំណូលប្រចាំថ្ងៃវាកាន់តែថយទៅៗរហូតមកដល់ពេលនេះ»។
លោកបន្ថែមថា៖ «ប៉ុន្តែបញ្ហាចំបងអាលុយដែលគេពន្យារ ៥០ ភាគរយ ហើយក៏គាត់មិនមានលទ្ធភាពបង់ទៅធនាគារ ...មានន័យថា បញ្ហាគាត់ខ្វះខាតប្រាក់ផ្គត់ផ្គង់ជីវភាពទទួលទានអាហារប្រចាំថ្ងៃ ហើយបែរជាសងធនាគារមួយជាន់ទៀត គឺជាបញ្ហាដែលញាំញីគាត់នៅក្នុងសម័យកូវីដ១៩ ខ្លាំងមែនទែនសម្រាប់ជីវិតគាត់»។
លោក ហួត អៀងតុង ប្រធានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករ មានប្រសាសន៍ថា គ្រឹះស្ថានរបស់លោកនឹងផ្តល់ពេលវេលាអនុគ្រោះដល់អ្នកដែលរងគ្រោះបំផុត រួមមានអ្នកដែលធ្វើការនៅក្នុងវិស័យទេសចរណ៍ និងវិស័យកាត់ដេរផងដែរ។
លោក ហួត អៀងតុង បាននិយាយយ៉ាងដូច្នេះថា៖ «យើងនឹងសិក្សាមើល ប្រសិនបើគាត់ពិតជាប៉ះពាល់ដោយជំងឺហ្នឹងមែន ហើយគាត់ប្រាកដជាមិនមានលទ្ធភាពអីមែន អាហ្នឹងយើងអាចធ្វើទៅបានដែរអ៊ីចឹងណា៎»។
លោក ហួត អៀងតុង បន្ថែមទៀតថា សម្រាប់អ្នកដែលធ្វើការក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ គ្រឹះស្ថានរបស់លោកនឹងធ្វើការវាយតម្លៃអំពីស្ថានភាពជីវភាពជាក់ស្តែងរបស់អតិថិជននីមួយៗ។
លោកមានប្រសាសន៍ថា៖ «យើងដឹងថា គាត់រត់ [រ៉ឺម៉កកង់បី] រាល់ថ្ងៃ ដោយសារជំងឺហ្នឹង គាត់អត់សូវមានអ្នកជិះ អ៊ីចឹងយើងអាចពន្យារមួយចំនួនណានោះ ទៅតាមការជាក់ស្តែង។ អ៊ីចឹងបានថា ត្រូវជួបជជែកគ្នាជាមួយអតិថិជនឲ្យបានច្បាស់លាស់ មិនមែនថា អូតូម៉ាទិក ត្រូវតែពន្យារឲ្យគាត់នោះទេ»។
លោក វ៉ន ពៅ ប្រធានសមាគម IDEA អំពាវនាវឲ្យរដ្ឋាភិបាលរៀបចំថវិកាមួយចំនួនដែលសមស្របដើម្បីជួយប្រជាជន ដែលជួបការលំបាកទាំងនោះ ដោយការផ្តល់ជាស្បៀងអាហារដល់ពួកគេរហូតដល់ស្ថានការណ៍នេះបានប្រសើរឡើងវិញ។
លោក មាស សុខសេនសាន អគ្គលេខា និងជាអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានប្រាប់វីអូអេថា ក្រសួងបានរៀបចំថវិកាចំនួន ៣៥០ លានដុល្លារ ដើម្បីស្រោចស្រង់ទាំងអាជីវកម្ម និងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
លោកបញ្ជាក់ថា ការចាយវាយទៅលើថវិកានេះគឺស្ថិតលើការរៀបចំ និងវាយតម្លៃរបស់ក្រសួងសង្គមកិច្ច និងក្រសួងការងារ ដោយលោកមិនបញ្ជាក់លម្អិតអំពីការប្រើប្រាស់ថវិកានេះទេ។
លោកបាននិយាយថា ថវិកានេះមានគោលបំណង «ធានាសន្តិសុខសណ្តាប់ធ្នាប់ និងស្ថិរភាពសង្គម»និង «ជួយឲ្យធុរកិច្ច និងអាជីវកម្មអាចរស់បាន» និង «ជាពិសេសជួយរក្សាការងារ និងជំរុញសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក» និង «ការត្រៀមខ្លួនក្រោយពេលជំងឺនេះអន់ថយទៅ»។
លោកមានប្រសាសន៍យ៉ាងដូច្នេះថា៖ «មួយទៀតគឺរក្សាលំនឹងជីវភាពប្រជាជនក្នុងកម្រិតអប្បបរិមាមួយ និយាយឲ្យចំក្នុងន័យមួយ មិនឲ្យប្រជាជនដាច់បាយទេ ជាពិសេសសម្រាប់ប្រជាជនក្រីក្រ ក្រុមជនងាយរងគ្រោះ។ អ៊ីចឹងនៅក្នុងហ្នឹងគឺ ៣៥០ លានដុល្លារ យើងត្រៀមសម្រាប់ពួកគាត់ហ្នឹង»។
លោក មាស សុខសេនសាន បន្ថែមថា ក្រសួងនឹងមានការប្រជុំជាបន្តបន្ទាប់មួយដើម្បីកំណត់យុទ្ធសាស្ត្រសេដ្ឋកិច្ចសម្រាប់ពេលខាងមុខ។
ចំពោះពលរដ្ឋមួយចំនួន វិបត្តិនេះបានប៉ះពាល់ធ្ងន់ធ្ងរ។ លក្ខខណ្ឌប្រាក់កម្ចីមីក្រូហិរញ្ញវត្ថុជាច្រើនតម្រូវឲ្យពលរដ្ឋដែលខ្ចីដោយដាក់វត្ថុបញ្ចាំ ដែលមានដូចជាបណ្ណកម្មសិទ្ធិដីធ្លី(ប្លង់ដី)។ ការណ៍នេះធ្វើឱ្យមនុស្សរាប់សែននាក់ប្រឈមនឹងការបាត់បង់ផ្ទះសម្បែង និងទ្រព្យសម្បត្តិ ប្រសិនបើពួកគេខកខានមិនអាចសងបំណុលវិញ។ ពួកគេមួយចំនួនទៀតអាចត្រូវបង្ខំចិត្តលក់ដីធ្លីរបស់ពួកគេដើម្បីសងបំណុល។
លោក Bateman លើកឡើងថា៖ «អតិថិជនជាច្រើនបានដាក់បញ្ចាំប័ណ្ណកម្មសិទ្ធិដីធ្លីរបស់ពួកដើម្បីទទួលបានឥណទានខ្នាតតូច។ ក្នុងស្ថានភាពអាក្រក់បំផុតនោះ គឺគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួនអាចនឹងព្យាយាមលក់ដីនេះ ដើម្បីទារសំណងកម្ចីខ្នាតតូច ហើយវានឹងធ្វើឲ្យអតិថិជនរបស់ពួកគេស្ថិតក្នុងស្ថានភាពយ៉ាប់យឺន។ និយាយទៅការណ៍ដែលគ្មានដីធ្លីវាស្មើនឹងការណ៍ដែលស្ថិតនៅក្នុងភាពក្រីក្រដែលមិនអាចចេញរួច»។
លោកពន្យល់បន្ថែមថា៖ «គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនដែលបានបញ្ជាក់ថា តើពួកគេនឹងព្យាយាម ឬមិនព្យាយាម រឹបអូសយកដីធ្លី និងផ្ទះរបស់អតិថិជន ដែលមិនអាចសងប្រាក់ឥណទានខ្នាតតូចរបស់ពួកគេនោះទេ»។
ចំពោះអ្នកស្រី សុភ័ក្រ ដែលជាអ្នកជិតខាងរបស់លោក សុខុម និងអ្នកជិតខាងផ្សេងទៀត បញ្ហាបំណុលនេះគឺការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរមួយ។
អ្នកស្រី សុភ័ក្រ បាននិយាយថា៖
«លែងគិតថា រឿងឆ្លងមិនឆ្លងហើយ! សំខាន់ខ្លាចតែគេចុះមកអូសដីអូសផ្ទះយកអ៊ីចឹង។ យើងរកលុយអត់បានបង់»។
ដើម្បីទប់ស្កាត់កុំឲ្យបញ្ហាទាំងនេះកើតឡើង អង្គការសង្គមស៊ីវិលមួយចំនួនបាន បញ្ជាក់តាមសេចក្តីថ្លែងការណ៍របស់ពួកគេ ដោយជំរុញឲ្យរដ្ឋាភិបាល និងធនាគារជាតិ បញ្ជាឱ្យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានា ដែលធ្វើការវិស័យនេះប្រគល់បណ្ណកម្មសិទ្ធិដីធ្លីទៅម្ចាស់បំណុលវិញ។
សេចក្តីថ្លែងការណ៍រួមមួយរបស់ អង្គការសង្គមស៊ីវិលដែល ចេញផ្សាយថ្ងៃទី២៧ ខែមេសា បានលើកឡើងថា៖ «ប្រជាពលរដ្ឋទាំងអស់រួមទាំងអ្នកខ្ចីប្រាក់ពីមីក្រូហិរញ្ញវត្ថុស័ក្តិសមនឹងទទួលបានសិទ្ធិកាន់កាប់បណ្ណកម្មសិទ្ធិដីធ្លីរបស់ពួកគេ ដោយគ្មានការរារាំងតាំងពីដើមមក ជាពិសេសនៅក្នុងពេលនេះ វិធានការបន្ទាន់គួរត្រូវបានពិចារណាយកមកអនុវត្ត ដើម្បីធានាថា គ្មានអ្នកណាម្នាក់ត្រូវបានបង្ខំឱ្យលក់ដីសម្រាប់សងបំណុលអំឡុងពេលមានវិបត្តិសេដ្ឋកិច្ចនេះ»។
ស្ថាប័នមីក្រូហិរញ្ញវត្ថុនៅកម្ពុជាក៏ពឹងផ្អែកលើប្រាក់របស់អ្នកដទៃដែរ។ ឧទាហរណ៍សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) របស់ធនាគារពិភពលោកបានវិនិយោគលើក្រុមហ៊ុនមីក្រូហិរញ្ញវត្ថុនៅកម្ពុជាមួយចំនួនដូចជាធនាគារអេស៊ីលីដា និងក្រុមហ៊ុនគ្រប់គ្រងការវិនិយោគ Triodos Investment Management ដែលមានភាគហ៊ុននៅក្នុងធនាគារអេស៊ីលីដា។
អ្នកនាំពាក្យរបស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) នេះ បានសរសេរនៅក្នុងសារអេឡិចត្រូនិកមកកាន់វីអូអេថា ខ្លួនកំពុង «ពិនិត្យមើលយ៉ាងដិតដល់នូវផលប៉ះពាល់នៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ទាំងអស់ រួមទាំងប្រទេសកម្ពុជាផងដែរ»។
សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បញ្ជាក់ទៀតថា ខ្លួនបានបម្រុងកញ្ចប់ទឹកប្រាក់ប្រមាណ ៨ពាន់លានដុល្លារសម្រាប់ជួយដល់ក្រុមហ៊ុន និងស្ថាប័នហិរញ្ញវត្ថុដើម្បីបន្តប្រតិបត្តិការរបស់ខ្លួន។
អ្នកនាំពាក្យរបស់ស្ថាប័ននេះ និយាយថា កញ្ចប់ទឹកប្រាក់នេះអាចពង្រឹងដល់ដំណើរការស្តារសេដ្ឋកិច្ចឡើងវិញ និងជួយអ្នកដែលងាយរងគ្រោះបំផុតឲ្យពួកគាត់អាចឆាប់មានឱកាស ដើម្បីរកប្រាក់ចំណូលទៅតាមរបៀបរបបប្រចាំថ្ងៃរបស់ពួកគេឡើងវិញ។
នៅក្នុងសេចក្តីថ្លែងការណ៍ដែលផ្ញើរមកវីអូអេ តាមសារអេឡិចត្រូនិចក្រុមហ៊ុន Triodos Investment Management បានជំរុញឲ្យស្ថាប័ននានា «ដោះស្រាយនីតិវិធីនៃការប្រមូលបំណុលប្រកបដោយការទទួលខុសត្រូវ និងពិចារណាបន្ថូរបន្ថយពេលកំណត់សម្រាប់ការសងប្រាក់វិញ»។
ប៉ុន្តែអ្នកបើកបរម៉ូតូកង់បី លោក សោម សារិទ្ធ បានថ្លែងថា លោកចង់ឲ្យរដ្ឋាភិបាលមានវិធានការជាមួយធនាគារជាក់ស្តែងជាងនេះ។
លោក សោម សារិទ្ធ ដែលជាអ្នកជិតខាងម្នាក់ទៀតរបស់លោក សុខុម មានវ័យ ៦០ ឆ្នាំបានខ្ចីប្រាក់ចំនួន ១៨.០០០ ដុល្លារពីស្ថាប័នមីក្រូហិរញ្ញវត្ថុ ដើម្បីសាងសង់ផ្ទះរបស់គាត់ និងចំណាយសម្រាប់មង្គលការកូនប្រុសរបស់គាត់។ ឥឡូវគាត់ត្រូវបង់ប្រាក់ចំនួន ៣៨០ ដុល្លារក្នុងមួយខែៗ និងចំនួន ១០០ ដុល្លារទៀតសម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួនពីរផ្សេងទៀត។
មុនពេលមានរាតត្បាតជំងឺកូវីដ១៩ គ្រួសាររបស់លោក សារិទ្ធ មិនមានបញ្ហាក្នុងការសងប្រាក់កម្ចីរបស់ពួកគេទេ ក៏ប៉ុន្តែនៅពេលដែលមានការផ្ទុះឡើងនូវជំងឺនេះ នៅក្នុងប្រទេសកម្ពុជា គ្រួសាររបស់លោកជួបបញ្ហា។ កូនស្រី និងប្រពន្ធរបស់លោក ធ្វើការនៅឯសាលារៀន ហើយដោយសារសាលារៀនបានបិទទ្វារ ក្រុមគ្រួសាររបស់គាត់មិនដឹងត្រូវធ្វើយ៉ាងណាទេ ដើម្បីរកលុយឲ្យបានគ្រប់គ្រាន់ដើម្បីសងបំណុល។
លោក សុខុម បាននិយាយថា គាត់តែងតែបង់ប្រាក់កម្ចី ទាន់ពេលវេលារហូត។
លោកថ្លែងថា៖ «ពេលគេមកសួរយើង គេដាក់លុយទម្លាក់លុយមកឲ្យយើង ក៏គេសួរពីមុខរបរយើង ពីទ្រព្យសម្បត្តិយើង ពីលទ្ធភាពយើងសូម្បីតែកូនយើងធ្វើការក៏គេចង់ដឹងថា កូនធ្វើការអីបានប្រាក់ប៉ុន្មាន បានគេឲ្យយើង»។
លោកបន្ថែមថា៖ «ហើយដល់ពេលមានបញ្ហា គេអត់បានគិតថា ហក៎ឥឡូវកូនប្រពន្ធលក់ដូរហ្នឹងអត់មានអីទាំងអស់។ គេអត់បានគិតយើងវិញទេ។ តែអាពេលយើងទៅខ្ចីគេគេសួរយើងអស់។ ដល់ពេលយើងចាប់ផ្តើមមានបញ្ហា គេអត់បានមកសួរយើងទេ។ គេដឹងតែថា ត្រូវតែបង់លុយ។ អាហ្នឹងវាអយុត្តិធម៌ចំពោះកូនបំណុលបន្តិចហើយ!»
ប៉ុន្តែពេលនេះ បើទោះបីជាលោកសុខុមមានប្រវត្តិសងបំណុលទាន់ពេលវេលាបានល្អក៏ដោយ ក៏វាមិនអាចជួយគាត់នៅក្នុងពេលមានវិបត្តិសេដ្ឋកិច្ច ដោយសារជំងឺកូវីដ១៩នោះទេ៕