នៅថ្ងៃពុធនេះវេលាម៉ោង ២ និង ២២ នាទីរសៀល ម៉ោងនៅក្នុងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ព្រះសពរបស់ព្រះមហាក្សត្រិយានី Elizabeth ទី ២ ត្រូវបានដង្ហែចេញពីព្រះមរមរាជវាំង Buckingham ទៅកាន់សាល Westminster របស់សភានៅក្នុងទីក្រុងឡុងដ៍ ដែលនៅទីនោះព្រះសពរបស់ព្រះអង្គនឹងត្រូវតម្កល់ជាផ្លូវរដ្ឋ។
ព្រះមហាក្សត្រ Charles ទី ៣ បានយាងពីក្រោយក្បួនដង្ហែព្រះសពរបស់ព្រះមហាក្សត្រិយានីដែលជាព្រះមាតារបស់ព្រះអង្គ។ ព្រះអង្គម្ចាស់ William និងព្រះអង្គម្ចាស់ Harry ដែលជាបុត្រារបស់ព្រះមហាក្សត្រ Charles រួមជាមួយនឹងម្ចាស់ក្សត្រិយ៍ Anne ព្រះអង្គម្ចាស់ Andrew និងព្រះអង្គម្ចាស់ Edward ដែលជាព្រះអនុជ ក៏បានយាងចូលរួមផងដែរនៅក្នុងព្រះរាជពិធីដង្ហែនេះ។
ព្រះសពរបស់ព្រះមហាក្សត្រិយានី Elizabeth ទី ២ នឹងត្រូវតម្កល់ជាផ្លូវរដ្ឋរយៈពេល ៤ ថ្ងៃ នៅក្នុងសាល Westminster ដែលបានសាងសង់ឡើងតាំងពីសតវត្សរ៍ទី ១១។
សាល Westminster នេះនឹងបើក ២៣ ម៉ោងក្នុងមួយថ្ងៃសម្រាប់ភ្ញៀវចូលមកគោរពព្រះសពរបស់ព្រះអង្គ ហើយនឹងមានការយាមល្បាតពីទាហានមកពីព្រះបរមរាជវាំង។ មនុស្សរាប់ម៉ឺននាក់ត្រូវគេរំពឹងថានឹងធ្វើដំណើរទៅកាន់សាលនេះដើម្បីសម្តែងការគោរពរបស់ពួកគេ។
ព្រះមហាក្សត្រិយានី Elizabeth ទី ២ បានសោយទិវង្គតកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុននៅឯព្រះរាជដំណាក់ Balmoral ក្នុងតំបន់ខ្ពង់រាបស្កុតលែន ដែលជាកន្លែងដែលព្រះអង្គសព្វព្រះរាជហឫទ័យខ្លាំងបំផុត។
ព្រះរាជពិធីបុណ្យព្រះសពរបស់ព្រះអង្គគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ១៩ ខែកញ្ញាខាងមុខនៅឯព្រះវិហារ Westminster Abbey។ បន្ទាប់មក មឈូសរបស់ព្រះអង្គនឹងត្រូវដង្ហែទៅកាន់ក្រុង Windsor ដើម្បីធ្វើព្រះរាជពិធីបញ្ចុះព្រះសព។ ព្រះសពរបស់ព្រះអង្គម្ចាស់ Philip ដែលជាព្រះស្វាមីរបស់ព្រះមហាក្សត្រិយានី Elizabeth ទី ២ ត្រូវបានបញ្ចុះនៅទីនោះកាលពីខែមេសា ឆ្នាំ ២០២១៕
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារព័ត៌មាន Associated Press ទីភ្នាក់ងារព័ត៌មាន Reuters និងទីភ្នាក់ងារព័ត៌មាន AFP។