ព្រះមហាក្សត្រ Charles ទី ៣ នៃចក្រភពអង់គ្លេសបានមានព្រះរាជបន្ទូលប្រាប់សភាចក្រភពអង់គ្លេសនៅថ្ងៃចន្ទនេះថា ព្រះអង្គ «បានតាំងព្រះទ័យដោយមិនងាករេនៅក្នុងការធ្វើតាម» គំរូរបស់ព្រះមហាក្សត្រិយានី Elizabeth ទី ២ ដែលជាព្រះមាតារបស់ទ្រង់ដែលបានសោយទិវង្គតកាលពីសប្ដាហ៍មុន។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
នៅក្នុងពិធីមួយដែលធ្វើឡើងនៅក្នុងសាល Westminster នៃសភារបស់ចក្រភពអង់គ្លេស ព្រះមហាក្សត្រ Charles ទី ៣ បានសម្តែងនូវការគោរពដល់ព្រះមាតារបស់ព្រះអង្គ និងបានសន្យាថានឹងប្រកាន់ខ្ជាប់តាមគោលការណ៍នៃរដ្ឋាភិបាលអាស្រ័យរដ្ឋធម្មនុញ្ញរបស់ចក្រភពអង់គ្លេស។
ព្រះអង្គបានមានព្រះរាជបន្ទូលទៅកាន់សមាជិករដ្ឋសភានិងព្រឹទ្ធសភានិងមន្ត្រីរដ្ឋាភិបាលថា៖ «កាលពីព្រះមាតារបស់ទ្រង់នៅក្មេង ព្រះអង្គបានតាំងព្រះទ័យដើម្បីបម្រើប្រទេសជាតិនិងប្រជារាស្រ្តរបស់ព្រះអង្គ និងបានថែរក្សានូវគោលការណ៍ដ៏មានតម្លៃបំផុតនៃរដ្ឋាភិបាលអាស្រ័យរដ្ឋធម្មនុញ្ញ ដែលជាស្នូលដ៏សំខាន់របស់ប្រទេសជាតិរបស់យើង។ ព្រះមហាក្សត្រិយានីបានអនុវត្តនូវការសន្យានេះបានយ៉ាងខ្ជាប់ខ្ជួនជាទីបំផុត»។
នៅក្នុងពិធីដែលធ្វើឡើងនៅក្នុងសាល Westminster នោះផងដែរ ព្រះមហាក្សត្រ Charles ទី ៣ បានមានព្រះរាជបន្ទូលថា៖ «នៅពេលដែលខ្ញុំឈរនៅពីមុខអ្នកនៅថ្ងៃនេះ យើងកំពុងបង្កើតនូវប្រវត្តិសាស្ត្រមួយ ដែលក្រើនរំឭកយើងអំពីប្រពៃណីដ៏មានសារៈសំខាន់របស់សភា ដែលសមាជិកសភាទាំងពីរថ្នាក់បានធ្វើការដោយមិនខ្លាចនឿយហត់ជាមួយនឹងការប្តេជា្ញចិត្តដើម្បីធ្វើឱ្យមានភាពប្រសើរឡើងសម្រាប់ប្រជារាស្ត្រគ្រប់រូប»៕