ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាធារណជន​ចូល​គោរព​ព្រះសព​ព្រះមហាក្សត្រិយានី Elizabeth ទី ២ ក្នុង​ព្រះវិហារ St. Giles


ព្រះមហាក្សត្រ Charles ទី ៣ និង​សមាជិក​រាជវង្ស​ដទៃ​ទៀត​នៃ​ចក្រភព​អង់គ្លេស​ចូលរួម​ព្រះរាជ​ពិធី​កាន់ទុក្ខ​ក្បែរ​មឈូស​ព្រះមហាក្សត្រិយានី Elizabeth ទី ២ ក្នុង​ពេល​ដែល​សាធារណជន​ចូល​គោរព​ព្រះសព​ព្រះមហាក្សត្រិយានី Elizabeth ទី ២ ក្នុង​ព្រះវិហារ St. Giles កាលពី​ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២។
ព្រះមហាក្សត្រ Charles ទី ៣ និង​សមាជិក​រាជវង្ស​ដទៃ​ទៀត​នៃ​ចក្រភព​អង់គ្លេស​ចូលរួម​ព្រះរាជ​ពិធី​កាន់ទុក្ខ​ក្បែរ​មឈូស​ព្រះមហាក្សត្រិយានី Elizabeth ទី ២ ក្នុង​ពេល​ដែល​សាធារណជន​ចូល​គោរព​ព្រះសព​ព្រះមហាក្សត្រិយានី Elizabeth ទី ២ ក្នុង​ព្រះវិហារ St. Giles កាលពី​ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២។

នៅ​ថ្ងៃ​អង្គារ​នេះ សាធារណជន​បាន​សម្តែង​ការ​គោរព​ដល់​ព្រះសព​របស់​ព្រះមហាក្សត្រិយានី Elizabeth ទី ២ របស់​ចក្រភព​អង់គ្លេស​នៅ​ព្រះវិហារ St. Giles ក្នុង​ទីក្រុង Edinburgh ដោយ​មនុស្ស​ជា​ច្រើន​បាន​រង់ចាំ​ពេញ​មួយ​យប់​សម្រាប់​ឱកាស​ចុងក្រោយ​ក្នុង​ការ​ដើរ​កាត់​មឈូស​របស់​ព្រះអង្គ​មុន​ពេល​ត្រូវ​ដង្ហែ​ទៅកាន់​ទីក្រុង​ឡុងដ៍។

ម្ចាស់ក្សត្រី Anne ដែល​ជា​បុត្រី​របស់​ព្រះមហាក្សត្រិយានី នឹង​យាង​អម​មឈូស​របស់​ព្រះអង្គ​នៅ​លើ​យន្តហោះ​ក្នុង​ដំណើរ​ដង្ហែ​ព្រះសព​ព្រះអង្គ​ទៅកាន់​ទីក្រុង​ឡុងដ៍​នៅ​ថ្ងៃ​អង្គារ​នេះ។

ព្រះសព​របស់​ព្រះមហាក្សត្រិយានី​នឹង​ត្រូវ​ដង្ហែ​ទៅកាន់​ព្រះបរម​រាជវាំង Buckingham ជាមុន​សិន មុន​នឹង​ត្រូវ​ផ្ទេរ​តាម​ក្បួន​ដង្ហែ​សាធារណៈ​ដែល​ដឹកនាំ​ដោយ​ព្រះមហាក្សត្រ Charles ទី ៣ ទៅ​កាន់​សាល Westminster ដែល​សាងសង់​តាំងពី​សតវត្ស​រ៍ទី ១១ ដែល​ជា​កន្លែង​ដែល​ព្រះសព​របស់​ព្រះអង្គ​នឹង​ត្រូវ​តម្កល់​ជា​ផ្លូវ​រដ្ឋ​រយៈពេល ៤ ថ្ងៃ។

សាល Westminster នេះ​នឹង​បើក ២៣ ម៉ោង​ក្នុង​មួយ​ថ្ងៃ​សម្រាប់​ភ្ញៀវ​ចូល​មក​គោរព​ព្រះសព​របស់​ព្រះអង្គ ហើយ​នឹង​មាន​ការ​យាមល្បាត​ពី​ទាហាន​មកពី​ព្រះបរម​រាជវាំង។ មនុស្ស​រាប់​ម៉ឺន​នាក់​ត្រូវ​គេ​រំពឹង​ថា​នឹង​ធ្វើ​ដំណើរ​ទៅកាន់​សាល​នេះ​ដើម្បី​សម្តែង​ការ​គោរព​របស់​ពួកគេ។

ព្រះមហាក្សត្រិយានី Elizabeth ទី ២ បាន​សោយទិវង្គត​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន​នៅ​ឯ​ព្រះរាជ​ដំណាក់ Balmoral ក្នុង​តំបន់​ខ្ពង់រាប​ស្កុតលែន ដែល​ជា​កន្លែង​ដែល​ព្រះអង្គ​សព្វ​ព្រះរាជ​ហឫទ័យ​ខ្លាំង​បំផុត។

ព្រះមហាក្សត្រ Charles និង​ម្ចាស់ក្សត្រី Anne ព្រះអង្គម្ចាស់ Andrew និង​ព្រះអង្គម្ចាស់ Edward ដែល​ជា​ព្រះអនុជ បាន​គោរព​វិញ្ញាណក្ខន្ធ​របស់​ព្រះមាតា​យ៉ាង​ស្ងៀមស្ងាត់​កាលពី​ថ្ងៃ​ចន្ទ​ក្នុង​ព្រះវិហារ St. Giles ដោយ​ឱន​ព្រះកេស​នៅពេល​ព្រះអង្គ​ទាំង ៤ អង្គ​ឈរ​នៅ​ជ្រុង​ទាំងបួន​នៃ​មឈូស​របស់​ព្រះ​មាតា។

ព្រះសព​របស់​ព្រះមហាក្សត្រិយានី​ត្រូវ​បាន​ដង្ហែ​ទៅកាន់​ព្រះវិហារ St. Giles តាម​ក្បួន​ដង្ហែ​ដ៏​ឱឡារិក​មួយ​តាម​ដងផ្លូវ​នៃ​ទីក្រុង Edinburgh ដែល​ជា​កន្លែង​ដែល​មនុស្ស​រាប់​ពាន់​នាក់​បាន​ចេញ​មក​គោរព​វិញ្ញាណក្ខន្ធ​របស់​ព្រះអង្គ។

បន្ទាប់ពី​ក្បួន​ដង្ហែ​បាន​ទៅ​ដល់​ព្រះវិហារ St. Giles សមាជិក​នៃ​រាជវង្សានុវង្ស​រួម​ជាមួយ​នឹង​ថ្នាក់​ដឹកនាំ​នយោបាយ​បាន​ចូលរួម​នៅ​ក្នុង​ព្រះរាជ​ពិធី​ថ្វាយ​បង្គំ​មួយ​នៅ​ខាង​ក្នុង​ព្រះវិហារ​ដើម្បី​ថ្វាយ​ដល់​ព្រះសព​របស់​ព្រះមហាក្សត្រិយានី។

ព្រះ​គ្រូ Calum MacLeod បាន​ថ្លែង​ថា៖ «យើង​ប្រមូល​ផ្តុំ​គ្នា​ដើម្បី​ឱ្យ​ប្រទេស​ស្កុតលែន​ថ្វាយ​បង្គំ​លា​ព្រះមហាក្សត្រិយានី​របស់​យើង ដែល​បាន​បូជា​ព្រះកាយ​បម្រើ​ជាតិ​និង​ពិភពលោក។ ការ​សព្វ​ព្រះរាជ​ហឫទ័យ​របស់​ព្រះអង្គ​ចំពោះ​ស្កុតលែន​គឺ​ពិតជា​អស្ចារ្យ​គួរ​ឱ្យ​គោរព»៕

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​ព័ត៌មាន Associated Press និង​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

XS
SM
MD
LG