ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍ VOA៖ សន្និសីទ​ពិភពលោក​ស្ដីពី​ការបង្ការ​ការលង់​ទឹក​រំពឹង​ថា​ការស្លាប់​ដោយ​លង់ទឹក​នឹង​ត្រូវ​បាន​កាត់​បន្ថយ


លោក Justin Scarr ប្រធាន​សហព័ន្ធ​សង្គ្រោះ​ជីវិត​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍ ផ្តល់​បទសម្ភាស៍​ដល់ VOA នៅ​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)
លោក Justin Scarr ប្រធាន​សហព័ន្ធ​សង្គ្រោះ​ជីវិត​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍ ផ្តល់​បទសម្ភាស៍​ដល់ VOA នៅ​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)

សន្និសីទ​​​នេះ​រៀប​ចំ​ដោយ​សហព័ន្ធ​សង្គ្រោះ​ជីវិត​​​អន្តរជាតិ (ILSF) សហការ​គាំទ្រ​ដោយ​អង្គការ​សុខភាព​​ពិភព​លោក (WHO) ​មាន​អ្នក​ចូល​រួម​ចំនួន​៥០០​នាក់ មក​ពី​ប្រទេស​ជាង​៦០ ដែល​ភាគ​ច្រើន​ជា​អ្នក​ជំនាញ និង​ស្រាវ​ជ្រាវ​ពាក់ព័ន្ធ​នឹង​ការ​បង្ការ​ការ​លង់​ទឹក។

កំណត់និពន្ធ៖ សន្និសីទ​ពិភពលោក​ស្ដីពី​ការ​បង្ការ​ការ​លង់ទឹកឆ្នាំ​២០១៩ ធ្វើ​ឡើង​ក្នុង​ទីក្រុង​ដឺបឺន ប្រទេស​អាហ្វ្រិក​ខាងត្បូង រយៈពេល​បី​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​៨ ដល់​ថ្ងៃ​ទី១០ ខែ​តុលា ឆ្នាំ​២០១៩។​ សន្និសីទ​នេះ​រៀប​ចំ​ដោយ​សហព័ន្ធ​សង្គ្រោះ​ជីវិត​អន្តរជាតិ (ILSF) សហការ​គាំទ្រ​ដោយ​អង្គការ​សុខភាពពិភព​លោក (WHO) ​មាន​អ្នក​ចូល​រួម​ចំនួន​៥០០​នាក់ មក​ពី​ប្រទេស​ជាង​៦០ ដែល​ភាគ​ច្រើន​ជា​អ្នក​ជំនាញ និង​ស្រាវ​ជ្រាវ​ពាក់ព័ន្ធ​នឹង​ការ​បង្ការ​ការ​លង់​ទឹក។ លោក Justin Scarr ប្រធាន​គណៈកម្មាធិការ​ការពារ​ការ​លង់​ទឹក​នៃ​សហព័ន្ធ​សង្គ្រោះ​ជីវិត​អន្តរជាតិ ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​ បាន​ផ្តល់​បទសម្ភាសន៍​ដល់ VOAអំពី​ស្ថានភាព​នៃ​ការ​លង់​ទឹក​លើ​ពិភពលោក។


VOA៖ ក្នុង​សន្និសីទ​ពិភព​លោក​ស្តីពី​ការ​ទប់ស្កាត់​ការ​លង់​ទឹកក្នុង​ឆ្នាំ​២០១៩ ដែល​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង​ Durban, South Africa រយៈពេល​បី​ថ្ងៃ​នេះ តើ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​អ្វី​ដែរ?

Justin Scarr៖ វា​មាន​គោល​បំណងចំនួនបី។ វា​ជា​ការលើក​យក​បញ្ហា​នៃការ​លង់​ទឹក​បង្កើត​ជា​ការ​សន្ទនាជា​សកល វា​ផ្តោត​លើ​ភស្តុតាង និង​អន្តរាគមន៍​ ហើយ​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការផ្លាស់ប្តូរ​គ្នា​នៅ​ទូទាំង​ប្រទេស និង​អង្គការ​នានា។ វា​ក៏​ដើម្បី​ជួយ​កសាង​សមត្ថភាពជាមូលដ្ឋាន​របស់​ប្រទេស​ដែល​ពាក់ព័ន្ធនឹង​សន្និសីទផង​ដែរ។

VOA៖ តើ​អង្គការ ឬ​ស្ថាប័ន​ណាខ្លះ​ជា​អ្នករៀបចំ និង​គាំទ្រ​សន្និសីទ​ពិភព​លោកនេះ?

Justin Scarr៖ សន្និសីទ​នេះមានអង្គការសំខាន់ចំនួនបី។ គឺសហព័ន្ធ​ ការសង្គ្រោះជីវិត​អាហ្វ្រិក​ខាងត្បូង អង្គការ​សុខភាព​ពិភពលោក និង​សហព័ន្ធ​សង្គ្រោះ​ជីវិត​អន្តរជាតិ។ ទាំងអស់​គ្នារួមគ្នា​រៀបចំ​ព្រឹត្តិការណ៍​នេះ ហើយមាន​មនុស្ស​ប្រហែល ៥៣០ នាក់ មកពីប្រទេសចំនួន ៦៤ ផ្សេងគ្នា​នៅ​ទូទាំង​ពិភពលោក។


VOA៖ លោក​អាច​ប្រាប់​បាន​ទេ​ថា តើ​ការ​លង់​ទឹក​ក្នុង​ពេល​បច្ចុប្បន្ន​លើ​ពិភព​លោក និង​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ​មាន​ស្ថានភាព​បែបណាដែរ?

Justin Scarr៖ យើង​បាន​ធ្វើការ​លើ​បញ្ហានេះមួយរយៈហើយ។ ឥឡូវនេះ​យើងយល់​ថា​មាន​មនុស្ស​ប្រហែល៣៦០,០០០​នាក់ (បីសែន​ប្រាំមួយម៉ឺននាក់) បាន​លង់ទឹក​ស្លាប់ក្នុង​មួយ​ឆ្នាំ ​នៅទូទាំងពិភពលោក។ ច្រើនជាង ៥០ ឬ ៦០ ភាគរយនៃចំនួននោះគឺនៅអាស៊ី។ ខណៈ​ពេល​ដែល​បន្ទុក​ខ្ពស់​បំផុត​នៃ​ការលង់​ទឹក ឬ​អត្រា​លង់​ទឹក​ខ្ពស់​បំផុត​គឺ​នៅ​ទ្វីបអាហ្វ្រិក។ ចំនួនមនុស្ស​លង់​ទឹក​ខ្ពស់​បំផុត​គឺ​នៅ​ទូទាំង​ទ្វីបអាស៊ី​ដែល​មានអត្រា​ខ្ពស់ គឺមានដូចជា​នៅ​ប្រទេស​កម្ពុជា វៀតណាម និងថៃ។

VOA៖ ហេតុ​អ្វី​បាន​ជា​យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​នៃ​ការ​លង់​ទឹក?

Justin Scarr៖ វា​ជា​បញ្ហា​សំខា​ន់​មួយ​នៅ​កម្រិត​សហគមន៍។ ហើយ​ប្រសិនបើ​យើង​មិន​កាត់បន្ថយ​ការលង់ទឹក​ទេ​ យើង​នឹង​មិន​ទទួល​បាន​ជោគជ័យ​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព ឬ​កាត់បន្ថយ​អត្រា​មរណភាព​កុមារ​ឡើយ​។

VOA៖ ក្នុង​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភព​លោក​រក​ឃើញ​ថា ករណី​នៃការ​ស្លាប់​ដោយ​សារ​ការ​លង់​ទឹក​មាន​កម្រិត​ខ្ពស់ក្នុងបណ្តា​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប ​និង​មធ្យម តើ​ហេតុអ្វី​បាន​ជាប្រទេស​ទាំង​នោះ​មាន​ការ​ស្លាប់​ដោយ​លង់​ទឹក​ក្នុង​កម្រិត​ខ្ពស់?

Justin Scarr៖ វាទំនងជា​អំពី​ការប៉ះពាល់​នឹ​ង​ទឹក។ មនុស្ស​ជាច្រើន​នៅ​ទូទាំង​សហគមន៍​អាស៊ី​រស់​នៅ​ជិតទឹក។ ពួកគេ​ពឹងផ្អែក​ខ្លាំង​លើទឹក​សម្រាប់​ជីវភាព​រស់នៅ​កសិកម្ម​ធ្វើស្រែ​ ការចិញ្ចឹម​សត្វ។ វាពិតជាមានប្រព័ន្ធទន្លេធំ ៗ និង​ដៃ​ទន្លេ​ជាច្រើន​នៅ​ពាសពេញ​ទ្វីប​អាស៊ី​ មាន​ន័យ​ថា​សហគមន៍​ពិត​ជា​ត្រូវ​បាន​ឆ្លង​កាត់​ដោយ​ទន្លេ។ ដូច្នេះ​កុមារគឺជាពិសេស ​ត្រូវបាន​ប៉ះពាល់​នឹង​ទឹក​ខ្លាំង​។ ម្តង ឬ​ពីរដង​ក្នុង​មួយ​ឆ្នាំ​មាន​ខ្យល់​មូសុង​ដែល​បង្កើន​ទឹក​ហូរ​កាត់​ទន្លេ​ទាំង​នោះ​ហើយ​ដូច្នេះ​ទឹ​កជំនន់អាចជាបញ្ហាសំខាន់។ ទាំងអស់​នេះ​រួម​ចំណែក​ដល់ការបង្កើន​ហានិភ័យ​ក្នុងការលង់ទឹក​នៅ​ទូទាំង​ប្រជាជាតិ​អាស៊ី។

VOA៖ ហេតុ​អ្វី​បាន​ជាករណីនៃ​ការ​លង់​ទឹក​ហាក់​មិន​សូវ​មានការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ ខណៈដែល​ចំនួន​អ្នកស្លាប់​នៃ​ការ​លង់ទឹក​មាន​ចំនួន​ច្រើន?

Justin Scarr៖ ហេតុផល​មួយ​ទាក់ទង​ទៅ​នឹង​មូលហេតុ​ដែល​យើង​ធ្វើ​សន្និសីទ​នេះ។ សហគមន៍​ការពារ​ការលង់​ទឹក​ មិនមាន​ការរៀបចំ​ល្អ​ដូច​សហគមន៍សុខភាពសាធារណៈដទៃទៀតទេ។ សហគមន៍​ចរាចរណ៍​ផ្លូវថ្នល់​ត្រូវ​បាន​រៀបចំ​យ៉ាង​ខ្លាំងក្លា​។ ពួកគេ​មាន​ទិន្នន័យ​ពេញលេញ​។ ពួកគេ​មា​នអន្តរាគមន៍ខ្លាំង។ ហើយ​ពួកគេ​តស៊ូ​មតិ​យ៉ាងខ្លាំង។ ដូច្នេះ​វា​ជា​រឿង​ធម្មតា​ទេ​ដែល​នៅ​ប្រទេសដូចជាប្រទេស​កម្ពុជាវា​ត្រូវ​បានរៀបចំយ៉ាងល្អ។ ប៉ុន្តែ​សហគមន៍​ការពារ​ការលង់ទឹ​ក​គឺ​នៅ​ក្មេង​ខ្ចី​មែនទែន វា​មិនមាន​ការរៀបចំ​ល្អ​ទេ។ ដូច្នេះ​ការប្រមូលផ្តុំ​មនុស្ស​នៅក្នុ​ង​សន្និសីទ​ពិភព​លោកស្តីពី​ការលង់ទឹក គឺជា​វិធី​នៃការផ្តោត​អារម្មណ៍​លើ​ការលង់​ទឹក ​ហើយស​ង្ឃឹម​ថា​ថ្ងៃណាមួយ​នឹង​មាន​ការផ្តោត​សំខាន់​លើ​ការលង់​ទឹក​នៅ​ក្នុង​ប្រទេសកម្ពុជា និងប្រទេស​ដទៃ​ទៀត​នៅ​ក្នុង​តំបន់។

VOA៖ តើ​គួរ​ធ្វើ​បែប​ណា​ដើម្បី​បង្ការ និង​ទប់​ស្កាត់​ករណី​លង់ទឹក?

Justin Scarr៖ អ្នកត្រូវ​តែ​យល់ពី​អ្វីដែល​បណ្តាល​ឱ្យ​លង់ទឹក​នៅ​ក្នុង​សហគមន៍​មូល​ដ្ឋាន។ ការ​យល់​ឃើញរបស់ខ្ញុំ​គឺថា ប្រទេស​កម្ពុជា​គឺ​ស្រដៀង​នឹង​ប្រទេស​វៀតណាម។ ដូច្នេះ​យើង​ដឹង​ថា​ការលង់ទឹក​របស់​កុមារ​គឺជា​បញ្ហា​ដ៏​សំខាន់​នៅ​ក្នុង​តំបន់​នោះ​នៃ​ពិភពលោក។ យើងត្រូវមើលថែរ​កុមារយ៉ាងជិតស្និទ្ធពេល​នៅជុំវិញទឹក។ យើងត្រូវបង្កើតរបាំងសម្រាប់ទឹក។ យើង​ត្រូវ​តែ​ពង្រឹង​ជំនាញ​ហែលទឹក និង​សុវត្ថិភាព​នៅ​កម្រិត​សហគមន៍។ ប៉ុន្តែ​ភាគច្រើន​យើង​ត្រូវប្រា​កដថា សហគមន៍​យល់ដឹង​ថា ការ​លង់ទឹក​គឺ​អាច​បង្ការ​បាន។

VOA៖ តើ​នរណា​ជា​អ្នក​មាន​តួនាទី ឬទំនួល​ខុស​ត្រូវ​ខ្ពស់​ជាងគេ​ក្នុងការ​ទប់ស្កាត់​ការលង់ទឹក​ក្នុង​ប្រទេស​នីមួយៗ?

Justin Scarr៖ ខ្ញុំដឹងថា​រដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើ​ការងារជាច្រើន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដោយ​បាន​ព្យាយាម​បង្កើត​យុទ្ធសាស្ត្រ​សុវត្ថិភាព​ទឹក​កម្ពុជា។ មាន​ការជជែកច្រើនដែល​ពាក់ព័ន្ធ​នឹង​ក្រសួងសុ​ខាភិបាល​។ ប៉ុន្តែ​ក៏​មាន​ក្រសួង​កសិកម្ម និងក្រសួងអភិវឌ្ឍន៍​ទឹក​សាប។ ដូច្នេះពិតណាស់​ ​ការលង់​ទឹក​មិន​ទាក់ទង​នឹងក្រសួងតែមួយទេ។ យើង​ត្រូវ​មាន​កិច្ច​សហ​ប្រតិបត្តិ​ការពីរដ្ឋាភិបាល​ដើម្បី​លើក​កម្ពស់ការ​យល់​ដឹងបញ្ហា​នេះ។ ក៏មាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួនដែល​ជា​អង្គការ​ធ្វើការ​លើ​ការកាត់បន្ថយ​ភាព​ក្រីក្រ និង/ឬ​ប្រព័ន្ធ​ធារាសាស្រ្ត​ ក៏​កំពុង​ធ្វើការ​នៅ​កម្ពុជា​ផងដែរ ។ វាជា​ការសំខាន់​ណាស់​ដែល​អង្គការ​ទាំងនោះ​ធ្វើការ​លើ​ការពារការ​លង់​ទឹក។

VOA៖ តើ​ករណីនៃ​ការ​លង់​ទឹក​មាន​ការ​កើន​ឡើង ឬ​ក៏​ថយ​ចុះក្នុង​មួយ​ឆ្នាំៗ?

Justin Scarr៖ ការលង់ទឹ​ក​ពិ​តជាមានការថយ​ចុះនៅ​ក្នុង​ប្រទេសជាច្រើន។ ទោះបី​វា​ជា​បញ្ហា​សំខាន់​យើង​កំពុង​មើល​ឃើញ​ថា មានការ​ថយ​ចុះ ឬ​ការធ្លាក់ចុះ​នៅ​ក្នុង​ប្រទេស​ជាច្រើន។ យើង​មិនមាន​ភស្តុតាង​រឹងមាំ​ដើម្បី​ពន្យល់​រឿង​នេះ​ទេ។ យើងគិតថា​វា​ប្រហែល​ជា​ទាក់ទង​នឹង​ការអភិវឌ្ឍ។ ដូច្នេះ​នៅ​ពេល​ដែល​ការអភិវឌ្ឍ​សេដ្ឋកិច្ច​នៃ​តំបន់​ដូចជា​ប្រទេស​កម្ពុជា​ នោះ​ដូច​ទៅ​នឹង​ប្រជាជនសាងសង់​ផ្ទះ​បាន​ប្រសើរ​ជាងមុន។ ផ្ទះ​មាន​ស្ថេរភាព​។ រដ្ឋាភិបាល​សាងសង់​ស្ពាន​បន្ថែម​ទៀត។ មនុស្ស​មិន​ចាំបាច់​ឆ្លងកាត់ផ្លូវ​ទន្លេទេ។ បន្តិចម្តងៗ វិស័យសមុទ្រ ឬ​សាឡាង​មាន​ភាពប្រសើរ​ឡើង។ បន្តិចម្ដ​ងៗ​អ្វីៗ​កំពុង​ប្រសើរ​ឡើង។ យើង​មិនមាន​ភស្តុតាង​រឹងមាំ​ដើម្បី​ពន្យល់​ពី​មូលហេតុទេ។ ប៉ុន្តែ​ការលង់ទឹក​កំពុងកាត់បន្ថយយឺតៗ។ ហើយ​យើង​ក៏​ចង់​ឲ្យ​វា​ត្រូវ​បានកាត់​បន្ថយ​ឱ្យ​បានលឿន​ដែរ​។

VOA៖ តើ​អ្វី​ជា​ការ​រំពឹង​ទុក​របស់​លោក​ក្នុង​រយៈពេល​១០​ឆ្នាំ​ខាងមុខ ពាក់ព័ន្ធនឹង​ការ​ទប់​ស្កាត់​ការ​លង់ទឹក?

Justin Scarr៖ ក្នុងរយៈពេល ១០ឆ្នាំ​ខាង​មុខយើង​សង្ឃឹម​ថា មាន​សេចក្តី​ប្រកាស​របស់​អង្គការ​សហប្រជាជាតិ​សម្រាប់​ការការពារ​ការលង់​ទឹក។ យើង​ចង់​ឃើញ​កា​រគាំទ្រ​ពី​ឯកអគ្គរដ្ឋ​ទូត​កម្ពុជា​នៅ​ទីក្រុង​ញូវយ៉ក។ យើង​សង្ឃឹម​ថា​វា​នឹង​បង្កើត​ការផ្តោតអារម្មណ៍​កាន់​តែ​ខ្លាំង​ឡើង​លើ​ការ​លង់​ទឹក។ វា​នឹងបង្កើន​ចំ​នួនគោល​នយោបាយរបស់រដ្ឋាភិបាល​ដែល​ពាក់ព័ន្ធ​នឹង​ការកាត់បន្ថយ​ការលង់ទឹក​លើកុមារ។ យើង​សង្ឃឹមថា​នឹង​មាន​កម្មវិធី​ជាច្រើន​ទៀត​ដែល​ផ្តល់​មូលនិធិ​ដោយ​ក្រុមចម្រុះ​ រួមទាំង​រដ្ឋាភិបាល​ផង​ដែរ ប៉ុន្តែ​មាន​ម្ចាស់ជំនួយធំ​ៗមួយ​ចំនួន​ដែល​យើង​បាន​ឃើញ​គាំទ្ររឿងចរាចរណ៍​យ៉ាងសកម្ម និង​អន្តរាគមន៍​ជំងឺ​គ្រុន​ចាញ់​។ យើង​សង្ឃឹម​ថាថ្ងៃ​ណាមួយ​នឹង​មានការយកចិត្ត​ទុក​ដាក់​លើ​ការលង់​ទឹក​ខ្លាំង ​ហើយ​ជួយ​យើង​ទាំងអស់​គ្នាកា​ត់​បន្ថយ​ការលង់​ទឹក​នៅ​តាម​សហគមន៍​ក្នុង​ប្រទេស​ជាច្រើន។

VOA៖ អរគុណ​លោក Justin Scarr​ ដែលបាន​ផ្តល់​បទ​សម្ភាសន៍។

Justin Scarr៖ បាទ​អរគុណ សង្ឃឹម​ថា​វា​នឹង​ជួយ​បាន៕

XS
SM
MD
LG