ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានអបអរជ័យជម្នះសម្រាប់ការកាន់អំណាចក្នុងរយៈពេល ៦ ឆ្នាំជាថ្មីម្តងទៀត ក្រោយការបោះឆ្នោតមួយ ដែលមិនបានផ្តល់ជម្រើសផ្សេងឱ្យពលរដ្ឋជាម្ចាស់ឆ្នោត ដោយសារតែការបំភិតបំភ័យឬការចាប់ក្រុមអ្នកប្រឆំាងសំខាន់ៗជាច្រើននាក់ដាក់ពន្ធនាគារ។
លោក Putin បានប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកចាត់ទុកការបោះឆ្នោតនេះមានលទ្ធិប្រជាធិបតេយ្យនិងបានទាត់ចោលអ្នកដែលតវ៉ាប្រឆាំងការបោះឆ្នោតនេះ។
ការបោះឆ្នោតប្រធានាធិបតីរុស្ស៊ីដែលមានរយៈពេល ៣ ថ្ងៃ បានចាប់ផ្តើមធ្វើឡើងកាលពីថ្ងៃសុក្រកន្លងទៅដើម្បីបន្តអំណាចដឹកនាំរបស់លោក Putin អស់រយៈពេល ២៤ ឆ្នាំមកហើយ។ ការបោះឆ្នោតនេះបានប្រព្រឹត្តទៅនៅក្រោមបរិយាកាសគ្រប់គ្រងដ៏តឹងរ៉ឹង ដោយមិនអនុញ្ញាតឱ្យមានការរិះគន់លោក Putin ជាសាធារណៈ ឬពីសង្គ្រាមរបស់លោកក្នុងប្រទេសអ៊ុយក្រែននោះឡើយ។
លទ្ធផលរបស់គណៈកម្មការកណ្តាលរៀបចំការបោះឆ្នោតរុស្ស៊ីបានបង្ហាញថា លោក Putin បានទទួលសំឡេងឆ្នោត ៨៧ ភាគរយ។
ទីភ្នាក់ងារសារព័ត៌មាន Reuters រាយការណ៍ថា បេក្ខជនកុម្មុយនីស្តលោក Nikolai Kharitonov ទទួលបានសំឡេងគាំទ្រលំដាប់ទី ២ ដោយមានសំឡេងឆ្នោតតែ ៤ ភាគរយប៉ុណ្ណោះ ហើយអ្នកនយោបាយថ្មីលោក Vladislav Davankov ទទួលបានសំឡេងឆ្នោតលំដាប់ទី ៣ និងអ្នកជាតិនិយមជ្រុលលោក Leonid Slutsky ទទួលបានសំឡេងលំដាប់ទី ៤។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយនៅក្នុងសុន្ទករថាប្រចាំរាត្រីរបស់លោកកាលពីថ្ងៃអាទិត្យថា លោក Putin ជាជន «ញៀននឹងអំណាច»។
ដោយឡែករដ្ឋមន្ត្រីការបរទេសចក្រភពអង់គ្លេសលោក David Cameron បានរិះគន់ការបោះឆ្នោតនៅក្នុងប្រទេសរុស្ស៊ីថា «ជាការខ្វះជម្រើសមួយសម្រាប់អ្នកបោះឆ្នោត» ក៏ដូចជាគ្មានការត្រួតពិនិត្យជាឯករាជ្យណាមួយឡើយ ពីអង្គការសន្តិសុខនិងសហប្រតិបត្តិការនៅអឺរ៉ុប។
មេដឹកនាំចិនបានអបអរសាទរជ័យជម្នះរបស់លោក Putin ដោយគូសបញ្ជាក់ពីចំណងទាក់ទងជាយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។
ទន្ទឹមនឹងនេះដែរ មេដឹកនាំកូរ៉េខាងជើង ហុងឌូរ៉ាស នីការ៉ាហ្កា និងវ៉េណេហ្ស៊ុយអេឡា ក៏បានចេញសារអបអរសារទរជ័យជម្នះរបស់លោក Putin ផងដែរ៕
ព័ត៌មានខ្លះនៅក្នុងរបាយការណ៍នេះត្រូវបានដកស្រង់ចេញពីទីភ្នាក់ងារសារព័ត៌មាន The Associated Press ទីភ្នាក់ងារសារព័ត៌មាន Agence France-Presse និងទីភ្នាក់ងារសារព័ត៌មាន Reuters។
វេទិកាបញ្ចេញមតិ