ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទោះ​លោក Navalny បាន​ទទួល​មរណភាព ​​សម្ព័ន្ធមិត្ត​របស់​លោក​បន្ត​ប្រយុទ្ធ​​ប្រឆាំង​នឹង​លោក Putin


រូបឯកសារ៖ ប៉ូលិស​គ្រប់គ្រងពួកអ្នកកាន់ទុក្ខលោក Navalny នៅសង្កាត់ Maryino ទីក្រុងមូស្គូ កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤។ (AFP)
រូបឯកសារ៖ ប៉ូលិស​គ្រប់គ្រងពួកអ្នកកាន់ទុក្ខលោក Navalny នៅសង្កាត់ Maryino ទីក្រុងមូស្គូ កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤។ (AFP)

ក្រោយ​លោក Navalny ទទួល​អនិច្ចកម្ម ក្រុម​សម្ព័ន្ធមិត្តលោក​​​​បន្ត​ប្រយុទ្ធ​ប្រឆាំង​ដើម្បី​ធ្វើឱ្យអន្តរាយ​​ដល់ការក្តាប់អំណាច​​​របស់លោក Putin ដោយស្នើ​ឱ្យ​ពលរដ្ឋ​ទៅ​ផ្តុំ​គ្នា​នៅ​​មណ្ឌល​បោះឆ្នោត​​នៅ​ថ្ងៃ​អាទិ​​ត្យ​​នៅម៉ោង​​១២ថ្ងៃត្រង់​ម៉ោង​​ក្នុង​​មូលដ្ឋាន​​នៅទូទាំង​​ប្រទេស។

ក្រុមរបស់លោក​ Alexei Navalny ធ្វើការងារឯករាជ្យ​ធ្លាប់​ទៅហើយ។ ​សត្រូវ​ខ្លាំងក្លា​បំផុត​របស់ប្រធានាធិបតីរុស្ស៊ី​លោក Vladimir Putin ​ជាញឹកញាប់​តែង​អវត្តមានក្នុង​រយៈពេល​យូរ​នៅ​ក្រោយ​ត្រូវបានចាប់ខ្លួន ត្រូវបាន​វាយប្រហារ ត្រូវ​បាន​ដាក់​ថ្នាំ​បំពុល​ឬ​ត្រូវជាប់ក្នុងពន្ធនាគារ​ជាដើម។

ប៉ុន្តែ​នៅ​ពេលលោក Navalny បានទទួល​អនិច្ចកម្ម​ជា​បន្ទាន់កាលពី​ខែកុម្ភៈ​ក្នុងអាយុ៤៧ឆ្នាំ​នៅក្នុង​គុកមួយនាកន្លែង​ដាច់ស្រយាលក្នុង​តំបន់​អាកទិក លោក​បាន​បន្សល់​ទុក​បញ្ហា​ប្រឈម​ដ៏​ធំមួយ​ដល់​ក្រុម​របស់លោក។ ពួក​គេ​មានភារកិច្ច​ដ៏​ធំមួយគឺបន្ត​ចលនា​ប្រឆាំងនឹង​លោក Putin ដែល​លោកប្រាកដ​ជា​ជាប់ឆ្នោតជា​ថ្មី​ទៀត បើទោះបី​ជាការតស៊ូ​របស់ពួក​គេមិនមានការចូលរួម​ពី​សំណាក់មេដឹកនាំដ៏​អង់អាច​និងគួរជា​ទី​ស្ងើច​សរសើររបស់​ពួក​គេក៏ដោយ។

ក្រោយ​ការ​រន្ធត់​ចិត្ត​បានចុះថមថយ ពួកសម្ព័ន្ធមិត្តជិត​ស្និទ្ធរបស់លោក Navalny ត្រឡប់​មក​បំពេញការងារដែលនាំឱ្យលោកបាត់បង់​សេរីភាព​និង​ជីវិត គឺ​ការធ្វើឱ្យអន្តរាយ​ដល់​ការក្តាប់អំណាចបែប​កណ្តាប់ដៃដែក​របស់លោក Putin។

ការធ្វើ​តេស្តសំខាន់មួយនឹងមាននៅ​ថ្ងៃអាទិត្យនេះ ដែល​ជាថ្ងៃ​ចុង​ក្រោយ​បង្អស់នៃ​រយៈពេល​បីថ្ងៃដែលក្រុមអ្នក​បោះឆ្នោត​អាចទៅ​បោះឆ្នោត​នៅក្នុងការ​បោះឆ្នោត​មួយដែល​ត្រូវ​បានឃើញ​ជា​ទូទៅថា​គ្រាន់​ជាការ​បង្គ្រប់កិច្ច​ជាជាង​ការ​អនុវត្តន៍លទ្ធិប្រជាធិបតេយ្យ។

គ្រា​នោះ​ហើយ​នៅ​ពេល​ដែល​ក្រុមលោក Navalny គាំទ្រ​ដោយ​លោកស្រី Yulia Navalnaya ភរិយា​របស់លោក Navalnyអំពាវនាវ​ឱ្យមានបាតុកម្មមាន​ឈ្មោះ​ថា «Noon Against Putin» ឬដែល​មានន័យថា «ពេល​ថ្ងៃត្រង់ប្រឆាំង​នឹង Putin»។​ ពួក​គេ​បាន​ស្នើដល់ជនជាតិ​រុស្ស៊ី​ឱ្យ​ទៅ​ផ្តុំ​គ្នា​នៅមណ្ឌល​បោះឆ្នោតនៅ​ថ្ងៃ​អាទិត្យនៅម៉ោង១២ថ្ងៃត្រង់​ម៉ោងក្នុងមូលដ្ឋាននៅទូទាំងប្រទេស​ដែលមាន​ល្វែង​ម៉ោង​ខុសៗគ្នាចំនួន១១ ដើ​ម្បី​ធ្វើបាតុកម្មបង្ហាញ​ការមិនពេញចិត្ត​ទៅលើ​ការ​គ្រប់គ្រង​របស់លោក​ Putin និងសង្គ្រាម​របស់​លោក​ប្រឆាំង​នឹង​អ៊ុយក្រែន។

លោកស្រី​ Navalnaya បាន​មានប្រសាសន៍ក្នុង​សុន្ទរកថា​មួយជា​វីដេអូថា«វា​ជាសកម្មភាព​សាមញ្ញ​ខ្លាំងមួយ ហើយមានសុវត្ថិភាព​ផង ​វាមិនអាចត្រូវ​បាន​ហាមប្រាម​នោះ​ទេ។​ វា​នឹង​ជួយ​មនុស្ស​រាប់លាននាក់ឱ្យ​ឃើញ​ពួក​សម្ព័ន្ធមិត្ត​គេ​ដែលមានចិត្ត​គំនិត​ដូចគ្នានិង​ដឹងថា​យើង​មិនមែននៅ​ឯកោទេ យើងមាន​គ្នីគ្នាជា​មនុស្ស​ដែល​ប្រឆាំង​នឹង​សង្គ្រាម ប្រឆាំង​អំពើ​ពុករលួយ​និង​ប្រឆាំងនឹង​ការ​មិន​គោរព​ច្បាប់»៕

ប្រែសម្រួល​ដោយ​លោក ឈឹម សុមេធ

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG