ក្រុមអ្នកបោះឆ្នោតក្នុងប្រទេសរុស្ស៊ីបានចេញទៅបោះឆ្នោតនៅថ្ងៃសុក្រនេះ នៅក្នុងការបោះឆ្នោតប្រធានាធិបតីរុស្ស៊ីដែលមានរយៈពេល៣ថ្ងៃ ដែលប្រាកដថានឹងផ្តល់អាណត្តិដឹកនាំរយៈពេល៦ឆ្នាំទៀតដល់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ដើម្បីគ្រប់គ្រងប្រទេស បន្ទាប់ពីលោកធ្វើការបង្ក្រាបលើក្រុមប្រឆាំងរួចមក។
ការបោះឆ្នោតនេះកើតមានឡើង ក្នុងពេលដែលមានការបង្ក្រាបយ៉ាងឃោរឃៅទៅលើប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឯករាជ្យ និងក្រុមការពារសិទ្ធិមនុស្សសំខាន់ៗ ដែលការណ៍នេះផ្តល់ឱ្យលោក Putin នូវការគ្រប់គ្រងប្រព័ន្ធនយោបាយទាំងស្រុងនៅក្នុងប្រទេសរុស្ស៊ី។
ការបោះឆ្នោតនេះក៏កើតមានឡើងផងដែរ ខណៈសង្គ្រាមរុស្ស៊ីក្នុងប្រទេសអ៊ុយក្រែនបានចូលដល់ឆ្នាំទី៣។ រុស្ស៊ីពេលនេះមានប្រៀបលើសមរភូមិប្រយុទ្ធ ដោយមានការរុលទៅមុខបន្តិចបន្តួចនិងយឺតៗ។ ចំណែកអ៊ុយក្រែនវិញបានធ្វើឱ្យរុស្ស៊ីជួបគ្រោះភ័យនៅខ្សែត្រៀមខាងក្រោយ ដោយធ្វើការវាយប្រហារតាមរយៈដ្រូនចម្ងាយឆ្ងាយចូលជ្រៅទៅក្នុងទឹកដីរុស្ស៊ី ខណៈខ្លួនបានបង្កើតដ្រូនដែលមានបច្ចេកវិទ្យាខ្ពស់និងកំពុងប្រើប្រាស់កងនាវាជើងទឹករបស់ខ្លួនក្នុងសមុទ្រខ្មៅផងដែរ។
អ្នកបោះឆ្នោតរុស្ស៊ីបោះឆ្នោតចាប់ពីថ្ងៃសុក្រនេះរហូតដល់ថ្ងៃអាទិត្យ នៅតាមការិយាល័យបោះឆ្នោតនានានៅទូទាំងប្រទេសរុស្ស៊ី ក៏ដូចជាតំបន់មួយចំនួនរបស់អ៊ុយក្រែន ដែលរុស្ស៊ីបានដាក់បញ្ចូលទាំងខុសច្បាប់ទៅក្នុងទឹកដីរបស់ខ្លួន។ ស្ថានីយបោះឆ្នោតដំបូងៗគេ បានបើកទ្វារនៅតំបន់ភាគខាងកើតបង្អស់របស់រុស្ស៊ី គឺតំបន់ Chukotka និងតំបន់ Kamchatka នៅវេលម៉ោង៨ព្រឹក ម៉ោងក្នុងស្រុក៕
វេទិកាបញ្ចេញមតិ