ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយថា សហរដ្ឋអាមេរិកបានដឹងអំពីផ្លូវហោះហើររបស់យន្តហោះរុស្ស៊ីដែលប្រទេសតួកគីបានបាញ់ទម្លាក់កាលពីថ្ងៃអង្គារសប្តាហ៍មុន។ លោក Putin ថ្លែងថា សហរដ្ឋអាមេរិកគួរតែបានផ្តល់ដំណឹងដល់ប្រទេសតួកគីដែលជាសម្ព័ន្ធមិត្តរបស់ខ្លួននោះ។
លោក Putin បាននិយាយនៅក្នុងទីក្រុងមូស្គូ កាលពីថ្ងៃព្រហស្បតិ៍ថា «ភាគីអាមេរិកដែលដឹកនាំក្រុមចម្រុះ ដែលមានប្រទេសតួកគីជាសមាជិកមួយដែរនោះបានដឹងអំពីទីតាំង និងពេលវេលានៃជើងហោះហើររបស់យន្តហោះរុស្ស៊ី ប៉ុន្តែ ហេតុអ្វីបានជាអាមេរិកាំងមិនផ្តល់ព័ត៌មាននេះទៅឲ្យក្រុមចម្រុះរបស់ពួកគេ?»
សហរដ្ឋអាមេរិកមានកិច្ចព្រមព្រៀងមួយជាមូយរុស្ស៊ីដើម្បីបញ្ចៀសការប៉ះទង្គិចគ្នាតាមផ្លូវអាកាសនៅពីលើប្រទេសស៊ីរី ដែលប្រទេសទាំងពីរកំពុងធ្វើប្រតិបត្តិការទម្លាក់គ្រាប់បែកនៅទីនោះ។
ប្រទេសតួកគីនិយាយថា ខ្លួនបានធ្វើការព្រមានជាច្រើនដងថា យន្តហោះរបស់រុស្ស៊ីនោះកំពុងស្ថិតនៅក្នុងដែនអាកាសរបស់តួកគីមុនពេលដែលខ្លួនបានបាញ់ទម្លាក់យន្តហោះនោះ៕