ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​តួកគី៖ តួកគី​ចង់​បញ្ជៀស​ភាពតានតឹង​ក្រោយ​ពី​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​រុស្ស៊ី


ប្រធានាធិបតីតួកគី Recep Tayyip Erdogan ថ្លែង​ក្នុង​​ពេល​ប្រជុំ​នៅ​ឯ​វិមាន​ប្រធានាធិបតី ក្នុង​ទីក្រុង​អង់ការ៉ា ប្រទេស​តួកគី កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៥។
ប្រធានាធិបតីតួកគី Recep Tayyip Erdogan ថ្លែង​ក្នុង​​ពេល​ប្រជុំ​នៅ​ឯ​វិមាន​ប្រធានាធិបតី ក្នុង​ទីក្រុង​អង់ការ៉ា ប្រទេស​តួកគី កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៥។

ប្រធានាធិបតី​តួកគី លោក Recep Tayyip Erdogan ​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ប្រទេស​របស់​លោក​គ្រាន់​តែ​ការពារ​សន្តិសុខ​របស់​ខ្លួន​ប៉ុណ្ណោះ នៅ​ពេល​ដែល​យន្ត​ហោះ​ចម្បាំង​របស់​តួកគី​ បាន​បាញ់​ទម្លាក់​យន្តហោះ​មួ​យ​របស់​រុស្ស៊ី។ លោក ​Erdogan​ និយាយ​ថា លោក​មិន​ចង់​ឲ្យ​មាន​ភាព​តាន​តឹង​កាន់​តែ​ខ្លាំង​ឡើង​ជាមួយ​ប្រទេស​រុស្ស៊ី​នោះទេ។

ថ្លែង​នៅ​ឯ​ពិធី​មួយ​ក្នុង​ក្រុង​អ៊ីស្តង់ប៊ុល (Istanbul) លោក Erdogan​ និយាយ​ថា យន្តហោះ​នោះ​បាន​ធ្លាក់​នៅ​ក្នុង​ប្រទេស​ស៊ីរី ប៉ុន្តែវា​ស្ថិត​នៅក្នុង​ដែន​អាកាស​របស់​តួកគី​នៅ​ឡើយ​ទេ នៅ​ពេល​ដែល​យន្ត​ហោះ​នោះ​ត្រូវ​បាន​បាញ់​កាល​ពី​ថ្ងៃ​អង្គារ​នោះ។

មន្ត្រី​តួកគី​ផ្សេងទៀត​បាន​និយាយ​ថា យន្តហោះ​នោះបាន​ឆ្លង​ចូលព្រំដែន​តួកគី​រហូត​ដល់​ទៅ​២​គីឡូម៉ែត្រ​អស់​រយៈពេល​ប្រមាណ​១៧វិនាទី ហើយ​កង​កម្លាំង​តួកគី​បាន​ព្រមាន​យន្តហោះ​នោះ ចំនួន​១០ដង ប៉ុន្តែ​ការព្រមានទាំង​នោះ​មិន​ត្រូវ​បាន​អើពើ​ឡើយ​ ដូច្នេះ​ហើយ​ ពួកគេ​ក៏​បាន​បាញ់​ទម្លាក់​យន្ត​ហោះ​តែម្តង​ទៅ។

ក៏ប៉ុន្តែ ប្រទេស​រុស្ស៊ី​បាន​ទទូច​ថា យន្តហោះ​នោះ​មិន​បាន​ចេញ​ពី​ដែន​អាកាសស៊ីរី​នោះ​ទេ។

មន្ត្រី​អាមេរិក​ម្នាក់​បាន​ថ្លែង​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​អង់គ្លេស ​Reuters​ ដោយ​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា សហរដ្ឋ​អាមេរិក​ជឿ​ថា យន្ត​ហោះ​នោះ​បាន​ហោះ​ចូល​ដែន​អាកាស​ស៊ីរីវិញ​ មុន​ពេល​ត្រូវ​បាន​បាញ់។ ចំណែក​ឯ​ក្រុម​អ្នក​កាទូត​ដែល​បាន​ថ្លែង​ប្រាប់​កាសែត The New York Times ​និយាយ​ថា យន្តហោះ​នោះ បាន​ឆ្លង​ដែន​ត្រឡប់​ចូល​ទៅ​ប្រទេសស៊ីរី​វិញ ក្រោយ​ពី​យន្តហោះ​ ត្រូវ​បាន​គេ​បាញ់​ចំ។

នាយករដ្ឋមន្ត្រី​រុស្ស៊ី ​លោក Dmitry Medvedev ​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា៖ «ការ​កើនឡើង​នូវ​ភាព​តានតឹង​ដ៏​គ្រោះថ្នាក់»​ ក្នុង​ទំនាក់​ទំនង​រវាង​រុស្ស៊ី​និង​ក្រុម​សម្ព័ន្ធ​មិត្ត​ណាតូ មិន​អាច​លើកលែង​ឲ្យ​បាន​ទេ សូម្បី​តែ​ក្នុង​ករណី​ការពារ​ព្រំដែន​ក៏ដោយ។

ប្រធានាធិបតី​រុស្ស៊ី ​លោក Vladimir Putin​ បាន​ហៅ​ឧបទ្ទវហេតុ​នោះ​ថា​ជា «ការ​ចាក់​ពីក្រោយ​ខ្នង» ហើយ​បាន​ចោទ​ប្រកាន់​ប្រទេស​តួកគី​ ថា​បាន​គាំទ្រ​ក្រុម​ភេរវករ។

ប្រទេស​រុស្ស៊ី​បាន​ប្រកាសតបត​វិញ។ រដ្ឋ​មន្ត្រី​ការពារជាតិ​រុស្ស៊ី លោក Sergei Shoigu បាន​និយាយ​នៅថ្ងៃ​ពុធ​នេះ​ថាក្រុម​យោធា​រុស្ស៊ី​នឹង​បញ្ជូន​ប្រព័ន្ធ​ម៉ីស៊ីល​ S-400 ដ៏​ទំនើប​របស់​ខ្លួន​ទៅ​កាន់​ខេត្ត Latakia ​របស់​ប្រទេស​ស៊ីរី ដែល​ជាប់​ព្រំដែន​ជាមួយ​តួកគី៕

XS
SM
MD
LG