ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin កាលពីថ្ងៃអង្គារបានសម្រេចយកថ្ងៃទី២៤ ខែមិថុនាជាកាលបរិច្ឆេទថ្មីនៃពិធីព្យុហយាត្រាយោធាដើម្បីរំឭកដល់ខួបទី៧៥នៃជ័យជម្នះលើក្រុមណាស៊ីអាល្លឺម៉ង់កាលពីអំឡុងសង្គ្រាមលោកលើកទី២។
ប្រទេសរុស្ស៊ីតែងប្រារព្ធទិវាជ័យជម្នះនេះក្នុងថ្ងៃទី៩ ខែឧសភា ដោយមានការបង្ហាញក្បួនដង្ហែយោធាដែលមានទាហានរាប់ពាន់និងរថពាសដែកជាច្រើនចូលរួមនៅទីលានក្រហម (Red Square) នៃរដ្ឋធានីម៉ូស្គូ ព្រមទាំងមានយន្តហោះយោធាហោះសម្តែងពីលើទៀត។
ប៉ុន្តែកាលពីខែមេសាកន្លងទៅនេះ លោកពូទីនបានសម្រេចពន្យារបុណ្យខួបពិសេស៧៥ឆ្នាំក្នុងឆ្នាំនេះដោយសាររុស្ស៊ីស្រវ៉ាស្រទេញយ៉ាងលំបាកក្នុងការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ ដោយមានក្រុមអតីតយុទ្ធជនរុស្ស៊ីក៏បានទទូចឲ្យវិមានក្រឹមឡាំងលុបចោលពិធីឆ្នាំនេះដោយសារការបារម្ភខាងសុខភាព។
គិតមកត្រឹមថ្ងៃអង្គារ រុស្ស៊ីមានការឆ្លងវីរុសកូរ៉ូណាសរុបជាង៣៦០.០០០ករណីនិងអ្នកស្លាប់ពីជំងឺកូវីដ១៩ចំនួនជាង៣.៨០០នាក់៕