ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយថា តម្លៃប្រេងបច្ចុប្បន្ននេះអាចទទួលយកបាន នៅក្នុងសញ្ញាមួយដែលថា រដ្ឋាភិបាលក្រុងមូស្គូមានឆន្ទៈនឹងកែប្រែ នៅពេលដែលបណ្ដាក្រុមហ៊ុននាំចេញប្រេងធំបំផុតនៅក្នុងពិភពលោកប្រមូលផ្ដុំគ្នាក្នុងសប្ដាហ៍នេះក្នុងទីក្រុង Vienna ដើម្បីពិភាក្សាគ្នាអំពីការកម្រិតលើការផ្គត់ផ្គង់ ខណៈដែលមេរោគកូរ៉ូណាវីរុសជះឥទ្ធិពលលើតម្រូវការនិងតម្លៃប្រេង។
លោក Putin ក៏បាននិយាយថា រដ្ឋាភិបាលក្រុងមូស្គូហៅកិច្ចប្រជុំ OPEC+ ក្នុងសប្ដាហ៍នេះថាជាឧបករណ៍មួយសម្រាប់ធ្វើឲ្យមានស្ថិរភាពរយៈពេលវែង។ នេះបើតាមបណ្ដាញព័ត៌មាន Interfax ក្នុងប្រទេសរុស្ស៊ី។
របាយការណ៍កាលពីសប្ដាហ៍មុនបានស្រង់សម្ដីរបស់ប្រភពព័ត៌មាននានាថា សមាជិក OPECដ៏មានឥទ្ធិពលមួយចំនួន ដោយរួមមានទាំងអារ៉ាប៊ីសាអូឌីតផងនោះ ទំនងជានឹងអំពាវនាវឲ្យកាត់បន្ថយការផលិតប្រេង ដោយសារតែការរីករាលដាលមេរោគកូរ៉ូណាវីរុសនិងឥទ្ធិពលពាក់ព័ន្ធដទៃទៀតដូចជាសេដ្ឋកិច្ចដើរយឺតនិងតម្រូវការប្រេងធ្លាក់ចុះជាដើម។
ប៉ុន្តែគេនិយាយថា រុស្ស៊ីនឹងប្រឆាំងនឹងការកាត់បន្ថយការផលិតប្រេងខ្លាំងក្លាហួសហេតុលើសពីអ្វីដែលមាននៅក្នុងកិច្ចព្រមព្រៀងដែលមានស្រាប់ ដែលបានដាក់កំហិតទៅលើតម្រូវការប្រេងរហូតដល់ចុងខែមីនា៕