ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិ៖ «យុទ្ធសាស្ត្រ​គ្រប់គ្រង»​ ចាំបាច់​ត្រូវ​កាត់​ទោស​មនុស្ស​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​អ៊ុយក្រែន


រូបភាពបង្ហាញតំណក់ឈាមជនរងគ្រោះដែលដិតជាប់រថយន្តមួយដែលត្រូវបានបំផ្លាញដោយការបាញ់ផ្លោងរបស់រុស្ស៊ីលើទីក្រុង Vinnytsia ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២២។
រូបភាពបង្ហាញតំណក់ឈាមជនរងគ្រោះដែលដិតជាប់រថយន្តមួយដែលត្រូវបានបំផ្លាញដោយការបាញ់ផ្លោងរបស់រុស្ស៊ីលើទីក្រុង Vinnytsia ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២២។

លោក ​Karim Khan​ ប្រធាន​រដ្ឋ​អាជ្ញា​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ (ICC )​ បាន​និយាយ​ថា​ «ការណ៍​ពិត​ច្បាស់​ក្រឡែត​គឺ​ ខណៈ​យើង​និយាយ​នា​ពេលនេះ​ កុមារ​ ស្ត្រី ​និង​បុរស​ទាំង​ក្មេង​ទាំង​ចាស់​កំពុង​រស់​នៅ​ក្នុង​ភាព​ភ័យ​ខ្លាច»។​

លោក​ថ្លែង​ដូច្នេះ​នៅ​ទីក្រុង​ឡាអេ​កាលពី​ថ្ងៃព្រហស្បតិ៍ ​នៅ​ក្នុង​ពិធី​បើក​សន្និសីទ​ស្តីពី​ការ​ទទួល​ខុសត្រូវ​នៅ​អ៊ុយក្រែន ដោយ​មាន​ប្រទេស​ប្រមាណ​ ៤០​ ចូល​រួម។​

លោក​ Khan ​បាន​ថ្លែង​ថា៖ «យុទ្ធសាស្ត្រ​គ្រប់គ្រង»​ ចាំបាច់​ត្រូវ​យក​អ្នក​មាន​ទោស​ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​អ៊ុយក្រែន​មក​កាត់​ទោស។​ អ៊ុយក្រែន​បាន​ផ្តល់​យុត្តាធិការ​ឱ្យ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ កាត់​សេចក្តី​ឧក្រិដ្ឋកម្ម​ដែល​បាន​ប្រព្រឹត្ត​នៅ​ក្នុង​ប្រទេស​នេះ ​ ដោយ​បើក​ទ្វារ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​របស់​តុលាការ​នេះ​ ព្រោះ​ប្រទេស​អ៊ុយក្រែន ​និង​រុស្ស៊ី​ មិនមែន​ជា​សមាជិក​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។​

មន្ត្រី​អ៊ុយក្រែន​បាន​និយាយ​ថា​ កាំជ្រួច​មីស៊ីល​របស់​រុស្ស៊ី​បាន​វាយ​ប្រហារ​កណ្តាល​ទីក្រុង ​Vinnytsia ​របស់​អ៊ុយក្រែន​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ដោយបាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​ ២៣ ​នាក់ ​និង​ជាង​ ១០០ ​នាក់​រង​របួស។​

ប៉ូលិស​បាន​និយាយ​ថា ​កាំជ្រួច​ចំនួន​បី​គ្រាប់​បាន​វាយ​ប្រហារ​អគារ​ការិយាល័យ​មួយ​នៅ​កណ្តាល​ទីក្រុង​នេះ ចម្ងាយ​ប្រហែល​ ២៧០​ គីឡូម៉ែត្រ​ភាគ​និរតី​នៃ​រដ្ឋធានី​កៀវ។​ ការ​វាយប្រហារ​ចេញ​ពី​នាវា​មុជទឹក​របស់​រុស្ស៊ី​នៅ​សមុទ្រ​ខ្មៅ​នេះ​បាន​ធ្វើ​ឱ្យ​ខូចខាត​អគារ​លំនៅដ្ឋាន​នៅ​ក្នុង​តំបន់ ​និង​បាន​បំផ្លាញ​រថយន្ត​ចំនួន​ ៥០ ​គ្រឿង ​នៅក្នុង​ចំណត​ក្បែរ​នោះ។​ ប្រធានាធិបតី​អ៊ុយក្រែន​ លោក ​Volodymyr Zelenskyy ​បាន​ប្រាប់​អង្គ​ប្រជុំ​តុលាការ​ពហ្មទណ្ឌ​អន្តរជាតិ​ក្នុង​សុន្ទរកថា​តាម​វីដេអូ​ថា៖ ​«នេះ​ជា​អំពើ​ភេរវកម្ម​របស់​រុស្ស៊ី»។​

អភិបាល​តំបន់​ Vinnytsia ​លោក ​Serhiy Borzov ​បាន​និយាយ​ថា​ ប្រព័ន្ធ​ការពារ​ដែន​អាកាស​របស់​អ៊ុយក្រែន​ បាន​បាញ់​ទម្លាក់​កាំជ្រួច​ចំនួន​ ៤ ​គ្រាប់​ទៀត​នៅ​លើ​តំបន់​នោះ។ ​ដោយ​មាន​ប្រជាជន​ ៣៧​ ម៉ឺន​នាក់​ Vinnytsia ​ គឺ​ជា​ទីក្រុង​ធំ​បំផុត​មួយ​របស់​ប្រទេស​អ៊ុយក្រែន។​ មនុស្ស​រាប់ពាន់​នាក់​មក​ពី​ភាគ​ខាងកើត​អ៊ុយក្រែន​ ជា​កន្លែង​ដែល​រុស្ស៊ី​បាន​ប្រមូល​ផ្តុំ​ការ​វាយ​លុក​នោះ​ បាន​ភៀសខ្លួន​ទៅ​ទី​នោះ​ចាប់តាំង​ពី​សង្គ្រាម​ចាប់​ផ្តើម​នៅ​ចុង​ខែ​កុម្ភៈ។ ​ លោក​ប្រធានាធិបតី​ Zelenskyy ​បាន​និយាយ​ថា ​អ្នក​ស្លាប់​រួមមាន​កុមារ​ផង​ដែរ។

លោក​ Zelenskyy ​បាន​សរសេរ​សារ​តាម​ Telegram ​ថា​៖ «ជារៀង​រាល់​ថ្ងៃ ​រុស្ស៊ី​បំផ្លាញ​ប្រជាជន​ស៊ីវិល ​សម្លាប់​កុមារ​អ៊ុយក្រែន​ តម្រង់​មីស៊ីល​ទៅ​រក​ទីតាំង​ស៊ីវិល​ ដែល​មិន​មែន​ជា​គោលដៅ​យោធា។​ បើ​មិន​មែន​ជា​អំពើ​ភេរវកម្ម​បើក​ចំហ​ ​តើ​ជាអ្វី​វិញ?»

រុស្ស៊ី​បាន​បដិសេធ​ថា​ ខ្លួន​មិន​កំណត់​គោលដៅ​វាយ​ប្រហារ​លើ​ជន​ស៊ីវិល​នៅ​អ៊ុយក្រែន​ទេ។​

សង្រ្គាម​នៅតែ​បន្ត​ផ្ទុះ​ឡើង​នៅភាគ​ខាងកើត​អ៊ុយក្រែន ​ប៉ុន្តែ​ក្រសួង​ការពារជាតិ​អង់គ្លេស​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ទោះបី​រុស្ស៊ី​បន្ត​ការ​បាញ់​ផ្លោង​ក៏​ដោយ ​ក៏​កង​កម្លាំង​រុស្ស៊ី​មិន​អាច​ដណ្តើម​បាន​ទឹកដី​ធំ​ដុំ​ទេ​ ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ៕​

(ព័ត៌មាន​ខ្លះ​ក្នុង​សេចក្តី​រាយ​ការណ៍​នេះ​ដក​ស្រង់​ពី​ទីភ្នាក់ងារ​សារ​ព័ត៌មាន The Associated Press, Agence France-Presse និង​ Reuters)

XS
SM
MD
LG