ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Putin ទទួល​លោក Kim ដើម្បី​ចរចា ខណៈ​អាមេរិក​ព្រមាន​ប្រឆាំងកិច្ចព្រមព្រៀង​លក់​អាវុធ


ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ចាប់ដៃ​ជាមួយ​មេដឹកនាំ​កូរ៉េ​ខាងជើង​លោក Kim Jong Un ក្នុង​ពេល​ជួប​ប្រជុំ​នៅ Vostochny Сosmodrome នៅ​តំបន់ Amur ភាគ​ខាងកើត​ប្រទេស​រុស្ស៊ី នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣។
ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ចាប់ដៃ​ជាមួយ​មេដឹកនាំ​កូរ៉េ​ខាងជើង​លោក Kim Jong Un ក្នុង​ពេល​ជួប​ប្រជុំ​នៅ Vostochny Сosmodrome នៅ​តំបន់ Amur ភាគ​ខាងកើត​ប្រទេស​រុស្ស៊ី នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣។

ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​ធ្វើ​ជាម្ចាស់​ផ្ទះ​ធ្វើ​ការចរចា​នៅ​ថ្ងៃ​ពុធ​នេះ​ជាមួយ​មេដឹកនាំ​កូរ៉េ​ខាង​ជើង Kim Jong Un នៅ​ក្នុង​តំបន់​ភាគ​ខាង​កើត​ប្រទេស​រុស្ស៊ី​នៅពេល​មាន​ការព្រមាន​ពី​សហរដ្ឋ​អាមេរិក​និង​កូរ៉េ​ខាង​ត្បូង​ប្រឆាំង​នឹង​លទ្ធភាព​នៃ​ការផ្ទេរ​អាវុធ។

លោក Putin និង​លោក Kim មុន​ដំបូង​បាន​ដើរមើល​កន្លែង​បាញ់​បង្ហោះ​យានអវកាស​នៅ​ក្រុង Vostochny ជា​ទីកន្លែង​ដែល​ពួក​អ្នក​យកព័ត៌មាន​បាន​សួរ​ថា​តើ​រុស្ស៊ី​នឹង​ជួយ​កូរ៉េ​ខាង​ជើង​ស្ថាបនា​ផ្កាយ​រណប​ឬទេ?

បើ​តាម​បណ្តាញ​សារព័ត៌មាន​រដ្ឋ​រុស្ស៊ី​បាន​រាយការណ៍​ថា ​លោក Putin បាន​និយាយ​ថា «នេះជា​មូលហេតុ​ដែល​យើង​មក​ទីនេះ។ មេដឹកនាំ​សាធារណរដ្ឋ​ប្រជាមានិត​កូរ៉េ​ ឬ​ DPRK បង្ហាញ​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ដល់​វិស្វកម្ម​កាំជ្រួច​រ៉ុក្កែត ពួកគេ​ក៏​កំពុង​ព្យាយាម​បង្កើត​កម្មវិធីអវកាស​ដែរ»។

នៅពេល​ដែល​លោក Kim ទៅ​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​រុស្ស៊ី ​កូរ៉េ​ខាង​ជើង​នៅ​ថ្ងៃ​ពុធ​នេះ​បាន​បាញ់​កាំជ្រួច​មីស៊ីល​បាល្លីស្ទិក​វង់​ប្រតិបត្តិការ​ខ្លី២គ្រាប់​ចូល​ក្នុង​សមុទ្រ​ទល់​មុខ​ឆ្នេរ​សមុទ្រ​ខាង​កើត​របស់​ខ្លួន។ យោធា​កូរ៉េ​ខាង​ត្បូង​បាន​និយាយ​ថា​កាំជ្រួច​មីស៊ីល​នោះ​ត្រូវ​បាន​បាញ់​បង្ហោះ​ចេញពី​ទីកន្លែង​មួយ​នៅ​ជិត​រដ្ឋធានី​ព្យុងយ៉ាង​ហើយ​បាន​ហោះ​ចម្ងាយ​ប្រហែល​៦៥០​គីឡូម៉ែត្រ។

មុន​ការចរចា ពួក​មន្ត្រី​កូរ៉េ​ខាង​ត្បូង​បាន​និយាយ​ថា​ពួកគេ​បាន​តាមមើល​យ៉ាង​ដិតដល់​ជំនួប​លើក​ដំបូង​រវាង​លោក Kim និង​លោក Putin នៅ​ក្នុង​រយៈពេល៤ឆ្នាំ​នេះ។

តាម​សេចក្តីរាយការណ៍​ថា​ លោក Kim និង​លោក Putin នឹង​ពិភាក្សា​អំពី​ការផ្គត់ផ្គង់​របស់​កូរ៉េ​ខាង​ជើង​ដល់​រុស្ស៊ី​នូវ​អាវុធ​កាន់តែ​ច្រើន​ឡើង​ដែល​ត្រូវ​ប្រើប្រាស់​នៅ​ក្នុង​សង្គ្រាម​ប្រឆាំងអ៊ុយក្រែន​និង​កិច្ចប្រតិបត្តិការ​យោធា​ផ្សេង​ទៀត ស្រប​ពេល​ដែល​លោក Kim ទំនង​ស្វែងរក​រុស្ស៊ី​ផ្តល់​ឱ្យ​កូរ៉េ​ខាង​ជើង​នូវ​បច្ចេកវិទ្យា​ជឿនលឿនសម្រាប់​ផ្កាយ​រណប​និង​នាវា​មុជទឹក​ប្រើ​ថាមពល​នុយក្លែអ៊ែរ​របស់​ខ្លួន​និង​ជំនួយ​ម្ហូប​អាហារ។

នៅ​ក្នុង​ទីក្រុង​មូស្គូ អ្នក​នាំពាក្យ​វិមាន​ក្រឹមឡាំង​លោក Dmitry Peskov បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា​ ដំណើរ​ទស្សនកិច្ច​របស់​លោក Kimទៅកាន់​ប្រទេស​រុស្ស៊ី​ជា«ដំណើរ​ទស្សនកិច្ច​ពេញលេញ»។

សហរដ្ឋ​អាមេរិក​និង​កូរ៉េ​ខាង​ត្បូង​បាន​បន្ត​ព្រមាន​ដល់​កូរ៉េ​ខាង​ជើង​កុំ​ឱ្យ​ផ្តល់​គ្រាប់​រំសេវ​ដល់​ប្រទេស​រុស្ស៊ី​ដែល​ត្រូវ​ប្រើប្រាស់​នៅ​ក្នុង​សង្គ្រាម​ប្រទេស​អ៊ុយក្រែន៕

លោក Lee Juhyun បាន​ផ្តល់​សេចក្តីរាយការណ៍​នេះ។ ព័ត៌មាន​ខ្លះ​នៃ​សេចក្តី​រាយ ការណ៍​នេះ​ដកស្រង់​ពី​ទីភ្នាក់ងារ​សារព័ត៌មាន AP និង Reuters។

XS
SM
MD
LG