ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅថ្ងៃសុក្រនេះ បានផ្តោតទៅលើវិស័យពាណិជ្ជកម្មនិងការផ្លាស់ប្តូរវប្បធម៌ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកនៅក្នុងប្រទេសចិន ដែលបានចាប់ផ្តើមជាមួយនឹងការស្វាគមន៍ដ៏រាក់ទាក់ក្នុងរដ្ឋធានីប៉េកាំង និងជួបជាមួយមេដឹកនាំចិនលោក Xi Jinping ដើម្បីពង្រីកនូវភាពជាដៃគូ «គ្មានដែនកំណត់»របស់ពួកគេ ខណៈប្រទេសទាំងពីរកំពុងប្រឈមនឹងភាពតានតឹងជាមួយប្រទេសលោកខាងលិច។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP។
លោក Putin បានសរសើរដល់ប្រទេសចិននៅក្នុងពិធីតាំងពិព័រណ៍ពាណិជ្ជកម្មចិនរុស្ស៊ី នៅក្នុងទីក្រុង Harbin នៅភាគឦសាន្តប្រទេសចិន ដោយលើកសរសើរពីការរីកចម្រើនពាណិជ្ជកម្មទ្វេភាគី។ លោកក៏នឹងជួបជាមួយក្រុមនិស្សិតនៅវិទ្យាស្ថានបច្ចេកវិទ្យាក្រុង Harbin ក្នុងពេលបន្ទាប់មកនៅថ្ងៃសុក្រនេះដែរ។
ក្រុង Harbin ស្ថិតនៅក្នុងខេត្ត Heilongjiang របស់ចិន ដែលកាលពីមុនធ្លាប់ជាកន្លែង ដែលមានជនជាតិរុស្ស៊ីជាច្រើនអ្នករស់នៅទីនោះ ហើយបានបន្សល់ទុកនូវស្ថាបត្យកម្មទីតាំងប្រវត្តិសាស្ត្រមួយចំនួនផងដែរ ដូចជាអាគារព្រះវិហារគ្រិស្តសាសនា Saint Sophia Cathedral ដែលជាអតីតព្រះវិហាគ្រីស្ទនិកាយ Orthodox ជាដើម។
បើទោះជាដំណើរទស្សនកិច្ចរបស់លោក Putin មានរយៈពេលខ្លីនិងជានិម្មិតរូបក្តី ក៏ប្រទេសទាំងពីរនេះបានបញ្ជូនសារដ៏ច្បាស់លាស់មួយ។
លោក Joseph Torigian អ្នកស្រាវជ្រាវនៅវិទ្យាស្ថាន Hoover នៃសាកលវិទ្យាល័យ Stanford សហរដ្ឋអាមេរិក និយាយថា៖ «ក្នុងឱកាសនេះប្រទេសទាំងពីរបានរម្លឹកដល់ប្រទេសលោកខាងលិចថា គេអាចធ្វើការប្រឆាំងជំទាស់ នៅពេលណាមួយដែលគេចង់»។
នៅក្នុងពិធីតាំងពិព៌ណពាណិជ្ជកម្មក្នុងទីក្រុង Harbin លោក Putin បានលើកសរសើរដល់សារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរួមគ្នារវាងប្រទេសចិននិងរុស្ស៊ី ក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មីៗ។
លោក Putin បានចាប់ផ្តើមដំណើរទស្សនកិច្ចនៅថ្ងៃទី ២ របស់លោកនៅក្នុងប្រទេសចិននៅថ្ងៃសុក្រនេះ ដោយដាក់កម្រងផ្កានៅវិមានរម្លឹកគុណយុទ្ធជនពលីសូវៀតក្នុងទីក្រុង Harbin ដែលបានជួយប្រយុទ្ធជាមួយប្រទេសចិនប្រឆាំងនឹងប្រទេសជប៉ុន ក្នុងអំឡុងពេលនៃសង្គ្រាមជប៉ុនចិនលើកទី ២ នៅពេលជប៉ុនគ្រប់គ្រងផ្នែកមួយចំនួនរបស់ចិនកាលពីអតីតកាល៕
វេទិកាបញ្ចេញមតិ